ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ដោយ​ការ​រំលូត​កូន​ ហើយ​បង្កផល​ប៉ះ​ពាល់​ដល់​ស្ដ្រីជា​ម្ដាយ​ បាននិយាយថា​ក្រុម​គ្រូ​ពេទ្យ​របស់​មន្ទីរ​សម្រាក​ព្យាបាល​ និង​ សម្ភព​ដើម​អង្ក្រង​គ្មាន​បច្ចេកទេស​គ្រប់​គ្រាន់​ និង​ស្នើ​ឱ្យ​ពួកគេ​ផ្ដល់​យុត្តិធម៌​ជូ​ន​សមាជិក​គ្រួសារ​របស់​ខ្លួន​បន្ទាប់​ពី​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់ដល់​សុខភាពធ្ងន់​ធ្ងរ​។​

យោង​តាម​លោក​ហេង​ វឿន​ អាយុ២៨ឆ្នាំ​ ដែល​ជា​ស្វាមី​នារី​រងគ្រោះ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ថា​ ស្ដ្រី​រងគ្រោះ​ មាន​ឈ្មោះ​ថា​សឿន​ ស្រី​អូន​ មាន​កម្ពស់​១.៦៥ម៉ែត្រ​ អាយុ​២២​ឆ្នាំ​ មាន​មុខរបរ​ជាកម្មការនី​រោង​ចក្រ មាន​អាស័យដ្ឋាន​នៅ​ភូមិ​អន្លង់​រមៀត​ ឃុំ​រមៀត​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល​។ ​លោក​បាន​លើក​ឡើងបន្ថែម​ថា​​មូល​ហេតុ​ដែល​នាំ​ឱ្យ​រឿង​នេះ​កើត​ឡើង​គឺ​ ដោយ​សារ​តែ​ក្រុម​គ្រូ​ពេទ្យ​មិន​មាន​បច្ចេក​ទេស​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ងារ​របស់​ខ្លួន​។

លោក​បានបន្ថែម​ថា​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ករណី​នេះ​កើត​ឡើងគឺ​​ដោយ​សារ​តែ​លោក​បាន​នាំ​ភរិយា​របស់​លោក​ទៅ​យក​កូន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ផ្ទៃដែល​មាន​អាយុ ១៨​សប្ដាហ៍​ចេញ​ កាល​ពី​ថ្ងៃ​ទី១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ និង​បន្ត​សម្រាក​នៅ​គ្លីនិក​មួយយប់​ ហើយ​បាន​ចេញ​ពី​គ្លីនិក​ដើម​អង្ក្រង​នៅ​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​។ ដោយក្រុម​គ្រូ​ពេទ្យ​​គិត​តម្លៃ​ដំបូង​ ៧០០ដុល្លារ​​ តែ​ក្រុម​គ្រួសារ​នារី​រងគ្រោះ​បាន​ស្នើ​សុំ​នៅ​សល់​៤០០ដុល្លារ​ ដែល​ជាការ​ធ្វើ​ឡើង​ដោយ​ព្រមព្រៀង​គ្នា​។

លោក​វឿន ​បាន​លើក​ឡើង​៖​ «ដោយ​សារ​តែ​​យើង​ទៅ​ប្រឹក្សា​ជា​មួយ​​ថា​ត្រូវ​ឱ្យ​គាត់​យក​កូន​ដែល​​ស្លាប់​អ៊ីចឹង​ យើង​ពិភ្សា​ជាមួយ​គាត់​ យើង​ក៏​ព្រម​នូវ​ដែល​សម​ស្រប​គ្នា​ ហើយ​យើង​ក៏ឱ្យ​គាត់​ធ្វើ​ទៅ គាត់​ទាម​ទាម​ ៧០០​ដុល្លារ យើង​សុំ​​ឱ្យ​គាត់​៤០០ដុល្លារ​ ក៏ព្រម​ព្រៀង​គ្នា​សំអាត​អាអូន​ដែល​ខូច​នៅ​ក្នុង​ពោះ​ហ្នឹង​។»

«ដល់​ពេល​សំអាត​អ៊ីចឹង​ទៅ​ អត់​អី​ទេ​នៅ​ថ្ងៃ​ហ្នឹង​។ ដល់​ពេលសំអាត​ គាត់​សន្យា​ថា​ពេល​ថ្ងៃ​ណា​អូន​ឯង​ឈឺ​អូនឯង​ចុក​អី​មកជួប​​ពេទ្យ​មក ពេទ្យ​សំអាត​ឱ្យ​ម្ដង​ទៀត​ដោយ​គ្មាន​ការ​គិត​លុយ​គិត​អី​អ៊ីចឹង​ គាត់​ធានា​មួយ​ស្អាត​ឱ្យ​យើង​ហើយ​។ ដល់​ពេល​មក​សំអាត​លើក​ទី​ពីរ​ហ្នឹង ​គាត់​រៀង​ចុក​អួល​តិចៗ​ហ្នឹង ក៏យើង​មក​ជួប​សំអាត​លើក​ទីពីរ​ហ្នឹង​ក៏​មាន​បញ្ហា​ដែល​ថា​រឿង​នឹក​ស្មាន​មិន​ដល់អ៊ីចឹង​»។

​​​​​​​​លោក​បាន​បន្ថែម​ថា​បច្ចុប្បន្ន​នេះស្ថានភាព​​ភរិយា​របស់​លោកគឺ​​​មិន​ទាន់​មានភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​ ដោយ​កំពុង​សម្រាកនៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ និង​មាន​ការឈឺ​ខ្លាំងទៅ​លើ​មុខរបួស​​។ ​លោក​វឿន ក៏​បាន​ស្នើ​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ស្ដ្រី​ជាភរិយា​របស់​ខ្លួន​ផ្ដល់​យុត្តិធម៌​ចំពោះ​នាង​ផងដែរ។

លោក​រឿន​ បាន​លើក​ឡើង​ថា​៖​ «ឥឡូវ​នេះ​គាត់​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​ គ្រាន់​តែ​ថា​គាត់​​និយាយ​បាន​ ដឹង​អី​មួយចប់​អ៊ីចឹង​ គ្រាន់​គាត់​នៅ​ឈឺ​ខ្លាំង​។ ឥឡូវ​ហ្នឹង​អត់​ទាន់​មាន​ដំណោះ​ស្រាយ​អីផង​ ជា​សំណូម​ពររបស់​ខ្ញុំ​សូម​ឱ្យ​លោក​គ្រូពេទ្យ​ អ្នក​គ្រូ​ពេទ្យ​នៅ​សម្ភព​ដើម​អង្ក្រង​ហ្នឹង​ផ្ដល់​សំណង​ឱ្យ​សាក​សម​ដល់​គ្រួសារ​ខ្ញុំ​»។​​

Newroom Cambodia មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​អាន​ ភីន​ ដែល​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុកប្រចាំ​ខេត្ត​កំពង់​ស្ពឺ​ ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​នេះ​ ដោយ​ខល​ចូល​មិន​មាន​អ្នក​ទទួល​។

Newroom Cambodia ក៏មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីគ្រូ​ពេទ្យ​នៅ​សម្ភព​ដើម​អង្ក្រងបានផងដែរ។

​គូសបញ្ជាក់​ផង​ដែរ​ថា​ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​សុខាភិបាល​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ បាន​បញ្ជាក់​​ថា​ ក្រសួង​សម្រេច​ធ្វើ​ការ​បិទ​បណ្ដោះ​អាសន្ន​​មន្ទីរ​សម្រាកព្យាបាល​​ឯកជន​​​មាន​ឈ្មោះ​ថា​ ​«ដើម​អង្ក្រង​» ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៣​ ឃុំ​អង្គ​ពពេល​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ ក្រោយ​កើត​មាន​ករណី​ពាក់​ព័ន្ធ​នឹង​ការ​រំលូត​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ស្ដ្រី​ជា​ម្ដាយ​តាម​ច្បាប់​ជាធរមាន​៕