សកម្មជនបរិស្ថាន និងសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលបង្ហាញការវាយតម្លៃផលប៉ះពាល់បរិស្ថានជាសាធារណៈពាក់ព័ន្ធនឹងការរុករករ៉ែ ដើម្បីធានាបាននូវតម្លាភាព កាត់បន្ថយផលប៉ះពាល់សង្គម និងបរិស្ថាន។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងរ៉ែ និងថាមពល បានប្រកាសឱ្យសាធារណៈជន ក្រុមហ៊ុនជាតិ និងអន្តរជាតិ ពីការបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ការស្នើសុំអាជ្ញាបណ្ណរុករកតំបន់សម្បទានស្វែងរុករករ៉ែចំនួនមួយកន្លែង លើផ្ទៃដីទំហំ ១៥៥ ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្ដោល នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ហើយការស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែនេះ នឹងបញ្ចប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី។
សកម្មជនបរិស្ថាន នៃមាតាធម្មជាតិ កញ្ញា ឡុង គន្ធា លើកឡើងថា កញ្ញាព្រួយបារម្ភចំពោះការដាក់ឱ្យមានការប្រកួតប្រជែងចំពោះតំបន់សម្បទានស្វែងរុករករ៉ែ ដោយសារកត្តាមួយចំនួនដូចជា កង្វះតម្លាភាព ការប្រព្រឹត្តលើសពីអាជ្ញាបណ្ណនៃការរុករករ៉ែ និងការប៉ះពាល់ទៅដល់បរិស្ថាន និងសង្គម។ កញ្ញាក៏បានស្នើឱ្យរដ្ឋាភិបាល និងក្រសួងសាម៉ី ធ្វើយ៉ាងណាអនុវត្តប្រកបដោយតម្លាភាព និងស្របទៅតាមច្បាប់។
កញ្ញា ឡុង គន្ធា បានលើកឡើងថា៖ «សុំឱ្យការដាក់ដេញថ្លៃហ្នឹងមានតម្លាភាព កុំឱ្យមានភាពមិនប្រក្រតីកើតឡើង ហើយនៅតែស្នើសុំឱ្យមានការដាក់បង្ហាញរបាយកាណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន។ ខ្ញុំមិនប្រឆាំងទេចំពោះការអភិវឌ្ឍ ប៉ុន្តែនៅតែស្នើសុំឱ្យបានពិចារណាទៅលើការធ្វើឱ្យមានផលប៉ះពាល់បរិស្ថាន ធ្វើយ៉ាងណាឱ្យមានដំណោះស្រាយមួយសមស្របដើម្បីឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តភាព»។
ស្រដៀងគ្នានេះដែរ លោក សាន់ ម៉ាឡា មន្ត្រីតស៊ូមតិនៃបណ្ដាញសមាគមយុវជនកម្ពុជា (CYN) លើកឡើងថា លោកមានការសាទរចំពោះរដ្ឋាភិបាល ក្រសួងរ៉ែ និងថាមពល ក្នុងការដាក់ឱ្យមានការដេញថ្លៃជាសារធារណៈ ព្រោះការទាញយកធនធានធម្មជាតិជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនោះ លោកថា រដ្ឋាភិបាលគួរតែបើកចំហព័ត៌មាន និងធ្វើយ៉ាងណាឱ្យមានការចូលរួមជាសាធារណៈពីប្រជាពលរដ្ឋ សង្គមស៊ីវិល និងមហាជនទូទៅ ដើម្បីធានាថា ការទាញយកធនធានធម្មជាតិ ធ្វើឡើងដោយគ្មានអំពើពុករលួយ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។
លោក សាន់ ម៉ាឡា បានលើកឡើងថា៖ «បើសិនជាការដកហូតដែលខ្វះនូវតម្លាភាព និងមិនបើចំហឱ្យមានការចូលរួមពីសាធារណៈ ដូចជាប្រជាពលរដ្ឋ សង្គមស៊ីវិល និងមហាជនទូទៅទេ យើងពិបាកធានាថាសកម្មភាពទាញយកធនធានធម្មជាតិពិតជាអាចជួយលើកស្ទួយដល់សេដ្ឋកិច្ចជាតិរបស់យើង»។
លោក សាន់ ម៉ាឡា បន្ថែមថា រដ្ឋាភិបាល និងក្រសួងសាម៉ី គួរធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយសុក្រឹតភាព ដើម្បីធានាយ៉ាងណាឱ្យមានការប៉ះពាល់តិចតួចចំពោះបរិស្ថាន និងសង្គម ជាពិសេសគឺការស្ដារឡើងវិញបន្ទាប់ពីការបញ្ចប់គម្រោងរបស់ខ្លួន។ លោកថា កន្លងមករបាយការណ៍ស្ដីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានតែងតែក្លាយជារឿងចម្រូងចម្រាស និងមិនយល់ស្របគ្នាដោយសារក្រសួង និងក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណក្នុងការរុករក តែងតែលាក់របាយកាណ៍ និងមិនផ្សព្វផ្សាយជាសាធារណៈ។
លោក សាន់ ម៉ាឡា បានលើកឡើងថា៖ «នៅក្នុងច្បាប់ យើងមានអនុក្រឹត្យមួយស្ដីពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដូច្នេះរដ្ឋាភិបាលត្រូវតែធានាថារបាយការនោះត្រូវធ្វើឡើងដោយសុក្រឹត្យ មិនមែនជាការធ្វើឡើងដើម្បីស៊ុំគ្រលុំគ្នា ដើម្បីមានលទ្ធភាពទទួលបានអាជ្ញាបណ្ណពីក្រសួងនោះទេ។ នៅក្នុងរបាយការណ៍ EIA (ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន) ហ្នឹងទៀតសោត គេនិយាយអំពីផលប៉ះពាល់សង្គម និងបរិស្ថាន ក្រុមហ៊ុនដែលជាប្រតិបត្តិករត្រូវធ្វើម៉េចបង្កផលប៉ះពាល់តិចមែនទែនចំពោះបរិស្ថាន និងសង្គម ហើយនៅក្នុងនោះគេក៏បានចែងអំពីវិធានការស្ដីពីការស្ដារឡើងវិញបន្ទាប់ពីបញ្ចប់គម្រោង»។
លោក សាន់ ម៉ាឡា បន្ថែមការកន្លងមកការទាញយកធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា មានការជាប់ទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយ និងការគប់គិតគ្នាជាប្រព័ន្ធដើម្បីរត់ពន្ធធនធានធម្មជាតិទៅក្រៅប្រទេស។ ករណីនេះ លោកបានស្នើដល់រដ្ឋាភិបាលនិងក្រសួងរ៉ែ និងថាមពលធ្វើយ៉ាងណាពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យមានភាពទូលំទូលាយ និងមានយន្តការត្រួតពិនិត្យដើម្បីធានាថាការទាញយករ៉ែប្រកបដោយភាពត្រឹមត្រូវ គុណភាព និងប្រសិទ្ធភាពខ្ពស់។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានទេ ដោយទូរស័ព្ទចូលតែត្រូវបានចុចបិទ។
គូសបញ្ជាក់ថា ជុំវិញករណីអំពើពុករលួយនៅកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ អង្គការតម្លាភាពអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មានអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២១ ក្នុងចំណោម១៨០ប្រទេស កម្ពុជាជាប់ចំណាត់ថ្នាក់១៥៧ ដែលទទួលបានពិន្ទុត្រឹមតែ២៣/១០០ប៉ុណ្ណោះ។ របាយការណ៍ដដែលបង្ហាញថា នៅកម្រិតតំបន់ ប្រទេសកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសដែលមានពិន្ទុទាបជាងគេទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅលើតែប្រទេសអាហ្វហ្កានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសដែលមានពិន្ទុទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ានផងដែរ៕