ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ជាខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ឬហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងគោលដៅបញ្ចប់សង្គ្រាមនៅកម្ពុជា នាំទៅរកប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនាំកម្ពុជាឈានទៅរកការបោះឆ្នោតលើកដំបូងឆ្នាំ ១៩៩៣ បន្ទាប់ពីមានសង្គ្រាមកាប់សម្លាប់ដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។
ប្រជាពលរដ្ឋ និងអ្នកនយោបាយមួយចំនួនបាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះមានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរក្នុងការបញ្ចប់សង្រ្គាម ហើយធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យ និងមានសុខសន្តិភាពដល់បច្ចុប្បន្នខណៈអ្នកខ្លះបានចោទសួរហេតុដូចម្ដេចបានជាលុបកិច្ចព្រមព្រៀងនេះចេញពីទិវាបុណ្យជាតិ ហើយថាកិច្ចព្រមព្រៀងនេះមិនទាន់អនុវត្តបានពេញលេញនៅឡើយទេក្នុងរយៈពេល៣១ឆ្នាំមកនេះ។
ពាក់អាវក្រឡាឆ្នូតព័ណ៌សផ្ទៃមេឃ មុខញញឹម ដៃកាន់សៀវភៅកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា លោកចក់ ប៊ុនយឿន មានអាយុ៤៩ឆ្នាំ ជាអាជីវករលក់ម៉ូតូ រស់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ លោកបានយល់ឃើញថា ការប្រារព្ធខួបកិច្ចព្រមព្រៀងនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរ ដោយលោកប្រៀបប្រដូចច្បាប់នេះទៅនឹងព្រលឹងរបស់ខ្មែរ ពោលគឺជាដង្ហើមរបស់ខ្មែរ ដើម្បីធានាបូរណភាពអធិបតេយ្យរបស់ខ្មែរ និងបញ្ចៀសសង្គ្រាមភូមិសាស្ត្រនយោបាយ។
លោកប៊ុនយឿន បានលើកឡើងថា៖ «នៅក្នុងការគម្រប់ខួបលើកទី៣១ហ្នឹង ការយល់ឃើញរបស់ខ្ញុំ ខ្ញុំគិតថា ប្រសិនបើបងប្អូនជនរួមជាតិ ក៏ដូចជាបងប្អូនជនរួមភាសា បានចូលរួមនៅក្នុងពិធីរំលឹកខួបនេះក៏ជាការល្អប្រសើរ ដោយសារយើងបាននឹកឃើញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ឡើងវិញហ្នឹងណ៎ា អ៊ីចឹងសូមបញ្ជាក់ថាកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍នេះ មានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរយើង បាត់កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ដូចបាត់ព្រលឹងខ្មែរយើង ដូចបាត់ដង្ហើមខាងក្រៅមួយ»។
លោកប៊ុនយឿន បានបន្ថែមថា៖ «ដូចយើងបានដឹងហើយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ជាដង្ហើមខាងក្រៅ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺជាដង្ហើមខាងក្នុង អ៊ីចឹងកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់សម្រាប់ការពារនូវអធិបតេយ្យភាព បូរណភាពទឹកដី។ តែប្រសិនបើយើងមិនយកកិច្ចព្រមព្រៀងនេះយកមកអនុវត្តន៍ទេប្រទេសកម្ពុជាយើងនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមភូមិសាស្ត្រនយោបាយហើយ»។
លោកវិន វិចិត្រ អាយុ២៩ឆ្នាំ ជាយុវជនដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញទស្សនវិជ្ជា រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបង្ហាញនូវការយល់ឃើញចំនួនពីរជុំវិញរឿងនេះ ទីមួយកិច្ចព្រមព្រៀងនេះមិនទាន់ផុតរលត់ ឬអស់សុពលភាពនោះទេ ទីពីរលោកជម្រុញលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរនាំគ្នាសិក្សាឈ្វេងយល់ពីកិច្ចព្រមព្រៀងនេះផងដែរ។
លោកវិចិត្រ បានលើកឡើងថា៖ «សម្រាប់ខ្ញុំការប្រារព្ធខួបលើកទី៣១ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍នេះជារឿងល្អហើយ ព្រោះជាសារមួយដើម្បីដាស់ទៅដល់ប្រជាពលរដ្ឋខ្មែរថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអត់ទាន់ផុតរលត់ទេ មិនដូចគេថាកិច្ចព្រមព្រៀងអស់សុពលភាព កិច្ចព្រមព្រៀងចូលរួមរដ្ឋធម្មនុញ្ញ គឺអត់ទេ ហ្នឹងជាសារមួយសំខាន់»។
«ប៉ុន្តែអ្វីដែលលើសពីនេះទៅទៀតនោះគឺក្រោយពីកិច្ចព្រមព្រៀង ខ្ញុំគិតថាពលរដ្ឋខ្មែរគួរតែនាំគ្នារៀនអំពីកិច្ចព្រមព្រៀងនេះ ហើយសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅ ព្រោះបើយើងគិតមើលទៅកម្ពុជាអាចមានមកដល់ថ្ងៃនេះគឺដោយសារតែមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍»។
កញ្ញាលី ឃ្លីន អាយុ២៤ឆ្នាំ ជាយុវជនមកពីខេត្តកំពង់ស្ពឺ បច្ចុប្បន្នជានិស្សិតជំនាញគណនេយ្យ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យល់ឃើញថា ការប្រារព្ធខួបលើកទី៣១នេះ គឺរំលឹកនូវច្បាប់ដ៏ល្អមួយសម្រាប់កម្ពុជាដែលអាចបញ្ចប់សង្គ្រាមកាលពីអតីតកាល និងនាំឱ្យកម្ពុជានូវឯករាជ្យភាព និងសុខសន្តិភាព។
កញ្ញាឃ្លីន បានលើកឡើងថា៖ «សម្រាប់ខ្ញុំគឺជាយុវជនជំនាន់ក្រោយនេះ គឺខ្ញុំបានធ្លាប់បានអានសៀវភៅកិច្ចព្រៀមព្រៀងទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១ ហ្នឹងដែរ វាគឺជាច្បាប់មួយដ៏ពិសិដ្ឋ ជាច្បាប់អន្តរជាតិដែលមានប្រទេសជាច្រើនបានចុះហត្ថលេខា ហើយមានទាំងប្រទេសកម្ពុជាយើងផងដែរ ច្បាប់នេះគឺវាជាច្បាប់ដែលល្អអស្ចារ្យសម្រាប់កម្ពុជាយើងក្នុងការបញ្ចប់សង្គ្រាមពីអតីតកាល ហើយធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យ និងមានសុខសន្តិភាពដល់បច្ចុប្បន្នហ្នឹង»។
កញ្ញាបន្ថែមថា៖ «ហើយដែលខ្ញុំមានការរំភើបនោះគឺឆ្នាំនេះមានការប្រារព្ធពិធីហ្នឹងគឺមានន័យថាកិច្ចព្រមព្រៀងហ្នឹងគឺមិនទាន់អស់សុពលភាព នៅតែបន្តការពារប្រទេសដែលជាហត្ថលេខី ក៏ដូចជាកម្ពុជាផ្ទាល់ផងដែរក្នុងការគោរពច្បាប់ ឬក៏សន្ធិសញ្ញា ឬក៏សិទ្ធិមនុស្សផ្សេងៗ»។
លោកសោម តាំងអ៊ី អាយុ២៤ឆ្នាំ ជាយុវជនរស់នៅសង្កាត់ខាងលើដដែលបានឱ្យដឹងថា ការប្រារព្ធកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះថ្ងៃប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាម និងឈានទៅរកការបង្កើតប្រព័ន្ធនយោបាយតាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
លោកតាំងអ៊ី បានលើកឡើងថា៖ «បាទ នេះជាថ្ងៃមួយដែលហៅថាប្រវត្តិសាស្ត្រនៃកម្ពុជាបញ្ចប់នូវជម្លោះ ហើយក៏ដូចជាកម្ពុជាបានបង្កើតប្រព័ន្ធនយោបាយតាមបែបប្រជាធិបតេយ្យ គោរពនូវសិទ្ធិប្រជាពលរដ្ឋ ហើយអ្វីដែលលើសពីនេះ គឺយើងមើលឃើញថា យើងចេះរួបរួមគ្នារវាងអ្នកនយោបាយ ក៏ដូចជាប្រជាពលរដ្ឋបានងាកមកយកគោលការណ៍ប្រជាធិបតេយ្យ មានន័យថាទម្លាក់អាវុធចុះ»។
«ពេលមុន៩១ហ្នឹង យើងឃើញថាប្រវត្តិសាស្ត្រគឺយើងមានការធ្វើសង្គ្រាម មានទាំងភាគីបរទេសដែលពាក់ព័ន្ធពីក្រោយផង ហើយក៏មានភាគីកម្ពុជាផង ប៉ុន្តែក្រោយពី៩១យើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍មក ឃើញថាកម្ពុជាមានការផ្លាស់ប្ដូររបបនយោបាយមកដើរតាមលទ្ធិប្រជាធិបតេយ្យ ហើយក៏មានការកំណែទម្រង់ជាបន្តបន្ទាប់នូវនយោបាយ ក៏ដូចជាការគោរពសិទ្ធិមនុស្ស»។
កញ្ញាអាន វណ្ណៈ អាយុ២០ឆ្នាំ ជានិស្សិតផ្នែកច្បាប់រស់នៅទីក្រុងភ្នំពេញ បានលើកឡើងថា៖ «ពាក់ព័ន្ធជាមួយខួបទី៣១មួយនេះ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា វាមានភាពល្អប្រសើរច្រើនដោយសារតែមាននូវការចូលរួមចំណែករបស់ជាតិទាំងបីផ្នែកពេញលេញគ្រាន់បើដែរសម្រាប់ឆ្នាំនេះ។ ទីមួយពាក់ព័ន្ធជាមួយរដ្ឋាភិបាលដែលគាត់ធ្វើការបកស្រាយ ក៏ដូចជាមានជាវេទិកាតុមូល ការជជែក ហើយក៏បញ្ជាក់ដែរថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានសារៈសំខាន់បំផុតសម្រាប់ជាតិខ្មែរ»។
«ទីពីរគឺពាក់ព័ន្ធជាមួយហ្នឹងអង្គការសង្គមស៊ីវិល ក៏ដូចជាស្ថាប័នព័ត៌មានឯករាជ្យ ក៏ដូចជាសហគមន៍ សហព័ន្ធផ្សេងទៀតមានការផុសផុលក្នុងការប្រារព្ធពិធីនេះដែរ។ ហើយទីបីគឺពលរដ្ឋតែម្ដង មិនថាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ពលរដ្ឋដែលនៅទីក្រុង ជនបទ ឬក៏ពលរដ្ឋដែលជាជនភៀសខ្លួនទេ គឺមានការផុសផុលក្នុងការជជែកវែកញែក ដូចជាការផុសនៅលើបណ្ដាញសង្គម ឬក៏ដូចជាការបង្កើតនូវវេទិកាតុមូល ការបង្កើតជាកម្មវិធីផ្សេងៗដើម្បីជជែកពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
កញ្ញាវណ្ណៈ បានបន្ថែមថា៖ «រដ្ឋាភិបាល សង្គមស៊ីវិល អ្នកដែលប្រារព្ធនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស បើសិនជាអាចគឺសូមឱ្យមានជាការបើកជាវេទិកាសាធារណៈក្រៅពីថ្ងៃទី២៣ ខែតុលា ព្រោះថាកិច្ចព្រមព្រៀងនេះមិនមែនមានសារៈសំខាន់នៅថ្ងៃទី២៣ទេ ហើយបើសិនជាអាចក៏សូមជាមានជាការបង្រៀននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ក៏ដូចជាការចែកនូវសៀវភៅដែលជាច្បាប់ដើមនៃ កិច្ចព្រមព្រៀងនេះ»។
ថ្លែងនៅក្នុងកម្មវិធីគម្រប់ខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ លោកថាច់ សេដ្ឋា ដែលជាតំណាងរបស់គណបក្សភ្លើងទៀនបានចោទជាសំណួរថា ហេតុដូចម្ដេចបានជាលុបកិច្ចព្រមព្រៀងនេះចេញពីទិវាបុណ្យជាតិ ហើយលោកថាកិច្ចព្រមព្រៀងនេះមិនទាន់អនុវត្តបានពេញលេញនៅឡើយទេក្នុងរយៈពេល៣១ឆ្នាំមកនេះ ព្រមទាំងស្នើឱ្យអ្នកនយោបាយខ្មែរឈប់ឌឺដងដាក់គ្នា និងវិលរកតុចចារដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។
លោកសេដ្ឋា បានលើកឡើងថា៖ «ហេតុយ៉ាងម៉េចបានជាលុបថ្ងៃ២៣ តុលាមិនឋិតនៅក្នុងទិវាបុណ្យជាតិ? តើនេះមិនមែនសន្តិភាព ឬមួយក៏ចង់បង្កើតសន្តិភាពយ៉ាងម៉េចវិញ? អាហ្នឹងយើងចង់ដឹងដែរ មិនមែនតែប្រជាពលរដ្ឋទេ ក្នុងនាមអ្នកនយោបាយក៏ចង់ដឹងដែរ វាចម្លែកដែរយើងទាំងអស់គ្នានិយាយពីកិច្ចព្រមព្រៀងសន្តិភាពពេញមាត់ក្នុងលក្ខណៈជាអន្តរជាតិ ប៉ុន្តែខ្លួនឯងអ្នកអនុវត្តនេះបែរជាមិនយកទិវាមករំលឹកក្នុងស្មារតីនៃកិច្ចព្រមព្រៀងនេះទៅវិញ»។
លោកបានបន្ថែមថា៖ «គ្រាន់តែចង់រំលឹកអ៊ីចេះទេថា ៣១ឆ្នាំកន្លងមកនេះយើងមើលក្នុងស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស ខ្ញុំកត់សំគាល់ខ្លីៗទេថា តើអនុវត្តបានពេញលេញទេ? ខ្ញុំជំរាបថាមិនបានពេញលេញទាល់តែសោះ អ្វីដែលតម្រូវដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គេបាននិយាយយ៉ាងម៉េច?»
«ឥឡូវនេះគឺដើម្បីបញ្ចប់ជម្លោះ បញ្ចប់សង្គ្រាមគោលដៅធំបំផុតគឺផ្សះផ្សារជាតិ។ តើមានការផ្សះផ្សារជាតិហើយឬនៅបច្ចុប្បន្ននេះ? អ៊ីចឹងយើងទាំងអស់គ្នាចង់បានឱ្យមានការផ្សះផ្សារជាតិ រួបរួមជាតិដើម្បីអភិវឌ្ឍន៍ប្រទេសជាតិដែរឬទេ? បើចង់សុំឱ្យអ្នកនយោបាយបញ្ចប់វោហាសាស្ត្រក្នុងការវាយប្រហារឌឺដងដាក់គ្នា វិលតុចចារដើម្បីបង្កើតសន្តិភាពពិតប្រាកដជូនប្រជាពលរដ្ឋខ្មែរ»។
ជុំវិញករណីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងកម្មវិធីអញ្ជើញផ្ដល់ស្រូវពូជជាង ៥០០តោនជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ថា អ្នកដែលមិនចុះហត្ថលេខា អ្នកដែលស្គាល់កិច្ចព្រមព្រៀងនេះគឺបែរជាមានការបកស្រាយពីរោះ និងគុណសម្បត្តិ រីឯអ្នកដែលចូលរួមចុះហត្ថលេខា និងចូលរួមក្នុងដំណើរការនៃកិច្ចព្រមព្រៀងនេះបែរក្លាយទៅជាអ្នកដែលមិនបានការណ៍ទៅវិញ។
លោកហ៊ុន សែន៖ «អ្នកដែលមិនចុះហត្ថលេខា អ្នកដែលមិនស្គាល់កិច្ចព្រមព្រៀងប៉ារីស៍គេបកស្រាយកិច្ចព្រមព្រៀងប៉ារីស៍ពីរោះជាងខ្ញុំទៀត ពីរោះត្រង់ថាគេពូកែជាងខ្ញុំទៅទៀត ឱ្យគេពូកែទៅ អាហ្នឹងគឺរឿងទុកឱ្យគេពូកែខាងបកអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្តែសម្រាប់អ្នកដែលចូលរួមចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ រៀបចំអាកិច្ចព្រមព្រៀងប៉ារីស៍ ដំណើរការកិច្ចព្រមព្រៀងក្រុងប៉ារីស៍គឺវាទៅជាអ្នកដែលមិនបានការណ៍ទៅវិញ អាហ្នឹងគឺម៉្យាងដែរ ក៏អ្នកធ្វើវាអត់មានគុណសម្បត្តិអី អ្នកមិនធ្វើទៅជាចេះបកស្រាយលើសអាហ្នឹងទៅ ព្រោះចចារមួយទឹកមួយផឹងៗ ទៅបានបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍មួយហ្នឹង»។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «គេថាកិច្ចព្រមទីក្រុងប៉ារីស៍មិនត្រូវបានគោរព ដោយសារកិច្ចព្រមព្រៀងប៉ារីស៍ហ្នឹងវាបានចូលទៅក្នុង លម្អិតទៅក្នុងរដ្ឋធម្មនុញ្ញដែលយើងកំពុងអនុវត្ត សព្វថ្ងៃកំពុងអនុវត្តរដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញចេញមកពីណា? ចេញមកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស»៕