លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃចន្ទនេះលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះមានបេក្ខជនប្រឡងកើនឡើងចំនួន ១ម៉ឺន ៣ពាន់នាក់ បើធៀបនឹងឆ្នាំ២០២១។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិសម័យប្រឡង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២» ដែលមានការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកលោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ កើនឡើងលើសឆ្នាំមុនចំនួន១ម៉ឺន ៣ពាន់នាក់។
នៅក្នុងសន្និសីទដដែល រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា បេក្ខជនប្រឡងឆ្នាំនេះ១២៨,១៣៤នាក់ ក្នុងនោះស្រីចំនួន ៦៨,៧៧១នាក់។ ផ្នែកវិទ្យាសាស្ត្រមានចំនួន ៤២,៩៣៣ ផ្នែកវិទ្យាសាស្ត្រសង្គមមានចំនួន ៨៥,២០១នាក់ និងចំណេះទូទៅចំនួន១៩,៦៦៧នាក់។ លោកបន្តថានៅឆ្នាំ២០២២នេះក្រសួងរៀបចំមណ្ឌលប្រឡងសរុប២២១មណ្ឌល ស្មើនឹង៥,១៧៤បន្ទប់ ដែលក្នុងមួយបន្ទប់មានបេក្ខជនចំនួន២៥នាក់។
លោក ហង់ ជួនណារ៉ុន បានបន្តថា ក្រសួងនឹងធ្វើការបែងចែកដំណើរការនៃការប្រឡងជាបីដំណាក់កាល គឺ ដំណាក់កាលប្រឡង ពីថ្ងៃទី៥ ដល់ទី៦ ខែធ្នូ ឆ្នាំ២០២២។ ដំណាក់កាលកំណែពីថ្ងៃទី៨ ដល់១៤ ខែធ្នូ ឆ្នាំ២០២២ និងដំណាក់កាលបូកស្រង់ពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុ ពីថ្ងៃទី១៥ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ហើយក្រសួងបញ្ជាក់បន្ថែមថា ក្រសួងនឹងអាចប្រកាសលទ្ធផលនៅថ្ងៃទី២៧សម្រាប់ភ្នំពេញ និងកណ្ដាល និងថ្ងៃទី២៨សម្រាប់ខេត្តផ្សេងៗទៀត។
ជាមួយគ្នានេះដែរលោក ហង់ ជួនណារ៉ុន បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវគោលការណ៍ចំនួនបួនដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជាគឺ ច្បាប់ តម្លាភាព យុត្តិធម៌ និងការទទួលយកបាន។ សម្រាប់មុខវិជ្ជាដែលត្រូវប្រឡងនៅឆ្នាំនេះ ចំពោះផ្នែកវិទ្យាសាស្ត្រ ក្រសួងបានដាក់ចេញនូវមុខវិជ្ជាដូចជា ជីវៈវិទ្យា រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា ភាសាខ្មែរ ភាសាបរទេស និងមុខវិជ្ជាជ្រើសរើសប្រវត្តិវិទ្យា។ ចំណែកឯផ្នែកវិទ្យាសាស្ត្រសង្គមរួមមាន សីលធម៌-ពលរដ្ឋ ភូមិវិទ្យា ប្រវត្តិវិទ្យា គណិតវិទ្យា ភាសាខ្មែរ ភាសាបរទេស និងមុខវិជ្ជាជ្រើសរើសផែនដីនិងបរិស្ថាន។
លោកក៏បានស្នើឱ្យបេក្ខជនដែលនឹងត្រូវប្រឡងទទួលទានអាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយអារម្មណ៍តានតឹង គោរពតាមបទបញ្ញត្តិជាធរមាន និងធ្វើដំណើរមកកាន់មណ្ឌលប្រឡងឱ្យបានមុនពេលវេលា។
គួររំលឹកផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៩ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនសរុប ចំនួន១១៤,១៨៧នាក់ ក្នុងនោះ ១០៤,២៩៩នាក់ ជាបេក្ខជនចំណេះទូទៅ ៤,៤១៧នាក់ ជាបេក្ខជនស្វ័យរិន ៣,៤៣៦នាក់ ជាបេក្ខជនបំពេញវិជ្ជា និង ២,០៣៥នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា៕