រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២ ខែកញ្ញា លើកឡើងថា ខ្មាំងរបស់កម្ពុជាក្នុងពេលបច្ចុប្បន្នមានចំនួនពីរ គឺខ្មាំងល្ងង់ខ្លៅ និងខ្មាំងអត់ឃ្លាន និងភាពក្រីក្រ។
បើតាមការផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ វីដេអូប្រវែង ២:៣៤នាទី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេងបានថ្លែងក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក្នុងឃុំចំនួនបី នៅស្រុកកំចាយមារ ខេត្តព្រៃវែងថា ក្នុងពេលបច្ចុប្បន្ន កម្ពុជាមានខ្មាំងចំនួនពីរ ទីមួយគឺខ្មាំងល្ងង់ខ្លៅ ទីពីរខ្មាំងអត់ឃ្លាន ភាពក្រីក្រ។
លោក ស ខេងបញ្ជាក់ថា៖ «យើងសន្តិភាពហើយ វាអត់មានខ្មាំងណាមកវ៉ៃ [វាយ] ជាចំហរជាមួយយើងទៀតទេ ប៉ុន្តែខ្មាំងយើងគឺខ្មាំងទីមួយខ្មាំងល្ងង់ខ្លៅ អាហ្នឹងខ្មាំងហើយ ទីពីរខ្មាំងអត់ឃ្លាន ខ្មាំងក្រីក្រ ភាពក្រីក្រគឺជាខ្មាំងសត្រូវរបស់យើង ភាពល្ងង់ខ្លៅគឺជាសត្រូវរបស់យើង»។
លោក ស ខេង បន្ថែមថា ក្នុងការជួយប្រជាពលរដ្ឋក្នុងការប្រឆាំងខ្មាំងទាំងពីរខាងលើ គឺត្រូវធ្វើឱ្យកូនអ្នកក្រីក្រមានភាពលទ្ធភាពភាពក្នុងការរៀនសូត្រដូចកូនអ្នកធំ អ្នកមានដែរ។
លោក ស ខេង បន្ថែម៖ «ដើម្បីជួយប្រជាពលរដ្ឋបន្ទាប់ពីប្រឆាំងរបបនានាឈ្នះ ជាពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត យើងត្រូវវ៉ៃ [វាយ] ខ្មាំងទៀត ខ្មាំងស្អី? ខ្មាំងក្រីក្រ ខ្មាំងល្ងង់ខ្លៅ។ កុំឱ្យគេថាយើងអ្នកចុងកាត់មាត់ញកវាអត់ដឹងអី បានតែកូនគេអ្នកធំ កូនគេអ្នកនៅភ្នំពេញអីគេរៀនសូត្រ គេអីអ៊ីចឹង កូនអ្នកក្រីក្រអត់លទ្ធភាព»។
លោកបញ្ជាក់បន្ថែមថា៖ «ពូកែអត់លទ្ធភាពឥឡូវយកសាលាមកដាក់ជិតផ្ទះ វាជិតណាស់ទៅហើយ ចូលពីនេះយើងដើរទៅក៏ដល់ដែរ យើងជិះកង់ក៏ដល់ដែរ បើយើងមានម៉ូតូជិះរឹតតែលឿនទៀត។ កូនប្រជាពលរដ្ឋខ្លះលោកអាចទិញឡានជិះថោកៗ នេះជាមោទនភាពរបស់យើងបានធ្វើយ៉ាងដូច្នេះ ប៉ុន្តែយ៉ាងណាក៏ដោយនិយាយបែបនេះមិនបានសេចក្ដីថា អ្វីៗវាមានទាំងអស់នៅក្នុងស្រុកយើងទេ គឺថាវាត្រូវការពេលវេលា»។
បើតាមការផ្សាយរបស់អង្គការយូនីសេហ្វ កុមារនៅកម្ពុជា នៅពុំទាន់មានស្តង់ដានៃការរៀនសូត្រដែលអាចទទួលយកបាន ស្របទៅតាមអាយុរបស់ពួកគេទ្បើយ។ នៅកម្រិតបឋមសិក្សា មានកុមាររៀនថ្នាក់ទី៣ ជិត២៥ ភាគរយពុំចេះសរសេរសូម្បីតែពាក្យមួយម៉ាត់នៅក្នុងតេស្តសរសេរតាមអាន។ កុមារអាយុពី៣ ទៅ ៥ឆ្នាំ ត្រឹមតែ២៧ ភាគរយតែប៉ុណ្ណោះ ដែលមានការអភិវឌ្ឍចំណេះដឹងអក្សរ និងលេខនព្វន្តស្របទៅតាមអាយុរបស់ពួកគេ ហើយមានក្មេងជំទង់ ៥៥ ភាគរយបោះបង់ចោលការសិក្សា មុនពេលពួកគេមានអាយុ១៧ឆ្នាំ៕