ម៉ោងប្រមាណជាជាង១១ថ្ងៃត្រង់ ថ្ងៃទី២១ ខែវិច្ឆិកា លោក វ៉ាន់ សុភាព ជាអ្នករត់ម៉ូតូកង់បីម្នាក់ កំពុងសម្រាកពិសារបាយលើម៉ូតូកង់បីរបស់ខ្លួន។ បុរសសម្បុរស្រអែមរូបនេះនិយាយថា លោកមានកូនប្រុសពីរនាក់ ម្នាក់អាយុ២៣ឆ្នាំ និងម្នាក់អាយុ១៧ឆ្នាំកំពុងសិក្សានៅថ្នាក់ទី១១ នៅវិទ្យាល័យហ៊ុន សែន កោះចិន ខេត្តកណ្ដាល ជាប់គល់ស្ពានព្រែកក្ដាម។
លោក សុភាព លើកឡើងថា គុណភាពនៃការអប់រំនៅសាលារដ្ឋ និងឯកជនគឺមានគម្លាតឆ្ងាយពីគ្នាខ្លាំង ដោយសារសិស្សដែលរៀននៅសាលារដ្ឋតែងរងការគាបសង្កត់ពីគ្រូបង្រៀនតាមមុខវិជ្ជា ដោយតម្រូវឱ្យពួកគេទៅរៀនគួរបន្ថែម ដើម្បីទទួលបានពិន្ទុពេញ ប៉ុន្តែសាលាឯកជនមិនមានបើកបង្រៀនគួរក្រៅម៉ោងបន្ថែមឡើយ។
លោកនិយាយថា៖ «សិស្សឥលូវភាគច្រើនគាត់ទៅរៀនគួរដែរ តែរៀនខាងផ្នែកៗខុសគ្នាដោយសារមានគំនាបពីគ្រូ បើអ្នកឯងមិនទៅរៀនមុខវិជ្ជាខ្ញុំ ខ្ញុំដាក់ពិន្ទុឱ្យអ្នកឯងតិច តែបើខាងគេឯកជនគេអត់មានបង្រៀនគួរក្រៅម៉ោងបន្ថែមអីរញ៉េរញ៉ៃទេ គេផ្តោតរួមតែម្ដង អីចឹងហើយបានសាលាឯកជនសម្បូរអ្នកចេះជាង ទាំងការនិយាយស្ដី និងចំណេះដឹងអីហ្នឹង»។
លោកសុភាពបានសំណូមពរដល់ថ្នាក់ដឹកនាំ និងជាពិសេសក្រសួងអប់រំ យុវជន និងកីឡា បន្តតាមដាន និងយកចិត្តទុកដាក់ឱ្យបានខ្ពស់អំពីគុណភាពនៃការអប់រំរបស់គ្រូបង្រៀននៅសាលារដ្ឋ ហើយក៏សំណូមឱ្យគ្រូបង្រៀនទាំងអស់ត្រូវមានសញ្ញាបត្រត្រឹមត្រូវមុននឹងចេញបង្រៀនសិស្ស។
លោកពូ វ៉ាន់ សុភាព បានមានប្រសាសន៍ដោយសំឡេងមួយៗថា៖ «ពូចង់ឱ្យថ្នាក់ដឹកនាំ ក្រសួងអប់រំឱ្យគាត់យកចិត្តទុកដាក់មើលតាមដាន ផ្ចិតផ្ចង់នៅសាលារដ្ឋហ្នឹងបន្តិច កុំឱ្យគ្រូខ្លះគាត់រៀនត្រឹមល្មមៗគាត់ចេញបង្រៀនដែរ»។
ខណៈដែលក្រសួងអប់រំ យុវជន និងកីឡា តែងប្រកាសថាកំពុងពង្រឹងគុណភាពអប់រំរបស់សាលារដ្ឋ ប៉ុន្តែអ្នកឃ្លាំមើលសង្គម និងពលរដ្ឋនៅតែយល់ឃើញថា គុណភាពសិក្សានៅតាមសាលាឯកជន នៅតែប្រសើរជាងការសិក្សានៅសាលារដ្ឋ។ អាណាព្យាបាលសិស្សមួយចំនួនលើកឡើងថា គុណភាពនៃការអប់រំនៅស្ថាប័នរដ្ឋ និងឯកជន មានគម្លាតពីគ្នាឆ្ងាយ ទាំងការយកចិត្តទុកដាក់ក្នុងការបង្រៀន បញ្ហាប្រាក់បៀវត្ស អំពើពុករលួយផ្ទៃក្នុង និងកត្តាផ្សេងៗជាច្រើនទៀត។
ស្រដៀងនឹងលោក វ៉ាន់ សុភាព លោក ព្រុំ តុល អ្នកដាំបន្លែ នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានកូនកំពុងរៀនថ្នាក់បឋមសិក្សានៅសាលារដ្ឋមួយ លើកឡើងដែរថា គុណភាពនៃការបង្រៀនរបស់គ្រូនៅសាលារដ្ឋ មិនមានប្រសិទ្ធភាពខ្ពស់ដូចនៅសាលាឯកជននោះទេ។
បុរសវ័យ៤២ឆ្នាំរូបនេះនិយាយថា៖ «សាលារដ្ឋរៀនមិនសូវបានទៀងទាត់ទេ ភាគច្រើនគ្រូបង្រៀនច្រើនតែលេងទូរស័ព្ទ និងលេងល្បែងតុងទីន ឈ្លោះគ្នាទៅវិញទៅមក មិនបានបង្រៀនកូនសិស្សឱ្យបានជាក់លាក់ ទៀងទាត់ តែសាលាឯកជនការបង្រៀនគេល្អ គ្រូចូលបង្រៀនទៀងទាត់ និងយកចិត្តទុកដាក់ខ្ពស់មិនប្រងើយកន្តើយ»។
ចំណែកលោក ត្រេង សុខា ជាកសិករដែលមានវ័យ ៤៣ ឆ្នាំ រស់នៅស្រុកទ្រាំង ខេត្តតាកែវ លើកឡើងដែរថា មូលហេតុដែលគ្រូសាលារដ្ឋមិនសូវយកចិត្តទុកដាក់បង្រៀនសិស្សឱ្យបានទៀងទាត់ គឺដោយសារបញ្ហាប្រាក់បៀវត្សទាប។
លោកបញ្ជាក់ថា៖ «នៅសាលារដ្ឋគ្រូមិនសូវមកបង្រៀនទៀងទាត់ដោយសារប្រាក់ខែមិនបានគ្រប់គ្រាន់ ដែលវាមិនអាចមានគុណភាពល្អបានទេ បើសិនជាវិស័យឯកជន គ្រូគេមានប្រាក់ខែគេសមរម្យ អ៊ីចឹងគេរៀបចំកិច្ចតែងការក្នុងការបង្រៀនបានល្អ និងមានការគោរពពេលវេលាបានល្អអ៊ីចឹងទៅ»។
អ្នកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថា គុណភាពបង្រៀននៅសាលារដ្ឋ និងសាលាឯកជនមានភាពខុសគ្នា ដោយសារតែគ្រូបង្រៀននៅសាលារដ្ឋទទួលបានប្រាក់បៀវត្សតិច។
អ្នកស្រី អ៊ុក ឆាយាវី៖ «សួរថាសាលារដ្ឋនេះថីបានគាត់ល្វើយនឹងការងារមិនទៅបង្រៀន? ខ្ញុំមិនទៅបង្អាប់បន្ទោសគ្រូបង្រៀនទេ ខ្ញុំជាគ្រូម្នាក់ ប៉ុន្តែដោយសារគាត់មើលឃើញថាសាលារដ្ឋប្រាក់បៀវត្សតិចតួច អ៊ីចឹងគាត់បង្រៀនសាលារដ្ឋនេះខ្លះទៅ គាត់យកពេលទៅបង្រៀននៅសាលាឯកជននោះខ្លះទៅ ដើម្បីយកប្រាក់បៀវត្សមកបង្គ្រប់ឆ្នាំងបាយរបស់គាត់»។
អ្នកស្រីបន្តថា៖ «ទីពីរ គ្រូសាលារដ្ឋខ្លះមានតែឈ្មោះយកលុយ ប្រាក់ខែហើយវត្តមានគាត់ហ្នឹងទៅបង្រៀននៅសាលាឯកជន សួរថាហេតុអី? គឺដោយសារអំពើរពុករលួយនៅក្នុងសាលារដ្ឋ អ៊ីចឹងឱ្យតែឱ្យលុយទៅថ្នាក់ដឹកនាំទៅ ពួកគាត់នោះទៅបំពេញការងារនៅសាលាឯកជនទៅ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះក៏បានលើកយកបញ្ហា ដែលថាទីកន្លែងអប់រំនៅក្នុងប្រទេស និងជាពិសេសសាលារដ្ឋ ទទួលរងគំនាបនយោបាយពីគណបក្សកាន់អំណាច ដែលធ្វើឱ្យបាត់បង់នូវគុណភាពនៃការអប់រំ។ អ្នកស្រីថា គ្រូបង្រៀនបាត់បង់សិទ្ធិក្នុងការនិយាយ និងចែករំលែកជាសាធារណៈដល់សិស្សានុសិស្សអំពីទស្សនៈរបស់ខ្លួនទាក់ទងទៅនឹងរឿងនយោបាយនៅក្នុងប្រទេស។
អ្នកស្រី អ៊ុក ឆាយវី បាននិយាយថា៖ «ដល់រដូវជិតបោះឆ្នោតចឹង ពួគគាត់អត់យកចិត្តទុកដាក់គិតពីរឿងរកវិធី គន្លឹះស្អីៗឱ្យសិស្សានុសិស្សរៀនបានអីទេ គឺឱ្យតែថាចុះទៅពង្រឹងបក្ស មន្ត្រីណា ឬគ្រូណាតវ៉ាអីគឺដឹងតែ note (កត់) ទុកហើយថាជាមនុស្សប្រឆាំងអីចឹងទៅ»។
ការបើកបង្រៀនគួរក្រៅម៉ោងបន្ថែម ក៏បានចោទជាបញ្ហាធំមួយដែលបង្ហាញពីភាពពុករលួយក្នុងការអប់រំរបស់សាលារដ្ឋសព្វថ្ងៃផងដែរ ដែលជាមូលហេតុចម្បងធ្វើឱ្យសិស្សមិនមានលទ្ធភាពទទួលបានចំណេះដឹងស្មើៗគ្នា ពោលគឺ សិស្សក្រីក្រត្រូវចាញ់ប្រៀបសិស្សដែលមានជីវភាពធូរធាជាង។ នេះបើតាមការលើកលើងរបស់អ្នកស្រី អ៊ុក ឆាយាវី។
អ្នកស្រី អ៊ុក ឆាយវី បន្ថែមថា ការបើកបង្រៀនគួរក្រៅម៉ោងរបស់គ្រូបង្រៀន គឺដោយសារម៉ោងរដ្ឋដែលកំណត់ឱ្យសិស្សរៀនគឺខ្លី មិនគ្រប់គ្រាន់សម្រាប់ពួកគេអនុវត្តឱ្យបានល្អិតល្អន់។ អ្នកស្រីបានបន្ថែមថា បញ្ហាប្រាក់បៀវត្សតិច គឺជាបញ្ហាចម្បងដែលធ្វើឱ្យគ្រូបាក់ទឹកចិត្តក្នុងការបង្រៀន និងតម្រូវឱ្យពួកគាត់ត្រូវស្វែងរកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកស្រីក៏បានស្នើទៅក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍អប់រំទាំងប៉ុន្មានដែលបានចែង ព្រមទាំងតំឡើងប្រាក់បៀវត្សដល់គ្រូបង្រៀន និងព្យាយាមធ្វើយ៉ាងណារក្សាបាននូវគុណភាពនៃការបង្រៀនរបស់គ្រូ ដោយឱ្យពួកគាត់បង្រៀនឱ្យចំមុខវិជ្ជាឯកទេសរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មិនបានឆ្លើយតបសំណួររបស់ Newsroom Cambodia ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់សង្គមស៊ីវិល និងអាណាព្យាបាលសិស្សនោះទេ ដោយលោកគ្រាន់តែ ផ្ញើសារជាអក្សរតាមបណ្តាញសង្គម Whatsapp ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀនដោយបន្តដំឡើងប្រាក់ខែជូនគ្រូបង្រៀនតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល។
លោកបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បាននិងបន្តលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនដោយមានកិច្ចសហការវិជ្ជមានជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍តាមមូលដ្ឋាន មាតាបិតា សិស្ស-និស្សិត និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តអនុវត្តន៍ផែនការសកម្មភាពនៃគោលនយោបាយស្ដីពីគ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការបន្តអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ២០១៨-២០២៣៕