លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាក់ខានចូលរួមកិច្ចប្រជុំ G20 នៅទីក្រុងបាលី និងកិច្ចប្រជុំ APEC នៅទីក្រុងបាងកក ក្នុងសប្តាហ៍នេះ បន្ទាប់ពីធ្វើតេស្តឃើញវិជ្ជមានជម្ងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះបញ្ជាក់ថា បើទោះជាពេទ្យឥណ្ឌូនេស៊ីបញ្ជាក់ថាលោកវិជ្ជមានកូវីដ១៩យ៉ាងណាក្តី ក៏លោកមិនមានអាការៈអ្វីប្លែកនោះឡើយ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរតាមន័យដើមថា៖ «[…] ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេស៊ីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ១៩ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ»។
នាយករដ្ឋមន្ត្រីកម្ពុជា នឹងអវត្តមានក្នុងកិច្ចប្រជុំកំពូល G20 ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ថែមពីនេះលោកក៏នឹងអាក់ខានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ដែលធ្វើនៅទីក្រុងបាងកក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូនឹងហោះវិលត្រលប់មកកម្ពុជាវិញនៅល្ងាចថ្ងៃអង្គារនេះ។
គួររំឭកដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានប្តូរវេនអាស៊ានបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ និងទើបបិទបញ្ចប់កាលពីថ្ងៃអាទិត្យនេះ៕