រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​​កម្ពុជា​បាន​ចែង​ថា​ កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ អព្យាក្រឹត​ មិន​ចូល​បក្ស​សម្ព័ន្ធ​ ហើយ​ការ​បោះ​ឆ្នោត​មាន​ការ​ចូល​រួម​ដោយ​សេរី​ពហុ​បក្ស​ ជា​ពិសេស​កម្ពុជា​បាន​កំណត់​របៀប​ដឹក​នាំ​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​ គឺ​យក​ពលរដ្ឋ​ជា​ធំ​ ហើយ​ពលរដ្ឋ​គឺ​ជា​ម្ចាស់​ប្រទេស​។

យុវជន​ចំនួន​៦​រូបបានផ្តល់បទសម្ភាស​ដល់ Newsroom Cambodia​ អំពី​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ជុំ​វិញ​​ស្ថាន​ភាព​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​​។

កញ្ញា ឈឿន ណាឈីម

កញ្ញា ឈឿន ណាឈីម អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជាបានលើកឡើងថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​ល្អ​ដោយសារ​ប្រជាជន​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំដែលខ្លួនពេញចិត្ត។ ប៉ុន្តែ​កញ្ញា​ថា ​សិទ្ធិ​ក្នុង​ការបញ្ចេញ​​មតិ​​នៅ​មាន​កម្រិត​នៅឡើយ​។

កញ្ញាថា៖ «លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាគឺនៅល្អ ដែល​ប្រជាជន​មាន​សិទ្ធិ​ជ្រើសរើស​អ្នក​ដឹកនាំ​ដែល​យើងអា​ច​តាម​រយៈការបោះឆ្នោត​ដោយការ​ពេញចិត្តស​ម្រាប់ថ្នាក់ដឹកនាំនោះ។​ ប៉ុន្តែ​ក្នុង​ន័យ​ខ្ញុំ​ក៏​ចង់​លើកឡើងពី​សិទ្ធិក្នុងការបញ្ចេញមតិរបស់ប្រជាជនដែរ ដោយសារ​តែ​លទ្ធិប្រជា​ធិប​តេយ្យ​គឺ​បូកផ្សំ​នឹង​សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែ​យើង​ឃើញជា​ក់​ស្តែង​ក្នុងប្រទេស​កម្ពុជា​យើង​គឺ​នៅ​មាន​កម្សោយ​លើ​ការបញ្ចេញមតិ​របស់​ប្រជាជន​ទៅ​លើ​ថ្នាក់ដឹកនាំ ព្រោះ​ប្រសិន​ប្រជាជន​បញ្ចេញ​មតិ​ពី​កង្វះខាត​របស់​ថ្នាក់ដឹកនាំ​ ក៏​អាច​ប៉ះពាល់​សុវត្ថិភាព​របស់​ពួកគេ ឬ​ត្រូវ​បាន​គេ​គាប​សង្កត់​លើ​សិទ្ធិ​ក្នុង​ការបញ្ចេញ​មតិ»។

លោក គៀត ជីនតុង

លោក គៀត ជីនតុង អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​បាន​និយាយ​ថា លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជានៅមានកម្រិត ដោយ​លោកយល់​ថា​ ការបញ្ចេញ​មតិ​របស់​ប្រជាជន​នៅមា​នការរឹតត្បិតពីសំណាក់អាជ្ញាធរ ឬ​អ្នក​មាន​អំណាច ហើយ​លោក​ក៏​ឃើញការ​បន្ត​ប្រើប្រាស់​ហិង្សារ​ក្នុង​ការដោះស្រាយ​ជម្លោះ​រវាង​អាជ្ញាធរ និង​ប្រជាជន​ផង​ដែរ។

លោកថា៖ «ខ្ញុំយល់ឃើញ​ថា​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​សិ្ថត​ក្នុង​សភាព​មាន​កម្រិត ឬ​អាច​និយាយ​បាន​ថា​មាន​ភាព​ខ្វះខាត​ដោយ​ខ្ញុំ​គិត​ថា​មាន​មូលហេតុ​ចម្បង​ពីរ ទីមួយ​គឺ​ទាក់ទង​នឹង​ការបញ្ចេញមតិជាសាធារណៈ​របស់ប្រជាជន យើង​ឃើញ​ថា​ ការបញ្ចេញ​មតិ​របស់​ប្រជាជន​ទូទាំង​ប្រទេស​នៅ​តែ​មាន​ការ​រឹតត្បិត ឬហាមឃាត់ពី​សំណាក់​មហាជន អាជ្ញាធរ ឬ​អ្នក​មាន​អំណាច»។

លោកបន្តថា៖ «ហើយមូលហេតុមួយទៀតគឺទាក់ទងជាមួយនឹងការប្រើប្រាស់ហិង្សាទៅលើប្រជាជន ចំពោះចំណុចនេះខ្ញុំឃើញថាតិចក្តី ច្រើនក្តីក្នុងការដោះស្រាយជម្លោះរវាងអាជ្ញាធរ និងប្រជាជន អាជ្ញាធរនៅតែបន្តប្រើប្រាស់ហិង្សាក្នុងការដោះស្រាយជម្លោះនានា»។

លោក សយ ជ្រុយ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជំនាញ​អក្សរ​សាស្រ្ត​អង់​គេ្លស​នៃ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​បាន​យល់​ឃើញ​ថា ​ប្រជា​ជន​ដែល​រស់​នៅ​សព្វ​ថ្ងៃ​អាច​រស់​នៅ​សុខ​ស្រួលប្រសិន​ជា​ពួក​គាត់​មិន​ឈឺ​ឆ្អាល​រឿង​នយោ​បាយ​។ លោកបន្ថែមថា សម្រាប់​សិទ្ធិ​សេរី​ភាព​របស់​អ្នក​សារ​ព័ត៌​មាន​ហាក់​បី​ជា​មិន​មាន​សិទ្ធិ​ពេញ​លេញ​នៅ​ឡើយ​។

លោកថា៖ «ខ្ញុំយល់ឃើញថា​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ប្រជាជន​រស់នៅ​សព្វថ្ងៃ​ហាក់បី​ដូចជា​មិនមាន​បញ្ហាប្រក្រតី​ណាមួយកើតឡើងទេ​ប្រសិនប្រជាជន ឬបុគ្គល​នោះ​គាត់​មិន​ឈឺឆ្អាល​រឿង​នយោបាយមានន័យថាគាត់អាចរស់នៅធម្មតាសុខស្រួល។​ ដោយឡែក​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​បញ្ចេញមតិ​ទៅ​លើរឿង​នយោបាយ មួយទៀតជាសេរី​ភាព​របស់​អ្នកសារ​ព័ត៌មាន​​ខ្ញុំ​សង្កេត​ឃើញ​ថា វាហាក់បីដូចជាមិនទាន់មានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិនៅឡើយ​ទេ»។

កញ្ញា​ ឡា​ ស្រីម៉ាច

កញ្ញា​ ឡា​ ស្រីម៉ាច​ អាយុ​២០​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ និង​កំពុង​សិក្សា​ជំនាញ​សង្គម​វិទ្យា​ មើល​ឃើញ​ថា ​នា​ពេល​បច្ចុប្បន្ន​នេះ ​ស្ថាន​ភាព​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​គឺ​មិន​មាន​​ភាព​ល្អ​ប្រសើរ​នោះ​ទេ ដោយ​សារ​មាន​ការ​រឹត​ត្បិត​លើ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​។ 

កញ្ញានិយាយយ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ មើលឃើញថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយើងនឹង អត់​មា​​នភាពល្អប្រសើរនៅឡើយទេ គឺខ្ញុំមើលឃើញថាវាមានការរឹតត្បិត ទាក់ទង​ទៅ​នឹង​សិទ្ធិ​សេរីភាព​ផ្សេងៗ ជាពិសេសដូចយើងមើលឃើញផងដែរ​ទាក់ទងនឹងសិទ្ធិនយោបាយ។ តាមជាក់ស្តែង រាល់​ថ្ងៃនេះសិទ្ធិរបស់ពលរដ្ឋគឺ​ខ្ញុំគិតថាវាមិនទាន់ពេញលេញអ្វីទេ ដូចសិទ្ធិបញ្ចេញមតិជាដើម […] មានការហាមឃាត់ច្រើន»

កញ្ញាបន្តថា៖ «ករណីដែលខ្ញុំជួបផ្ទាល់តែម្តង នៅក្នុងក្រុមគ្រួសាររបស់ខ្ញុំ គឺពូ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ធ្វើ​បាប​គាត់ គេមកចាប់គាត់ដាក់គុក ទាំងដែលគ្មានមូលហេតុ គ្មានដីកាមកពីខាងលើច្បាស់លាស់អ្វីទេ ខ្ញុំគិតថាវាទាក់ទងនឹងសិទ្ធិបញ្ចេញមតិ គាត់និយាយអ្វីមួយ គឺគេបង្ខិតបង្ខាំគាត់ […] គេ​មិន​ចង់​ឱ្យ​គាត់​និយាយ​អ្វីមួយ គេបែរជាធ្វើបាបគាត់ នេះជាការបំបិទសិទ្ធិសេរីភាពរបស់គាត់»

កញ្ញាសំណូមពរថា៖ «សម្រាប់ខ្ញុំ​យល់ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​យើង​នឹង​គួរ​តែបើ​ក​ចំហរ ព្រោះ​ប្រទេស​យើងគឺជាប្រទេសប្រជាធិបតេយ្យ យកប្រជាជនជាធំ ដូច្នេះ​ប្រជាជន​គួរ​តែ​មាន​សិទ្ធិ​សេរីភាព​ដែល​គាត់​មាន អាច​យកប្រើប្រាស់​បាន»

លោក ហ៊ួរ ដាវីត

លោក ហ៊ួរ ដាវីត មាន​អាយុ​២០ឆ្នាំ ជានិស្សិតសង្គមវិទ្យា កំពុងសិក្សាឆ្នាំមូលដ្ឋាន បាន​​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា បច្ចុប្បន្ននេះ លទ្ធិប្រជាធិបតេយ្យកម្ពុជាគឺបាត់បង់លំនឹង កើត​មាន​ការរំលោភ​សិទ្ធិ​សេរីភាពពលរដ្ឋ​ជាដើម។

លោកថា៖ «នៅក្នុងប្រទេសយើងថ្វីត្បិតតែប្រកាន់របបលទ្ធិប្រជាធិបតេយ្យ យកប្រជាពលរដ្ឋធំមែន ប៉ុន្តែផ្ទុយមកវិញទាក់ទងនឹងសកម្មភាពជាក់ស្តែងហាក់បីជាបានបាត់លំនឹងច្រើន អ្នកមានអំណាច គឺគាត់មានសិទ្ធិត្រួតត្រាទៅលើប្រជាពលរដ្ឋដែលតូចតាច ដូចជា​ការរំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​សេរីភាព​​របស់​​​ពួកគាត់»។

លោកបន្តថា៖ «ចំពោះនីតិរដ្ឋ ច្បាប់រដ្ឋធម្មនុញ្ញារបស់កម្ពុជា និងអំណាចទាំងបី សព្វថ្ងៃនេះ​ខ្ញុំក​ត់​សម្គាល់​ក៏​ដូចជា​សង្កេត​ឃើញ​ជារឿយៗ អំណាច​នីតិប្រតិបត្តិ​គឺ​តែងតែ​មាន​ដៃ​លូកលាន់​លើ​អំណាច​នីតិ​បញ្ញត្តិ ជាមួយនឹងតុលាការ ដូចជាការវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញជាដើម វាហាក់បី​ដូចជា​ដើម្បី​ការពារ​អំណាច​បុគ្គល»

លោកបង្ហាញក្តីបារម្ភថា៖ «ចំពោះខ្ញុំក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំបាន​ឈ្វេង​យល់គួរ​សម​អំពី​ស្ថានភាព​ប្រទេស​របស់​យើង ប៉ុន្តែខ្ញុំ​មាន​ភាព​ភ័យខ្លាច​ចំពោះ​ការបញ្ចេញ​មតិក្តី បង្ហោះសារ​ក្តី​ទាក់ទង​នឹង​គោល​នយោបាយ​គឺ​ខ្ញុំមិន​ហ៊ាន​ទេ។ បានត្រឹមតែសិក្សាឈ្វេងយល់ ហើយ​ចែករំលែក​ជាមួយ​នឹង​មនុស្ស​ដែល​ជិត​ស្និទ្ធ​ជុំវិញ​ខ្លួន។ ព្រោះអ្វី?​ ដោយសារយើងបានឃើញហើយ សកម្មជន អ្នក​ស្នេហា​ជា​តិ​មួយចំនួន នៅពេលគាត់សកម្មនៅក្នុងរឿងជាតិច្រើន ដូចជាការតវ៉ា ការទាមទារសិទ្ធិសេរីផ្សេងៗ គឺពួកគាត់បានប្រឈមនឹងបញ្ហាច្រើន ដូចជាសកម្មជនព្រៃឈើ អ្នកតស៊ូមតិនៅក្នុងសង្គម មានលោក បណ្ឌិត កែម ឡីជាដើម […] អីចឹងហើយធ្វើឱ្យខ្ញុំជាយុវជនក៏មានការភ័យខ្លាចរអាដែរ លើ​ការបញ្ចេញ​មតិ»

កញ្ញា ម៉ម ស្រី​នាង

កញ្ញា ម៉ម ស្រី​នាង​ អាយុ២០ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​គណិត​វិទ្យា​នៅសាកល​​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​យល់​ឃើញ​ថា​ ​លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាមិនទាន់ពេញលេញទេពីព្រោះយុវជន មិនត្រូវ​បានអនុញ្ញាតនិយាយ​ឬសិក្សាពីបញ្ហានយោបាយ ដោយ​ភាគច្រើន​ការអនុម័ត​ច្បាប់​ផ្សេងៗ​ពី​មាន​ការយល់​ស្រប​ពី​សំណាក់​ប្រជាពលរដ្ឋ​ឡើយ។

កញ្ញាថា៖ «ខ្ញុំ​យល់​ឃើញ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​លទ្ធិ​​ប្រជា​ធិប​តេយ្យ​គ្រប់​គ្រាន់​ឡើយ​ ព្រោះ​​ប្រជា​ពលរដ្ឋ​ សិស្ស​និស្សិត​នៅ​ក្នុង​សាលា​នីមួយៗ​ក្រសួង​អប់រំ ​និង​រដ្ឋា​ភិបាល​ពុំ​អនុញ្ញាត​ឱ្យ​សិស្សា​​នុសិស្ស​​ទទួល​​ដឹង​ឮ​​​សិក្សា​ស្វែង​យល់ ​និង​ការ​ពន្យល់​បង្ហាត់​បង្ហាញ​បង្រៀន​​និយាយ​​អំពី​​នយោ​បាយ​​​ពី​​លោកគ្រូ​អ្នកគ្រូ​​របស់​​ខ្លួន​​នៅ​​តាម​​គ្រឹះ​ស្ថាន​​នីមួយៗ។ ​​នៅ​ប្រទេស​នីមួយៗ​គេ​ចង់​ឱ្យ​យុវ​ជន​យុវតី​គឺ​ជា​សសរ​គ្រឹះ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដឹក​នាំ​ប្រទេស​ តែ​ប្រទេស​កម្ពុជា​ លទ្ធិ​ប្រជា​ធិប​តេយ្យ​មិន​ឱ្យ​សិក្សា​នយោ​បាយ​ពី​ដំបូង​»។

កញ្ញា​បន្ថែម​ថា៖ «ក្នុង​ការ​អនុម័ត​ក្រសួង​ និង​រដ្ឋា​ភិបាល​តើ​មាន​ការ​យល់​ស្រប​ពី​ប្រជា​ពល​រដ្ឋ​មុន​នឹង​ដាក់​ចេញ​ឱ្យ​អ្វី​ធ្វើ​មួយ ​ឬ​ចេញ​ច្បាប់​មក​ត្រូវរ៉ូវ​តែ​ពូក​គាត់​ក្នុង​នាម​អ្នក​ដឹក​នាំ​ហើយ​ទើប​ឱ្យ​ប្រជា​ពល​រដ្ឋ​យល់​ស្រប ​ឬ​ប្រឆាំង​តាម​ក្រោយ​ហើយ​ព្យាយាម​បក​ស្រាយ​ បំពេញ​តម្រូវ​ការ​តាម​ក្រោយ ​ដោយ​សារ​មាន​ការ​បះ​បោរ​​ប្រឆាំង​តវ៉ា​ច្រើន​»៕