លោក​វេជ្ជ​បណ្ឌិត​គួច​ ម៉េង​លី​​ បានផ្តល់​អនុសាសន៍​ទៅ​ក្រសួង​អប់រំ​ថា ​ការរឹតបណ្តឹង​ទៅ​លើ​តែ​ការ​ប្រឡង​របស់​សិស្ស​នៅ​ថ្នាក់​បាក់ឌុប​ គឺ​មិន​ទាន់​គ្រប់​គ្រាន់​នោះទេ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅកម្ពុជា​ តែត្រូវ​បន្ថែម​ការ​ធ្វើ​កំណែ​ទម្រង់​គ្រូ​បង្រៀន​គ្រប់​កម្រិត​ និង​រឹតបណ្តឹង​ម៉ោង​សិក្សា​របស់​សិស្ស​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេស​បុក​ផ្លូវការ​របស់​លោក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​០២​ ខែធ្នូ​ ឆ្នាំ២០២២​។

ក្នុង​នោះ​លោ​កបាន​សង្កត់​ធ្ងន់​ថា ​ការ​បង្កើត​ឱ្យ​មាន​ថ្នាក់​បង្រៀន​គួរ​ក្រៅ​ម៉ោង​សិក្សា ​នេះ​ជា​ឧបសគ្គ​ចម្បង​ចំពោះ​សិស្ស​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ គឺ​មិន​អាច​ទទួល​បាន​ឱកាស​សិក្សា​ដូច​សិស្ស​ដែល​មាន​ជីវភាព​ធូរ​ធារ​ឡើយ​។

លោក​បានសសេរ​តាម​ន័យ​ដើម​ថា៖ ​«ខ្ញុំ​ក៏​សូម​បក​ស្រាយ​​ឱ្យ​បាន​ច្បាស់​ផង​ដែរ​ថា​​ បើ​យើង​ពិត​ជា​ចង់​ធ្វើ​កំណែ​ទម្រង់​ យើង​មិន​ត្រូវ​ធ្វើ​តែ​កំណែ​ទម្រង់​តែ​ទៅ​លើ​ការ​ប្រឡង​របស់​សិស្ស​នោះ​ទេ ​ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​គ្រូ​គ្រប់​កម្រិត​ ដូច​ជា​ត្រូវ​ផ្តល់​ការ​បណ្តុះ​បណ្តាល​គ្រូ​ឱ្យ​បាន​ពិត​ប្រាកដ​ ហើយ​គាត់​ត្រូវ​បង្រៀន​ឱ្យ​បាន​ពិត​ប្រាកដ​ តឹង​តែង​នៅ​ក្នុង​ម៉ោង​សិក្សា ​ដោយ​មិន​ត្រូវ​យក​ពេល​វេលា​ទៅ​បង្រៀន​គួរ​ខាង​ក្រៅ​ឡើយ។​ នេះ​ជា​ឧបសគ្គ​ដែល​សិស្ស​ក្រីក្រ​ មិន​អាច​ទៅ​រៀន​គួរ​បាន​។»

​លោក​បានបន្ថែម​ថា៖​ «សិស្ស​មួយ​ចំនួន​ប្រហែល​ ៤០​ភាគរយ​​ ទៅ ​៥០ភាគរយ ​គ្មាន​ពេល​រៀន​គួរ​ទេ ​ដោយ​សារ​ពួក​គេ​ជាប់​រវល់​កិច្ចការ​ស្រែ​ចម្ការ​របស់​ឪពុក​ម្តាយ ​ហើយ​ក៏​គ្មាន​លុយ​សម្រាប់​រៀន​គួរ​ដែរ​។»​

លោក​ចោទ​សួរ​ថា៖​ «បើ​សិស្ស​រៀន​មួយ​ព្រឹក​ហើយ​ ហេតុ​អ្វីចាំ​បាច់​ចំណាយ​ពេល​មួយ​ល្ងាច​ទៅ​រៀន​គួរ​ទៀត?​»

លោក​វេជ្ជ​បណ្ឌិត​បានបន្ថែម​ថា ​ប្រសិន​ជា​សិស្ស​មិន​ខិត​ខំ​សិក្សា ​មិន​មែន​ធ្លាក់​នៅ​ឆ្នាំ​ចុង​ក្រោយ​ បន្ទាប់​ពី​សិក្សា​អស់​ពេល​១២​ឆ្នាំ​នោះ​ទេ។​ តែ​ដើម្បី​ឱ្យ​សិស្ស​ចេះ ​នៅ​រៀង​រាល់​ឆ្នាំ​សិក្សា​គឺ​ត្រូវ​មាន​ការ​ប្រឡង​តាម​កម្រិត​ថ្នាក់​នីមួយៗ​ពី​ថ្នាក់​ទី៧​ដល់​ទី១២​។​

លោកបាន​ចោទ​សំនួរ​ថា ​តើ​ហេតុ​អ្វី​ទើប​សិស្ស​មិន​អាច​ជាប់​ ១០០​ភាគរាយ​បាន​? ​បញ្ហានេះ ​តើដោយ​សារ​សមត្ថភាព​សិស្ស ​ឬ​មក​ពី​ផែន​ការណ៍​របស់​ខ្លួន?​ លោក​បន្ថែម​ថា​​​ ប្រសិន​ជា​គ្រូ​បង្រៀន​បាន​ល្អ ​នោះ​សិស្ស​ប្រាកដ​ជា​ចេះ ​ហើយ​បើ​សិស្ស​ចេះ​គួរ​ឱ្យ​សិស្ស​ជាប់​ ព្រោះ​នេះ​គ្មាន​អ្វី​ដែល​ត្រូវ​ខាត​បង់​ឡើយ​​។

លោក​បានសសេរ​ថា៖​ «ដោយ​សារ​យើង​ទម្លាក់​សិស្ស​យើង​ពី ​៤០ភាគរយ​ ទៅ ​៥០ភាគរយ​ ក្នុង​មួយ​ឆ្នាំ ​យុវជន​មួយ​ចំនួន​ក៏​មើល​ឃើញ​ថា ​បើ​ទោះ​ជា​បី​ពួក​គេ​បន្ត​រៀន​ទៅ​មុខ​ទៀត​គង់​តែ​ធ្លាក់​ដដែល​ ពួក​គេ​ក៏​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​តាំង​ពី​ថ្នាក់​ទី៩​ ឬ​ទី១០​ ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ ​ព្រោះ​ចំណេញ​ពេល​វេលា ​និង​បាន​ថវិកា​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​ ឪពុកម្តាយ​ ទិញ​ដីធ្លី​​ ឬ​សម្រាប់​រៀន​បន្ត​ទៀត។»​

លោកបាន​រំលេច​ដែរ​ថា ​យុវជន​មួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក​ចេញ​ទៅ​បរទេស​ បន្ទាប់​ពី​ពួក​គេ​បោះ​បង់​ការ​សិក្សា ​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​ធន​ធាន​មនុស្ស​សម្រាប់​បំពេញ​ទី​ផ្សារ​ពលកម្ម​ និង​ធន​ធាន​បញ្ញ​វ័ន​ដើម្បី​បន្ត​ការ​សិក្សា​។ ​បន្ថែម​ពី​នេះ​ទន្ទឹម​នឹង​កង្វះ​បញ្ញវ​​​ន្ត​ តើ​ការ​អភិវឌ្ឍន៍​កម្ពុជា​នឹង​ដំណើរ​ការ​យ៉ាង​ណា?​ ដែល​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ ផុយ​ស្រួយ។​

កញ្ញាណុប​​ ស្រី​ ជា​អតីត​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ឈូក​ ដែល​ស្ថិត​នៅ​ឃុំ​សត្វពង​ ស្រុក​ឈូក​ ខេត្ត​កំពត​ បានប្រាប់​ Newsroom​ Cambodia​ ថា​បើ​ប្រៀប​ធៀប​រវាង​ការ​សិក្សា​ក្នុង​ប្រព័ន្ធ​នឹង​ការ​រៀន​គួរ​វិញ​ គឺ​សិស្ស​ទទួល​បាន​ការ​អប់​រំ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​មិន​ស្មើ​ភាព​គ្នា​ទេ។​

កញ្ញា​ថា​៖ «ការ​រៀន​នៅ​សាលា​រ​ដ្ឋ គ្រូ​ចង់​មក​ក៏​មក​ គ្រូ​អត់​ចង់​មក​ក៏​បាន​ ថ្នាក់​រៀន​គួរ​វិញ​មក​ទៀង​ បើ​គាត់​អត់​មក​បង្រៀន​មិច​បាន​លុយ?​ ព្រោះ​អី​បង្រៀន​តាម​ម៉ោង​គាត់​។ ហើយ​នៅ​រដ្ឋ​គាត់​អត់​សូវ​មក​ទេ ជួន​កាល​គាត់​មក​ ជួន​កាល​គាត់​អត់​មក​ ហើយ​ជូន​កាលទៀត​គាត់​ឱ្យ​សិស្ស​ត្រលប់​ទៅ​ផ្ទះ​វិញ។​ ការ​ពន្យល់​របស់​គាត់​វិញ​ អាច​និយាយ​បាន​ថា ​ក្បោះ​ក្បាយ​ដែរ​ តែ​គ្រាន់​តែ​មិន​ Perfect​ ដូច​យើង​រៀន​គួរ​ ហើយ​ទោះ​គាត់​ពន្យល់​មែន​ តែ​គាត់​ពន្យល់​តែ​សិស្ស​ដែល​រៀន​គួ​រ​។​ កែវ​ភ្នែក​គាត់​ គាត់​និយាយ​ជាមួយ​តែ​សិស្ស​រៀន​គួរ​ មាន​ន័យ​ថា​ការ​យក​ចិត្ត​ទុក​ដាក់​ខុស​គ្នា។​

កញ្ញា​បន្ត​ថា៖​ «បើ​រៀន​សាលា​រដ្ឋ​ ឈ្មោះ​ជា​សាលា​រដ្ឋ​មែន​ តែ​ការ​អប់​រំ​ មុខ​វិជ្ជា​ ការ​រៀន​អី​ហ្នឹង​​ អត់​ដូច​ហ្នឹង​ការ​រៀន​គួរ​ទេ​ ព្រោះ​ការ​រៀន​គួរ​ល្អ​ជាង​ ចឹង​ប្រាកដ​ជា​ត្រូវ​រៀន​គួរ​។»​

កញ្ញា​បន្ថែម​ទៀត​ថា ​បើ​និយាយ​ពី​លទ្ធផល​សិក្សា​វិញ​ គឺ​សិស្ស​រៀន​គួរ​ទទូល​បាន​លទ្ធ​ផល​ខ្ពស់​ជាង​។

កញ្ញា​ថា​៖ ​«ដឹង​ស្រាប់​ហើយ​ អ្នក​រៀន​គួរ​បាន​លទ្ធ​ផល​ខ្ពស់​ជាង​អ្នក​អត់​រៀន​គួរ​។ សិស្ស​រៀន​គួរ​ល្អជា​ង​ ឧទាហរណ៍​ដូច​ជាខ្ញុំ​ជា​ដើម​ គ្រូ​ឱ្យ​ពិន្ទុ​យើង​ច្រើន​ពេល​យើង​រៀន​គួរ​ជាមួយ​គាត់​ ឧទាហរណ៍​ដូច​ជា​គណិត​ ភាសាខ្មែរ​ចឹង​ ការ​កែ​របស់​គ្រូ​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ដែរ​ ទី​មួយ​ ការ​កែ​មួយ​គាត់​យក​ចិត្ត​ទុក​ដាក់​ ទី​ពីរ​សិស្ស​ដែល​អត់​រៀន​គួរ​ គាត់​កែ​យក​ៗ ​តែ​បើ​សិស្ស​រៀន​គួរ​គាត់​អាន​គាត់​ឱ្យ​ពិន្ទុ​តាម​លំដាប់​លំដោយ​។»​

កញ្ញា​សំណូម​ពរ​ទៅក្រសួង​អប់រំ​ថា ​ក្រសួង​គួរ​បិទ​ផ្អាក​កុំ​ឱ្យ​មាន​ការ​បើក​ថ្នាក់​រៀន​គួរ​ ព្រោះ​នេះ​បាន​បន្ថែម​ការ​ចំណាយ​លើ​ការ​សិក្សា​របស់​កញ្ញា​ ហើយ​កញ្ញា​ឱ្យ​គ្រូ​បង្រៀន​គួរ​បែរ​មក​យក​ចិត្ត​ទុក​ដាក់​ក្នុង​ថ្នាក់​វិញ ​ដើម្បី​ឱ្យ​សិស្ស​ទាំង​ទទួល​បាន​ចំណេះ​ស្មើៗ​គ្នា។​

កញ្ញា​ថា៖​ «បើ​គិត​មើល​ទៅ​ខ្ញុំ​ចំណាយ​ហួស​៦០​ម៉ឺន​ទៀត​ក្នុង​មួយ​ខែ ​ទាំង​រៀន​គួរ​ធម្មតា​ និង​គួរ​ពិសេស​។»​

កញ្ញា​ថា​៖ «ចង់​សំណូម​ពរ​ឱ្យ​ក្រសួង​អប់រំ​​ ឱ្យ​បិទ​ការ​បង្រៀន​គួរ​ ចឹង​ណា ​ដោយ​សារ​ខ្ញុំ​ចំណាយ​ច្រើន​ ណា​មួយ​យើង​រៀន​គួរ​ហ្នឹង​ យើង​ត្រូវ​ថែម​ម៉ោង​ទៀត​ ចឹង​យើង​ខាត​ពេល​វេលា​ទៅ​ជួយ​ម៉ាក់​ប៉ា ​កិច្ច​ការ​ងារ​ផ្ទះ ​ពេល​យើង​ចេញ​ពី​រៀន​រដ្ឋ​ហើយ​ យើង​ត្រូវ​រៀន​គួរ​ទៀត​។ ហើយ​ថ្ងៃ​សៅរ៍​អាទិត្យ​ថ្ងៃ​ទំនេរ​ទេ ​ប៉ុន្តែ​យើង​ត្រូវ​មក​រៀន​ទៀត​ ចឹង​ទៅ​ត្រូវ​ខាត​ពេល​យើង​ច្រើន​។ តែ​បើយើ​ង​ផ្តោត​តែ​រៀន​រដ្ឋ​មួយ​មុខ​គត់​ គ្រូ​គាត់​យក​ចិត្ត​ទុក​ដាក់​ យើង​បាន​ចេះ​ទាំង​អស់​គ្នា​ចឹង​ទៅ​ណា​។»​

Newsroom ​Cambodia​ ពុំ​អាច​ស្វែង​រក​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ទេ ​ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​គ្មាន​អ្នក​ទទួល​៕