រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់កម្ពុជាបានចែងថា កម្ពុជាជារដ្ឋឯករាជ្យ អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ហើយការបោះឆ្នោតមានការចូលរួមដោយសេរីពហុបក្ស ជាពិសេសកម្ពុជាបានកំណត់របៀបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ គឺយកពលរដ្ឋជាធំ ហើយពលរដ្ឋគឺជាម្ចាស់ប្រទេស។
យុវជនចំនួន៦រូបបានផ្តល់បទសម្ភាសដល់ Newsroom Cambodia អំពីទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេជុំវិញស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
កញ្ញា ឈឿន ណាឈីម អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបានលើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺល្អដោយសារប្រជាជនមានសិទ្ធិបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត។ ប៉ុន្តែកញ្ញាថា សិទ្ធិក្នុងការបញ្ចេញមតិនៅមានកម្រិតនៅឡើយ។
កញ្ញាថា៖ «លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាគឺនៅល្អ ដែលប្រជាជនមានសិទ្ធិជ្រើសរើសអ្នកដឹកនាំដែលយើងអាចតាមរយៈការបោះឆ្នោតដោយការពេញចិត្តសម្រាប់ថ្នាក់ដឹកនាំនោះ។ ប៉ុន្តែក្នុងន័យខ្ញុំក៏ចង់លើកឡើងពីសិទ្ធិក្នុងការបញ្ចេញមតិរបស់ប្រជាជនដែរ ដោយសារតែលទ្ធិប្រជាធិបតេយ្យគឺបូកផ្សំនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែយើងឃើញជាក់ស្តែងក្នុងប្រទេសកម្ពុជាយើងគឺនៅមានកម្សោយលើការបញ្ចេញមតិរបស់ប្រជាជនទៅលើថ្នាក់ដឹកនាំ ព្រោះប្រសិនប្រជាជនបញ្ចេញមតិពីកង្វះខាតរបស់ថ្នាក់ដឹកនាំ ក៏អាចប៉ះពាល់សុវត្ថិភាពរបស់ពួកគេ ឬត្រូវបានគេគាបសង្កត់លើសិទ្ធិក្នុងការបញ្ចេញមតិ»។
លោក គៀត ជីនតុង អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបាននិយាយថា លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជានៅមានកម្រិត ដោយលោកយល់ថា ការបញ្ចេញមតិរបស់ប្រជាជននៅមានការរឹតត្បិតពីសំណាក់អាជ្ញាធរ ឬអ្នកមានអំណាច ហើយលោកក៏ឃើញការបន្តប្រើប្រាស់ហិង្សារក្នុងការដោះស្រាយជម្លោះរវាងអាជ្ញាធរ និងប្រជាជនផងដែរ។
លោកថា៖ «ខ្ញុំយល់ឃើញថាលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាបច្ចុប្បន្នកំពុងសិ្ថតក្នុងសភាពមានកម្រិត ឬអាចនិយាយបានថាមានភាពខ្វះខាតដោយខ្ញុំគិតថាមានមូលហេតុចម្បងពីរ ទីមួយគឺទាក់ទងនឹងការបញ្ចេញមតិជាសាធារណៈរបស់ប្រជាជន យើងឃើញថា ការបញ្ចេញមតិរបស់ប្រជាជនទូទាំងប្រទេសនៅតែមានការរឹតត្បិត ឬហាមឃាត់ពីសំណាក់មហាជន អាជ្ញាធរ ឬអ្នកមានអំណាច»។
លោកបន្តថា៖ «ហើយមូលហេតុមួយទៀតគឺទាក់ទងជាមួយនឹងការប្រើប្រាស់ហិង្សាទៅលើប្រជាជន ចំពោះចំណុចនេះខ្ញុំឃើញថាតិចក្តី ច្រើនក្តីក្នុងការដោះស្រាយជម្លោះរវាងអាជ្ញាធរ និងប្រជាជន អាជ្ញាធរនៅតែបន្តប្រើប្រាស់ហិង្សាក្នុងការដោះស្រាយជម្លោះនានា»។
លោក សយ ជ្រុយ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជំនាញអក្សរសាស្រ្តអង់គេ្លសនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបានយល់ឃើញថា ប្រជាជនដែលរស់នៅសព្វថ្ងៃអាចរស់នៅសុខស្រួលប្រសិនជាពួកគាត់មិនឈឺឆ្អាលរឿងនយោបាយ។ លោកបន្ថែមថា សម្រាប់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានហាក់បីជាមិនមានសិទ្ធិពេញលេញនៅឡើយ។
លោកថា៖ «ខ្ញុំយល់ឃើញថាលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាសម្រាប់ប្រជាជនរស់នៅសព្វថ្ងៃហាក់បីដូចជាមិនមានបញ្ហាប្រក្រតីណាមួយកើតឡើងទេប្រសិនប្រជាជន ឬបុគ្គលនោះគាត់មិនឈឺឆ្អាលរឿងនយោបាយមានន័យថាគាត់អាចរស់នៅធម្មតាសុខស្រួល។ ដោយឡែកទាក់ទងនឹងបញ្ហាសិទ្ធិបញ្ចេញមតិទៅលើរឿងនយោបាយ មួយទៀតជាសេរីភាពរបស់អ្នកសារព័ត៌មានខ្ញុំសង្កេតឃើញថា វាហាក់បីដូចជាមិនទាន់មានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិនៅឡើយទេ»។
កញ្ញា ឡា ស្រីម៉ាច អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំពុងសិក្សាជំនាញសង្គមវិទ្យា មើលឃើញថា នាពេលបច្ចុប្បន្ននេះ ស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺមិនមានភាពល្អប្រសើរនោះទេ ដោយសារមានការរឹតត្បិតលើសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
កញ្ញានិយាយយ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ មើលឃើញថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយើងនឹង អត់មានភាពល្អប្រសើរនៅឡើយទេ គឺខ្ញុំមើលឃើញថាវាមានការរឹតត្បិត ទាក់ទងទៅនឹងសិទ្ធិសេរីភាពផ្សេងៗ ជាពិសេសដូចយើងមើលឃើញផងដែរទាក់ទងនឹងសិទ្ធិនយោបាយ។ តាមជាក់ស្តែង រាល់ថ្ងៃនេះសិទ្ធិរបស់ពលរដ្ឋគឺខ្ញុំគិតថាវាមិនទាន់ពេញលេញអ្វីទេ ដូចសិទ្ធិបញ្ចេញមតិជាដើម […] មានការហាមឃាត់ច្រើន»។
កញ្ញាបន្តថា៖ «ករណីដែលខ្ញុំជួបផ្ទាល់តែម្តង នៅក្នុងក្រុមគ្រួសាររបស់ខ្ញុំ គឺពូរបស់ខ្ញុំត្រូវបានគេធ្វើបាបគាត់ គេមកចាប់គាត់ដាក់គុក ទាំងដែលគ្មានមូលហេតុ គ្មានដីកាមកពីខាងលើច្បាស់លាស់អ្វីទេ ខ្ញុំគិតថាវាទាក់ទងនឹងសិទ្ធិបញ្ចេញមតិ គាត់និយាយអ្វីមួយ គឺគេបង្ខិតបង្ខាំគាត់ […] គេមិនចង់ឱ្យគាត់និយាយអ្វីមួយ គេបែរជាធ្វើបាបគាត់ នេះជាការបំបិទសិទ្ធិសេរីភាពរបស់គាត់»។
កញ្ញាសំណូមពរថា៖ «សម្រាប់ខ្ញុំយល់ថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយើងនឹងគួរតែបើកចំហរ ព្រោះប្រទេសយើងគឺជាប្រទេសប្រជាធិបតេយ្យ យកប្រជាជនជាធំ ដូច្នេះប្រជាជនគួរតែមានសិទ្ធិសេរីភាពដែលគាត់មាន អាចយកប្រើប្រាស់បាន»។
លោក ហ៊ួរ ដាវីត មានអាយុ២០ឆ្នាំ ជានិស្សិតសង្គមវិទ្យា កំពុងសិក្សាឆ្នាំមូលដ្ឋាន បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា បច្ចុប្បន្ននេះ លទ្ធិប្រជាធិបតេយ្យកម្ពុជាគឺបាត់បង់លំនឹង កើតមានការរំលោភសិទ្ធិសេរីភាពពលរដ្ឋជាដើម។
លោកថា៖ «នៅក្នុងប្រទេសយើងថ្វីត្បិតតែប្រកាន់របបលទ្ធិប្រជាធិបតេយ្យ យកប្រជាពលរដ្ឋធំមែន ប៉ុន្តែផ្ទុយមកវិញទាក់ទងនឹងសកម្មភាពជាក់ស្តែងហាក់បីជាបានបាត់លំនឹងច្រើន អ្នកមានអំណាច គឺគាត់មានសិទ្ធិត្រួតត្រាទៅលើប្រជាពលរដ្ឋដែលតូចតាច ដូចជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់ពួកគាត់»។
លោកបន្តថា៖ «ចំពោះនីតិរដ្ឋ ច្បាប់រដ្ឋធម្មនុញ្ញារបស់កម្ពុជា និងអំណាចទាំងបី សព្វថ្ងៃនេះខ្ញុំកត់សម្គាល់ក៏ដូចជាសង្កេតឃើញជារឿយៗ អំណាចនីតិប្រតិបត្តិគឺតែងតែមានដៃលូកលាន់លើអំណាចនីតិបញ្ញត្តិ ជាមួយនឹងតុលាការ ដូចជាការវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញជាដើម វាហាក់បីដូចជាដើម្បីការពារអំណាចបុគ្គល»។
លោកបង្ហាញក្តីបារម្ភថា៖ «ចំពោះខ្ញុំក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំបានឈ្វេងយល់គួរសមអំពីស្ថានភាពប្រទេសរបស់យើង ប៉ុន្តែខ្ញុំមានភាពភ័យខ្លាចចំពោះការបញ្ចេញមតិក្តី បង្ហោះសារក្តីទាក់ទងនឹងគោលនយោបាយគឺខ្ញុំមិនហ៊ានទេ។ បានត្រឹមតែសិក្សាឈ្វេងយល់ ហើយចែករំលែកជាមួយនឹងមនុស្សដែលជិតស្និទ្ធជុំវិញខ្លួន។ ព្រោះអ្វី? ដោយសារយើងបានឃើញហើយ សកម្មជន អ្នកស្នេហាជាតិមួយចំនួន នៅពេលគាត់សកម្មនៅក្នុងរឿងជាតិច្រើន ដូចជាការតវ៉ា ការទាមទារសិទ្ធិសេរីផ្សេងៗ គឺពួកគាត់បានប្រឈមនឹងបញ្ហាច្រើន ដូចជាសកម្មជនព្រៃឈើ អ្នកតស៊ូមតិនៅក្នុងសង្គម មានលោក បណ្ឌិត កែម ឡីជាដើម […] អីចឹងហើយធ្វើឱ្យខ្ញុំជាយុវជនក៏មានការភ័យខ្លាចរអាដែរ លើការបញ្ចេញមតិ»។
កញ្ញា ម៉ម ស្រីនាង អាយុ២០ឆ្នាំជានិស្សិតឆ្នាំទី៤ ជំនាញគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញយល់ឃើញថា លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាមិនទាន់ពេញលេញទេពីព្រោះយុវជន មិនត្រូវបានអនុញ្ញាតនិយាយឬសិក្សាពីបញ្ហានយោបាយ ដោយភាគច្រើនការអនុម័តច្បាប់ផ្សេងៗពីមានការយល់ស្របពីសំណាក់ប្រជាពលរដ្ឋឡើយ។
កញ្ញាថា៖ «ខ្ញុំយល់ឃើញថានៅក្នុងប្រទេសកម្ពុជាពុំទាន់មានលទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់ឡើយ ព្រោះប្រជាពលរដ្ឋ សិស្សនិស្សិតនៅក្នុងសាលានីមួយៗក្រសួងអប់រំ និងរដ្ឋាភិបាលពុំអនុញ្ញាតឱ្យសិស្សានុសិស្សទទួលដឹងឮសិក្សាស្វែងយល់ និងការពន្យល់បង្ហាត់បង្ហាញបង្រៀននិយាយអំពីនយោបាយពីលោកគ្រូអ្នកគ្រូរបស់ខ្លួននៅតាមគ្រឹះស្ថាននីមួយៗ។ នៅប្រទេសនីមួយៗគេចង់ឱ្យយុវជនយុវតីគឺជាសសរគ្រឹះយ៉ាងសំខាន់ក្នុងការជួយដឹកនាំប្រទេស តែប្រទេសកម្ពុជា លទ្ធិប្រជាធិបតេយ្យមិនឱ្យសិក្សានយោបាយពីដំបូង»។
កញ្ញាបន្ថែមថា៖ «ក្នុងការអនុម័តក្រសួង និងរដ្ឋាភិបាលតើមានការយល់ស្របពីប្រជាពលរដ្ឋមុននឹងដាក់ចេញឱ្យអ្វីធ្វើមួយ ឬចេញច្បាប់មកត្រូវរ៉ូវតែពូកគាត់ក្នុងនាមអ្នកដឹកនាំហើយទើបឱ្យប្រជាពលរដ្ឋយល់ស្រប ឬប្រឆាំងតាមក្រោយហើយព្យាយាមបកស្រាយ បំពេញតម្រូវការតាមក្រោយ ដោយសារមានការបះបោរប្រឆាំងតវ៉ាច្រើន»៕