រស់នៅ​ក្នុង​បន្ទប់​ជួល​បួន​ជ្រុង​ និស្សិត​ឆ្នាំ​ទី​៥​ អាយុ ២៣ ឆ្នាំ ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល​ នៃ​សាកល​វិទ្យាល័យ​ន័រតុន​ លោក ញ៉ែត ប៊ុនរុង បាន​ប្រាប់​ Newsroom Cambodia ថា សព្វ​ថ្ងៃលោក​មិន​ទាន់​មាន​ការងារ​ធ្វើ​ ហើយ​ក្នុង​អំឡុង​ពេល​ដែល​មាន​អតិផរណា​ត្រូវការ​ឱ្យ​លោក​ចំណាយ​ថវិកា​ច្រើន​ដែល​ជា​បន្ទុក​របស់​គ្រួសារ​លោក​។

លោក​ថា​៖ «អតិផរណា​កាន់​តែ​ឡើង​ ទំនិញ​កាន់​តែ​ថ្លៃ​យើង​ត្រូវ​ការ​ចំណាយ​លុយ​ច្រើន​ ដល់​ពេល​ចំណាយ​លុយ​ច្រើន​ដែល​ជា​បន្ទុក​គ្រួសារ​ទាំង​ដែរ​យើង​អត់​ទាន់​មាន​ការងារ​ធ្វើ​»។

លោក​បន្ត​ថា​ កាល​ពី​កន្លង​ទៅ​លោក​ចំណាយ​ត្រឹម​២៥០០០​រៀល​ ទៅ​៣០០០០​រៀល​ សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​លោក​ត្រូវ​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ​ទ្វេ​ដង​សម្រាប់​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ថា​ ឆ្នាំ​២០២២​នេះ​ កម្រិត​អតិផរណា​ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ អាច​កើន​ឡើង​ក្នុង​វង្វង់​៥%​ ដោយសារ​ការ​កើនឡើង​ខ្ពស់​នៃ​ថ្លៃ​ប្រេង​អន្តរជាតិ​ និង​ថ្លៃ​ទំនិញ​ផ្សេងៗ​ ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន​។ នេះ​បើ​យោង​តាម​សារាចរ​ណែនាំ​ ស្តី​ពី​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣​ ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

ញ៉ែត ប៊ុនរុង

លោកប៊ុនរុង​បានបន្តថា​ជាក់ស្តែង​នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​ ដោយ​រាល់​ដង​ជិះ​ឡាន​ក្រុង​អាច​អស់​២៥០០០​រៀល​ ទៅ​៣០០០០​រៀល ​គឺ​យើង​អាច​ដល់​បាត់ដំបង​ហើយ​។ ​ប៉ុន្តែ​ឥឡូវ​គឺ​អត់ទេ​ អាច​គុណ​ជា​ពីរ​ អាច​ឡើង​ដល់​៤០០០០​ ទៅ​៤៥០០០​រៀល​ ហើយ​បើ​ខែ​បុណ្យ​ទាន​ទៀត ​គឺ​កើន​កាន់​តែ​ច្រើន​។

យុវតី​វ័យ​១៩​ឆ្នាំ​ កំពុង​ដើរ​ផ្សារ​បឹង​កេង​កង​ដើម្បី​ទិញ​ទំនិញ​ កញ្ញាភឹម សៀកលីលី ជា​និស្សិត​នីតិសាស្ត្រ​ឆ្នាំ​ទី​១ ​នៃ​សាកល​វិទ្យាល័យ​ពុទ្ធិក​ព្រះសីហមុនី​ បាន​បង្ហាញ​អំពី​ផល​លំបាក​ពី​ការ​កើន​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ និង​ទំនិញ​នៅ​លើ​ទីផ្សារ​។

កញ្ញា​លើក​ឡើង​ថា​៖ «ពេល​ដែល​ប្រេង​សាំង​ឡើង​ថ្លៃ​គឺ​ខ្ញុំ​ខ្វះខាត​វា​រៀង​ច្រើន​ដែរ​ ខ្ញុំ​ត្រូវ​ចំណាយ​លុយ​ចាក់​សាំង​ ហើយ​ក៏​កាត់​បន្ថយ​ការ​ញុំា​ អ៊ីចឹង​ដែរ​បង​ដើម្បី​ចាក់​សាំង​មក​រៀន​។ និយាយ​កើន​ឡើង​ខ្លាំង​អត់​នឹក​ស្មាន​ដល់​ទេ​បង​។ ថ្លៃ​ការ​ញុំា​ របស់​ប្រើប្រាស់​ក៏​វា​ថ្លៃ​តាម​ហ្នឹង​ដែរ​។ និយាយ​ទៅ​ពេល​ឡើង​ថ្លៃ​ចឹង​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ​បង​ បើ​ទំនិញ​អី​ឡើង​ថ្លៃ​ទាំងអស់​ ខ្ញុំ​ក៏​ត្រូវ​ខ្វះខាត​ច្រើន​»។

កញ្ញា​បន្ថែម​ថា​ ដោយ​ការ​ចំណាយ​កើន​ឡើង​ កញ្ញា​ត្រូវ​បង្ខំ​ចិត្ត​កាត់​បន្ថយ​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​កញ្ញា​សភាព​ស្គម​ស្គាំង​ និង​មាន​សុខភាព​ចុះ​ទ្រុឌទ្រោម​។

កញ្ញា​ថា​៖ «និយាយ​ទៅ​ទ្រុឌទ្រោម​ម៉្មង់​បង​ ខ្សោយ​ មក​ពី​ព្រៃវែង​។ ខ្ញុំ​មិន​ទាន់​មាន​ការងារ​ទេ​បង​ ជា​បន្ទុក​របស់​ប៉ា​ម៉ាក់​។ ស្ថាន​ភាព​គ្រួសារ​ខ្ញុំ​រៀង​ខ្វះ​ខាត​ ពីព្រោះ​ខ្ញុំ​មាន​ប្អូនៗ​ពីរ​នាក់​នៅ​រៀន​ ត្រូវ​ចំណាយ​ច្រើន​។ ខ្ញុំ​សូម​សំណូមពរ​ថា​ ប្រេង​សាំង​ឥឡូវ​រៀង​ចុះ​ថោក​តិច​ហើយ​បង​ តែ​ចំពោះ​ទំនិញ​ពីព្រោះ​ប្រជាពលរដ្ឋ​យើង​ឥឡូវ​ខ្វះខាត​ច្រើន​ ហើយ​គាត់​ត្រូវ​ការ​ចំណាយ​ច្រើន​ អ៊ីចឹង​ទំនិញ​ត្រូវ​បញ្ចុះ​ថោក​ បញ្ចុះ​តម្លៃ​»។

កញ្ញា ភឹម សៀកលីលី

និយាយ​ភ្ជាប់​ជាមួយ​ទឹក​មុខ​ស្រពោន​យុវជន​ វ័យ​១៩​ឆ្នាំ​ម្នាក់​ឡើង​ពី​ខេត្ត​ក្រចេះ​មក​រាជធានី​ថ្មីៗ​ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​និស្សិត​ឆ្នាំ​ទី​១នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ លោក ហ៊ួរ ដាវីដ ប្រាប់​Newsroom Cambodia ថា លោក​ខ្វះ​ខាត​ថវិកា​សម្រាប់​ការ​ចំណាយ​ទៅ​លើ​របប​អាហារ​ដោយ​ បច្ចុប្បន្ន​ទំនិញ​ និង​ម្ហូប​អាហារ​ឡើង​ថ្លៃ​ទ្វេ​ដង​ ហើយ​នេះ​គឺ​បាន​ប៉ះពាល់​ដល់​របប​អាហារ​ ដោយ​កាត់​បន្ថយ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​។

លោកថា៖«រឿងទីមួគឺយើងខ្វះខាតទៅលើថវិកាដែលត្រូវចំណាយ ទៅលើការទិញរបស់របបសម្រាប់ហូបចុក យ៉ាងតិចមិនក្រោម៧០០០រៀលក្នុង១ថ្ងៃ។ ការចំណាយនោះទៀតសោត របស់របបមិនថាទំនិញតូចក្តី ធំក្តីនោះគឺវាមានតម្លៃថ្លៃជានៅឯជនបទគុណជាពីរ ជាពិសេសទៅទៀតចំពោះរបបអាហារហ្នឹង។ ចំពោះការហូបចុករបស់ខ្ញុំ នៅក្នុងមួយពេល ជួនកាលក៏មានញ៉ាំពងទាចឹងទៅ មួយពេលពងទាមួយគ្រាប់ […] យើងទិញសម្លរគេ អស់៣០០០ចឹងទៅ ហើយ៣០០០ហ្នឹងតិចដែរ ជួនកាលត្រូវបង្ខំចិត្តញ៉ាំពីរពេល។ ខ្ញុំអត់សូវជាមានកម្លាំងណាស់ណាទេ វាហាក់បីដូចជាខ្សោះៗជីវជាតិ។»

ហ៊ួរ ដាវីត

អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សិរីវឌ្ឍន៍មើលឃើញថា បញ្ហាអតិផរណានៅកម្ពុជានេះ បណ្តាលមកពីកត្តាចំនួន២ ទីមួយគឺវិបត្តិថ្លៃប្រេងឥន្ធនៈដោយសារសង្គ្រាមនៅអ៊ុយក្រែន និងការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក។

លោកថា ៖ «មូលហេតុដែលធ្វើឱ្យមានអតិផរណា យើងឃើញថាបណ្តាលពីវិបត្តប្រេងឥន្ធនៈនៅអ៊ុយក្រែន ដែលធ្វើឱ្យថ្លៃប្រេងឡើងថ្លៃ ហើយវាទាញឱ្យតម្លៃទំនិញផ្សេងៗទៀតឡើងថ្លៃ ព្រោះការដឹងជញ្ជូនទំនិញផ្សេងៗប្រើប្រាស់កម្លាំងប្រេងឥន្ធនៈទាំងអស់ ចឹងកត្តាទីមួយគឺរឿងនេះ»។

លោកបន្ថែមថា៖ «កត្តាទីពីរប្រទេសកម្ពុជា រដ្ឋាភិបាលបានអនុញ្ញាតឱ្យទិញប្រេងពីប្រទេសចិន ដូច្នេះហើយថ្លៃប្រេងយើងមិនមានការកើនឡើងទេក្នុងពេលនេះ ក៏ប៉ុន្តែអ្វីដែលធ្វើឱ្យឡើងថ្លៃ គឺដោយសារតែវិបត្តិប្រាក់ដុល្លាឡើងថ្លៃ ដោយសារតែសហរដ្ឋអាមេរិក គាត់ធ្វើគោលនយោបាយ តម្លៃការប្រាក់ ចំណុចនេះធ្វើឱ្យលុយរៀលចុះថ្លៃ ដែលធ្វើឱ្យប្រេងស៊ាំងឡើងថ្លៃដល់ ៤៤០០រៀល»។

Newsroom Cambodia បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាន សុខសេនសាន ប៉ុន្តែមិនអាចទាក់ទងបាន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ​ បានប្រាប់មក Newsroom Cambodia ថា អតិផរណាក្នុងពេលបច្ចប្បន្នគឺក្នុងចន្លោះក្រោម ៥ភាគរយ ហើយវាមិនជាផ្តល់ការព្រួយបារម្ភនោះប្រសិនជាវាមិនអាចឡើងលើសពី៥ភាគរយ។ លោកបានបន្តថា ក្រសួងពាណិជ្ជកម្មបានតាមដានលើការឡើងថ្លៃទំនិញ ក៏ដូចជាត្រួតពិនិត្យលើតារាងតម្លៃប្រេងឥន្ធនៈរៀងរាល់១០ថ្ងៃម្តង។

លោកថា៖ «យើងបានពិនិត្យតាមដានថ្លៃទំនិញជារៀងរាល់ថ្ងៃ ហើយកម្រិតនៃការឡើងថ្លៃគឺយើងសង្កេតឃើញថាក្នុងចន្លោះមួយក្រោម៥ភាគរយ ហើយចំពោះអតិផរណាដែលធ្វើឱ្យយើងមានការព្រួយបារម្ភនោះគឺលុះត្រាតែលើសពី៥ភាគរយ ភាគច្រើនទៅលើមុខម្ហូបបរិភោគប្រចាំថ្ងៃ ដែលយើង​ប្រើប្រាស់សម្រាប់ការបរិភោគដូចជាអង្ករ ត្រី សាច់ នេះ។ នៅតាមទីផ្សារខ្លះក៏វាថ្លៃ ឯទីផ្សារខ្លះក៏វាមានកម្រិតល្មម»។

«ប៉ុន្តែការតាមដានទំនិញរបស់ក្រសួងពាណិជ្ជកម្ម យើងតាមដានថ្លៃទំនិញប្រសិនបើការឡើងថ្លៃចំពោះទំនិញចាំបាច់ក្នុងជីវភាព…គឺថាក្រសួងនឹងមានវិធានការណ៍ទប់ទល់តាមរយៈការធ្វើអន្តរាគមន៍មួយចំនួនដូចជាករណីប្រេង​ឥន្ធនៈអ៊ីចឹង ប្រសិនបើជាការប្រែប្រួលយ៉ាងណាៗយើងធ្វើអន្តរាគមន៍តាមហ្នឹង អ៊ីចឹងបានជាក្រសួងលោកចេញដែលហៅថា តារាងស្តីការលក់រាយប្រេងឥន្ធនៈរៀងរាល់១០ថ្ងៃម្តងជូនប្រជាពលរដ្ឋ នៃជាផ្នែកមួយនៃកិច្ចការរបស់ក្រសួងពាណិជ្ជកម្ម»។

លោកក៏បានបញ្ជាក់ថា រដ្ឋាភិបាលបានចូលរួមដោះស្រាយបញ្ហាអតិផរណា ជាពិសេសលើគ្រួសារដែលងាយនឹងរងគ្រោះផងដែរ។

លោកថា៖ «រដ្ឋាភិបាលក៏បានដោះស្រាយបញ្ហាមួយចំនួនទាក់ទងនឹងអតិផរណានេះដល់ក្រុមគ្រួសារដែលងាយនឹងរងគ្រោះ អ៊ីចឹងក្រសួងពាណិជ្ជកម្មសង្កេតឃើញថាតម្លៃសម្រាប់គ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនវាមិនឡើងលើសកម្រិត៥ភាគរយដែលធ្វើឱ្យព្រួយបារម្ភពេកទេ អ៊ីចឹងវាស្ថិតក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបានតាមរយៈវិធានការណ៍មួយចំនួន»។

ត្រឡប់ទៅលោក ញ៉ែត ប៊ុនរុង បានសំណូមពរទៅរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ទៅលើទន់បម្រុង ពីព្រោះលោកយល់ថាវាអាចដោះស្រាយបញ្ហាបានខ្លះ។

លោកថា៖ «សម្រាប់ខ្ញុំជាយុវជនមួយរូបសំណូមពរទៅរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ខាងទន់បម្រុង ព្រោះថាប្រសិនជាយើងមានទុនបម្រុងផ្នែកថាមពលច្រើនយើងអាចដោះស្រាយបញ្ហាបាន ពេលខ្លះការកាត់បន្ថយពន្ធដោយមិនប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំង»។