លោកកើត សារ៉ាយ បានចាប់កំណើតក្នុងគ្រួសារកសិករមានជីវភាពលំបាកមួយ នៅភូមិសំរោង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប។ ជាកូនប្រុសពៅក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់ មានម្តាយប្រកបរបរជាអ្នកធ្វើស្រែ ហើយឪពុកប្រកបរបរជាអាចារ្យរៀបចំពិធីសពផង និងជាគ្រូថ្នាំបុរាណខ្មែរផង។
លោកបានរំឭកពីស្ថានភាពគ្រួសារខ្លួនថា៖ «បើនិយាយពីជីវភាពនោះគឺលំបាកណាស់ ផ្ទះខ្ទមតូច ជាពិសេសខ្យល់ម្តងៗ ឬភ្លៀងម្តងៗ បងភ័យបំផុតគឺខ្លាចតែរលំ ហើយជញ្ជាំងធ្វើពីធាងដូង»។
អំពីប្រវត្តិសិក្សាវិញ ឪពុកម្តាយលោកសារ៉ាយ បានបញ្ជូនលោកចូលរៀននៅសាលាបឋមសិក្សាសំរោង។ រៀនដល់ត្រឹមថ្នាក់ទី៤ ដោយស្រឡាញ់ជាប់ចិត្តនឹងម្លប់ព្រះពុទ្ធសាសនា ទើបសុំម្តាយទៅនៅបម្រើព្រះសង្ឃ ហើយក្រោយមកក៏បានបួសរៀនបន្ត។
និយាយបណ្តើរ សើចបណ្តើរ នៅពេលរំឭកដល់រឿងពីកុមារភាព លោកថា៖ «ថ្ងៃមួយមានគេមកបញ្ចាំងកុននៅវត្ត ហើយបងទៅមើលកុននៅវត្ត ហើយក៏ដេកលក់។ ពេលភ្ញាក់ឡើងបាត់មនុស្សអស់រលីង ដល់អ៊ីចឹងទៅអត់ហ៊ានមកផ្ទះ ខ្លាចខ្មោចក៏ទៅដេកមុខកុដិលោកក្រញ៉ង់ៗជាមួយឆ្កែ។ ក្រោយពីភ្ញាក់ឡើង លោកក៏ហៅ ឱ្យទៅហូបបាយអីទៅ ហើយក៏មានអារម្មណ៍ថាចង់នៅវត្ត»។
ក្រោយមកទៀតភិក្ខុសារ៉ាយ បានបន្តមកគង់នៅវត្តខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង និងបានបញ្ចប់ថ្នាក់បាក់ឌុបបាលីសំស្ក្រឹត ហើយបន្តការសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ។
អំឡុងខែកញ្ញា ឆ្នាំ២០២០ ក្រោយបន្តការសិក្សានៅមហាវិទ្យាល័យបានត្រឹមឆ្នាំទី២ ភិក្ខុ កើត សារ៉ាយ ក៏ត្រូវបានគេចាប់ផ្សឹកទាំងពាក់កណ្តាលអធ្រាត្រ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរ អស់រយៈពេល១ឆ្នាំ ២ខែ ដោយស្ថិតក្រោមបទចោទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ភិក្ខុកើត សារ៉ាយ បានប្តូរពីគ្រងស្បង់ចីវរ មកជាស្លៀកសម្លៀកបំពាក់អ្នកទោសវិញ បន្ទាប់ពីត្រូវមន្ត្រីសង្ឃចាប់បង្ខំឱ្យផ្សឹកទាំងគ្មានកំហុស ហើយបញ្ជូនទៅឃុំភ្លាមៗ ក្រោយព្រះសង្ឃអង្គនេះបានធ្វើបាតុកម្មសម្តែងមតិស្នើឱ្យអាជ្ញាធរដោះលែងលោករ៉ុង ឈុន ឱ្យមានសេរីភាព។
លោកចាត់ទុកថា ការឃុំខ្លួនលោកគឺជារឿងដ៏គួរឱ្យភ័យខ្លាច និងតក់ស្លុតជាខ្លាំង ដោយមិននឹកស្មានថា ជាជនជាតិខ្មែរតែមួយ តែគ្មានមេត្តាធម៌ចំពោះឈាមជ័ររបស់ខ្លួន។
លោកជ្រួញចិញ្ចើម ហើយថ្លែងអំពីអារម្មណ៍ពិត គ្រាដែលត្រូវគេចាប់ខ្លួននាពេលនោះថា៖ «យើងមិននឹកស្មានថាបងប្អូនខ្មែរតែមួយ មានគ្នាតែ ១៥ ទៅ ១៦លាននាក់ បើធៀបជាមួយប្រទេសជិតខាងថៃ មានឡើង៨០លាននាក់ ហើយយើងនៅតែស្អប់គ្នាមិនស្រឡាញ់គ្នាកើត គ្រាន់តែធ្វើកិច្ចការងារសង្គម ហើយត្រូវចាប់យកទៅដាក់គុក»។
លោកបរិយាយពីតថភាពពេលនោះថា៖ «សារជាតិដែលគេចាប់ដាក់គុកគឺគួរឱ្យខ្លាច ដូចជាគុំយើង ឃោរឃៅម៉ង។ កាលពីបងនៅជាលោកគេចាប់បងផ្សឹកទាំងយប់។ បន្ទាប់ពីផ្សឹកពីអ្នកបួសហើយ គេព័ទ្ធដៃដាក់ខ្នោះ។ ពេលផ្សឹកនោះ លោក[សម្តេចសង្ឃ]និយាយពាក្យសម្តីមកគឺឃោរឃៅ»។
លោកនិយាយត្រាប់តាមថា៖ «ពេលមកដល់គឺ លោកថា មិនបាច់និយាយជាមួយពួកអាអស់នឹងទេ ឥលូវហែងសឹកខ្លួនឯង ឬឱ្យគេចាប់ផ្សឹក»។
ដកដង្ហើមធំ និងភ្ជាប់មកជាមួយទឹកមុខក្រៀមក្រំបង្ហាញពីអារម្មណ៍ឈឺចាប់ លោកប្រាប់ Newsroom អំពីជីវិតក្នុងពន្ធនាគារថា មានរឿងរ៉ាវគ្រប់រសជាតិរួមទាំងសោកសៅ និងរីករាយផងដែរ។ លោកបញ្ជាក់ថា៖ «រឿងដែលសោកសៅនោះគឺ បាយគឺអន់ជាងបាយជ្រូកទៅទៀត សម្លស្អុយ បើសម្លស្ពៃវិញគឺស្លទាំងឬស ទាំងដង្កូវ ប៉ុន្តែនៅក្នុងគុកបើមានលុយវិញគឺដូចស្តេច មានលុយចង់គុយទាវក៏បាន បាយឆាក៏បាន និយាយរួមបើសិនជាចង់មានឡេលាបក៏បាន ក្រែងតែអត់លុយ»។
លោកញញឹមហើយនិយាយថា ការជាប់ពន្ធនាគាររបស់លោកដោយគ្មានកំហុសនេះ គឺគ្មានអ្វីចម្លែកទេ ខណៈពេលដែលខ្លួនកំពុងតែរស់នៅក្នុងសង្គមមួយដែលពុំអាចផ្តល់នូវយុត្តិធម៌ពេញលេញ ដល់ពលរដ្ឋបាននៅឡើយ។
លោកសើចបែបចំអកហើយថា៖ «ការពិតទៅវាជាដំណើរមួយ ឬរឿងនិទានមួយដែលគេគូសវាសស្រេចហើយថា តួចិត្តល្អត្រូវដើរទៅ ត្រូវជួបអី វាមិនមែនជារឿងប្រឌិតទេ ដូច្នេះទាំងអស់គ្នាមិនអាចបដិសេធវាទេ។ ដូចគ្នាដែរ នៅពេលដែលអ្នកធ្វើកិច្ចការងារមួយនៅក្នុងសង្គមមួយដែលអត់មានច្បាប់ទំលាប់ ដែលមានមេដឹកនាំមិនត្រឹមត្រូវ មានមន្ត្រីពុករលួយ លោភលន់ ជិះជាន់ ធ្វើបាប។ អាហ្នឹងគឺជាសត្យានុម័ត នៅពេលដែលអ្នកឯងធ្វើ គឺជៀសមិនរួចទេ ពីការធ្វើបាប ចាប់ចង ចាប់ដាក់គុក ឬស្លាប់»។
លោកបន្តថា៖ «ប៉ុន្តែគិតត្រលប់មកវិញ សត្វតិរិច្ឆានរស់បែបសភាវគតិ មនុស្សរស់បែបការអភិវឌ្ឍខ្លួនទៅរកអ្វីថ្មីៗ។ សត្វតិរិច្ឆានកាន់តែវាយកាន់តែខ្លាច មនុស្សអត់ទេ មនុស្សកាន់តែវាយកាន់តែរកមធ្យោបាយដើម្បីតបត»។
រីឯមូលហេតុដែលរុញច្រានលោកមកក្លាយជាសកម្មជនសង្គម គឺដោយសារកាលពីកុមារភាព លោកស្អប់ខ្ពើមអំពើហិង្សាក្នុងគ្រួសារ បន្ថែមពីនេះលោកសេពគប់ជាមួយមិត្តភក្តិដែលធ្វើកិច្ចការងារតស៊ូតទល់នឹងភាពអយុត្តិធម៌នៅក្នុងសង្គមផង និងជាពិសេសគឺទទួលបានការបណ្តុះពីសំណាក់គ្រូដែលមានស្មារតីជាតិនិយម។
លោកបញ្ជាក់ថា៖ «យើងរៀនហ្នឹង មិនមែនដើម្បីរកការងារធ្វើ ហើយមានលុយចាយសុខស្រួលនោះទេ គោលការណ៍របស់អ្នករៀន គឺរៀនដើម្បីឱ្យយល់ ដឹងខុស ដឹងត្រូវ ហើយចែករំលែកអំពីខុស និងត្រូវ ទៅមនុស្សដទៃទៀតដែលមិនទាន់ដឹង ហើយគោលដៅគឺដើម្បីកសាងសង្គមមួយដែលសន្តិភាពពិតប្រាកដ»។
«នៅពេលយើងចង់ផ្លាស់ប្តូរអ្វីមួយ រឿងទីមួយដែលអ្នកត្រូវគិត ភាពលំបាកគឺយើងនឹងត្រូវជួបហើយ»
ឆ្លើយតបនឹងសំនួរថា តើនរណាដែលតែងតែជួយជ្រំជ្រេញលោកពីក្រោយ? លោកនិយាយមួយៗ ហើយច្បាស់ៗប្រកបដោយទំនុកចិត្តថា «នៅពីក្រោយខ្នងរបស់បង គឺអទិទេព។ អទិទេពទីមួយគឺជាខ្លួនឯង ខ្លួនឯងជាអ្នកផ្តល់កម្លាំងចិត្តដល់ខ្លួនឯង។ នៅពេលធ្វើការងារ បងរំពឹងទៅលើសេចក្តីល្អដែលបងធ្លាប់ធ្វើ។ ពេលដែលយើងទន្ទេញនូវសេចក្តីល្អ វាផុសចេញមកនូវភាពជឿជាក់ ទោះជានឹងត្រូវគេយកកាំបិតមករកចាក់សម្លាប់ក្តី»។
«ដរាបណាយើងជាអ្នកមុន មិនត្រួសត្រាយផ្លូវ សួរថាតើអ្នកក្រោយគ្នាផ្លូវឯណាសម្រាប់ដើរ»
«ដរាបណា អ្នកគ្រប់គ្នាឃើញបងមិនពាក់ស្បែកជើង ដរាបនោះគឺឆន្ទៈបងមិនប្រែប្រួលឡើយ នេះជាការតស៊ូមតិមួយបែបអហិង្សា ហើយបងចង់បង្ហាញពីសញ្ញានៃការលះបង់ ថាចង់ផ្លាស់សង្គមទៅបានទាល់តែយើងលះបង់ និងមួយទៀតជាតឹកតាងចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនឯង»
លោកថា៖ «ដរាបណាសង្គមកម្ពុជាអត់មានយុត្តិធម៌ ដរាបនោះខ្ញុំអត់ពាក់ស្បែកជើងទេ»។
លោកផ្តាំផ្ញើទៅយុវជនបញ្ញាវ័នខ្មែរគ្រប់ៗរូបមានសាមគ្គីភាព ចេះស្រឡាញ់គ្នា ចេះគោរពគ្នា។ ហើយដើម្បីផ្លាស់ប្តូរសង្គមទៅបាន យុវជនត្រូវផ្លាស់ខ្លួនឯងឱ្យប្រសើរជាមុនសិន។ លោកពោលថា៖ «នៅពេលយើងចង់ផ្លាស់អ្វីមួយ គឺត្រូវយកខ្លួនឯងជារូបមន្តនៃការសាកល្បង ផ្លាស់ប្តូរខ្លួនឯងជាមុនសិន»។
ក្រោយត្រូវបានដោះលែង នៅបច្ចុប្បន្ន លោកសារ៉ាយ ជាប្រធានសមាគមនសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ ដែលបង្កើតឡើងដើម្បីចង់ចងក្រងសិស្សនិស្សិតឱ្យចេះគិតគូរលើបញ្ហាជាតិ និងចូលរួមឈឺឆ្អាលដោះស្រាយនូវបញ្ហាសង្គមជាតិ។
តាមរយៈរបាយការណ៍វាយតម្លៃពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ដោយអង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House ឆ្នាំ២០២១ កម្ពុជាបានធ្លាក់ចុះ ១ពិន្ទុមកនៅលេខ ២៤ លើ១០០ពិន្ទុ ដែលបង្ហាញថាកម្ពុជាជាប្រទេស មិនសេរី។ នៅក្នុងតំបន់ ពិន្ទុសេរីភាពកម្ពុជា អន់ជាងមីយ៉ាន់មា ថៃ ប្រ៊ុយណែ និងម៉ាឡេស៊ីជាដើម ហើយគ្រាន់បើជាងឡាវ និងរៀតណាម៕