ជាក្មេងដែលមានប្រវត្តិបោះបង់ការសិក្សាដោយសារតែគ្រួសារមានជីវភាពក្រីក្រ និងធ្លាប់បួសជាព្រះសង្ឃ ត្រឡប់មកតស៊ូរៀនវិញរហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ និងក្លាយជាប្រធានសមាគមន៍បណ្ដាញយុវជនកម្ពុជា (CYN)។

កើតនៅឆ្នាំ១៩៨៨ លោកអ៊ុល វ៉ាន់ ជាកូនកសិករមកពីខេត្តស្វាយរៀង ដែលមានបងប្អូនប្រុសចំនួន ៤នាក់ ហើយលោកជាកូនច្បងក្នុងគ្រួសារ។ ឪពុកជាអ្នកឡើងត្នោត ចិញ្ចឹមសត្វ និងលេងភ្លេងខ្មែរ រីឯម្ដាយជាអ្នកលក់ដូរស្ករត្នោតដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។

លោកវ៉ាន់ បានលើកឡើងថា៖ «ខ្ញុំគឺជាអ្នកស្វាយរៀង មែនទែនទៅខ្ញុំកើតនៅឆ្នាំ១៩៨៨ បើគិតមកដល់ពេលបច្ចុប្បន្នខ្ញុំមានអាយុ៣៤ឆ្នាំ។ ខ្ញុំមានបងប្អូនបង្កើតបួននាក់ ខ្ញុំជាកូនទីមួយ អត់មានស្រីទេ»។

លោកបានបន្ថែមថា៖ «ឪពុកម្ដាយខ្ញុំមែនទែនទៅជាកសិករ បច្ចុប្បន្នគាត់នៅរស់រានមានជីវិតនៅឡើយទេ។ ក្រៅពីធ្វើស្រែចម្ការ ម្ដាយរបស់ខ្ញុំគាត់គឺជាអ្នកលក់ដូរនៅក្នុងស្រុក គាត់លក់ស្ករត្នោត។ ឪពុករបស់ខ្ញុំពីមុនគាត់គឺជាអ្នកឡើងត្នោត ឥឡូវគាត់រាងចាស់មកចិញ្ចឹមសត្វ លេងភ្លេងបុរាណ»។

លោកវ៉ាន់ ធ្លាប់បានសិក្សានៅក្នុងសាលារហូតមកដល់ថ្នាក់ទី៩ ក៏ប៉ុន្តែត្រូវបោះបង់ការសិក្សាមួយខែមុនការប្រលងថ្នាក់ទី៩ ដោយសារគ្រួសារមានជីវភាពខ្វះខាត ហើយលោកក៏សម្រេចចិត្តបួសជាព្រះសង្ឃរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨។ ដោយលោកយល់ឃើញថាមានតែការបួសរៀនទេទើបអាចបន្តការសិក្សាបាន។

លោក​អ៊ុល​​ វ៉ាន់ក្នុងបទ​សម្ភាសន៍​របស់​ជា​មួយ​ Newsroom​ Cambodia។​ រូបភាព៖ ​សាន​ ម៉ា​លីនណា​

លោកវ៉ាន់ បានលើកឡើងទាំងអួលដើមកថា៖ «ខ្ញុំជាអ្នកដែលចង់រៀន មែនទែនទៅបើទោះបីជាគ្រួសារខ្ញុំខ្វះខាតកាលនោះ ហើយខ្ញុំមើលឃើញថាមានតែការបួសរៀនទេ ទើបខ្ញុំអាចបន្តការរៀនសូត្របាន»។

«ពេលខ្លះខ្ញុំអត់បាយហូបទេ ពេលដែលខ្ញុំទៅរៀនអ៊ីចឹងមកវិញគេហូបបាយអស់ ពេលខ្លះបាយផ្អូម ហើយពេលខ្លះហូបទឹកហើយដេកទៅ»។

នៅអំឡុងពេលដែលលោកជាព្រះសង្ឃ ដោយសារតែចង់សិក្សារៀនសូត្រ ទើបធ្វើឱ្យលោកសម្រេចចិត្តផ្លាស់ប្ដូរទីកន្លែងពីខេត្តមួយទៅខេត្តមួយដើម្បីបន្តការរៀនសូត្ររបស់ខ្លួន។ ក្រៅតែជាសិស្សពូកែមុខវិជ្ជាភាសាខ្មែរយុវជនរូបនេះ ក៏ឆ្លៀតរៀនទាំងផ្នែកភាសាបាលី រួមទាំងភាសាអង់គ្លេសផងដែរ។ នៅពេលទំនេរពីការរៀនសូត្រលោកក៏បានជួយកិច្ចការក្នុងវត្ត ព្រមទាំងជួយបង្រៀនភាសាអង់គ្លេសទៅកាន់ព្រះសង្ឃ និងមិត្តភក្តិផ្សេងទៀត ដែលទទួលបានជាថវិកាតិចតួចដើម្បីចំណាយទៅលើការសិក្សារបស់ខ្លួន។

លោកវ៉ាន់ បានលើកឡើងថា៖ «ខ្ញុំសិក្ខមកវិញរួចបន្តការសិក្សាបំពេញវិជ្ជាថ្នាក់ទី៩ ទី១០ អ៊ីចឹងខ្ញុំរៀនថ្នាក់ទី១០ តែត្រូវមកប្រលងថ្នាក់ទី៩វិញ ដើម្បីយកសញ្ញាបត្រឌីប្លូម (មធ្យមសិក្សាទុតិយភូមិ)។ ខ្ញុំសំណាងល្អខ្ញុំអាចមានឱកាសទៅរៀនភាសាអង់គ្លេសក្រៅម៉ោង កាលនោះដើរទៅរៀន អ៊ីចឹងបានបានទុនជាភាសាអង់គ្លេសដែលខ្ញុំអាចប្រើដើម្បីបង្រៀនអ្នកដទៃទៀត ខ្ញុំបានលុយ មែនទែនទៅខ្ញុំបង្រៀនព្រះសង្ឃ ហើយបង្រៀនអ្នកនៅវត្តដែលជាមិត្តដូចគ្នានោះ គាត់ឧបត្ថមម្នាក់មួយម៉ឺនរៀល ព្រះអង្គគាត់ក៏បានជួយដែរមួយម៉ឺន អ៊ីចឹងខ្ញុំបានលុយហ្នឹងដើម្បីផ្គត់ផ្គង់ការរៀនសូត្រខ្ញុំនៅថ្នាក់វិទ្យាល័យ»។

នៅឆ្នាំ២០១០ លោកវ៉ាន់ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងបានជាប់អាហារូបករណ៍ចំនួនពីរ គឺភាសាអង់គ្លេសសម្រាប់ការអប់រំ និងអាហារូបករណ៍ផ្នែកគ្រប់គ្រង តែដោយសារតែកត្តាពេលវេលាមិនអំណោយផលទើបធ្វើឱ្យលោក វ៉ាន់ សម្រេចចិត្តបោះបង់អាហារូបករណ៍ផ្នែកគ្រប់គ្រង។

លោកបានលើកឡើងថា៖ «ដល់ឆ្នាំ២០១០ខ្ញុំប្រលងជាប់បាក់ឌុប ហើយនៅ២០១០ ខែ១០ ខ្ញុំក៏ឡើងមករៀននៅភ្នំពេញ ខ្ញុំទទួលបានអាហារូបករណ៍ពីរសាលា ថ្នាក់បរិញ្ញាបត្រខ្ញុំរៀនភាសាអង់គ្លេសសម្រាប់ការអប់រំមួយ ហើយខ្ញុំរៀនគ្រប់គ្រង ក៏ប៉ុន្តែខ្ញុំរៀនគ្រប់គ្រងបានត្រឹមឆ្នាំទីពីរទេ ខ្ញុំក៏បោះបង់ការរៀនបរិញ្ញាបត្រគ្រប់គ្រងវិញដោយសារតែខ្ញុំរៀនភាសាអង់គ្លេសសម្រាប់ការអប់រំ គឺតម្រូវឱ្យខ្ញុំរៀនពេញម៉ោង រៀនពីចន្ទដល់សៅរ៍ អ៊ីចឹងខ្ញុំអត់មានពេលសម្រាប់រៀនថ្នាក់មួយទៀត ខ្ញុំក៏បញ្ឈប់ត្រឹមឆ្នាំទីពីរ»។

ជីវិតថ្មីនៅលើទឹកដីសកលវិទ្យាល័យអ្វីៗហាក់មានការប្រែប្រួលស្ទើតែមួយរយប៉ែតសិបឌឺក្រេ លោកវ៉ាន់ ដែលធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស បានប្រែក្លាយទៅជាអ្នករត់ម៉ូតូឌុបដើម្បីរកចំណូលផ្គត់ផ្គង់ការចំណាយរបស់ខ្លួននៅទីក្រុងភ្នំពេញ។

លោកវ៉ាន់ បានលើកឡើងថា៖ «ខ្ញុំមកភ្នំពេញ ខ្ញុំមកនៅជាមួយពូមីងគាត់ជាអ្នកធ្វើការរោងចក្រនៅតាខ្មៅ ហើយអ៊ីចឹងខ្ញុំចាប់ផ្ដើមជីវិតថ្មីពីគ្រូបង្រៀនមកជាអ្នករត់ម៉ូតូឌុប។ ខ្ញុំឆ្លៀតពេលចេញពីរៀននៅមហាវិទ្យាល័យម៉ោង ៤ល្ងាច ៥ល្ងាចអ៊ីចឹង ខ្ញុំរត់ម៉ូតូឌុបពីម៉ោង៤ ដល់ម៉ោង៧យប់ ពេលខ្លះដល់ម៉ោង៨ ម៉ោង៩យប់»។

លោកបានបន្តថា៖ «ខ្ញុំមានម៉ូតូមួយគ្រឿង ម្ដាយខ្ញុំគាត់លក់ស្ករត្នោត១២ពាង ហើយថែមមាសមួយជីទៀត ហើយមាសមួយជីហ្នឹងខ្ចីគេទៀត»។

ក្រៅតែពីការងារជាអ្នករត់ម៉ូតូឌុប លោកវ៉ាន់ ក៏ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តនៅតាមអង្គការនានា និងធ្វើជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសនៅសាលាឯកជនទាំងក្រៅម៉ោង និងពេញម៉ោង។ ដោយការតស៊ូព្យាយាមមិនរុញរា លោកវ៉ាន់ ទទួលបានភាពជោគជ័យជាបន្តបន្ទាប់នៅក្នុងជីវិតការងាររបស់ខ្លួន រហូតក្លាយជាប្រធានសមាគមន៍បណ្ដាញយុវជនកម្ពុជា (CYN)នៅឆ្នាំ២០១៩សម្រាប់អណត្តិ៤ឆ្នាំ គឺពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣។

ក្រោមការដឹកនាំរបស់លោកវ៉ាន់ បណ្ដាញយុវជនកម្ពុជា ក៏បានសម្រេចបាននូវចំណុចសំខាន់ៗជាច្រើនដូចជា ការចូលរួមចំណែកកសាងសមត្ថភាពយុវជន និងពលរដ្ឋពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ជំនាញជាពលរដ្ឋសកម្ម កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ទស្សនៈកិច្ច កម្មវិធីទាក់ទងនឹងការការពារធនធានធម្មជាតិ យុត្តិធម៌សង្គម និងសិទ្ធិការងារជាដើម

លើសពីនេះលោកក៏បានសង្កត់ធ្ងន់ផងដែរថា បណ្ដាញយុវជនកម្ពុជាក៏បានចូលរួមចំណែកបង្កើតសាមគ្គីភាព កិច្ចសហប្រតិបត្តិការក្នុងចំណោមដៃគូជាយុវជន និងអង្គការសង្គមស៊ីវិលផ្សេងទៀតជាច្រើនផងដែរ។

«រដ្ឋាភិបាល ជាពិសេសខាងអាជ្ញាធរ តែងតែតាមដានឃ្លាំមើល ការអនុវត្តន៍ការងាររបស់បណ្ដាញយុវជនកម្ពុជាដែរដោយសារគាត់យល់ថាសកម្មភាពរបស់យើង (បណ្ដាញយុវជនកម្ពុជា) ជាសកម្មភាពពាក់ព័ន្ធទៅហ្នឹងគណបក្សនយោបាយ»។ នេះជាការលើកឡើងរបស់លោកវ៉ាន់អំពីបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក។

លោកក៏បានបន្ថែមទៀតថា៖ «ប៉ុន្តែធាតុពិតយើងធ្វើការដោយឈរលើគោលការណ៍សិទ្ធិមនុស្ស ឈរលើគោលការណ៍ប្រជាធិបតេយ្យ ដោយយើងតម្កល់នូវប្រយោជន៍ជាតិ ប្រយោជន៍សង្គមជាធំ។ អ៊ីចឹងហើយបើទោះបីជាយើងមានគោលការច្បាស់ក៏ដោយ បានចុះបញ្ជីការរួចក៏ដោយ ដោយសារតែបញ្ហានយោបាយ អាជ្ញាធរគាត់នៅតែតាមដានឃ្លាំមើលទៅលើសកម្មភាពការងាររបស់យើង។

«សឹងថាឱ្យតែចេញទៅសហគមន៍ដល់កន្លែងការងារ គឺមានអាជ្ញាធរទៅដល់ហើយ គាត់ស្វាគមន៍ គាត់ថតរូប គាត់ទាមទារការជូនដំណឹង បញ្ជីវត្តមានអ្នកចូលរួម ដែលយើងយល់ថាបញ្ហាទាំងអស់ហ្នឹងគឺជាការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់អង្គការសង្គមស៊ីវិល របស់ប្រជាពលរដ្ឋ»។

ជាមួយគ្នានេះដែរ លោកវ៉ាន់ក៏បានលើកទឹកឱ្យយុវជន សិស្ស និស្សិត មានការតស៊ូព្យាយាមរៀនសូត្រ ជំនះការលំបាក មានភាពស្មោះត្រង់ មានទំនួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន ហើយនិងមានទំនាក់ទំនងល្អជាមួយសង្គម និងមនុស្សជុំវិញខ្លួន។

លោកបានលើកឡើងថា៖ «ក្នុងនាមជាយុវជនមួយរូប និងក្នុងនាមបណ្ដាញយុវជនកម្ពុជា ខ្ញុំសូមលើកទឹកចិត្តឱ្យប្អូនៗ យុវជន ក្មេងៗ សិស្ស និស្សិតទាំងអស់ ដែលគាត់មានការលំបាក ឬក៏មានការប្រឈមអ្វីមួយ នៅក្នុងការរៀនក្ដី ក្នុងជីវិតក្ដី ក្នុងជីវភាពក្ដី ក្នុងជីវិតការងារអីក្ដី គឺសូមកុំបោះបង់ការតស៊ូ ការខិតខំប្រឹងប្រែង ភាពស្មោះត្រង់ ការមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញ ជាមួយនឹងសង្គម ជាពិសេសគឺការទទួលខុសត្រូវរបស់យើងនៅក្នុងតួនាទីរបស់យើង»។

លោកបានបន្តថា៖ «ខ្ញុំលើកទឹកចិត្តឱ្យប្អូនៗយុវជន ត្រូវតែចូលរួមក្នុងការងារសង្គម ទោះបីជាការងារស្ម័គ្រចិត្តក្ដី ជាកម្មវិធីរៀនសូត្រក្ដីដើម្បីយើងទទួលបានឱកាសរៀនសូត្រ និងមានឱកាសឈ្វេងយល់ពីសង្គមខាងក្រៅថាតើនៅក្នុងសង្គមហ្នឹង មានរឿងអ្វីកើតឡើង បញ្ហាអ្វីខ្លះ ដែលយើងត្រូវតែយល់ដឹងក្នុងនាមជាពលរដ្ឋម្នាក់នៅក្នុងប្រទេស»។

គួរបញ្ជាក់ផងដែរថា សមាគមបណ្តាញយុវជនកម្ពុជា ហៅកាត់ថា (ប.យ.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ពីបណ្តាញយុវជន និស្សិត និងយុវជនជនបទដែលមានគោលបំណងបង្កើនការចូលរួមរបស់យុវជន និងការចូលរួមរបស់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ប.យ.ក បានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់នូវការចែករំលែកជំនាញ និងឱកាស បង្កើតចំណេះដឹង ដល់ក្រុមយុវជនជាសមាជិក និងសកម្មជន ក៏ដូចជាបង្កើតបណ្តាញ ដើម្បីដាក់បញ្ហាយុវជនទៅតាមបរិបទនយោបាយ។ (នេះបើយោងតាមគេហទំព័ររបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) )៕