ក្រសួងរ៉ែប្រកាសថា កម្ពុជាមិនខ្វះភ្លើងប្រើប្រាស់នៅគ្រប់វិស័យសេដ្ឋកិច្ច ខណៈសង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជាគួរពិចារណាឡើងវិញទៅលើការគ្រប់គ្រងអគ្គីសនីក្នុងប្រទេស ដើម្បីផ្ដល់ភាពងាយស្រួលដល់ការប្រើប្រាស់សម្រាប់ប្រជាជន និងគិតគូអំពីផលប៉ះពាល់បរិស្ថាន ជាជាងផ្ដល់សិទ្ធិគ្រប់គ្រងទៅឱ្យក្រុមហ៊ុនបរទេស។
ការលើកឡើងរបស់សង្គមស៊ីវិល ធ្វើឡើងបន្ទាប់ពីក្រសួងរ៉ែ និងថាមពល បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា កម្ពុជាមិនខ្វះភ្លើងប្រើប្រាស់នៅគ្រប់វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ។
ការចុះផ្សាយដដែលនោះបន្ថែមថា លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែបានបញ្ជាក់នៅក្នុងកិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» ថា បច្ចុប្បន្ននេះ កម្ពុជាមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ចំនួន៤,២៤៦មេហ្កាវ៉ាត់ ខណៈការប្រើប្រាស់ប្រចាំថ្ងៃប្រើអស់តែជាង ២,១០០មេហ្កាវ៉ាត់តែប៉ុណ្ណោះ ដែលធ្វើឱ្យកម្ពុជានៅសល់អគ្គិសនីជាងពាក់កណ្ដាលទៀត។
ក្រសួងបានបន្តថា បើងាកទៅមើលការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ដោយឆ្នាំ២០១៨ កម្ពុជាមានអគ្គិសនីចំនួន ២,៦៥០មេហ្កាវ៉ាត់ ប៉ុន្ដែមកដល់បច្ចុប្បន្ននេះនៅឆ្នាំ២០២២ កម្ពុជាមានអគ្គិសនីចំនួន ៤,២៤៦មេហ្កាវ៉ាត់ បើគិតជាភាគរយមានការកើនឡើង៦០%។
ជុំវិញករណីនេះ លោក ហេង គីមហុង ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃបណ្ដាញសមាគមយុវជនកម្ពុជា មានការសាទរចំពោះការប្រកាសពីភាពរីកចម្រើននៃវិស័យអគ្គីសនីរបស់ក្រសួងរ៉ែ និងថាមពល ប៉ុន្តែលោកថា កម្ពុជាមិនទាន់មានការចែកចាយអគ្គីសនីគ្រប់គ្រាន់នៅឡើយសម្រាប់ប្រជាជនកម្ពុជា ដូចជាតំបន់ដាច់ស្រយាលមួយចំនួន។
លោកហេង គីមហុង បានលើកឡើងថា៖ «បាទ! ជារឿងល្អប្រសើរហើយដែលរដ្ឋាភិបាលកម្ពុជាបានប្រកាសពីភាពជោគជ័យក្នុងការផ្គត់ផ្គង់ភ្លើងក្នុងក្របខណ្ឌទូទាំងប្រទេសនេះ ប៉ុន្តែយ៉ាងណាមិញជាមួយគ្នានេះដែរខ្ញុំក៏មានសង្កេតឃើញថា តំបន់ដាច់ស្រយាលមួយចំនួនគឺមិនទាន់មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ដែរ ហើយដែលរដ្ឋាភិបាលគួរតែពិចារណាក្នុងការពង្រីកវិសាលភាពបន្ថែមទៀតទៅដល់សហគមន៍ដាច់ស្រយាល ដូចនៅក្នុងតំបន់ដែនជម្រក ឬក៏តំបន់ដែលមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ដូចជានៅក្នុងខេត្តក្រចេះអីជាដើម»។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរពិចារណាឡើងវិញទាក់ទងទៅនឹងអធិបតេយ្យភាពនៃការគ្រប់គ្រងអគ្គីសនី ដើម្បីផ្ដល់ភាពងាយស្រួលដល់ការប្រើប្រាស់នៅក្នុងស្រុក មានតម្លៃថោកសម្រាប់ប្រជាជនក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាជាងការផ្ដល់សិទ្ធិគ្រប់គ្រងដល់ក្រុមហ៊ុនបរទេស និងការគិតគូអំពីផលយប៉ះពាល់បរិស្ថានផងដែរ។
លោកហេង គីមហុង បានលើកឡើងថា៖ «ទីមួយអធិបតេយ្យភាពភ្លើងកន្លែងនេះគឺ រដ្ឋាភិបាលបើទោះបីជាមានភ្លើងគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែគួរតែឈានទៅរកដំណាក់ការថ្មីមួយ គឺអធិបតេយ្យភាពភ្លើងគឺសមត្ថភាពនៃការផលិតថាមពលអគ្គីសនីក្នុងស្រុកជំនួសឱ្យការនាំចូល ដែលអាចធ្វើឱ្យអគ្គីសនីនៅក្នុងប្រទេសកម្ពុជាមានតម្លៃថោកជាងនេះ ហើយជាអគ្គីសនីដែលប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ យើងឃើញថាថាមពលអគ្គីសនីនាពេលបច្ចុប្បន្ននេះគឺមានតម្លៃខ្ពស់ដោយសារតែយើងខ្វះអធិបតេយ្យភាពភ្លើង»។
លោកបានបន្ថែមថា៖ «ទន្ទឹមជាមួយនឹងដំណើរនៃការឈានទៅរកការពង្រឹងសមត្ថភាព អធិបតេយ្យភាពអគ្គីសនីនេះ រដ្ឋាភិបាលត្រូវគិតគូអំពីការបង្កើតឱ្យមានថាមពលស្អាតបន្ថែមទៀត ដែលមិនមែនជាការកសាង ដែលមិនមែនជាការផលិតអគ្គីសនីកើតពីធ្យូងថ្ម ឬក៏សកម្មភាពដែលបង្កឱ្យមានផលប៉ះពាល់ទៅដល់បរិយាកាស និងស្រទាបអូហ្សូន ឬក៏យើងហៅថាឧស្ម័នផ្ទះកញ្ចក់»។
លោកហេង គីមហុង ក៏បានបន្ថែមនូវចំណុចសំខាន់ចំនួនបីបន្ថែមទៀត ដើម្បីអាចធ្វើឱ្យប្រជាជនកម្ពុជាអាចទទួលបានការប្រើប្រាស់អគ្គីសនីបានគ្រប់គ្រាន់ និងគ្រប់ក្រុមគ្រួសារ។ ទីមួយរដ្ឋាភិបាលត្រូវពិនិត្យទៅលើរបាយប្រជាជនដែលមិនទាន់ទទួលបានអគ្គីសនីប្រើប្រាស់ ទីពីរការបង្ខិតបង្គោលភ្លើង និងថាមពលអគ្គីសនីទៅជិតប្រជាជន ព្រមទាំងកាត់បន្ថយតម្លៃសេវាអគ្គីសនី ជាពិសេសសម្រាប់ប្រជាជនដែលមានប័ណ្ណក្រីក្រ និងទីបីគឺការកាត់បន្ថយតម្លៃពន្ធផ្ទាំងសូឡាដើម្បីផ្ដល់លទ្ធភាពឱ្យប្រជាជនក្រីក្រអាចចំណាយលុយទិញសម្រាប់ការប្រើប្រាស់៕