លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះអះអាងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូបៃដិន (Joe Biden) ពុំបានលើកឡើងអំពីការស្នើឱ្យដោះលែង កញ្ញា សេង ធារី ក្នុងជំនួបទ្វេរភាគីអំឡុងកិច្ចប្រជុំកំពូលអាស៊ានកាលពីពីរសប្តាហ៍កន្លងទៅនោះទេ។
ថ្លែងក្នុងសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីបដិសេដចំពោះការលើកឡើងថា ប្រធានាធិបតីអាមេរិកស្នើឱ្យដោះលេងកញ្ញា សេង ធារី។ លោកថា ប៉ុន្តែប្រធានាធិបតីអាមេរិក បានលើកឡើងពីការបើកលំហប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនបានឮ ចូបៃដិន និយាយជាមួយខ្ញុំរឿងនឹង(ការស្នើឱ្យដោះលេងកញ្ញា សេង ធារី) ខ្ញុំអត់ឮ […] តើនរណាបញ្ចេញព័ត៌មាននឹង? ហើយព័ត៌មាននឹងនរណាជាអ្នកសសេរ បើប្រធានាធិបតីអាមេរិកាំងអត់និយាយជាមួយខ្ញុំរឿងនឹងផង។ លោកនិយាយអំពីបញ្ហាការបើកលំហប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនៅពេលក្រោយ។ ប៉ុន្តែនិយាយអំពីតួអង្គនេះ ឬតួអង្គនោះ ខ្ញុំមិនឮ!»។
កញ្ញា សេង ធារី គឺជាសកម្មជនសិទ្ធិមនុស្ស និងជាមេធាវីដែលមានសញ្ជាតិខ្មែរអាមេរិកាំង។ កញ្ញាកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះវិហារ ក្រោយត្រូវបានតុលាការចោទ និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទញុះញង់ និងរួមគំនិតក្បត់ ពាក់ព័ន្ធនឹងដំណើរវិលត្រលប់ចូលមកមាតុភូមិវិញរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
មន្រ្តីផ្នែកទំនាក់ទំនងសាធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី លីហ្សា ឡាសុន (Lisa Larson) ឆ្លើយតបជាមួយ Newsroom Cambodia តាមសារអេឡិចត្រូនិចអ៊ីមែលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា សុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋអាមេរិកនៅបរទេសគឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលអាមេរិក។ លោកស្រីបន្តថា នៅដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក នៅកម្ពុជា លោក ចូបៃឌិន ពិតជាបានស្នើទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងកញ្ញា សេង ធារី រួមទាំងសកម្មជនគណបក្សប្រឆាំងផ្សេងទៀតផងដែរ។
លោកស្រីបន្តថា៖ «អំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតី ចូបៃដិន មកកាន់កម្ពុជា លោកបានទទូចឱ្យដោះលែង ពលរដ្ឋសញ្ជាតិអាមេរិកកញ្ញា សេង ធារី ជាបន្ទាន់ ដែលត្រូវបានឃុំខ្លួនដោយហេតុផលនយោបាយ រួមទាំងសកម្មជនដទៃផ្សេងទៀតដែលត្រូវបានចាប់ឃុំខ្លួន។ យើងក៏ទាមទារឱ្យមានការដោះលែងសកម្មជនគណបក្សប្រឆាំងផងដែរ ហើយយើងជំរុញឱ្យអជ្ញាធរកម្ពុជាបញ្ឈប់សកម្មភាពកាត់ទោសពលរដ្ឋកម្ពុជាក្រោមហេតុផលនយោបាយ ដោយគ្រាន់តែពួកគេអនុវត្តនូវសិទ្ធិសេរីភាពជាមូលដ្ឋាន»។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានមកកាន់កម្ពុជាដើម្បីចូលរួមកិច្ចប្បរជុំកំពូលអាស៊ាន និងកិច្ចប្រជុំទ្វេរភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្រោយជំនួបនោះបន្តិច សេតវិមានរបស់សហរដ្ឋអាមរិកបានចចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់អំពីខ្លឹមសារនៃជំនួបនោះថា លោកប្រធានាធិបតី ចូបៃដិន ជំរុញទៅលោក ហ៊ុន សែន ឱ្យបើកលំហសិទ្ធិសេរីភាពពលរដ្ឋ សង្គមស៊ីវិល និងនយោបាយឡើងវិញ នៅមុនការបោះឆ្នោតឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍បន្តថា លោក បៃដិន ក៏បានស្នើឱ្យដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួនដោយចោទប្រកាន់ក្រោមហេតុផលនយោបាយ រួមទាំងពលរដ្ឋខ្មែរអាមេរិកាំង កញ្ញាសេង ធារី។
នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថាកម្ពុជាគួរពិនិត្យមើល និងកែលម្អឡើងវិញនូវលំហសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីឆ្ពោះទៅរកបរិយាកាសល្អប្រសើរមួយសម្រាប់ការបោះឆ្នោតខាងមុខ ហើយកម្ពុជានឹងទទួលបានប្រយោជន៍ជាច្រើន។
លោកថា៖ «ខ្ញុំគិតថាកម្ពុជាយើងគួរពិនិត្យមើល នូវចំណុចណាដែលខ្វះខាត ឬខ្វះចន្លោះ។ យើងគួរណាតែធ្វើការកែលម្អ ធ្វើយ៉ាងណាឱ្យស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ពិសេសលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ លំហសេរីភាពអង្គការសង្គមស៊ីវិល លំហសេរីភាពសារព័ត៌មាន និងសេរីភាពនយោបាយល្អប្រសើរ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតមួយប្រកបដោយបរិយាកាសមួយល្អប្រសើរ។»
លោកបន្ថែមថា៖ «បើសិនកម្ពុជាធ្វើឱ្យមានភាពល្អប្រសើរនូវលំហប្រជាធិបតេយ្យ និងលំហសេរីភាពជាមូលដ្ឋាន ជាពិសេសគឺបញ្ហាសិទ្ធិមនុស្ស កម្ពុជាអាចនឹងទទួលបាន ការអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុប ហើយទី២សហរដ្ឋអាមេរិកនឹងផ្តល់ការអនុគ្រោះពន្ធអាជីវកម្ម […] ទី៣គឺកម្ពុជានឹងមានមុខមាត់ ហើយនិងមានការកោតសសើរពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ»៕