ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បានយល់ឃើញថាភូមិរបស់ពួកគាត់មានសក្តានុពលខ្លាំង ដោយសារមានផ្លូវ២ខ្សែ អមជាមួយទឹកស្ទឹងព្រែកត្នោត បូករួមជាមួយប្រជាជនប្រកបរបរដាំកូនឈើ នឹងកូនផ្កាលក់ ដែលអាចបង្កើតទៅជាតំបន់អេកូទេសចរណ៍ក្នុងការទាក់ទាញភ្លៀវទេសចរណ៍ ឬអ្នកភ្នំពេញមកលំហែកាយនាពេលចុងសប្តាហ៍បាន ដើម្បីបន្ធូរបន្ថយភាពតានតឹង។

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ Newsroom Cambodia បានសម្ភាសន៍យុវជនមួយចំនួនអំពីការយល់ឃើញពីលើទាក់ទងនឹងភូមិព្រែកកាត់ ថាតើអាចក្លាយជាតំបន់អេកូទេសចរណ៍បានឬទេ។

យុវជនដែលត្រូវបានសម្ភាសន៍ដោយ Newsroom Cambodia បាននិយាយពេលថ្មីៗនេះថា ប្រសិនបើភូមិព្រែកកាត់អាចក្លាយជាតំបន់អេកូទេសចរណ៍ ពិតជាល្អមែនទែន ព្រោះអាចបង្កើនការងារដល់ប្រជាជនក្នុងភូមិនិងយុវជនបានច្រើន ហើយអាចប្រែក្លាយតំបន់មួយនេះឱ្យមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍។  

លោកផាន់ ផាដេត

លោកផាន់ ផាដេត ជាយុវជនម្នាក់រស់នៅក្នុងភូមិព្រែកកាត់ បានយល់ឃើញថា តំបន់ព្រែកកាត់នេះអាចជាតំបន់អេកូទេសចរណ៍បាន ដោយសារមានស្ទឹងព្រែកត្នោតមួយដែលភ្ជាប់ជាមួយទន្លេបាសាក់ ហើយគំនិតមួយនេះលោកបានយល់ឃើញតាំងពីយ៉ូរណាស់មកហើយ។  

លោកបានបន្ថែមថា៖ «យើងអាចធ្វើជាទេសចរណ៍តាមរយះជិះទូកកំសាន្ត ឬក៏ផ្សារទឹក គឺវាអាចស្អាត ហើយឥឡូវមានហាងកាហ្វេជិតៗនឹង ដែលមានការដេគ័រស្អាត ធម្មជាតិ បើនិយាយរួមនៅភ្នំពេញចង្អៀត យើងអាចមកទីនេះបានដើម្បីលំហែខួរក្បាល គឺស្រួលមែនទែន»។  

លោកបន្តទៀតថា ដើម្បីធ្វើទេសចរណ៍ហ្នឹងបាន គឺទាល់តែមានការចូលរួមទាក់ទងការគ្រប់គ្រងសំរាម រៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវដើម្បីរំដោះទឹកភ្លៀង នឹងកុំបង្ហូរលូទឹកស្អុយចូលក្នុងទៅក្នុងស្ទឹងជាដើម ហើយអ្នកដែលពាក់ព័ន្ធចូលរួមគឺរួមមានអាជ្ញាធរថ្នាក់ក្រោមដល់ថ្នាក់លើ ប្រជាពលរដ្ឋ និងយុវជនផ្ទាល់តែម្តង។

លោកលើកឡើងថា ៖ «ភូមិឃុំយល់ល្អ គួរតែបង្កើតជាកម្មវិធីស្ម័គ្រចិត្តសម្រាប់យុវជន ដោយឱ្យយុវជនរៀបចំគម្រោង ហើយអាជ្ញាធ័រត្រួតពិនិត្យលើការងារ ខ្ញុំគិតថាក្មេងៗអាចធ្វើបានហើយ ក្មេងៗគឺធ្វើបានច្រើន»។

ហើយគម្រោងក្នុងការអភិវឌ្ឍន៍ភូមិឃុំមួយនេះ លោកបានយល់ឃើញថា វាមិនមានការចំណាយថវិកាច្រើននោះទេ គ្រាន់តែមានជំនួយបន្តិចបន្តួចជាការលើកទឹកចិត្តដល់យុវជន ក្នុងការធ្វើការងារមួយហើយម្យ៉ាងដើម្បីឱ្យយុវជនបានលុយបន្តិចបន្តួចទៅរៀនផងដែរ ជាជាងឱ្យពួកគាត់ទំនេរ កុំឱ្យពួកគាត់មានពេលអង្គុយជក់បារី ផឹកស្រា ឬពេលខ្លះអាចឈានដល់ការប្រើប្រាស់គ្រឿងញៀនទៀត។

លោកផាន់ ផាដេតក៏បានយល់ឃើញថា ការបង្កើតតំបន់នេះទៅជាអេកូទេសចរណ៍ គឺទី១ ប្រជាជនអាចបង្កើនចំណូល តាមរយៈការរកស៊ីតូចៗលក្ខណៈគ្រួសារ ទី២ លើកមុខមាត់វិស័យទេសចរណ៍ តាមរយៈអេកូទេសចរណ៍ នឹងអាចពង្រឹងដល់សេដ្ឋកិច្ចខេត្តទាំងមូលតែម្តង។ 

កញ្ញាពេជ្រ ស៊ីយ៉ា

កញ្ញាពេជ្រ ស៊ីយ៉ា  ជាម្ចាស់ហាងកាហ្វេមួយកន្លែងក្នុងភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ នឹងជាគ្រូបង្រៀនភាសាបារាំងម្នាក់ បានលើកឡើងថា បើតំបន់នេះអាចក្លាយជាតំបន់អេកូទេសចរណ៍ គាត់ពិតជាសប្បាយចិត្តមែនទែន ពីព្រោះយើងក្រុងតាខ្មៅមិនឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ ហើយប្រជាជនភាគច្រើនប្រកបរបរដាំដើមឈើ ចឹងពេលចូលមកក្នុងភូមិគឺមានពណ៌បៃតង នឹងប្លែកអារម្មណ៍តែម្តង។

កញ្ញាបន្តថា៖ «ប្រសិនបើកន្លែងនឹងយើងអភិរក្សបានយូររហូត បងគិតថាល្អណាស់ ព្រោះអីបើសិនជាមានអ្នកដែលនៅភ្នំពេញ គាត់ធុញទ្រាន់នឹងជីវិតនៅភ្នំពេញរាល់ថ្ងៃ ហើយសៅរ៍ ឬអាទិត្យ​អី​ដែលគាត់សម្រាក គាត់អាចជិះមកលេង ឬយើងអាចបង្កើតជារមណីដ្ឋានសម្រាប់អេកូទេសចរណ៍ គឺវាល្អសម្រាប់អ្នកជិតៗហ្នឹង ដោយគាត់មិនបាច់ប្រឈមមុខនឹងការដើរចេញទៅខាងក្រៅឆ្ងាយៗ​ពេក គឺល្អម៉ង ហើយណាមួយអាចជួយឱ្យក្មេងៗ ឬអ្នកនៅម្តុំហ្នឹងគាត់មានគំនិតជួយថែរក្សា ឬយល់ដឹងពីអ្វីដែល​ជាពាក្យថាអេកូសម្រាប់ប្រទេសយើងផង»។ 

កញ្ញាពេជ្រ ស៊ីយ៉ាក៏បានលើកឡើងស្រដៀងគ្នាជាមួយលោកផាន់ ផាដេតផងដែរ ដោយចង់ឱ្យភូមិរបស់គាត់អាចអភិវឌ្ឍន៍ដូចស្រុកបន្ទាយស្រី នៅខេត្តសៀមរាបអញ្ចឹង។

កញ្ញាបន្តទៀតថា៖ «ភូមិឃុំទើបអាចអភិវឌ្ឍន៍បាន ពីព្រោះយើងមិនអាចអភិវឌ្ឃន៍ម្នាក់ឯង ឬបងម្នាក់ឯងជាម្ចាស់ផ្ទះនៅហ្នឹង មិនអាចអភិវឌ្ឍន៍បានទេ បើយើងធ្វើម្នាក់ឯងគឺអត់កើតទេ ទាល់តែមេឃុំ មេភូមិ»។

កញ្ញាបន្ថែមទៀតថា តំបន់នេះ ភ្ញៀវអាចមកស្នាក់នៅ ហើយគាត់អាចជិះកង់ដើរលេងក្នុងភូមិ ដោយសារអ្នកភូមិមួយប៉ែកនេះគឺដាំកូនឈើ ដែលមានលក្ខណៈពណ៌បៃតង ហើយនៅខាងភូមិព្រែកឡុង គាត់ដាំដំណាំ។

កញ្ញាបន្ថែមថា៖ «ចឹងយើងអាចបង្កើតជាសហគមន៌មួយសម្រាប់ទេសចរណ៍ភូមិយើង ចឹងយើងជួយគ្នាបានច្រើន ក្មេងៗមួយចំនួនគាត់អាចបង្កើតរបរថ្មី ដូចជាធ្វើអ្វីដែលពាក់ព័ន្ធជាមួយនឹងស្នាដៃយើង ឧទាហរណ៍ដូចជា ខ្សែដៃក៏ជាភ្ញៀវទេសចរណ៏គាត់ចូលចិត្តដែរ ហើយយើងអាចបង្ហាញពីផ្ទះខ្មែរយើង ឧបមាថាជាផ្ទះឈើ ឬផ្ទះបុរាណ ហើយអាចឱ្យពួកគាត់រៀនធ្វើម្ហូបខ្មែរជាដើម»។

កញ្ញាពេជ្រ ស្រីយ៉ាបានមើលឃើញថា ប្រសិនបើកន្លែងនេះអាចបង្កើតបានជាអេកូទេសចរណ៏មែន ប្រជាជនយើងនៅម្តុំនេះ គាត់អាចមានមុខរបរថ្មី​ក្រៅពីមុខរបរប្រចាំថ្ងៃរបស់គាត់ ហើយអ្នកខ្លះក៏គាត់មិនចាំបាច់ចេញពីផ្ទះទៅធ្វើការស្រុកគេដែរ អញ្ចឹងយើងចំណេញច្រើន គឺគាត់អាចនៅជាមួយគ្រួសារ ហើយអាចរកលុយបាន ដោយមានទេសចរណ៍ចូលមកទីនេះទៀត។

យុវជនឈាង ស្រេង

យុវជនឈ្មោះ ឈាង ស្រេង មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ នឹងជាភ្ញៀវដែលចូលចិត្តមកញុំាកាហ្វេនៅក្នុងភូមិព្រែកកាត់នេះ បានលើកឡើងថា ដោយសារតែតំបន់នេះជាតំបន់បៃតង ហើយគាត់ជាអ្នកចូលចិត្តធម្មជាតិ ហើយម្យ៉ាងហាងកាហ្វេ La Table Café ជាកន្លែងមួយសម្រាក​និងកាត់បន្ថយភាពតានតឹងពីការងារ និងគ្រួសារជាដើម ដែលកន្លែងនេះបានផ្តល់អារម្មណ៍ ស្រួលខួរក្បាល ឬលំហែខួរក្បាលបានល្អច្រើនជាងនៅផ្ទះ ឬនៅកន្លែងផ្សេងៗ ពីព្រោះតំបន់នេះ មានធម្មជាតិច្រើន។

យុវជននេះយល់ឃើញថា ប្រសិនបើតំបន់នេះអាចក្លាយជាតំបន់អេកូធម្មជាតិ វាល្អដែរ សម្រាប់ប្រជាជនអាចរកចំណូលបន្ថែមបាន។

យុវជនឈាង ស្រេងបានបន្តថា៖ «តំបន់នេះមានធម្មជាតិស្រាប់ កាលណាយើងកែឆ្នៃ ឱ្យល្អជាងហ្នឹង គេដឹងលឺច្រើនចឹងកន្លែងហ្នឹងរឹតតែល្អតែម្តង»។     

យុវជន នាង ហ៊ូសេន

យុវជននាង ហ៊ូសេន  មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ហើយមូលហេតុដែលគាត់ចូលចិត្តមកភូមិព្រែកកាត់នេះ ទីមួយចំណង់ចំនូលចិត្តរបស់គាត់ចូលចិត្តញុំាកាហ្វេ ហើយគាត់ធ្លាប់ញុំាកាហ្វេនៅហាងក្នុងរាជធានីភ្នំពេញដែរ ប៉ុន្តែគាត់ចូលចិត្តមកទីនេះ ដោយសារគាត់យល់ឃើញថាទីនេះប្លែកពីភ្នំពេញ ព្រោះនៅភ្នំពេញការដេគ័រហាង និងការញាំកាហ្វេ វាដដែលៗ ចឹងមកទីនេះមានលក្ខណៈទេសភាព ហើយគាត់ចូលចិត្តទេសភាព បែបស្ងប់ស្ងាត់ ហើយម្យ៉ាងគាត់ក៏ជាមនុស្សចូលចិត្តអានសៀវភៅផងដែរ។

យុវជនរូបនេះបានយល់ថាល្អ ប្រសិនបើតំបន់នេះបង្កើតទៅជាកន្លែងអេកូទេចរណ៍បានមែន។ យុវជនរូបនេះបានបន្តថា៖ «តំបន់នេះគឺអ្នកភ្នំពេញចូលចិត្តមក គាត់ធ្វើការស្ត្រេស គាត់ចូលចិត្តមកបោះតង់ជាដើម»។

យុវត្តីគង់ សុខហេង


យុវត្តីគង់ សុខហេង អាយុ១៨ឆ្នាំ ជាសិស្សម្នាក់រៀននៅក្រុងតាខ្មៅ បានប្រាប់ថាពីមូលហេតុដែលគាត់ចូលចិត្តមកអង្គុយលេងហាងកាហ្វេនៅភូមិព្រែកកាត់នេះថាគឺដោយសារទីនេះមានទេសភាពស្អាត ស្ងប់ស្ងាត់ ដែលធ្វើឱ្យមានអារម្មណ៍ល្អ ហើយភាគច្រើនយុវត្តីរូបនេះចូលចិត្តមកអង្គុយលេងពេលទំនេរពីការសិក្សា ជាមួយមិត្តភ័ក្រ្ត។

«ម៉ោងទំនេរខ្ញុំចូលចិត្តមកអង្គុយលេង គឺទីនេះមានទេសភាពស្អាត  ហើយស្ងាត់ស្រួលអង្គុយរៀន»

តាមយុវត្តីរូបនេះ ប្រសិនបើតំបន់នេះក្លាយជាតំបន់អេកូទេចរណ៍ គឺគិតថាល្អ៕