ពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេសបាននិយាយនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ពួកគេសប្បាយចិត្តជាមួយនឹងការលែងឱ្យមានធ្វើចត្តាឡីស័ក ហើយពួកគាត់សង្ឃឹមថានឹងអាចត្រឡប់ចូលប្រទេសក្នុងពេលឆាប់ៗនេះ និងអាចមានវេលាច្រើននៅស្រុកកំណើតខ្លួន។

កម្ពុជាបានអនុញ្ញាតឲ្យអ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ ពេញ​លេញ​ចូលមក​ក្នុង​ប្រទេស​ខ្លួន​​ដោយ​មិនចំបាច់​​ធ្វើ​​ចត្តាឡីស័កទេ​​ ​ចាប់ពី​ថ្ងៃទី​​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១តទៅ​។​

នាយករដ្ឋមន្រ្តី លោកហ៊ុន​ សែន​ នា​ថ្ងៃទី​​១៤​ ខែ​វិច្ឆិកា​​ ឆ្នាំ​២០២១ ​បាន​​បញ្ជាក់​​ថា​​​អ្នក​ដំណើរចូល​មក​កម្ពុជា​តាម​ផ្លូវ​អាកាស ផ្លូវទឹក​ និង​ផ្លូវ​គោក​ ​ដែល​បាន​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​ពេញលេញ​​ ត្រូវមាន​ប័ណ្ឌ​ចាក់​វ៉ាក់​សាំង​ និងវិញ្ញាបនបត្រដែលមានសុពលភាព​រយៈពេល​ ៧២​ម៉ោង ​​បញ្ជាក់​​ថា​​គ្មាន​ជំងឺកូវីដ-១៩​​ (តេស្ត​ CPR)​ មុនមកដល់កម្ពុជា។​​

ពេល​មក​ដល់​កម្ពុជា​ អ្នកដំណើរ​ត្រូវ​ធ្វើ​តេស្ត​រហ័ស​ (Rapid Test)​​ នៅច្រកចូល ហើយត្រូវរងចាំលទ្ធផល ហើយបើសិន​លទ្ធផល​អវិជ្ជមាន ​អ្នក​ដំណើរ​អាច​ធ្វើដំណើរបាន​ដោយ​សេរីមិន​ចំបាច់ធ្វើ​ចត្តាឡីស័ក​ទេ។

អ្នកស្រីលន់​ ស្រីជា​ ជាជនជាតិខ្មែរ រស់​នៅ​តៃវ៉ាន់​បាន​លើក​ឡើង​ថា​៖​ «វា​ជា​រឿង​ល្អ​ណាស់​ ដែល​បាន​ផ្តល់​អាទិភាព​ដល់​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ មិន​ចាំ​បាច់់​ចំណាយ​ពេល​លើ​ការ​ធ្វើ​ចត្តាឡីស័ក​ ព្រោះ​អ្នក​ខ្លះ​មាន​ពេល​តែ​កន្លះ​ខែ​​ ដើម្បី​ទៅ​លេង​ស្រុក​​បើ​សិន​ជាប់​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​ទៀត​​​ ទម្រាំ​បាន​ចេញ​​ដល់​ពេល​ត្រឡប់​មក​វិញ​បាត់​ហើយ​ តែបើបានគេសម្រេចចឹងគឺល្អខ្លាំងណាស់»។

អ្នកស្រីលន់​ ស្រីជា

លោក​សំអាង​ សានីត​ អាយុ​២១ឆ្នាំ រស់នៅសហរដ្ឋអាមេរិក​យល់ឃើញថា៖ «ខ្ញុំគិតថាល្អម្យ៉ាងដែរ ល្អត្រង់ចំណេញពេលមានឪកាសជួបជុំក្រុមគ្រួសារកាន់តែច្រើន និង​មានច្រើនសម្រាប់បំពេញការងារផ្សេងៗ តែអ្វីដែលសំខាន់មនុស្សម្នាក់ៗត្រូវតែពាក់ម៉ាស​ និងបាញ់អាល់កុលឲ្យបានទៀងទាត់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពទាំងអស់គ្នា»។

លោក​សំអាង​ សានីត

អ្នកស្រីម៉ៅ​ ម៉ាឡែន អាយុ ២៤ឆ្នាំ រស់នៅ​ប្រទេស​កូ​រ៉េ​ បាននិយាយ​ថា​៖​ «ខ្ញុំ​យល់ថា​ល្អ​ដែរ​​ ប្រសិនបើសម្តេចប្រកាសបើកចឹង ព្រោះយើងបានជួបជុំគ្រួសារយើងលឿន មិនចាំបាច់ខាតពេលនៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ​ ហើយណាមួយយើងនឹកគ្រួសារយើងឆាប់បានជុំគ្រួសារ​ញ៉ាំអីជាមួយគ្នា ណាមួយយើង​បាន​ចាក់​វ៉ាក់សាំង​រួច​ ចឹងភាគរយតិចណាស់ដែរឆ្លង»៕

អ្នកស្រីម៉ៅ​ ម៉ាឡែន