ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ នៅខេត្តក្រចេះ។
យោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រសួងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងសាងសង់ផ្លូវតភ្ជាប់ដែលមានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ។
ក្រសួងបន្ថែមថា ស្ពានដែលនឹងត្រូវសាងសង់ដើម្បីឆ្លងកាត់ទន្លេមេគង្គ មានប្រវែង ១,៧៦១ម៉ែត្រ និងមានមុខកាត់ទទឹងប្រវែង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតនៅត្រង់ ភូមិបុស្សលាវលី ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រីឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះមានប្រវែង១៦,២០គីឡូម៉ែត្រ។
ប្រភពដដែលបានបន្ថែមថា ការសាងសង់នេះគ្រោងនឹងចំណាយថវិកាសរុបប្រមាណ១១១,៩៨លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីប្រទេសចិន ប្រើពេលសាងសង់៤២ខែ ដោយទទួលការអនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕