ក្រសួង​រ៉ែ​ប្រកាស​ថា កម្ពុជា​មិន​ខ្វះ​ភ្លើង​ប្រើ​ប្រាស់​​នៅ​គ្រប់​វិស័យ​សេដ្ឋកិច្ច ខណៈ​សង្គម​ស៊ីវិល​​​ថា​ រដ្ឋា​ភិបាល​កម្ពុជា​គួរ​​​ពិចារណា​ឡើង​វិញ​ទៅលើ​​ការ​គ្រប់​គ្រង​អគ្គីសនី​ក្នុង​ប្រទេស​​ ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ប្រើប្រាស់សម្រាប់​​ប្រជាជន​​ ​និង​គិត​គូ​អំពី​ផល​ប៉ះពាល់​​​បរិស្ថាន ​​ជា​ជាង​​​​ផ្ដល់​សិទ្ធិ​គ្រប់​គ្រង​ទៅ​ឱ្យ​ក្រុម​ហ៊ុន​បរទេស។

ការ​លើកឡើង​របស់​សង្គម​ស៊ីវិល ធ្វើ​ឡើង​បន្ទាប់ពី​​ក្រសួង​រ៉ែ​ ​ និង​ថាម​ពល​ ​បាន​បង្ហោះ​សារ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ​នៅ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ដោយ​​បញ្ជាក់​ថា​ កម្ពុជា​មិន​ខ្វះ​ភ្លើង​ប្រើ​ប្រាស់​​នៅ​គ្រប់​វិស័យ​សេដ្ឋកិច្ច​ ក៏​ដូច​ជា​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ​

ការចុះ​ផ្សាយ​ដដែល​នោះ​បន្ថែម​ថា លោក​ ស៊ុយ​ សែម​ ​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សន្ទនា​ស្ដីពី​ «ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សម្រាប់​វិស័យកសិកម្ម​» ថា បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​ថាមពល​អគ្គិសនី​សម្រាប់​ប្រើ​ប្រាស់​ចំនួន​៤,២៤៦​មេហ្កាវ៉ាត់​ ខណៈ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ប្រើ​អស់​តែជាង​ ២,១០០​មេហ្កាវ៉ាត់​តែប៉ុណ្ណោះ​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​នៅសល់​អគ្គិសនី​ជាង​ពាក់​កណ្ដាល​ទៀត។​

ក្រសួង​បាន​បន្ត​ថា​ បើ​ងាក​ទៅ​មើល​ការ​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ​ ដោយ​ឆ្នាំ​២០១៨​ កម្ពុជា​មាន​អគ្គិសនី​ចំនួន​ ២,៦៥០​មេហ្កាវ៉ាត់​ ប៉ុន្ដែ​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​ឆ្នាំ២០២២​ កម្ពុជា​មាន​អគ្គិសនី​ចំនួន​ ៤,២៤៦​មេហ្កាវ៉ាត់​ បើ​គិត​ជា​ភាគរយ​មានការ​កើន​ឡើង​៦០%​។

ជុំវិញករណី​នេះ​​ លោក ​ហេង​ គីមហុង​ ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​នៃ​បណ្ដាញ​សមាគម​យុវជន​កម្ពុជា​ មាន​ការ​សាទរ​ចំពោះ​ការ​ប្រកាស​ពី​ភាព​​រីក​ចម្រើន​នៃ​វិស័យ​អគ្គីសនីរបស់​ក្រសួង​រ៉ែ​ និង​ថាម​ពល​​ ប៉ុន្តែ​លោកថា​​ កម្ពុជា​មិន​ទាន់​មាន​ការ​ចែក​ចាយ​អគ្គីសនី​គ្រប់​គ្រាន់​នៅឡើយ​​សម្រាប់​ប្រជាជន​កម្ពុជា​ ដូច​ជា​តំបន់​ដាច់​ស្រយាល​​មួយ​ចំនួន​​។

លោក​ហេង​ គីម​ហុង​ បាន​លើក​ឡើង​ថា​៖ «បាទ​! ជារឿង​ល្អ​ប្រសើរ​ហើយ​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រកាស​ពីភាពជោគ​ជ័យ​ក្នុង​ការ​ផ្គត់​ផ្គង់​ភ្លើង​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេសនេះ ប៉ុន្តែ​យ៉ាង​ណា​មិញ​ជាមួយ​គ្នា​នេះ​ដែរ​ខ្ញុំ​ក៏​មាន​សង្កេត​ឃើញ​ថា​ តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​គឺ​មិន​ទាន់​មាន​ភ្លើង​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ដែរ​ ហើយ​ដែល​រដ្ឋាភិបាល​គួរ​តែ​ពិចារណាក្នុង​ការ​ពង្រីក​វិសាល​ភាព​​បន្ថែម​ទៀត​ទៅ​ដល់​សហគមន៍​ដាច់​ស្រយាល​ ដូច​នៅក្នុង​តំបន់​ដែន​ជម្រក​ ឬ​ក៏​តំបន់​ដែល​មិន​ទាន់​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្គត់​ផ្គង់ដូច​ជា​នៅ​ក្នុង​ខេត្ត​ក្រចេះ​អី​ជា​ដើម​»។

​លោក​​​បន្ថែម​ថា ​រដ្ឋា​ភិបាល​កម្ពុជា​គួរ​​​ពិចារណា​ឡើង​វិញ​ទាក់​ទង​ទៅនឹង​​អធិបតេយ្យ​ភាព​នៃ​ការ​គ្រប់​គ្រង​អគ្គីសនី​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ស្រុក​ មាន​តម្លៃ​ថោក​សម្រាប់​ប្រជាជន​ក្នុង​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ​ ជា​ជាង​ការ​ផ្ដល់​សិទ្ធិ​គ្រប់​គ្រង​ដល់​ក្រុម​ហ៊ុន​បរទេស​ និងការ​​គិត​គូ​អំពី​ផល​យ​ប៉ះពាល់​​បរិស្ថាន​ផងដែរ​។

លោក​ហេង​ គីម​ហុង​ បាន​លើក​ឡើង​ថា​៖ «ទី​មួយ​អធិបតេយ្យ​ភាព​ភ្លើង​កន្លែង​នេះគឺ​​ រដ្ឋាភិបាល​បើ​ទោះ​បី​ជា​មាន​ភ្លើង​គ្រប់​គ្រាន់​ក៏ដោយ​ ប៉ុន្តែ​គួរ​តែ​ឈាន​ទៅ​រក​ដំណាក់​​ការ​ថ្មី​មួយ គឺ​អធិបតេយ្យ​ភាព​ភ្លើងគឺ​សមត្ថភាព​នៃ​ការ​ផលិត​ថាម​ពល​អគ្គីសនី​ក្នុង​ស្រុក​ជំនួស​ឱ្យ​ការ​នាំ​ចូល​ ដែល​អាច​ធ្វើ​ឱ្យ​អគ្គីសនី​នៅក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​ថោក​ជាង​នេះ​ ហើយ​ជា​អគ្គីសនី​ដែល​ប្រើ​ប្រាស់​សម្រាប់​ប្រជាពលរដ្ឋ​ យើង​ឃើញ​ថា​ថាម​ពល​អគ្គីសនី​នា​ពេល​បច្ចុប្បន្ន​នេះគឺ​មាន​តម្លៃ​ខ្ពស់​ដោយ​សារ​តែ​យើង​​ខ្វះ​អធិបតេយ្យភាព​ភ្លើង​»។

លោក​បាន​បន្ថែម​​​ថា​៖ «ទន្ទឹម​ជាមួយ​​នឹង​ដំណើរ​នៃ​ការ​ឈាន​ទៅរកការ​ពង្រឹង​សមត្ថភាព​ អធិបតេយ្យ​ភាព​អគ្គីសនី​នេះ​ រដ្ឋាភិបាល​ត្រូវ​គិត​គូអំពីការ​បង្កើត​ឱ្យ​មាន​ថាមពល​ស្អាត​បន្ថែម​ទៀត​ ដែល​មិន​មែន​ជា​ការ​កសាង​ ដែល​មិន​មែន​ជា​ការ​ផលិត​អគ្គីសនី​កើត​ពី​ធ្យូងថ្ម​ ឬក៏​សកម្មភាព​​ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​បរិយាកាស​ និង​ស្រទាប​អូហ្សូន​ ឬក៏​យើង​ហៅ​ថា​ឧស្ម័ន​ផ្ទះ​កញ្ចក់​»។

លោក​ហេង​ គីម​ហុង​ ក៏​បាន​បន្ថែម​នូវ​ចំណុច​សំខាន់​ចំនួន​បី​បន្ថែម​ទៀត​ ​ដើម្បី​អាច​ធ្វើ​ឱ្យ​ប្រជា​ជន​កម្ពុជា​អាច​ទទួល​បាន​ការ​ប្រើ​ប្រាស់​អគ្គីសនី​បាន​គ្រប់​គ្រាន់​ និង​គ្រប់​ក្រុម​គ្រួសារ​​។ ទីមួយ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ទៅលើរបាយ​ប្រជាជន​ដែល​មិន​ទាន់​ទទួល​បាន​អគ្គីសនី​ប្រើប្រាស់​ ទីពីរ​​ការ​បង្ខិត​បង្គោល​ភ្លើង និង​ថាមពល​អគ្គីសនី​​ទៅ​ជិត​ប្រជាជន​ ព្រម​ទាំង​កាត់​បន្ថយ​តម្លៃ​សេវាអគ្គីសនី​​ ជា​ពិសេស​សម្រាប់​ប្រជាជន​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ និង​ទីបី​គឺ​ការ​កាត់​បន្ថយ​តម្លៃ​ពន្ធ​ផ្ទាំង​សូឡា​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ប្រជាជន​ក្រីក្រ​អាច​ចំណាយ​លុយ​ទិញ​សម្រាប់​ការ​ប្រើ​ប្រាស់​៕​​​​​​