កម្ពុជា​​បាន​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ នី​តិ​កាល​ទី៦​ ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដែល​មានគណបក្ស​ចូលរួម​ចំនួន២០​ ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ ជា​លទ្ធផល​គណបក្ស​ប្រជាជនកម្ពុជា​ដណ្ដើម​បាន​អាសនៈ​ទាំង​១២៥​នៅ​ក្នុង​រដ្ឋសភា។ នៅ​ឆ្នាំ​២០២៣​​ខាង​មុខ​នេះ​ កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ នីតិកាល​ទី​៧​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ២០២៣​។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ផ្ដល់​បទសម្ភាសន៍​របស់​ប្រជាពលរដ្ឋ​ និង​យុវជន​​ ដល់​ Newsroom​ Cambodia​ អំពី​ការយល់ឃើញ​លើ​​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០២៣​ខាង​មុខ​។​

កញ្ញា​ អាន​ វណ្ណៈ

កញ្ញា​ អាន​ វណ្ណៈ​ អាយុ​២០​ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ ប្រាប់​  Newsroom Cambodia នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា​ ឆ្នាំ​២០២២​ ថា កញ្ញា​ចង់​ឃើញ​ការបោះឆ្នោត​ឆ្នាំ​២០២៣ មាន​ការ​បង្ហាញ​ប្រវត្តិរូប​ ចំណេះដឹង​ ជំនាញ​ វិជ្ជាជីវៈ​របស់​តំណាងរាស្ត្រ​ និង​បើក​ឱ្យ​មាន​ការជជែក​គ្នា​​រវាង​ប្រជាពលរដ្ឋ​ ជា​មួយ​តំណាងរាស្ត្រ​។

ប្រជាពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ​គឺ​មាន​ពីរ​ចំណុច​ដែល​ខ្ញុំចង់​បាន​ គឺ​ទី​មួយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ដែល​ ពេល​បោះឆ្នោត​ហ្នឹង​គឺត្រូវ​តែ​បង្ហាញ​នូវ​ប្រវត្តិរូប​ ហើយ​និងចំណេះដឹង​ ក៏​ដូចជាជំនាញ​ វិជ្ជាជីវៈ​នៃ​តំណាងរាស្ត្រ​នីមួយៗ​ សម្រាប់​ខ្ញុំ​ជា​ពលរដ្ឋ​ ខ្ញុំអត់ចង់​ឱ្យ​មេបក្ស​ ឬ​ក៏​គណបក្ស​យក​បក្ស​មក​ប្រជែង​គ្នា​ទេ​ ប៉ុន្តែ​ចង់​ឱ្យ​ចំណេះ​ដឹង​ ឬ​ក៏​សមត្ថភាព​ លទ្ធភាព​របស់​តំណាងរាស្ត្រ​ធ្វើ​ការ​ប្រជែងគ្នា​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ជ្រើសរើស​ដោយ​តម្លាភាព​ គណនេយ្យភាព​ និង​ជា​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​ដោយ​មិន​ខ្លាច​អំណាច​បក្ស​នយោបាយ​ណា​មួយ​»។

កញ្ញា​បន្ថែមថា​៖ «រឿង​ទី​ពីរ​ដែល​ខ្ញុំ​ចង់​បាន​នោះ ​គឺ​ការ​ដែល​ណាត់​ជួប​អ្នក​ដែល​ត្រូវ​គេបោះឆ្នោត​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ជួប​គ្នា​​ដើម្បី​ឱ្យ​គាត់​សាកសួរ​ មាន​ជា​សំណួរ​ មតិ​យោបល់​ បញ្ហា​ប្រឈម​ តម្រូវការ​ ចំណេះដឹង​ វិជ្ជាជីវៈ​ក៏​ដូច​ជា​បទដ្ឋាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ផ្សេងៗ​ជាមួយ​នឹង​តំណាងរាស្ត្រ​»។

លោក​ ម៉ី​ ពន្លក

លោក​ ម៉ី​ ពន្លក​ អាយុ​២៥​ឆ្នាំ​ ជា​យុវជន​រស់​នៅ​សង្កាត់​ទឹកថ្លា​​ដែរ​នោះ​​លើក​ឡើង​ដែរ​​ថា​ លោក​ចង់​ឃើញ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ មាន​តម្លាភាព​ សុក្រឹតភាព​ និង​ពេល​ប្រកាស​លទ្ធផល​សូម​កុំ​ឱ្យ​មាន​ការ​ដាច់​ភ្លើង។

លោក​ ម៉ី​ ពន្លក​៖ «ចំពោះ​ខ្ញុំ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ គឺ​ខ្ញុំ​ចង់​ឱ្យការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មាន​តម្លាភាព​ ហើយ​មួយ​ទៀត​បើ​និយាយ​ពី​ការ​បោះ​ឆ្នោត​គឺ​ចង់​ឱ្យ​មាន​តម្លាភាព​ និង​សុក្រឹតភាព​ មួយ​ទៀត​នៅ​ពេល​ដែល​ការ​ប្រកាស​លទ្ធផល​សូម​កុំ​ឱ្យ​ដាច់​ភ្លើង​ច្រើន​ពេក​»។

កញ្ញា​ ឡា​ ស្រីម៉ាច​ អាយុ​២២​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​មួយ​ជំនាញ​សង្គម​វិទ្យា​នៃ​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ យល់​ឃើញ​ថា​ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​​២០២៣​ខាង​មុខ​នេះ​ គួរ​តែ​មាន​ការ​រៀបចំ​ឱ្យ​មាន​សិទ្ធិសេរី​ភាព​គ្រប់គ្រាន់​ដល់​ម្ចាស់​​​ឆ្នោត​ក្នុង​ការ​សម្រេច​ចិត្ត​ និង​កុំ​ឱ្យទិញ​ទឹកចិត្ត​ម្ចាស់​​​ឆ្នោត​។​​

និស្សិត​រូប​នេះ​លើក​ឡើងថា​៖ «ខ្ញុំ​យល់​ឃើញ​ថា​ក្នុង​ការ​បោះឆ្នោត​គួរតែរៀបចំ​ មាន​ការ​កែ​ទម្រង់​ខ្លះៗ​នៅ​ក្នុង​ប្រទេស​លទ្ធិ​ប្រជាធិប​តេយ្យ​ ខ្ញុំ​ចង់​ឱ្យ​មាន​សិទ្ធិសេរីភាព​គ្រប់​គ្រាន់​ បើក​សិទ្ធិសេរីភាព​ដល់​អ្នក​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត​ឱ្យ​គាត់​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​មិនមាន​បញ្ហា​អ្វី​ផ្សេងៗ​»។

កញ្ញា​បន្ថែម​ថា​​៖ «អ្វី​គួរ​កែ​ទម្រង់​នោះ​គឺ​ថា​ កុំ​ទិញ​ទឹក​ចិត្ត​មុន​ពេល​ដែល​ជិត​បោះឆ្នោត​ហើយ​ បង្ហាញ​អ្វី​ដែល​ល្អ​ អ្វី​ដែល​នេះ​ហ្នឹង​ ពេល​ជិត​បោះឆ្នោត​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​អ៊ីចឹង​ទៅ​ ឧទាហរណ៍​ថា​ដូច​ជា​ការ​ទិញ​អំណោយ​ ទិញ​អី​ចែក​ជូន​ ហើយ​មិន​មែន​យក​មុខ​តែ​ពេល​បោះ​ឆ្នោត​នោះ​ទេ​»។​

កញ្ញា​ ទុយ​ សុខសែទៀ

កញ្ញា​ ទុយ​ សុខសែទៀន​ អាយុ​១៩​ឆ្នាំ​ ជា​និស្សិត​ជំនាញ​នីតិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ ប្រាប់​ Newsroom​ Cambodia​ ថា​៖ «ក្នុង​នាម​ជា​និស្សិត​ម្នាក់​ ហើយ​ក៏​ជា​ពលរដ្ឋ​ម្នាក់​ដែរ​គឺ​ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​ហ្នឹង​ ខ្ញុំ​ចង់​ឱ្យ​ការ​បោះ​ឆ្នោត​ហ្នឹង​ អព្យាក្រឹត​ មិន​លម្អៀង​ បោះឆ្នោត​ជា​សេរីភាព​របស់​ប្រជាពលរដ្ឋ​ មិន​មាន​នរណា​មួយ​បង្ខំ​ ឬ​ក៏​គេ​ហៅ​ថា​ត្រចៀក​ស​តាម​គេ​ ធ្វើ​អ្វី​ដែល​ខ្លួនឯង​ពេញចិត្ត​ ស្រលាញ់​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ​ ឧទាហរណ៍​ថា​យើង​ស្រលាញ់​ខាង​នេះ​ ឬ​ក៏​យើង​ស្រលាញ់​ខាង​នោះ​គឺ​ស្រេច​លើ​យើង​អ្នក​បោះឆ្នោត​ឱ្យ​ទេ​»។

ចំណែក​លោក​ ណេត​ រី​ អាយុ​៧០ឆ្នាំ​ ជា​ជាង​កាត់​សក់​ រស់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ ​ ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាង​មុខ​ លោក​ចង់​ឃើញ​ប្រជាជន​​ និង​​គណបក្ស​នយោបាយ​​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ឱ្យ​បាន​ច្រើន​ដើម្បី​ជ្រើស​រើស​អ្នក​ដឹក​នាំ​ល្អ​ និង​ដើម្បី​សង្គម​ជាតិ​ល្អ​។

លោក​ ណេត​ រី​បញ្ជាក់​ថា​៖ «ការ​បោះឆ្នោត​នេះ​ខ្ញុំ​ចង់​ឱ្យ​តែ​ប្រជាជន​ចូលរួម​បោះឆ្នោត​ឱ្យ​បានច្រើន​នៅ​ក្នុង​សង្គម​យើង​ ដើម្បី​ជ្រើស​រើស​​អ្នក​ដឹក​នាំ​ល្អ​។​ ហើយ​ឱ្យ​មាន​គណបក្ស​ មិនថា​គណបក្ស​ប្រឆាំង​ មិន​ប្រឆាំង​អី​ទេ​ឱ្យ​បាន​ចូល​រួម​ច្រើន​ទាំង​អស់​គ្នា​ដើម្បី​សង្គម​ជាតិ​យើង​ល្អ​»។

អ្នក​ស្រី​ ឃុត​ សុគន្ធ​ អាយុ​៤៥​ឆ្នាំ​ ជា​អាជីវករ​រស់​នៅ​សង្កាត់​ផ្សារដើមថ្កូវ​ ​ប្រាប់​ Newsroom​ Cambodia ​ថា​ ការ​បោះ​ឆ្នោត​នេះ​ជា​តម្រូវ​ការ​របស់​ប្រជាជន​ទូទៅ​ គឺ​ដើម្បី​សុខ​មាល​ភាព​កូន​ចៅ​ជំនាន់​ក្រោយ ​​ការ​រក​ស៊ី​ និង​ក្ដី​សុខ​ទាំង​អស់​គ្នា​។

អ្នក​ស្រី​ ឃុត​ សុគន្ធ​ លើកឡើង​៖ «ការ​បោះ​ឆ្នោត​ហ្នឹង​ ប្រជាជន​យើង​ទូទៅ​ត្រូវ​ការ​បោះ​ហ្នឹង​ហើយ​ ប៉ុន្តែ​ដើម្បី​កូន​ចៅ​យើង​សារ​ក្រោយ​​អ៊ីចឹង​ទៅ​ ឱ្យ​បាន​សុខ​សប្បាយ​ ការ​រៀន​សូត្រ​អ៊ីចឹង​ទៅ​ កូន​យើង​នៅ​ក្រោយៗ​ ក្មេងៗ​ស្រករ​ក្រោយ​អ៊ីចឹង​ទៅ​ណា៎​ មាន​ចង់​បាន​អី​ ការ​រក​ស៊ី​តិច​តួច​ហ្នឹង​ យើង​ចង់​ឱ្យ​តែ​សុខ​ សុំ​ឱ្យ​តែ​សុខ​ទាំង​អស់​គ្នា​ទេ​»៕