យុវជន៣០នាក់ដែលជាអ្នកធ្វើការងារសង្គម នាំគ្នាជិះកង់ជាង៣០០គីឡូម៉ែត្ររយៈពេល៥ថ្ងៃ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ និងជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងច្បាប់ជាតិ-អន្តរជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានលើទំព័រហ្វេសបុករបស់ សមាគមបណ្តាញយុវជនកម្ពុជាហៅថា CYN កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិលចំនួន៣ផ្សេងទៀត សហការគ្នារៀបចំយុទ្ធនាការជិះកង់ដើម្បីសិទ្ធិមនុស្ស ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។ យុទ្ធនាការជិះកង់នោះ ត្រូវធ្វើដំណើររយៈពេល៥ថ្ងៃ ចាប់ផ្តើមពីមុខប្រាសាទអង្គវត្តខេត្តសៀមរាប បន្តដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ រួចឆ្ពោះទៅដល់ទីលានប្រជាធិបតេយ្យនៅរាជធានីភ្នំពេញថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។
យុទ្ធនាការជិះកង់ដើម្បីសិទ្ធិមនុស្សនេះ រៀបចំឡើងដោយមានព្រឹត្តិការណ៍សំខាន់២ គឺព្រឹត្តិការណ៍ជិះកង់ដើម្បីសិទ្ធិមនុស្ស ដោយជិះកង់ចេញពីខេត្តសៀមរាបទៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍ជិះកង់១០ធ្នូ ចម្ងាយ៣០គីឡូម៉ែត្រ នៅរាជធានីភ្នំពេញថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា និងជាអ្នកសម្របសម្រួលយុទ្ធនាការជិះកង់នេះផ្ទាល់ លោក ហេង គីមហុង ប្រាប់ Newsroom Cambodia ថា កម្មវិធីជិះកង់នេះធ្វើឡើងក្នុងគោលបំណងសំខាន់៤។
លោកថា៖ «ទី១គឺចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ទី២ជំរុញរដ្ឋាភិបាលគោរពទៅតាមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិការសញ្ញាពាក់ព័ន្ធ ហើយនិងទី៣យើងជំរុញឱ្យមានការគោរពសិទ្ធិមនុស្សជាមូលដ្ឋានផ្សេងទៀត ដែលមានទាំងសិទ្ធិចួបជុំ សិទ្ធិនយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ជាដើម ដែលជាសិទ្ធិពលរដ្ឋសំខាន់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិការសញ្ញា និងសេចក្តីប្រកាសពាក់ព័ន្ធដែលជាក្រមខណ្ឌអន្តរជាតិ បាទ។ ទន្ទឹមជាមួយនឹងគ្នានេះផងដែរ យើងក៏ជំរុញឱ្យមានការគោរពសិទ្ធិសហគមន៍ ហើយនិងសិទ្ធិយុវជនផងដែរ ពិសេសសិទ្ធិសេរីភាពផ្នែកវិជ្ជាជីវៈជាដើម»។
លោកបន្ថែមទៀតថា ដោយមើលឃើញថានីតិរដ្ឋនៅកម្ពុជាធ្លាក់ចុះ ការរឹតត្បិតពលរដ្ឋ និងការរំលោភសិទ្ធិមនុស្ស ព្រមទាំងការរំលាយអតីតគណបក្សប្រឆាំងជាដើម ទើបក្រុមយុវជនសម្រេចធ្វើយុទ្ធនាការនេះឡើងដើម្បីផ្សព្វផ្សាយ និងជំរុញទៅរដ្ឋាភិបាលឱ្យគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចទាំងបីរបស់ខ្លួន។
លោកថា៖ «យើងមើលឃើញថាលំដាប់ពិន្ទុនីតិរដ្ឋកម្ពុជាមានការធ្លាក់ចុះ ហើយការគោរពសិទ្ធិជាមូលដ្ឋានផ្សេងៗ រងការរឹតត្បិតរួមមាន សិទ្ធិផ្នែកនយោបាយតាមរយៈរូបភាពនៃការរំលាយអតីតគណបក្សប្រឆាំងជាដើម។ ហើយក្រៅពីនេះយើងឃើញមានសិទ្ធិសហគមន៍ សិទ្ធិចួបជុំកូដកម្មដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញតែងតែត្រូវបានរឹតត្បិតចំពោះការអនុវត្ត មានការរំលោភអីជាដើមហ្នឹងហើយ ដែលធ្វើឱ្យយើងទាំងអស់គ្នាជាក្រុមយុវជនសម្រេចចិត្តធ្វើយុទ្ធនាការនេះឡើងដើម្បីផ្សព្វផ្សាយ និងជំរុញរដ្ឋាភិបាលអនុវត្តឱ្យបានម៉ឹងម៉ាត់នូវគោលការណ៍បី គោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្សដែលជាបទដ្ឋានសិទ្ធិសកលសម្រាប់ពិភពលោក ហើយកម្ពុជាបានផ្តល់បត្យាប័ន។
លោកបន្ថែមថា៖ «ក្នុងនាមយើងជាពលរដ្ឋដែលជាម្ចាស់ប្រទេស យើងចង់ឃើញរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងបានពេញលេញ ហើយជាពិសេសកម្ពុជាដែលជាប្រទេសប្រជាធិបតេយ្យអាចឱ្យពលរដ្ឋដូចជាពួកយើងអនុវត្តសិទ្ធិសេរីភាពពេញលេញ»។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ។
លោក ហេង គីមហុង កត់សម្គាល់ឃើញថា ការជិះកង់នៅព្រឹកនេះពុំមានការតាមដាន និងសាកសួរពីអាជ្ញាធរឡើយ ប៉ុន្តែយុទ្ធនាការនេះទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ៕