ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ​គ្រោង​​សាង​សង់ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​​ និង​ផ្លូវ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧​ ទៅ​ផ្លូវជាតិ​លេខ​៦០​B រវាង​ក្រុង​ក្រចេះ​ និង​ស្រុក​ព្រែក​ប្រសព្វ​ នៅ​ខេត្ត​ក្រចេះ។​

យោង​តាម​ការ​​ផ្សាយ​​របស់​​ទំព័រ​ហ្វេសប៊ុក​​​​​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅ​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ បាន​បញ្ជាក់​ថា ​ក្រសួង​នឹង​​​សាង​សង់​ស្ពាន​ឆ្លងកាត់​​ទន្លេ​មេគង្គ​ និងសាង​សង់​​ផ្លូវ​តភ្ជាប់​​ដែល​មាន​ប្រវែង​សរុប​ ៣៣,៤៥​ គីឡូម៉ែត​ ដែល​​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៧​ (រង្វង់​មូល​ខ្លា​ស្ទុះ​)​ ទៅ​ផ្លូវ​ជាតិ​លេខ​៦០​B​ ។

ក្រសួង​​បន្ថែមថា​​  ស្ពាន​ដែល​នឹង​ត្រូវ​សាង​សង់​ដើម្បី​ឆ្លង​កាត់​ទន្លេ​មេគង្គ​​ មាន​ប្រវែង​ ១,៧៦១​ម៉ែត្រ​ និង​មាន​មុខ​កាត់​ទទឹង​ប្រវែង​១៣,៥​ម៉ែត្រ​ ដែល​ត្រើយ​ខាង​កើត​ស្ថិត​នៅ​ត្រង់​ ភូមិ​បុស្ស​លាវលី​ ឃុំ​បុសលាវ​ ស្រុក​ចិត្រ​បុរី​ និង​ត្រើយ​ខាង​លិច​ត្រង់​ភូមិ​ព្រែក​ព្រលូង​ ឃុំ​សោប​ ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ​។ រីឯ​ផ្លូវ​តភ្ជាប់​មាន​ប្រវែង​១៥,៤៩​គីឡូម៉ែត្រ​ និង​ផ្លូវ​ខ្នែង​ក្នុង​ក្រុង​ក្រចេះ​មាន​ប្រវែង​១៦,២០​គីឡូម៉ែត្រ​។

ប្រភព​ដដែល​បាន​បន្ថែម​ថា ​ការ​សាង​សង់​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ​១១១,៩៨​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​ ​ប្រើ​ពេល​សាង​សង់​៤២​ខែ​ ​ដោយ​​ទទួល​ការ​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​សំណង់​សៀង​ហៃ​ (SCG) និង​ត្រួត​ពិនិត្យ​គុណភាព​ដោយ​ក្រុម​ហ៊ុន​ទី​ប្រឹក្សា​​បច្ចេកទេស​ក្វាង​ចូវវ៉ាន​អាន​៕​​