ម៉ោង​ប្រមាណជា​ជាង​១១​​ថ្ងៃត្រង់ ថ្ងៃទី២១ ខែវិច្ឆិកា លោក វ៉ាន់ សុភាព ជា​​​អ្នករត់​​ម៉ូតូ​កង់​បី​ម្នាក់ កំពុង​សម្រាកពិសារ​បាយលើ​ម៉ូតូកង់បី​របស់​ខ្លួន។ បុរស​សម្បុរ​ស្រអែម​រូបនេះ​និយាយ​ថា  លោកមា​នកូនប្រុសពីរនាក់ ម្នាក់អាយុ២៣ឆ្នាំ​ និង​ម្នាក់អាយុ១៧ឆ្នាំ​កំពុង​សិក្សានៅថ្នាក់ទី១១ នៅវិទ្យាល័យហ៊ុន សែន កោះចិន ខេត្តកណ្ដាល ជាប់គល់ស្ពានព្រែកក្ដាម។

លោក សុភាព លើកឡើង​ថា គុណភាពនៃ​ការអប់រំ​​នៅសាលារដ្ឋ និង​ឯកជន​គឺ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង ដោយ​សារ​​សិស្ស​ដែល​រៀន​នៅ​សាលារដ្ឋ​​តែង​រង​ការគាប​សង្កត់​ពី​គ្រូបង្រៀន​តាម​មុខវិជ្ជា​ ដោយតម្រូវឱ្យពួកគេទៅរៀនគួរ​បន្ថែម ដើម្បី​ទទួល​បាន​ពិន្ទុ​ពេញ​ ប៉ុន្តែសាលាឯកជន​​មិនមាន​​បើកបង្រៀនគួរក្រៅម៉ោងបន្ថែមឡើយ។​

​លោកនិយាយ​ថា៖ «សិស្សឥលូវភាគច្រើនគាត់ទៅរៀនគួរដែរ តែរៀន​ខាង​ផ្នែកៗ​ខុសគ្នា​ដោយសារ​មាន​គំនាប​ពីគ្រូ បើអ្នកឯង​មិនទៅរៀនមុខវិជ្ជាខ្ញុំ ខ្ញុំដាក់ពិន្ទុឱ្យអ្នកឯងតិច តែបើ​ខាង​គេ​ឯកជន​គេអត់មានបង្រៀនគួរក្រៅម៉ោងបន្ថែមអីរញ៉េរញ៉ៃទេ គេផ្តោតរួមតែម្ដង អីចឹង​ហើយ​បាន​សាលាឯក​ជន​សម្បូរ​អ្នក​ចេះជា​ង ទាំងការនិយាយស្ដី និងចំណេះដឹងអីហ្នឹង»។

លោកសុភាព​​បាន​សំណូមពរដល់ថ្នាក់ដឹកនាំ និងជាពិសេសក្រសួងអប់រំ យុវជន និងកីឡា បន្តតាមដាន និងយកចិត្តទុកដាក់ឱ្យបានខ្ពស់​​អំពី​គុណភាព​នៃ​ការអប់រំ​របស់​គ្រូបង្រៀន​នៅ​សាលារដ្ឋ ហើយក៏​សំណូម​ឱ្យ​គ្រូបង្រៀនទាំងអស់​ត្រូវ​មាន​សញ្ញាបត្រ​ត្រឹមត្រូវ​មុន​នឹង​ចេញ​បង្រៀន​សិស្ស។

លោកពូ វ៉ាន់ សុភាព បានមានប្រសាសន៍ដោយសំឡេងមួយ​ៗ​ថា៖ ​«ពូចង់ឱ្យថ្នាក់ដឹកនាំ ក្រសួង​អប់រំឱ្យគាត់យកចិត្តទុកដាក់មើលតាមដាន ផ្ចិតផ្ចង់នៅសាលារដ្ឋ​ហ្នឹង​បន្តិច​ ​កុំ​ឱ្យគ្រូ​ខ្លះគាត់រៀនត្រឹមល្មមៗគាត់ចេញបង្រៀនដែរ»។

ខណៈដែល​ក្រសួង​អប់រំ​ យុវជន និងកីឡា តែង​ប្រកាស​ថា​កំពុង​ពង្រឹង​គុណ​ភាព​អប់រំ​របស់​សាលារដ្ឋ ប៉ុន្តែ​អ្នក​ឃ្លាំមើល​សង្គម​ និង​ពលរដ្ឋ​នៅ​តែ​យល់​ឃើញ​ថា គុណភាព​​សិក្សា​នៅ​តាម​សាលា​ឯកជន នៅ​តែប្រសើរ​ជាង​ការសិក្សា​នៅ​សាលា​រដ្ឋ។​ អាណាព្យាបាលសិស្ស​មួយចំនួន​​លើកឡើងថា  គុណភាពនៃការអប់រំនៅស្ថាប័ន​រដ្ឋ និង​ឯកជន មានគម្លាតពីគ្នាឆ្ងាយ ទាំងការ​យក​ចិត្តទុកដាក់ក្នុងការបង្រៀន បញ្ហាប្រាក់បៀវត្ស​ អំពើ​ពុករលួយផ្ទៃក្នុង និង​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត។

ស្រដៀង​នឹង​លោក​ វ៉ាន់ សុភាព លោក ព្រុំ តុល អ្នកដាំ​បន្លែ​ នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​​មានកូន​កំពុង​រៀន​ថ្នាក់​បឋមសិក្សានៅ​សាលារដ្ឋមួយ​ លើកឡើង​ដែរ​ថា   គុណភាព​នៃ​ការបង្រៀន​របស់​គ្រូ​នៅ​សាលារដ្ឋ មិនមាន​ប្រសិទ្ធ​ភាព​ខ្ពស់​ដូចនៅ​សាលាឯកជននោះ​ទេ។

បុរសវ័យ​៤២ឆ្នាំ​រូបនេះ​និយាយ​ថា៖ ​«សាលារដ្ឋរៀនមិនសូវបានទៀងទាត់ទេ ភាគច្រើន​គ្រូ​បង្រៀន​ច្រើន​តែ​លេង​ទូរស័ព្ទ និងលេងល្បែងតុងទីន ឈ្លោះ​គ្នាទៅ​វិញ​ទៅ​មក មិន​បាន​បង្រៀន​កូន​សិស្ស​ឱ្យ​បាន​ជាក់លាក់ ទៀងទាត់ តែសាលាឯកជនការបង្រៀនគេល្អ គ្រូ​ចូល​បង្រៀន​ទៀងទាត់ និង​​យ​កចិត្តទុកដាក់ខ្ពស់មិនប្រងើយកន្តើយ»។

ចំណែក​លោក​ ត្រេង សុខា ជាកសិករដែលមានវ័យ ៤៣ ឆ្នាំ រស់នៅស្រុកទ្រាំង ខេត្តតាកែវ លើកឡើង​ដែរ​ថា មូលហេតុដែលគ្រូសាលា​រដ្ឋ​មិន​សូវ​យកចិត្ត​ទុកដាក់​បង្រៀន​សិស្ស​ឱ្យ​បាន​ទៀងទាត់ គឺ​ដោយសារ​បញ្ហា​ប្រាក់​បៀវត្ស​ទាប។

លោកបញ្ជាក់ថា៖ «នៅសាលារដ្ឋគ្រូ​មិន​សូវ​មក​បង្រៀន​ទៀងទាត់​ដោយសារ​ប្រាក់ខែ​មិន​បាន​គ្រប់គ្រាន់ ដែលវាមិនអាចមានគុណភាពល្អបានទេ បើសិនជាវិស័យឯកជន គ្រូគេ​មាន​ប្រាក់ខែ​គេ​សមរម្យ អ៊ីចឹងគេរៀបចំកិច្ចតែងការក្នុងការបង្រៀនបានល្អ និង​មាន​ការគោរព​ពេល​វេលាបាន​ល្អ​អ៊ីចឹងទៅ»។

អ្នកស្រី អ៊ុក ឆាយាវី​ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រាប់​ Newsroom Cambodia កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថា គុណភាព​បង្រៀន​នៅ​សាលារដ្ឋ និង​សាលា​ឯកជន​​មាន​ភាព​ខុសគ្នា ដោយសារតែគ្រូបង្រៀន​នៅ​សាលារដ្ឋ​ទទួល​បាន​ប្រាក់បៀវត្ស​តិច។

អ្នកស្រី អ៊ុក ឆាយាវី៖​ ​«សួរថាសាលារដ្ឋនេះថីបានគាត់ល្វើយនឹងការងារមិនទៅបង្រៀន? ខ្ញុំមិនទៅ​​បង្អាប់បន្ទោសគ្រូបង្រៀនទេ ខ្ញុំជាគ្រូ​ម្នាក់ ប៉ុន្តែ​ដោយសារ​គាត់​មើល​ឃើញ​ថា​សាលារដ្ឋ​ប្រាក់​បៀវត្ស​តិចតួច អ៊ី​ចឹងគាត់បង្រៀនសាលារដ្ឋនេះខ្លះទៅ គាត់​យក​ពេល​ទៅ​បង្រៀន​នៅ​សាលាឯកជននោះខ្លះទៅ ដើម្បីយកប្រាក់បៀវត្សមកបង្គ្រប់ឆ្នាំងបាយរបស់​គាត់»។​

អ្នកស្រី​បន្ត​ថា៖ ​«ទីពីរ គ្រូសាលារដ្ឋខ្លះមានតែឈ្មោះយកលុយ ប្រាក់ខែ​ហើយ​វត្តមាន​គាត់​ហ្នឹង​ទៅ​បង្រៀន​នៅ​សាលាឯកជន សួរថាហេតុអី? គឺដោយសារអំពើរពុករលួយនៅក្នុងសាលារដ្ឋ អ៊ីចឹង​ឱ្យ​តែ​ឱ្យលុយទៅថ្នាក់ដឹកនាំទៅ ពួកគាត់នោះទៅបំពេញការងារនៅសាលាឯកជនទៅ​​»។​

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះក៏បានលើកយកបញ្ហា ដែលថា​ទីកន្លែង​អប់រំ​នៅ​ក្នុង​ប្រទេស និងជាពិសេសសាលារដ្ឋ ទទួលរងគំនាបនយោបាយពីគណបក្សកាន់អំណាច ដែលធ្វើឱ្យ​បាត់បង់នូវគុណភាពនៃការអប់រំ។ អ្នកស្រី​ថា គ្រូបង្រៀន​បាត់បង់​សិទ្ធិ​ក្នុង​ការ​និយាយ និង​ចែករំលែក​ជាសាធារណៈ​ដល់​សិស្សានុសិស្ស​អំពី​ទស្សនៈ​របស់​ខ្លួន​ទាក់ទង​ទៅ​នឹង​រឿង​នយោបាយ​នៅក្នុងប្រទេស។

អ្នកស្រី អ៊ុក ឆាយវី បាននិយាយថា៖ ​«ដល់រដូវជិតបោះឆ្នោតចឹង ពួគគាត់​អត់​យក​ចិត្ត​ទុកដាក់​គិត​ពី​រឿង​រកវិធី គន្លឹះស្អីៗឱ្យសិស្សានុសិស្សរៀនបានអីទេ គឺឱ្យតែថាចុះទៅពង្រឹងបក្ស មន្ត្រី​ណា ឬ​គ្រូណា​ត​វ៉ាអីគឺដឹងតែ note (កត់) ទុកហើយថាជាមនុស្សប្រឆាំងអីចឹងទៅ»។

ការបើកបង្រៀនគួរក្រៅម៉ោងបន្ថែម ក៏បានចោទជាបញ្ហាធំមួយដែល​បង្ហាញ​ពី​ភាព​ពុករលួយ​ក្នុង​ការអប់រំ​របស់សាលារដ្ឋសព្វថ្ងៃផងដែរ ដែលជាមូលហេតុ​ចម្បង​ធ្វើ​ឱ្យ​សិស្ស​មិនមា​ន​លទ្ធភាព​ទទួល​បាន​ចំណេះដឹងស្មើៗគ្នា​ ពោលគឺ សិស្ស​ក្រីក្រត្រូវ​ចាញ់​ប្រៀប​សិស្ស​ដែល​មាន​ជីវភាព​ធូរធា​ជាង។ នេះ​បើតាមការ​លើកលើង​របស់​អ្នកស្រី អ៊ុក ឆាយាវី។​

អ្នកស្រី អ៊ុក ឆាយវី បន្ថែម​ថា ការបើកបង្រៀ​ន​គួរក្រៅ​ម៉ោង​របស់​គ្រូបង្រៀន​ គឺដោយសារ​ម៉ោង​រដ្ឋ​ដែល​កំណត់​ឱ្យ​សិស្សរៀនគឺខ្លី មិនគ្រប់គ្រាន់សម្រាប់ពួកគេអនុវត្តឱ្យបានល្អិតល្អន់។ អ្នកស្រី​បានបន្ថែមថា បញ្ហាប្រាក់បៀវត្សតិច គឺជាបញ្ហាចម្បង​ដែល​ធ្វើ​ឱ្យគ្រូបាក់​ទឹកចិត្ត​ក្នុង​ការបង្រៀន និងតម្រូវឱ្យពួកគាត់ត្រូវស្វែងរកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។​

អ្នកស្រីក៏បាន​ស្នើទៅ​ក្រសួងអប់រំ យុវជន​​ និងកីឡា យកចិត្ត​ទុក​ដាក់​អនុវ​ត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍អប់រំទាំងប៉ុន្មានដែលបានចែង ព្រមទាំង​តំឡើង​ប្រាក់​បៀវត្ស​ដល់​គ្រូ​បង្រៀន និង​ព្យាយាម​ធ្វើ​យ៉ាងណា​រក្សា​បាន​នូវ​គុណភាព​នៃ​ការបង្រៀន​របស់​គ្រូ ដោយ​ឱ្យ​ពួកគាត់​បង្រៀន​ឱ្យចំមុខវិជ្ជាឯកទេសរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មិនបាន​ឆ្លើយតប​​​​សំណួរ​របស់ Newsroom Cambodia ពាក់ព័ន្ធ​ទៅនឹងការលើកឡើងរបស់សង្គមស៊ីវិល និង​អាណា​ព្យា​បាល​សិស្ស​​នោះទេ ដោយលោកគ្រាន់តែ ផ្ញើសារ​​ជាអក្សរ​តាម​​បណ្តាញ​សង្គម Whatsapp ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តលើកកម្ពស់គុណភាព និង​ជីវភាព​គ្រូបង្រៀន​ដោយ​បន្ត​ដំឡើង​ប្រាក់ខែ​ជូនគ្រូបង្រៀនតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល។

លោកបន្ថែម​​ថា ក្រសួងអប់រំ យុវជន និងកីឡា​ ក៏បាននិង​បន្តលើក​កម្ពស់​គុណវុឌ្ឍិ​គ្រូបង្រៀន​ដោយ​មាន​កិច្ច​សហការ​វិជ្ជមាន​ជាមួយ​គ្រប់ភាគីពាក់ព័ន្ធដូចជាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យ​ឯកជន សហគមន៍តាមមូលដ្ឋាន មាតាបិតា សិស្ស-និស្សិត និង​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​បន្ត​អនុវត្តន៍​ផែនការ​សកម្មភាព​នៃ​គោល​នយោបាយ​ស្ដីពី​គ្រូ​បង្រៀន​​របស់​ក្រសួ​ងអប់រំ យុវជន​ និងកីឡា ក៏ដូចជា​ការ​បន្ត​អនុវ​​ត្ត​យុទ្ធសាស្រ្ត​កំណែ​ទម្រង់​វិស័យ​អប់រំ យុវជន និងកីឡា ២០១៨-២០២៣៕