កម្ពុជាបានរៀបចំការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សចូលរួមចំនួន២០ ដោយគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្គ្រោះជាតិ។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាដណ្ដើមបានអាសនៈទាំង១២៥នៅក្នុងរដ្ឋសភា។ នៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៧របស់ខ្លួន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ខាងក្រោមនេះគឺជាការផ្ដល់បទសម្ភាសន៍របស់ប្រជាពលរដ្ឋ និងយុវជន ដល់ Newsroom Cambodia អំពីការយល់ឃើញលើការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខ។
កញ្ញា អាន វណ្ណៈ អាយុ២០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រាប់ Newsroom Cambodia នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ថា កញ្ញាចង់ឃើញការបោះឆ្នោតឆ្នាំ២០២៣ មានការបង្ហាញប្រវត្តិរូប ចំណេះដឹង ជំនាញ វិជ្ជាជីវៈរបស់តំណាងរាស្ត្រ និងបើកឱ្យមានការជជែកគ្នារវាងប្រជាពលរដ្ឋ ជាមួយតំណាងរាស្ត្រ។
ប្រជាពលរដ្ឋរូបនេះបញ្ជាក់ថា៖ «សម្រាប់ខ្ញុំគឺមានពីរចំណុចដែលខ្ញុំចង់បាន គឺទីមួយពាក់ព័ន្ធជាមួយនឹងការដែល ពេលបោះឆ្នោតហ្នឹងគឺត្រូវតែបង្ហាញនូវប្រវត្តិរូប ហើយនិងចំណេះដឹង ក៏ដូចជាជំនាញ វិជ្ជាជីវៈនៃតំណាងរាស្ត្រនីមួយៗ សម្រាប់ខ្ញុំជាពលរដ្ឋ ខ្ញុំអត់ចង់ឱ្យមេបក្ស ឬក៏គណបក្សយកបក្សមកប្រជែងគ្នាទេ ប៉ុន្តែចង់ឱ្យចំណេះដឹង ឬក៏សមត្ថភាព លទ្ធភាពរបស់តំណាងរាស្ត្រធ្វើការប្រជែងគ្នាដើម្បីឱ្យប្រជាពលរដ្ឋអាចជ្រើសរើសដោយតម្លាភាព គណនេយ្យភាព និងជាការសម្រេចចិត្តរបស់ពួកគាត់ដោយមិនខ្លាចអំណាចបក្សនយោបាយណាមួយ»។
កញ្ញាបន្ថែមថា៖ «រឿងទីពីរដែលខ្ញុំចង់បាននោះ គឺការដែលណាត់ជួបអ្នកដែលត្រូវគេបោះឆ្នោត ក៏ដូចជាប្រជាពលរដ្ឋជួបគ្នាដើម្បីឱ្យគាត់សាកសួរ មានជាសំណួរ មតិយោបល់ បញ្ហាប្រឈម តម្រូវការ ចំណេះដឹង វិជ្ជាជីវៈក៏ដូចជាបទដ្ឋានមូលដ្ឋានផ្នែកច្បាប់ផ្សេងៗជាមួយនឹងតំណាងរាស្ត្រ»។
លោក ម៉ី ពន្លក អាយុ២៥ឆ្នាំ ជាយុវជនរស់នៅសង្កាត់ទឹកថ្លាដែរនោះលើកឡើងដែរថា លោកចង់ឃើញការបោះឆ្នោតឆ្នាំ២០២៣ មានតម្លាភាព សុក្រឹតភាព និងពេលប្រកាសលទ្ធផលសូមកុំឱ្យមានការដាច់ភ្លើង។
លោក ម៉ី ពន្លក៖ «ចំពោះខ្ញុំសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខនេះ គឺខ្ញុំចង់ឱ្យការបោះឆ្នោតនៅកម្ពុជាមានតម្លាភាព ហើយមួយទៀតបើនិយាយពីការបោះឆ្នោតគឺចង់ឱ្យមានតម្លាភាព និងសុក្រឹតភាព មួយទៀតនៅពេលដែលការប្រកាសលទ្ធផលសូមកុំឱ្យដាច់ភ្លើងច្រើនពេក»។
កញ្ញា ឡា ស្រីម៉ាច អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទីមួយជំនាញសង្គមវិទ្យានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា ការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខនេះ គួរតែមានការរៀបចំឱ្យមានសិទ្ធិសេរីភាពគ្រប់គ្រាន់ដល់ម្ចាស់ឆ្នោតក្នុងការសម្រេចចិត្ត និងកុំឱ្យទិញទឹកចិត្តម្ចាស់ឆ្នោត។
និស្សិតរូបនេះលើកឡើងថា៖ «ខ្ញុំយល់ឃើញថាក្នុងការបោះឆ្នោតគួរតែរៀបចំ មានការកែទម្រង់ខ្លះៗនៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ ខ្ញុំចង់ឱ្យមានសិទ្ធិសេរីភាពគ្រប់គ្រាន់ បើកសិទ្ធិសេរីភាពដល់អ្នកដែលជាម្ចាស់សន្លឹកឆ្នោតឱ្យគាត់មានសេរីភាពពេញលេញក្នុងការសម្រេចចិត្តដោយមិនមានបញ្ហាអ្វីផ្សេងៗ»។
កញ្ញាបន្ថែមថា៖ «អ្វីគួរកែទម្រង់នោះគឺថា កុំទិញទឹកចិត្តមុនពេលដែលជិតបោះឆ្នោតហើយ បង្ហាញអ្វីដែលល្អ អ្វីដែលនេះហ្នឹង ពេលជិតបោះឆ្នោតដែលគេចាប់ផ្ដើមធ្វើអ៊ីចឹងទៅ ឧទាហរណ៍ថាដូចជាការទិញអំណោយ ទិញអីចែកជូន ហើយមិនមែនយកមុខតែពេលបោះឆ្នោតនោះទេ»។
កញ្ញា ទុយ សុខសែទៀន អាយុ១៩ឆ្នាំ ជានិស្សិតជំនាញនីតិសាស្ត្រនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រាប់ Newsroom Cambodia ថា៖ «ក្នុងនាមជានិស្សិតម្នាក់ ហើយក៏ជាពលរដ្ឋម្នាក់ដែរគឺ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខហ្នឹង ខ្ញុំចង់ឱ្យការបោះឆ្នោតហ្នឹង អព្យាក្រឹត មិនលម្អៀង បោះឆ្នោតជាសេរីភាពរបស់ប្រជាពលរដ្ឋ មិនមាននរណាមួយបង្ខំ ឬក៏គេហៅថាត្រចៀកសតាមគេ ធ្វើអ្វីដែលខ្លួនឯងពេញចិត្ត ស្រលាញ់អ្វីដែលខ្លួនឯងចង់ធ្វើ ឧទាហរណ៍ថាយើងស្រលាញ់ខាងនេះ ឬក៏យើងស្រលាញ់ខាងនោះគឺស្រេចលើយើងអ្នកបោះឆ្នោតឱ្យទេ»។
ចំណែកលោក ណេត រី អាយុ៧០ឆ្នាំ ជាជាងកាត់សក់ រស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ប្រាប់ឱ្យដឹងថា ការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ លោកចង់ឃើញប្រជាជន និងគណបក្សនយោបាយចូលរួមក្នុងការបោះឆ្នោតឱ្យបានច្រើនដើម្បីជ្រើសរើសអ្នកដឹកនាំល្អ និងដើម្បីសង្គមជាតិល្អ។
លោក ណេត រីបញ្ជាក់ថា៖ «ការបោះឆ្នោតនេះខ្ញុំចង់ឱ្យតែប្រជាជនចូលរួមបោះឆ្នោតឱ្យបានច្រើននៅក្នុងសង្គមយើង ដើម្បីជ្រើសរើសអ្នកដឹកនាំល្អ។ ហើយឱ្យមានគណបក្ស មិនថាគណបក្សប្រឆាំង មិនប្រឆាំងអីទេឱ្យបានចូលរួមច្រើនទាំងអស់គ្នាដើម្បីសង្គមជាតិយើងល្អ»។
អ្នកស្រី ឃុត សុគន្ធ អាយុ៤៥ឆ្នាំ ជាអាជីវកររស់នៅសង្កាត់ផ្សារដើមថ្កូវ ប្រាប់ Newsroom Cambodia ថា ការបោះឆ្នោតនេះជាតម្រូវការរបស់ប្រជាជនទូទៅ គឺដើម្បីសុខមាលភាពកូនចៅជំនាន់ក្រោយ ការរកស៊ី និងក្ដីសុខទាំងអស់គ្នា។
អ្នកស្រី ឃុត សុគន្ធ លើកឡើង៖ «ការបោះឆ្នោតហ្នឹង ប្រជាជនយើងទូទៅត្រូវការបោះហ្នឹងហើយ ប៉ុន្តែដើម្បីកូនចៅយើងសារក្រោយអ៊ីចឹងទៅ ឱ្យបានសុខសប្បាយ ការរៀនសូត្រអ៊ីចឹងទៅ កូនយើងនៅក្រោយៗ ក្មេងៗស្រករក្រោយអ៊ីចឹងទៅណា៎ មានចង់បានអី ការរកស៊ីតិចតួចហ្នឹង យើងចង់ឱ្យតែសុខ សុំឱ្យតែសុខទាំងអស់គ្នាទេ»៕