លោក​ ហង់ ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ នៅ​ថ្ងៃចន្ទ​នេះ​លើកឡើងថា​​ ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​មាន​បេក្ខជន​ប្រឡង​កើន​ឡើង​​ចំនួន ១ម៉ឺន​ ៣​ពាន់​នាក់​ បើ​ធៀប​នឹង​ឆ្នាំ​២០២១​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «ដំណើរ​ការ​រៀប​ចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ ទុតិយភូមិ​សម័យ​ប្រឡង​ ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២២​»​ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នៅ​ថ្ងៃ​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២នេះ​ លោក​លោក​ ហង់ជួន​ ណារ៉ុន​ បាន​បញ្ជាក់​ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​​២០២២​នេះ ​កើន​ឡើង​លើសឆ្នាំ​មុន​​​ចំនួន១ម៉ឺន​ ៣​ពាន់​នាក់​។

នៅ​ក្នុង​សន្និសីទ​ដដែល​​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​លើក​ឡើង​ថា​ បេក្ខជន​ប្រឡង​ឆ្នាំ​នេះ​១២៨,១៣៤​នាក់​ ​ក្នុង​នោះ​ស្រី​ចំនួន​ ​៦៨,៧៧១នាក់​។ ផ្នែក​វិទ្យាសាស្ត្រ​មាន​ចំនួន​ ៤២,៩៣៣​ ផ្នែក​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​ ​៨៥,២០១​នាក់​ និង​ចំណេះ​ទូទៅ​ចំនួន​១៩,៦៦៧​នាក់​។ លោក​បន្ត​ថា​នៅឆ្នាំ​២០២២នេះ​ក្រសួង​រៀប​ចំ​មណ្ឌល​ប្រឡង​សរុប​២២១​មណ្ឌល​  ស្មើនឹង​៥,១៧៤​បន្ទប់​ ដែលក្នុង​មួយ​បន្ទប់​មាន​បេក្ខជន​ចំនួន​២៥​នាក់​។

​លោក​ ហង់ ជួន​ណារ៉ុន​ បាន​បន្ត​ថា​ ក្រសួង​នឹង​ធ្វើការ​បែង​ចែក​ដំណើរការ​នៃ​ការ​ប្រឡង​ជា​បី​ដំណាក់កាល​ ​គឺ​ ដំណាក់កាល​ប្រឡង​ ​ពីថ្ងៃ​ទី​៥​ ដល់​ទី​៦​ ខែ​ធ្នូ​ ឆ្នាំ២០២២​។​  ដំណាក់កាល​​កំណែ​ពី​ថ្ងៃ​ទី​៨​ ដល់​១៤​ ខែ​ធ្នូ​​ ឆ្នាំ​២០២២​ និង​ដំណាក់កាល​បូក​ស្រង់​ពិន្ទុ​ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​ ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២​។ ហើយ​ក្រសួង​​បញ្ជាក់បន្ថែម​​ថា​ ក្រសួង​នឹង​អាច​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​២៧​សម្រាប់​​ភ្នំពេញ​ និង​កណ្ដាល​ និង​ថ្ងៃ​ទី​២៨​សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត​។

ជា​មួយ​គ្នានេះដែរ​លោក​ ហង់ ជួន​ណារ៉ុន​​ បានថ្លែង​ថា​ ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន​បួន​​ដើម្បី​អភិវឌ្ឍន៍​​ធនធាន​មនុស្ស​ក្នុង​ព្រះរាជាណាចក្រកម្ពុជាគឺ​ ច្បាប់​ តម្លាភាព​ យុត្តិធម៌​ និងការ​ទទួល​យក​បាន​​​។ សម្រាប់​មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង​នៅ​ឆ្នាំ​នេះ​ ចំពោះ​ផ្នែក​វិទ្យាសាស្ត្រ​ ក្រសួង​បាន​ដាក់​ចេញ​នូវ​មុខ​វិជ្ជា​ដូចជា​ ជីវៈ​វិទ្យា​ រូបវិទ្យា​​ គីមី​វិទ្យា​​  គណិត​វិទ្យា​​  ភាសាខ្មែរ​ ​ភាសាបរទេស​ និងមុខវិជ្ជាជ្រើសរើស​ប្រវត្តិវិទ្យា។​ ចំណែកឯ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​រួម​មាន​  សីលធម៌-ពលរដ្ឋ​ ភូមិវិទ្យា​​ ​ ប្រវត្តិ​វិទ្យា​​ គណិត​វិទ្យា​​  ភាសាខ្មែរ​ ភាសាបរទេស​ និងមុខវិជ្ជាជ្រើសរើស​ផែនដី​និងបរិស្ថាន​​។

លោក​​ក៏​បាន​ស្នើ​ឱ្យ​បេក្ខជនដែលនឹង​ត្រូវប្រឡង​​ទទួល​ទាន​អាហារ​ និងសម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​  កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​ គោរព​តាម​បទបញ្ញត្តិ​ជា​ធរមាន​ ​និង​ធ្វើ​ដំណើរ​មកកាន់​មណ្ឌល​ប្រឡង​ឱ្យ​បាន​មុន​ពេលវេលា​។

គួរ​រំលឹក​ផងដែរ​ថា​ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូម​ ដែល​បាន​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃ​ទី​២៧-២៩​ ខែធ្នូ​ ឆ្នាំ​២០២១​ មាន​បេក្ខជន​សរុប​ ចំនួន​១១៤,១៨៧​នាក់​ ក្នុង​នោះ​ ១០៤,២៩៩នាក់​ ជា​បេក្ខជន​ចំណេះ​ទូទៅ​​ ៤,៤១៧នាក់​ ជា​បេក្ខជន​ស្វ័យរិន​ ៣,៤៣៦នាក់​ ជា​បេក្ខជន​បំពេញ​វិជ្ជា​ និង​ ២,០៣៥​នាក់​ ជា​បេក្ខជន​ស្វៃរិន​បំពេញ​វិជ្ជា​៕​