​​យុវជន​​៣០​​នាក់​​​ដែល​ជា​អ្នកធ្វើ​ការ​ងារ​​សង្គម​ ​នាំគ្នា​​​​ជិះ​​កង់​​ជាង​៣០០​គីឡូ​ម៉ែត្រ​​​រយៈពេល​៥​ថ្ងៃ ដើម្បី​អប​អរ​សាទរ​ទិវា​​សិទ្ធិ​​មនុស្ស​អន្តរ​ជាតិ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​​ច្បាប់ជាតិ-​អន្តរជាតិ​​​​។​

បើ​​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​លើ​ទំព័រ​ហ្វេស​បុក​​របស់​​ សមាគម​បណ្តាញ​យុវជន​កម្ពុជា​ហៅ​ថា ​CYN កាល​ពី​ព្រឹក​ថ្ងៃទី​០៦​ ខែ​ធ្នូ ​ឆ្នាំ​២០២២ បញ្ជាក់ថា សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ​និង​អង្គការ​សង្គមស៊ីវិល​ចំនួន​៣​ផ្សេង​ទៀត​ សហ​ការ​គ្នា​រៀប​ចំ​យុទ្ធនា​ការ​ជិះ​កង់​ដើម្បី​សិទ្ធិ​មនុស្ស​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០៦​​ ដល់​ថ្ងៃទី​១០​ ខែ​ធ្នូ ​ឆ្នាំ​២០២២​។ ​យុទ្ធនាការ​ជិះ​កង់​នោះ​ ត្រូវ​​ធ្វើ​ដំណើរ​រយៈ​ពេល​​៥ថ្ងៃ​ ចាប់​ផ្តើម​ពី​មុខប្រាសាទ​អង្គ​វត្ត​ខេត្ត​សៀមរាប​ បន្ត​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ​រួច​ឆ្ពោះ​ទៅ​ដល់​ទីលាន​ប្រជាធិបតេយ្យ​នៅ​រាជធានីភ្នំពេញ​ថ្ងៃទី​១០​ ខែធ្នូ​ ឆ្នាំ២០២២​។​

យុទ្ធនា​ការ​ជិះ​កង់​ដើម្បី​សិទ្ធិ​មនុស្ស​នេះ ​រៀប​ចំ​ឡើង​ដោយ​មាន​ព្រឹត្តិ​ការណ៍​សំខាន់​២ ​គឺ​​ព្រឹត្តិ​ការណ៍​ជិះ​កង់​ដើម្បី​សិទ្ធិ​មនុស្ស ​ដោយ​ជិះ​កង់​ចេញ​ពី​ខេត្ត​សៀមរាប​ទៅ​រាជធានី​ភ្នំពេញ​ និង​ព្រឹត្តិការណ៍​ជិះ​កង់​១០​ធ្នូ ​ចម្ងាយ​៣០​គីឡូ​ម៉ែត្រ​ នៅ​រាជ​ធានី​ភ្នំពេញ​ថ្ងៃទី​១០​ ខែ​ធ្នូ ​ឆ្នាំ​២០២២​។

ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ និង​ជា​អ្នក​សម្រប​សម្រួល​យុទ្ធនាការ​ជិះ​កង់​នេះ​ផ្ទាល់​ លោក​ ហេង​ គីមហុង​ ប្រាប់​ Newsroom ​Cambodia​ ថា ​កម្ម​វិធី​ជិះ​កង់​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​សំខាន់​៤​។

លោក​ថា៖​ «​ទី​១​គឺ​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ទី២​ជំរុញ​រដ្ឋាភិបាល​គោរព​ទៅ​តាម​សេចក្តី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​កតិការ​សញ្ញា​ពាក់​ព័ន្ធ​ ហើយ​និង​ទី៣​យើង​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ផ្សេង​ទៀត​ ដែល​មាន​ទាំង​សិទ្ធិ​ចួប​ជុំ ​សិទ្ធិ​នយោបាយ ​សង្គម​ សេដ្ឋកិច្ច​ និង​វប្បធម៌​ជាដើម ​ដែល​ជា​សិទ្ធិ​ពលរដ្ឋ​សំខាន់​ៗ ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​កតិការ​សញ្ញា ​និង​សេចក្តី​ប្រកាស​ពាក់​ព័ន្ធ​ដែល​ជា​ក្រម​ខណ្ឌ​អន្តរជាតិ​ បាទ​។ ទន្ទឹម​ជាមួយ​នឹង​គ្នា​នេះ​ផង​ដែរ​ យើង​ក៏​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​សហគមន៍​ ហើយ​និង​សិទ្ធិ​យុវជន​ផង​ដែរ​ ពិសេស​សិទ្ធិ​សេរីភាព​ផ្នែក​វិជ្ជា​ជីវៈ​ជាដើម​​»។​

លោក​បន្ថែម​ទៀត​ថា ​ដោយ​មើល​ឃើញ​ថា​នីតិ​រដ្ឋ​នៅ​កម្ពុជា​ធ្លាក់​ចុះ ​ការ​រឹត​ត្បិត​ពលរដ្ឋ​ និង​ការ​រំលោភ​​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ជាដើម​ ទើប​ក្រុម​យុវជន​សម្រេច​ធ្វើ​យុទ្ធនាការ​នេះ​ឡើង​​ដើម្បី​ផ្សព្វ​ផ្សាយ​ និង​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​កាតព្វកិច្ច​ទាំង​បី​របស់​ខ្លួន​។

លោក​ថា៖​ «យើង​មើល​ឃើញ​ថា​លំដាប់​ពិន្ទុ​នីតិ​រដ្ឋ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ​ហើយ​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងៗ​ រង​ការ​រឹត​ត្បិត​រួម​មាន​ សិទ្ធិ​ផ្នែក​នយោបាយ​តាម​រ​យៈ​រូបភាព​នៃ​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ជា​ដើម​។ ​ហើយ​ក្រៅ​ពី​នេះ​យើង​ឃើញ​មាន​សិទ្ធិ​សហគមន៍​ សិទ្ធិ​ចួប​ជុំ​កូដ​កម្ម​ដែល​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​តែង​តែ​ត្រូវ​បាន​រឹត​ត្បិត​ចំពោះ​ការ​អនុវត្ត​ មាន​ការ​រំលោភ​អីជា​ដើម​ហ្នឹង​ហើយ​ ដែល​ធ្វើ​ឱ្យ​យើង​ទាំង​អស់​គ្នា​ជា​ក្រុម​យុវជន​សម្រេច​ចិត្ត​ធ្វើ​យុទ្ធនាការ​នេះ​ឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​ និង​ជំរុញ​រដ្ឋាភិបាល​អនុវត្ត​ឱ្យ​បាន​ម៉ឹង​ម៉ាត់​នូវ​គោល​ការណ៍​បី ​គោរព​ ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ដែល​ជា​បទដ្ឋាន​សិទ្ធិ​សកល​សម្រាប់​ពិភព​លោក​ ​ហើយ​កម្ពុជា​បាន​ផ្តល់​បត្យា​ប័ន។​

លោក​បន្ថែម​ថា៖ «​ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​ យើង​ចង់​ឃើញ​រឿង​រ៉ាវ​ទាំង​អស់​ហ្នឹង​កើត​ឡើង​បាន​ពេញ​លេញ​ ហើយ​ជា​ពិសេស​កម្ពុជា​ដែល​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​អាច​ឱ្យ​ពលរដ្ឋ​ដូច​ជា​ពួក​យើង​អនុវត្ត​សិទ្ធិ​សេរីភាព​ពេញ​លេញ​»។​

Newsroom Cambodia​ មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បានទេ។​

លោក​ ហេង​ គីមហុង​ កត់​សម្គាល់​ឃើញ​ថា ​ការ​ជិះ​កង់​នៅ​ព្រឹក​នេះ​ពុំ​មាន​ការ​តាម​ដាន​ និង​សាក​សួរ​ពី​អាជ្ញា​ធរ​ឡើយ​ ប៉ុន្តែ​យុទ្ធនា​ការ​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ប្រជា​ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​៕