អង្គការ​តម្លាភាព​កម្ពុជា​បាន​ចេញ​របាយការណ៍​​ស្រាវជ្រាវ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើងថា​​ «ការស្ទង់​​មតិ​យុវជន​ស្ដីពី​គោល​នយោ​បាយ​» កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០២២​ ដោយបាន​​​សម្ភាសន៍​យុវជន​ដែល​មាន​អាយុចន្លោះ​១៥ដល់​៣០ឆ្នាំ​ ចំនួន​១,៦០០​នាក់​ ​ចំនួន​២០០​ភូមិ​ ទូទាំង​២៥រាជធានី-ខេត្តនៃប្រទេស​កម្ពុជា​។ ក្នុង​នោះ​អ្នក​ដែល​នៅ​ជន​បទ​មាន​ចំនួន​៧៣%​ និង​ទីប្រជុំ​២៧%​ ស្រី​សរុប​ចំនួន​៥០%​ ហើយ​ការស្រាវជ្រាវផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា​ការ​អ​ប់​រំ​ សុខភាព​ ការ​ងារ​ និង​ការចូល​រួម​វិស័យ​សង្គម​នយោបាយ​។

ខាង​ក្រោម​នេះ​ជា​កិច្ច​សម្ភាសន៍​រវាង​ Newsroom  Cambodia ជា​មួយ​លោក​ អ៊ឹម​ នរិន្ទ​ ប្រធាន​កម្មវិធី​ជាន់​ខ្ពស់​ នៃ​អង្គការ​តម្លាភាព​កម្ពុជា​ជុំ​វិញ​ការ​ចូលរួម​របស់​យុវជន​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​​នា​ពេល​បច្ចុប្បន្ន​។​​

លោកយ៉ិត​ យុតយូ​៖ បាទ​!​ សូមជម្រាប​សួរ​លោ​ក អ៊ឹ​ម ​នរិន្ទ​!

​លោកអ៊ឹម នរិន្ទ៖ បាទ!​ សូម​ជម្រាបសួរ​!

លោកយ៉ិត​ យុតយូ​៖ ជា​ដំបូង​ តើ​លោក​អាច​ជួយ​ពន្យល់​អំពី​ពាក្យ​ថា​ យុវជន​ និង​នយោបាយ​បាន​ទេ​?

លោកអ៊ឹម​ នរិន្ទ​៖ ​តាមពិត​ទៅ​និយម​ន័យ​អាច​ផ្សេង​ៗ​គ្នា​ ដូច​ទាក់​ទង​ទៅ​នឹង​និយមន័យ​ដែល​យើង​ប្រើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ យើង​យក​តាម​រដ្ឋា​ភិបាល​។ ទាក់​ទង​រឿង​យុវជន​នៅ​ក្នុង​អត្ថន័យ​របស់​រដ្ឋា​ភិបាល​គឺ​មនុស្ស​ចាប់​ពី​អាយុ​១៥​​ដល់​៣០​ឆ្នាំ​ អ៊ីចឹង​ក្នុង​ន័យ​ដែល​យុវជន​ក្នុង​ន័យ​នេះ​គឺ​មាន​អាយុ​ក្នុង​ចន្លោះ​ហ្នឹង​។ បើស្ថាប័ន​ផ្សេង​ ឬ​ក៏​ប្រទេស​ផ្សេង​អាច​ឡើង​ដល់​៣២​ មាន​ខ្លះដល់​៣៥​។

ទាក់​ទង​ទៅ​នឹង​ពាក្យ​នយោបាយ​តាម​ពិត​មាន​ការ​ពន្យល់​ច្រើន​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ក្នុងន័យ​នយោបាយ​គឺទាក់​ទង​ទៅ​នឹង​ការ​ចូល​រួមដឹង​ឮ  ចូលរួម​ក្នុង​ការ​សម្រេច​ចិត្ត​ទាក់​ទង​ទៅ​នឹង​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ ឬក៏​ផល​ប្រយោជន៍​រួម​ អ៊ីចឹង​វា​អាច​ក្នុង​ន័យថា​ទាំង​ចូល​រួម​កិច្ច​ការ​សង្គម​ ទាំង​នយោបាយ​ដែរ​ ព្រោះ​វាមាន​ការ​ផ្សារភ្ជាប់​គ្នា​ ព្រោះ​សំខាន់​វា​មាន​ន័យ​ដែល​ខ្ញុំ​ចង់​សង្កត់​ធ្ងន់​សំខាន់​ហ្នឹង​គឺ​ ទាក់​ទង​ទៅ​នឹង​ការ​ចូល​រួម​ដឹង​ឮ​ ការ​ចូល​រួម​សម្រេច​ចិត្ត​ទៅ​លើ​សកម្មភាព​ ឬការ​សម្រេច​ចិត្ត​នានា​ដែល​អាច​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​រួម​ ដល់​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ ឬក៏​សង្គម​ជាតិ​ទាំង​មូល​។​​

លោកយ៉ិត​ យុតយូ​៖ តើ​លោក​យល់​យ៉ាង​ដូចម្ដេច​ចំពោះ​ការ​ចូលរួម​របស់​យុវជន​ក្នុង​វិស័យ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​? តិច​ ឬ​ច្រើន​?

លោកអ៊ឹម​ នរិន្ទ​៖ តាម​ពិត​យើង​ជា​ គេហៅ​ថា​ជា​ជំរៅ​មួយ​ដែល​យើង​អត់​ដែល​ដឹង​ច្បាស់​ទេ​កន្លង​មក​ អង្គ​ការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការ​ទៅ​លើ​វិស័យ​ទាក់​ទង​ទៅ​នឹង​ Civic space (លំហ​ស៊ីវិល​) Civic education (លំហ​ការអប់រំ​) Empowerment (ការ​ពង្រឹង​អំណាច)​ Politicles powerment (អំណាច​នយោបាយ​)​ តែង​តែ​គិត​ថា​យុវជន​របស់​យើង​មាន​ការ​ក្លៀវ​ក្លា​ច្រើន​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ ហ្នឹង​ជា​ការ​មើល​ឃើញ​ជាទូ​ទៅ​។

ប៉ុន្តែ​បើ​តាម​រយៈការ​ស្រាវជ្រាវ​ដែល​ពីរ​កន្លង​មក​ ទីមួយ​ការ​ស្រាវជ្រាវ​របស់​អង្គការ​តម្លាភាព​កម្ពុជា​ ថ្មីៗ​ហ្នឹង​ ហើយ​ទីពីរ​ក៏​មាន​ការ​ស្រាវ​ជ្រាវ​របស់​អង្គ​ការ​មួយ​ដែល​គាត់​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​ការ​ជជែក​រឿង​នយោបាយ​នៅ​លើ​បណ្ដាញ​សង្គម ​របស់​អង្គ​ការ​ BBC Media Service ហ្នឹង ​គាត់​រក​ឃើញ​ក្នុង​ជ្រុង​មួយ​ផ្សេង ​ប៉ុន្តែ​ក៏ពាក់​ព័ន្ធ​ក្នុង​ការ​ចូល​រួម​ទៅ​លើ​ការ​ជជែក​ទៅ​លើ​រឿង​នយោបាយ​ហ្នឹង​ដែរ​ គឺ​ឃើញ​ថា​ការ​ចូលរួម​របស់​យុវជន​របស់​យើង​អត់​ទាន់​មាន​កម្រិត​មួយ​ខ្ពស់​ទេ​ នៅ​ក្នុង​ន័យ​ហ្នឹង​គឺ​មានន័យ​ថា​មាន​កម្រិត​ទាប​នៅ​ឡើយ​។

ខ្ញុំ​បែងថា​ជាពីរ​ទៅ​ចុះ​ព្រោះ​ខាង​ដើមខ្ញុំ​ឱ្យ​និយម​ការ​ចូល​រួម​សង្គម​ និង​នយោបាយ​ហ្នឹង​ហាក់​ដូច​ថា​ជាមួយ​គ្នា​ដែរ​ បើ​យើង​មើល​ពី​ការ​ចូលរួម​នៅ​កម្រិត​សហគមន៍​ ជា​ពិសេស​ចូល​រួម​ទៅ​លើការ​អនុវត្ត​ផែន​ការអភិវឌ្ឍឃុំ​ ឬក៏​ទាក់ទង​នឹង​ប្រជុំ​ភូមិ​ ឃុំ​អីហ្នឹង​គឺ​ការ​ចូលរួម​នៅមាន​កម្រិត​ទាប​ ទាប​ហ្នឹង​វា​មិន​ទាប​ខ្លាំង​ទេ​ក្នុង​កម្រិត​មួយ​ ប៉ុន្តែ​បើ​សិន​ជា​ការ​ចូល​រួម​ទាក់​ទង​នយោបាយ​ ជជែក​ទាក់​ទង​នឹង​រឿង​នយោបាយ​ ឬ​ក៏​សកម្ម​ភាព​នយោបាយ​ ឧទាហរណ៍​ ចូល​រួម​ក្នុង​ការ​ហែ​ តវ៉ា​ ដាក់​ញ្ញត្តិ​អី​ផ្សេងៗ​គឺ​កាន់​តែទាប​ទៀត​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​តម្លាភាព​កម្ពុជា​ដែល​យើង​ទើប​រក​ឃើញ​ថ្មី​ៗ​នេះ​។

បើ​សិន​ជា​ជជែក​លើ​បណ្ដាញ​សង្គម​ យើង​ឃើញ​ថា​យុវជន​ប្រើ​បណ្ដាញ​សង្គម​ច្រើន​មាន​ទូ​រស័ព្ទ​ មាន​អ៊ីន​ធឺណិត​ ហើយ​ប្រើ​បណ្ដាញ​សង្គម ​ប៉ុន្តែ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ស្ថាប័នទាំង​ពីរ​​ក៏​ឃើញ​ថា​ការជជែក​លើ​បណ្ដាញ​សង្គម​ហ្នឹង​ ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្នឹង ​មិន​ជជែក​លើ​រឿង​នយោបាយ​ មិន​តាម​ដាន​សភាព​ការណ៍​នយោបាយ​ប៉ុន្មាន​ទេ។​ យុវជន​ភាគ​ច្រើន​គាត់​តាម​ដាន​ គាត់​ជជែក​គ្នាទៅ​សកម្មភាព​ដែល​សប្បាយ​ៗ​ ព្រឹត្តិការណ៍​សប្បាយ​ៗ​ផ្សេង​ៗ​ ជាជាង​ការ​តាម​ដាន​ទៅ​លើ​ព្រឹត្តិ​ការណ៍​នយោបាយ​ ឬការ​វិវត្តន៍​នៃ​ស្ថានភាព​នយោបាយ​។​​​​

លោកយ៉ិត​ យុតយូ​៖ កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ អង្គ​ការ​តម្លាភាព​កម្ពុជា​បាន​ចេញ​របាយ​ការ​ណ៍​សង្ខេប​មួយ​ស្ដី​ «ការ​ស្ទង់​មតិ​យុវជន​ស្ដី​ពី​គោល​នយោបាយ​» តើ​លោក​អាច​ជម្រាប​ជូន​បានទេ​ថាតើ​យុវជន​កម្ពុជា​ដែល​មាន​អាយុ​ចន្លោះ​ចាប់​ពី​១៥​ទៅ​ដល់​៣០ឆ្នាំ​ មាន​ការ​យល់​ដឹង​បាន​គ្រប់​គ្រាន់​ទេ​ចំពោះ​វិស័យ​នយោបាយ​នេះ​?

លោកអ៊ឹម​ នរិន្ទ​៖ នៅ​ក្នុង​ហ្នឹង​យើង​ផ្ដោត​ការ​ យើង​សួរ​គាត់​ខ្លះ​លើ​សំណួរ​មួយ​ចំនួន​ដែរ​ ឧទាហរណ៍​ថា​ តើ​គាត់​ចាប់​អារម្មណ៍​រឿង​នយោបាយ​ហ្នឹង​កម្រិត​ណា​?​ ចម្លើយ​ដែល​យើង​ទទួល​បាន​មក​គឺ​ភាគ​ច្រើន​គឺ​ចាប់​អារម្មណ៍​តិចតួច​ ឬ​ក៏មិន​ចាប់​អារម្មណ៍​សោះ​តែ​ម្ដង។​​ ហ្នឹង​គឺ​ជា​ចម្លើយ​ដែល​យើង​ឃើញ​ នេះ​គ្រាន់​តែ​យើង​សួរ​ពី​ចំណាប់​អារម្មណ៍​របស់​គាត់​ទេ​ ហើយ​ដល់​ពេល​យើង​សួរ​គាត់​ពី​មូល​ហេតុ​អ្វី​?​ បាន​គាត់លើក​ឡើង​ថា​គាត់​អត់​សូវ​មាន​ចំណេះ​ដឹង​រឿង​នយោបាយ​ គាត់​គិត​ថា​គាត់​នៅ​ក្មេង​ពេក​ អ្នកខ្លះ​គាត់​គិត​ថា​នយោបាយ​ហ្នឹង​គឺ​ជារឿង​គ្រោះ​ថ្នាក់​ អ្នក​ខ្លះ​យល់​ថា​ស្ថានភាព​ឥឡូវ​ហ្នឹង​ធ្វើ​ឱ្យ​គាត់​មិន​ចាប់​អារម្មណ៍​លើ​រឿង​នយោបាយ​ អ៊ីចឹង​ហ្នឹង​ជា​មូល​ហេតុ​ដែល​គាត់​លើក​ឡើង​ទាក់​ទង​ទៅ​នឹង​ហេតុអ្វី​បាន​ជា​គាត់​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​នឹង​រឿង​នយោបាយ​ហ្នឹង។​

ហើយ​នៅពេល​យើង​សួរ​ជាក់​ស្ដែង​ទៅលើ​សកម្មភាព​របស់​គាត់​ ឧទាហរណ៍​ទៅលើ​ថា​គាត់​តាម​ដាន​ព័ត៌មាន​ទាក់​ទង​ទៅ​នឹង​នយោបាយ​​ ទាក់​ទង​ទៅនឹង​រដ្ឋាភិបាល​ញឹកញាប់​កម្រិត​ណា​ ភាគច្រើន​គឺ​គាត់​អត់​សូវ​តាម​ដាន​ទេ​ អ្នក​ដែល​តាម​ដាន​រាល់​ថ្ងៃ​ហ្នឹង​គឺ​មាន​តែ​៥%ទេ​ ហើយ​អ្នក​ដែល​តាម​ដាន​រៀង​រាល់​អាទិត្យ​ហ្នឹង​ មានន័យ​ថា​អ្នក​តាម​ដាន​ច្រើន​ដង​ក្នុង​មួយ​អាទិត្យ​ហ្នឹង​មាន​តែ​១២.២%ទេ​។

ហើយ​យើង​មាន​សំណួរ​សួរ​បញ្ជាក់​គាត់​ដែរទៅ​លើ​សកម្មភាព​ជាក់​ស្ដែង​ហ្នឹង​ ​ដូចជា​ទាក់​ទងនឹង​ការ​និយាយ​រឿង​នយោបាយ​ជាមួយ​ជា​មួយ​នឹង​​គ្រួសារ​ ជា​មួយ​នឹង​មិត្តភក្តិ​ក៏​អត់​សូវ​ដែរ​។ អ្នក​ដែល​ឧស្សាហ៍​និយាយហ្នឹងគឺ​មានតែ​៤.៧%ទេ​ ហើយ​អ្នក​អត់​ដែល​និយាយ​រឿង​ហ្នឹង​ជាមួយ​គ្រួសារ​ ​ជា​មួយ​មិត្តភក្តិ​ហ្នឹង​រហូតទៅ​ដល់​ជាង​៥០%​ ដែល​តួលេខ​ទាំង​អស់​នេះ​បញ្ជាក់​ថា​វា​នៅ​មាន​កម្រិត​ទាប​មែន​ទែន​ ហើយ​សកម្មភាព​ខ្លះ​ដូច​ជាការ​ចូល​រួម​លើ​ការ​គាំ​ទ្រ​តវ៉ា​ ឬក៏​ដាក់​ញ្ញត្តិ​អី​ផ្សេង​ៗ​ហ្នឹង​គឺ​ស្ទើរ​តែ​អត់មាន​តែ​ម្ដង​សកម្មភាព​របស់​យុវជន​ហ្នឹង​ ប្រហែល​ជា​ដោយ​សារ​តែ​ស្ថាន​ភាព​ បរិយាកាស​នា​ពេល​បច្ចុប្បន្ន​ហ្នឹង​អត់​អំណោយ​ផល​សម្រាប់​គាត់​។​

លោកយ៉ិត​ យុតយូ​៖ តើ​ការ​ចូលរួម​របស់​យុវជន​នៅ​ក្នុង​វិស័យ​នយោបាយនេះ​មាន​សារៈ​សំខាន់​បែប​ណា​ខ្លះ​​សំរាប់​សង្គម​ជាតិ​? 

លោកអ៊ឹម​ នរិន្ទ​៖ តាម​ពិត​ទៅ​ដោយ​សារ​ប្រទេស​យើង​ស្ថាន​ភាព​ប្រជា​សាស្ត្រ​របស់​យើង​គឺនៅ​មាន​មនុស្ស​ដែល​អាយុ​ក្រោម​៣៥​ឆ្នាំ​ មាន​រហូត​ទៅ​ដល់​ពីរភាគបី​នៃ​ប្រជាពលរដ្ឋ​សរុប​ អ៊ីចឹង​បានន័យ​ថា​គាត់​ជា​ បើ​យើង​និយាយ​ន័យ​សាមញ្ញ​មានន័យ​ថា​ក្រុម​គាត់​ហ្នឹង​គឺ​ជា​ម្ចាស់​នៃ​ទឹក​ដី​ ម្ចាស់​នៃ​ប្រទេស​ហ្នឹង​ធំ​ជាង​គេ​ ព្រោះ​ពីរ​ភាគ​បី​ធៀប​ជាមួយ​ហ្នឹង​មួយ​ភាគ​ហ្នឹង​ អ៊ីចឹង​គាត់​ជា​ម្ចាស់​ធំ​ហ្នឹង​ទី​មួយ​។ ប៉ុន្តែ​ទី​ពីរ​ហេតុអ្វី​បាន​ជា​គាត់​សំខាន់​? ព្រោះ​កាល​ណា​គាត់​ចាប់​អារម្មណ៍​លើ​រឿង​នយោបាយ​ លើ​រឿង​សង្គម​ គឺ​មាន​ន័យ​ថា​គាត់​ចាប់​អារម្មណ៍​ទៅ​លើ​អនាគត​នៃ​សង្គម​ អនាគត​នៃ​ប្រទេស​ជាតិ​ មានន័យ​ថា​គាត់​ចូល​រួម​ដឹង​លឺ​ គាត់​ចូល​រួម​ការពារ​ផល​ប្រយោជន៍​សង្គម​​ ផល​ប្រយោជន៍​ប្រទេស​ជាតិ​ សំដៅ​ដល់​ការ​ជួយ​ការ​ពារ​ផល​ប្រយោជន៍​រួម​សម្រាប់​ប្រជាពលរដ្ឋ​ សម្រាប់​ប្រជារាស្ត្រ​ទាំង​អស់​គ្នា​។​

កាល​ណា​បើ​គាត់​អត់​ចាប់​អារម្មណ៍​មានន័យ​ថា​គាត់​បណ្ដោយ​ឱ្យ​កិច្ច​ការ​ហ្នឹង​ធ្លាក់​ទៅ​លើ​តែ​ក្រុម​មួយ​ ដែល​មាន​តួនាទី​ក្នុង​ការ​អនុវត្ត​ ​មាន​តួនាទី​ក្នុង​ការ​សម្រេច​ចិត្ត​ ហើយ​ភ្លេច​គិត​ពី​សំឡេង​របស់​គាត់​ ភ្លេច​គិត​ថា​ពួក​គាត់​មាន​តម្រូវ​ការ​យ៉ាង​ម៉េច​ ពួកគាត់​ខ្វះ​ខាត​យ៉ាង​ម៉េច​ ពួកគាត់​ចង់​បាន​អ្វី​សម្រាប់​ត្រៀម​ខ្លួនឱ្យ​ក្លាយ​ជា​ប្រជាពលរដ្ឋ​មួយ​ដែល​មាន​ចំណេះ​ដឹង។​

ប្រជា​ពលរដ្ឋ​មួយ​ដែលមាន​សមត្ថភាព​ ប្រជាពលរដ្ឋ​មួយ​ដែល​មាន​នូវ​លក្ខណៈ​សម្បត្តិ​ពេញ​លេញ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​យើង​ ព្រោះ​យើង​ដឹង​ថា​ពេល​ខាង​មុខ​ ឥឡូវ​ហ្នឹង​គាត់​ជា​យុវជន​ប៉ុន្តែ​តែ​១០​ឆ្នាំ​ទៀត​គាត់​នឹង​ក្លាយ​ទៅ​ជា​កម្លាំង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ មាន​ន័យ​ថា​កម្លាំង​ទ្រទ្រង់​សេដ្ឋកិច្ច​ ហើយ​ក៏អាច​អ្នក​ខ្លះ​គាត់​ក្លាយ​ទៅជា​កម្លាំងដែល​អាច​​ទ្រទ្រង់​លើ​ការ​សម្រេច​ចិត្ត​ពាក់ព័ន្ធ​នយោបាយ​ ពាក់​ព័ន្ធ​ទៅនឹង​គោល​នយោបាយ​ក្នុង​ការ​គ្រប់​គ្រប់​រដ្ឋ​ផ្សេងៗ។​ អ៊ីចឹង​ការចូល​រួម​របស់​គាត់​គឺ​គាត់​ចាប់​ផ្ដើម​ដឹង​ឮ​ គាត់​ចាប់​ផ្ដើម​ការ​ពារ​ផល​ប្រយោជន៍​របស់​គាត់​ ហើយ​ហ្នឹង​ផល​ប្រយោជន៍​រួម​សំដៅ​ត្រៀម​ខ្លួន​ក្នុង​ការ​ចូលរួម​ក្លាយជា​ពលរដ្ឋ​ ឬក៏​អ្នក​ដែល​ចាត់​ចែង​វាសនា​ប្រទេស​ជាតិ​នាពេល​ខាង​មុខ​ទៀត​។​​​​​​​

លោកយ៉ិត​ យុតយូ​៖ ពី​ខាង​ដើម​លោក​បាន​បង្ហាញ​ថា​ យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មាន​ជួប​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យពួក​គាត់​ប្រឈម​ និង​មិន​អាច​ចូល​រួម​សកម្មភាព​នយោបាយ​បាន​ តើ​ការ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ទាំង​នោះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​យុវជន​កម្ពុជា​​​នាពេល​អនាគត​ដែរ​?

លោកអ៊ឹម​ នរិន្ទ​៖ មូល​ហេតុ​ដែល​គាត់​អត់​សូវ​ចាប់​អារម្មណ៍​ អ្នក​ខ្លះ​គាត់​នៅ​យល់​ថា​បញ្ហា​នយោបាយ​គឺ​ជា​បញ្ហា​គ្រោះ​ថ្នាក់​ ព្រោះ​ដោយ​សារ​តែ​បរិយាកាស​សង្គម​នា​ពេលបច្ចុប្បន្ន​ហ្នឹង​អត់​ទាន់​មាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​យុវជន​ចូល​រួម​ទេ​ យើង​ឃើញ​នៅមាន​ការ​រឹតត្បិត​ ការ​គាប​សង្កត់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ការ​ប្រមូល​ផ្ដុំ​ ឬការ​ចូលរួម​ផ្សេងៗ​ទាំង​យុវជន​ ទាំង​មនុស្ស​ទូទៅ​។ អ៊ីចឹង​មាន​ន័យ​ថា​បរិយាកាស​មិន​អំណោយ​ផល​សម្រាប់​ពួក​គាត់​ទេ​។

កត្តា​ផ្សេង​ទៀត​ដូច​យើង​ដឹង​ថា​ពេល​ខ្លះ​ជជែក​លើ​រឿង​នយោបាយ​នៅ​តាម​សាលា​ នៅ​តាម​សាកល​វិទ្យាល័យ​ត្រូវ​បាន​ហាម​ឃាត់​  យើង​បាន​ធ្វើ​ការ​ច្រើន​ជាមួយ​យុវជន​ យុវជន​ខ្លះ​ក៏គាត់​បាន​លើក​ឡើង​សូម្បី​តែ​សមាជិក​នៅ​ក្នុង​គ្រួសារ​របស់​គាត់​ ឪពុកម្ដាយ​របស់​គាត់​ក៏​តែង​តែ​ព្យាយាម​បង្អាក់​ ឬក៏​ព្យាយាម​ឃាត់​គាត់​កុំឱ្យ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ ឬ​ក៏​សកម្មភាព​ណា​មួយ​ដែល​អាច​ជា​ គេហៅ​ថា​បញ្ហា​ស្រួច​ស្រាល់​ហ្នឹង​ក៏​គាត់​បារម្ភពី​សុវត្ថិភាព​កូន​របស់​គាត់​ អ៊ីចឹង​គាត់​តែងតែ​ហាម​ឃាត់​កូន​គាត់​ក្នុង​ការ​ចូល​រួម​សកម្មភាព​ទាំង​អស់​ហ្នឹង​។

អ៊ីចឹង​មានន័យ​ថា​កត្តា​សង្គម​ទាំង​មូល​កំពុងតែ​បន្ទច់​បង្អាក់​ មិន​បាន​បង្ក​លក្ខណៈ​ឱ្យ​យុវជន​ក្នុង​ការ​ចូលរួម​ទេ។​ អ៊ីចឹង​សម្រាប់​ខ្ញុំ​នៅ​ពេល​ខាង​មុខ​យើង​មាន​ការ​ព្រួយ​បារម្ភ​បើសិន​ជាស្ថានភាព​នៅ​តែ​បន្ត​បែប​នេះ​ យើង​នឹង​ឃើញ​ដល់​ពេល​មួយ​ដែល​មនុស្ស​លែង​ចាប់​អារម្មណ៍​លើ​រឿង​នយោបាយ​ ហើយ​មនុស្ស​លែង​ចាប់​អារម្មណ៍​លើ​ការការពារ​ផល​ប្រយោជន៍​រួម​ មនុស្ស​លែង​គិត​ពី​ការ​កសាង​ ការ​អភិវឌ្ឍ​ដើម្បី​ផល​ប្រយោជន៍​រួម​ដែល​នោះ​គឺ​ជា​បញ្ហាមួយ​ដែល​យើង​ព្រួយ​បារម្ភ​មែនទែន។​ ពេល​នោះ​គាត់​ទុក​ឱ្យ​ក្រុម​មួយ​ ឬ​ក៏​អាចថា​រដ្ឋា​ភិបាល​គាត់​សម្រេច​ចិត្ត​ គាត់​ធ្វើ​អីលែង​មាន​អ្នក​សួរ​ លែង​មាន​អ្នកនាំ​ លែង​មាន​អ្នក​បញ្ចេញ​នូវ​មតិ​ក្នុង​ស្ថាបនា​ ហើយ​ពេល​នោះ​វា​ជាការបាត់​បង់​នូវ​កញ្ចក់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​គោល​នយោបាយ​ ពី​ការ​អនុវត្ត​សកម្មភាព​របស់​រាជ​រដ្ឋា​ភិបាល​ យើង​ព្រួយ​បារម្ភ​សម្រាប់​ពេលខាង​មុខ​ទៀត។​​​

លោកយ៉ិត​ យុតយូ​៖ ជា​អនុសាសន៍​របស់​លោក​ តើ​ភាគី​ពាក់ព័ន្ធ​ និង​រដ្ឋាភិបាល​គួរ​ធ្វើ​បែប​​ណា​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​ចូលរួម​ក្នុង​វិស័យ​នយោបាយ​បាន​ការ​តែ​ច្រើន​ប្រកបដោយចំណេះដឹង​គ្រប់​គ្រាន់​ ​និងសេរី​ភាព​ពេញ​លេញ​?

លោកអ៊ឹម នរិន្ទ៖ សម្រាប់​រដ្ឋាភិបាល​គាត់​ត្រូវ​យល់​ថា​ ដើម្បី​អាច​អភិវឌ្ឍន៍​ប្រទេស​បាន​ល្អ​គឺ​ត្រូវតែ​មាន​មតិ​ផ្សេងៗ​គ្នា​ ស្ដាប់​នូវ​មតិ​ផ្សេងៗ​គ្នា​ ទោះ​បី​ពេល​ខ្លះ​ពាក្យ​នោះ​មិន​ស្រប​ជាមួយ​នឹង​ការ​គិត​ និង​ការ​យល់​ឃើញ​របស់​ខ្លួន​ក៏ដោយ​ ព្រោះ​នៅ​ក្នុង​សង្គម​ដែល​អភិវឌ្ឍន៍​ដែល​ល្អ​គឺ ​មាននន័យ​ថាមនុស្ស​មាន​សេរី​ភាព​ក្នុង​ការ​គិត។​​ ធម្មតា​សេរីភាព​ក្នុង​ការ​គិត​ហ្នឹង​ខ្លាំង​មែនទែន​ កាល​ណា​តែ​យើង​រឹតត្បិត​ការ​គិត​ហើយ​ យើង​មិន​អាច​មាន​ភាព​ច្នៃ​ប្រឌិត​មក​សម្រាប់​ប្រើ​ប្រាស់​អភិវឌ្ឍន៍​​ខ្លួន​ឯង​ ឬ​ក៏អភិវឌ្ឍន៍​​ប្រទេស​ជាតិ​ទេ។​ អ៊ីចឹង​យើង​ទាម​ទារ​នូវ​សេរីភាព​ក្នុង​ការ​គិត​ និង​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ដើម្បី​ចូលរួម​ក្នុង​ការ​ស្ថាបនា​សង្គម​ប្រទេស​ជាតិ​ហ្នឹង​ ហ្នឹង​សម្រាប់​រដ្ឋា​ភិបាល​គឺ​គាត់​ត្រូវ​តែបង្ក​លក្ខណៈ​ងាយ​ស្រួល​ ព្រោះ​កាល​ណា​ប្រជាពលរដ្ឋ​របស់​ខ្លួន​មានគំនិត​ មាន​ការបញ្ចេញមតិ​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ផ្ដល់​យោបល់​ក្នុង​ការ​កសាង​ ការ​អភិវឌ្ឍ​មានន័យ​ថា​គាត់​អាច​ស្ដាប់​ឮពី​ជ្រុង​ផ្សេងៗ​គ្នា​ដើម្បី​គាត់​យក​ទៅ​ពិចារណា​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ទាំង​មូល​។

សម្រាប់​សង្គម​ស៊ីវិល​ក៏ដូច​គ្នាដែរ​ ខ្ញុំ​គិត​ថា​មក​ដល់​ពេលនេះ​រឿង​មួយ​សំខាន់​ដែល​សង្គម​ស៊ីវិល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន​ គឺ​ទៅ​លើការ​កសាង​ ផ្ដល់​ឱកាស​ឱ្យ​យុវជន​ក្នុង​ការ​ចូលរួម​ ព្រោះ​មួយ​រយៈ​ពេល​នៅ​ពេល​ដែល​មាន​ការរឹត​ត្បិត​ទៅលើ​សកម្មភាព​នៃ​ការចូលរួម​ហ្នឹង​ យុវជន​ខ្លះ​ហាក់​ដូច​ជា​ មានន័យ​ថា​នៅ​មាន​យុវជន​តិច​ណាស់​ដែល​គាត់​បន្ត​មាន​ភាព​ក្លាហាន​ ដោយ​សារ​ពេល​ខ្លះ​គាត់​ខ្វះ​ការ​គាំ​ទ្រពី​ភាគី​ពាក់​ព័ន្ធ​ អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​ផ្ដល់​ជាអនុសាសន៍​ ខ្ញុំ​ចង់​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ហ្នឹង​បន្ត​ជួយ​យុវជន​ដែល​គាត់​មាន​ភាព​ក្លាហាន​ក្នុង​ការ​លើក​ឡើង​នូវ​មតិ​យោបល់​ លើក​ឡើង​នូវ​ការ​យល់​ឃើញ​របស់​គាត់​ហ្នឹង​ មិន​មាន​ពួក​គាត់​ច្រើន​ទេ​ដែល​បន្ត​ហ៊ាន​ក្នុង​ការលើក​ឡើង​ពី​បញ្ហានៅក្នុង​សង្គម​ក្នុងន័យ​ការពារ​ផល​ប្រយោជន៍​រួម​ ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​។​​​​​

លោកយ៉ិត​ យុតយូ​៖ បាទ​! សូម​អរគុណ​លោក​នរិន្ទ​ដែល​ផ្ដល់​ឱកាស​ចូលរួម​ផ្ដល់​បទសម្ភាស​មក​កាន់​ Newsroom Cambodia។  ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ជូន​ពរលោក​សុខភាពល្អ​ និង​សំណាង​ល្អ​ សូម​ជំរាបលា​។​

លោកអ៊ឹម នរិន្ទ៖ បាទៗ អរគុណ​ច្រើន​ ជម្រាប​លា​៕