ក្រុមគ្រួសារនារីរងគ្រោះដោយការរំលូតកូន ហើយបង្កផលប៉ះពាល់ដល់ស្ដ្រីជាម្ដាយ បាននិយាយថាក្រុមគ្រូពេទ្យរបស់មន្ទីរសម្រាកព្យាបាល និង សម្ភពដើមអង្ក្រងគ្មានបច្ចេកទេសគ្រប់គ្រាន់ និងស្នើឱ្យពួកគេផ្ដល់យុត្តិធម៌ជូនសមាជិកគ្រួសាររបស់ខ្លួនបន្ទាប់ពីធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
យោងតាមលោកហេង វឿន អាយុ២៨ឆ្នាំ ដែលជាស្វាមីនារីរងគ្រោះបានឱ្យដឹងកាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ស្ដ្រីរងគ្រោះ មានឈ្មោះថាសឿន ស្រីអូន មានកម្ពស់១.៦៥ម៉ែត្រ អាយុ២២ឆ្នាំ មានមុខរបរជាកម្មការនីរោងចក្រ មានអាស័យដ្ឋាននៅភូមិអន្លង់រមៀត ឃុំរមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោកបានលើកឡើងបន្ថែមថាមូលហេតុដែលនាំឱ្យរឿងនេះកើតឡើងគឺ ដោយសារតែក្រុមគ្រូពេទ្យមិនមានបច្ចេកទេសគ្រប់គ្រាន់នៅក្នុងការងាររបស់ខ្លួន។
លោកបានបន្ថែមថាមូលហេតុដែលនាំឱ្យមានករណីនេះកើតឡើងគឺដោយសារតែលោកបាននាំភរិយារបស់លោកទៅយកកូនដែលបានស្លាប់នៅក្នុងផ្ទៃដែលមានអាយុ ១៨សប្ដាហ៍ចេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ និងបន្តសម្រាកនៅគ្លីនិកមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្ក្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ដោយក្រុមគ្រូពេទ្យគិតតម្លៃដំបូង ៧០០ដុល្លារ តែក្រុមគ្រួសារនារីរងគ្រោះបានស្នើសុំនៅសល់៤០០ដុល្លារ ដែលជាការធ្វើឡើងដោយព្រមព្រៀងគ្នា។
លោកវឿន បានលើកឡើង៖ «ដោយសារតែយើងទៅប្រឹក្សាជាមួយថាត្រូវឱ្យគាត់យកកូនដែលស្លាប់អ៊ីចឹង យើងពិភ្សាជាមួយគាត់ យើងក៏ព្រមនូវដែលសមស្របគ្នា ហើយយើងក៏ឱ្យគាត់ធ្វើទៅ គាត់ទាមទាម ៧០០ដុល្លារ យើងសុំឱ្យគាត់៤០០ដុល្លារ ក៏ព្រមព្រៀងគ្នាសំអាតអាអូនដែលខូចនៅក្នុងពោះហ្នឹង។»
«ដល់ពេលសំអាតអ៊ីចឹងទៅ អត់អីទេនៅថ្ងៃហ្នឹង។ ដល់ពេលសំអាត គាត់សន្យាថាពេលថ្ងៃណាអូនឯងឈឺអូនឯងចុកអីមកជួបពេទ្យមក ពេទ្យសំអាតឱ្យម្ដងទៀតដោយគ្មានការគិតលុយគិតអីអ៊ីចឹង គាត់ធានាមួយស្អាតឱ្យយើងហើយ។ ដល់ពេលមកសំអាតលើកទីពីរហ្នឹង គាត់រៀងចុកអួលតិចៗហ្នឹង ក៏យើងមកជួបសំអាតលើកទីពីរហ្នឹងក៏មានបញ្ហាដែលថារឿងនឹកស្មានមិនដល់អ៊ីចឹង»។
លោកបានបន្ថែមថាបច្ចុប្បន្ននេះស្ថានភាពភរិយារបស់លោកគឺមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយកំពុងសម្រាកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងមានការឈឺខ្លាំងទៅលើមុខរបួស។ លោកវឿន ក៏បានស្នើឱ្យក្រុមគ្រូពេទ្យដែលបានធ្វើឱ្យមានផលប៉ះពាល់ដល់ស្ដ្រីជាភរិយារបស់ខ្លួនផ្ដល់យុត្តិធម៌ចំពោះនាងផងដែរ។
លោករឿន បានលើកឡើងថា៖ «ឥឡូវនេះគាត់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ គ្រាន់តែថាគាត់និយាយបាន ដឹងអីមួយចប់អ៊ីចឹង គ្រាន់គាត់នៅឈឺខ្លាំង។ ឥឡូវហ្នឹងអត់ទាន់មានដំណោះស្រាយអីផង ជាសំណូមពររបស់ខ្ញុំសូមឱ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៅសម្ភពដើមអង្ក្រងហ្នឹងផ្ដល់សំណងឱ្យសាកសមដល់គ្រួសារខ្ញុំ»។
Newroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោកអាន ភីន ដែលជាមន្ត្រីសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺ បានទេនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយខលចូលមិនមានអ្នកទទួល។
Newroom Cambodia ក៏មិនអាចសុំការអត្ថាធិប្បាយពីគ្រូពេទ្យនៅសម្ភពដើមអង្ក្រងបានផងដែរ។
គូសបញ្ជាក់ផងដែរថា យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ បានបញ្ជាក់ថា ក្រសួងសម្រេចធ្វើការបិទបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនមានឈ្មោះថា «ដើមអង្ក្រង» ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ពីហេតុការណ៍ដែលបានកើតឡើង ក្រោយកើតមានករណីពាក់ព័ន្ធនឹងការរំលូតកូនដែលស្លាប់ក្នុងផ្ទៃ ធ្វើឱ្យប៉ះពាល់ដល់ស្ដ្រីជាម្ដាយតាមច្បាប់ជាធរមាន៕