ពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេសបាននិយាយនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ពួកគេសប្បាយចិត្តជាមួយនឹងការលែងឱ្យមានធ្វើចត្តាឡីស័ក ហើយពួកគាត់សង្ឃឹមថានឹងអាចត្រឡប់ចូលប្រទេសក្នុងពេលឆាប់ៗនេះ និងអាចមានវេលាច្រើននៅស្រុកកំណើតខ្លួន។
កម្ពុជាបានអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលមកក្នុងប្រទេសខ្លួនដោយមិនចំបាច់ធ្វើចត្តាឡីស័កទេ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។
នាយករដ្ឋមន្រ្តី លោកហ៊ុន សែន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថាអ្នកដំណើរចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ ត្រូវមានប័ណ្ឌចាក់វ៉ាក់សាំង និងវិញ្ញាបនបត្រដែលមានសុពលភាពរយៈពេល ៧២ម៉ោង បញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត CPR) មុនមកដល់កម្ពុជា។
ពេលមកដល់កម្ពុជា អ្នកដំណើរត្រូវធ្វើតេស្តរហ័ស (Rapid Test) នៅច្រកចូល ហើយត្រូវរងចាំលទ្ធផល ហើយបើសិនលទ្ធផលអវិជ្ជមាន អ្នកដំណើរអាចធ្វើដំណើរបានដោយសេរីមិនចំបាច់ធ្វើចត្តាឡីស័កទេ។
អ្នកស្រីលន់ ស្រីជា ជាជនជាតិខ្មែរ រស់នៅតៃវ៉ាន់បានលើកឡើងថា៖ «វាជារឿងល្អណាស់ ដែលបានផ្តល់អាទិភាពដល់អ្នកបានចាក់វ៉ាក់សាំងរួចរាល់ មិនចាំបាច់់ចំណាយពេលលើការធ្វើចត្តាឡីស័ក ព្រោះអ្នកខ្លះមានពេលតែកន្លះខែ ដើម្បីទៅលេងស្រុកបើសិនជាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ទម្រាំបានចេញដល់ពេលត្រឡប់មកវិញបាត់ហើយ តែបើបានគេសម្រេចចឹងគឺល្អខ្លាំងណាស់»។
លោកសំអាង សានីត អាយុ២១ឆ្នាំ រស់នៅសហរដ្ឋអាមេរិកយល់ឃើញថា៖ «ខ្ញុំគិតថាល្អម្យ៉ាងដែរ ល្អត្រង់ចំណេញពេលមានឪកាសជួបជុំក្រុមគ្រួសារកាន់តែច្រើន និងមានច្រើនសម្រាប់បំពេញការងារផ្សេងៗ តែអ្វីដែលសំខាន់មនុស្សម្នាក់ៗត្រូវតែពាក់ម៉ាស និងបាញ់អាល់កុលឲ្យបានទៀងទាត់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពទាំងអស់គ្នា»។
អ្នកស្រីម៉ៅ ម៉ាឡែន អាយុ ២៤ឆ្នាំ រស់នៅប្រទេសកូរ៉េ បាននិយាយថា៖ «ខ្ញុំយល់ថាល្អដែរ ប្រសិនបើសម្តេចប្រកាសបើកចឹង ព្រោះយើងបានជួបជុំគ្រួសារយើងលឿន មិនចាំបាច់ខាតពេលនៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ ហើយណាមួយយើងនឹកគ្រួសារយើងឆាប់បានជុំគ្រួសារញ៉ាំអីជាមួយគ្នា ណាមួយយើងបានចាក់វ៉ាក់សាំងរួច ចឹងភាគរយតិចណាស់ដែរឆ្លង»៕