អ្នករាយការណ៍ព័ត៌មានឯករាជ្យនៅកម្ពុជាប្រឈមការរឹតត្បិតជាបន្តបន្ទាប់ និងពុំទាន់អាចប្រើប្រាស់សេរីភាពខ្លួនបានពេញលេញនៅឡើយទេ ដោយរងការរំខាន និងគំរាមកំហែងពីសំណាក់ក្រុមមន្ត្រីអាជ្ញាធរ នៅខណៈពេលចុះយកព័ត៌មាន ជាពិសេសគឺព័ត៌មានដែលរសើបខ្លាំង។ នេះ​បើ​តាម​អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

អ្នកស្រី ឆន សុគន្ធា នាយិកានាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​លើកឡើង​ថា៖ «យើងឃើញថាពីមួយឆ្នាំទៅមួយ​ឆ្នាំ ចំនួនអ្នកដែលគាត់ហ៊ានរាយការណ៍ពីព័ត៌មានរសើប បញ្ហានយោបាយ បញ្ហាដីធ្លី បញ្ហាធនធានធម្មជាតិកាន់តែមានចំនួនតិចទៅៗ»។

អ្នកស្រី​បាន​លើក​ឧទាហរណ៍អំពីករណីចាប់ឃាត់ខ្លួនអ្នកសារព័ត៌មានVODចំនួន៥នាក់ ដែលបានចុះទៅយកព័ត៌មាននៅតំបន់ឈូសឆាយភ្នំតាម៉ៅ។

អ្នកស្រីថា៖ «យើងក្រឡេកមើលថា មូលហេតុអ្វីបានជាចំនួនអ្នកសារព័ត៌មានដែលគាត់ហ៊ានរាយការណ៍ព័ត៌មានរសើបមានចំនួនកាន់តែតិចទៅៗ […] អ្នកសារព័ត៌មានឯករាជ្យ​យើងច្រើនឃើញថាមានបញ្ហា​ការធ្វើទុក្ខបុកម្នេញ ការចាប់ ការចោទប្រកាន់ជាដើម។​ ខ្ញុំលើកឧទាហរណ៍ជាក់ស្តែង ថ្មីៗនេះ បុគ្គលិកខាងVOD នៅពេលពួកគាត់ទៅយកព័ត៌មានពាក់ព័ន្ធនឹងរឿងភ្នំតាម៉ៅ ពួកគាត់ត្រូវបានឃាត់ខ្លួន១ថ្ងៃពេញ»។

ជុំវិញបញ្ហានេះ អ្នកស្រីឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងអំពីករណីនេះថាអ្នកសារព័ត៌មាន​គួរតែត្រឡប់ទៅអានច្បាប់អ្នកសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឡើងវិញ។

អ្នកស្រីថា៖ «អ្នកសារព័ត៌មាន និងនិពន្ធនាយកទាំងអស់ឱ្យតែបានគោរពទៅតាមវិជ្ជាជីវៈនេះ ខ្ញុំជឿជាក់ណាស់ថាមិនមានរឿងអីកើតឡើង ឬពិរុទ្ធដែលបងប្អូនបានលើកឡើងនោះទេ»។

អ្នកស្រីបន្ថែមថា៖ «បើយើងអនុវត្តន៍តែក្រោមវិជ្ជាជីវៈរបស់យើង គ្មានទោសទេ»។

ក្រុមអ្នកសារព័ត៌មានបានលើកអំពីបញ្ហាព្រឈមពីសំណាក់អាជ្ញាធរ បានធ្វើការឃាត់ខ្លួន សម្លុតឱ្យលុបរូបថត និងវីឌីអូដែលថតបាន និងដកហូតយកកាមេរ៉ារបស់ពួកគេដែលចុះទៅយកព័ត៌មាន បើទោះបីជាខ្លួនបំពេញទៅតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានក្តី។

កញ្ញា ប៉ា សុខេង អ្នកសារព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) លើកឡើង​ថា៖ «ពេលខ្ញុំចុះទៅយកព័ត៌មានកូដកម្មនៅណាហ្គាវើល៍ ខ្ញុំបានបំពេញទៅតាមអ្វីដែលខ្ញុំបានរៀនសូត្រមក ខ្ញុំបានរក្សាគម្លាតត្រឹមត្រូវ […] ខ្ញុំថតរូប និងវីឌីអូ ហើយមានអាជ្ញាធរមួយក្រុមធំ គឺពួកគាត់មកប្រាប់ខ្ញុំថា ត្រូវតែលុបវីឌីអូ និងរូបដែលថតបាន»។

គួរបញ្ជាក់ផងដែរថា ការជជែកដេញដោលខាងលើនេះធ្វើឡើងក្នុងសិក្ខាសាលាមួយនៃសន្និសីទថ្នាក់ជាតិស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២៕​