លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាក់ខាន​ចូលរួមកិច្ច​ប្រជុំ G20 នៅទីក្រុង​បាលី និង​កិច្ច​ប្រជុំ APEC ​នៅ​ទីក្រុង​បាងកក ក្នុង​សប្តាហ៍​នេះ បន្ទាប់​ពី​​​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ជម្ងឺ​កូវីដ១៩​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។

​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ដែល​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​បញ្ជាក់​ថា ​បើ​ទោះ​ជា​ពេទ្យ​ឥណ្ឌូនេស៊ី​បញ្ជាក់​ថា​លោក​វិជ្ជមាន​កូវីដ១៩​​យ៉ាង​ណា​ក្តី ​ក៏​លោក​មិន​មាន​អាការៈ​អ្វី​ប្លែក​នោះ​ឡើយ​។

នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ សរសេរ​តាម​ន័យ​ដើម​​ថា​៖ «[…] ​ខ្ញុំ​មិន​ច្បាស់​ថា​មេរោគ​នេះ​មក​នៅ​ជាមួយ​ខ្លួន​ខ្ញុំ​ចាប់​ពី​ពេល​ណា​មក​នោះ​ឡើយ ​តែ​អ្វី​ដែល​ច្បាស់​ពេល​មក​ដល់​ពេទ្យ​ឥណ្ឌូនេស៊ី​យក​សំណាក​ពេល​ល្ងាច ​លុះ​ព្រឹក​ឡើង​បញ្ជាក់​ថា​វិជ្ជមាន​កូវីដ១៩​ដែល​យើង​ត្រូវ​តែ​ទទួល​ស្គាល់ ​បើ​ទោះ​ជា​ក្នុង​ខ្លួន​យើង​មិន​មាន​អាការៈ​ចម្លែក​ក៏​ដោយ​»។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​​ នឹង​អវត្ត​មាន​ក្នុង​កិច្ច​ប្រជុំ​កំពូល ​G20 ​ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៥​ និង​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​។ បន្ថែម​ពី​នេះ​លោក​ក៏​នឹង​អាក់ខាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​ក្រៅ​ផ្លូវ​ការ​របស់​ថ្នាក់​ដឹក​នាំ ​APEC ​ដែល​ធ្វើ​នៅ​ទីក្រុង​បាងកក​ ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​ផង​ដែរ​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​គណៈ​ប្រតិភូ​នឹង​ហោះ​វិល​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃ​​អង្គារ​នេះ​។

គួរ​រំឭក​ដែរ​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០​ និង៤១​ ​នៅ​រាជធានី​ភ្នំពេញ​ និង​ទើប​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​៕