សង្គម​ស៊ីវិល និង​យុវជន​បរិស្ថាន​ ជំរុញ​ឱ្យ​អាជ្ញាធរ​បើកសិទ្ធិ​ទូលាយ​ដល់​មហាជន​ក្នុង​ការ​រួម​ការ​ពារ​បរិស្ថាន​។ ពួកគេ​ថាការ​បិទបាំង​ព័ត៌មាន​ ការឹតត្បិត​សិទ្ធិ​សេរីភាព​របស់​មហាជន​ មិន​ឱ្យ​ចូលរួម​ចំណែក​ការពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​វា​គឺ​ជា​ផ្នែក​មួយ​ដែល​នាំ​ទៅ​រក​មហន្តរាយ​ ទាំង​ព្រៃ​ឈើ​នៅ​តំបន់​ទូទៅ​ ទាំង​ព្រៃ​កោងកាង​​នៅក្នុង​តំបន់​មាត់​សមុទ្រ​ផង​ដែរ​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​ទេសចរណ៍​ កាល​ពីថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បាន​បញ្ជាក់​ថា​ សកម្មភាព​ដាំ​ដើម​កោងកាង​ចំនួន​៣ពាន់​ដើម​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ឃុំ​តានៃ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​  ដែល​មាន​ការ​ចូល​រួម​ពី​គណៈ​ប្រតិភូ​ក្លិប​ឆ្នេរ​សមុទ្រ​ស្អាត​បំផុត​លើ​សាកល​លោកប្រមាណ​១៣០​នាក់​ មក​ពី​ជាង​២០ប្រទេស​ ក្នុង​គោល​បំណង​រួម​ចំណែក​ជា​ផល​ប្រយោជន៍​នៅ​តំបន់​សមុទ្រ​កម្ពុជា​។

ក្រសួង​ទេសចរណ៍​បាន​បន្ថែម​ថា​ ការ​ដាំ​ដើមកោងកាងនេះ​គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​មហាសន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភព​លោក​ ចាប់​ពី​ថ្ងៃ​ទី​០៩​-១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ដែល​ទីនោះ​ត្រូវ​បាន​ឱ្យ​ឈ្មោះ​ថា​ «សួន​កោង​កាង​សាង​ស្នេហ៍»​ ដើម្បី​ជា​ការ​បង្ហាញ​ពី​និមិត្តរូប​នៃ​សេចក្ដី​ស្រលាញ់​ និង​ចំណង​មិត្តភាព​ ភាតរភាព​ និង​សាមគ្គី​ភាព​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ គួច​ ចំរើន​ អភិបាល​ខេត្ត​ព្រះ​សីហនុ​ បាន​បញ្ជាក់​ថា​ព្រៃ​កោងកាង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​ដល់​ប្រព័ន្ធ​បរិស្ថាន​ និង​ជារបៀប​តភ្ជាប់​ប្រព័ន្ធ​អេកូឡូ​ស៊ី​រវាង​តំបន់​ដី​គោក​ ឆ្នេរ​ និង​សមុទ្រ​ ហើយ​ដើម​កោងកាង​ដែល​បាន​ដាំ​នាពេល​នេះ​ជា​រុក្ខជាតិ​ដុះ​តាម​តំបន់​ឆ្នេរ​ ឬ​តំបន់​ទឹក​ប្រៃ​លាយ​សាប​ ដែល​ត្រូវ​បាន​គេរក​ឃើញ​នៅ​តាម​ឆ្នេរ​សមុទ្រ​ត្រូពិក​ជាពិសេស​នៅ​តំបន់​មហាសមុទ្រ​ឥណ្ឌា​ខាង​លិច​។

លោក​ គួច​ ចំរើន​ បាន​បន្ត​ថា​ ព្រៃ​កោងកាង​ជា​របាំង​ការពារ​គ្រោះ​ធម្មជាតិ​ ដូចជា​ខ្យល់​ព្យុះ​ ការ​បាក់​ឆ្នេរ​សមុទ្រ​ ការ​ហូរ​ច្រោះ​ឆ្នេះ​ ការកើន​ឡើង​កម្ពស់​ទឹក​សមុទ្រ​ និង​ការ​រក្សា​ទុក​កាបូន​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ជាង​នេះ​ទៅ​ទៀត​លោក​ថា​ ការ​ដាំ​ដើម​កោង​កាង​ពិត​ជា​មាន​សារៈ​សំខាន់​ក្នុង​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ព្រម​ទាំង​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​សគមន៍​មូលដ្ឋាន​ផង​ដែរ​។

ជុំ​វិញ​រឿង​នេះ​ដែរ​ លោក​ សាន់​ ម៉ាឡា​ មន្ត្រី​តស៊ូ​មិត​នៃ​បណ្ដាញ​សមាគម​យុវជន​កម្ពុជា​ (CYN)​ បាន​លើក​ឡើង​ថា​ លោក​មាន​ការ​សាទរ​ចំពោះ​ការ​រៀប​ចំ​សកម្មភាព​ដាំ​ដើម​កោង​កាង​របស់​ក្រសួង​ទេសចរណ៍​ និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ដោយ​លើក​យល់​ឃើញ​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ផ្សព្វផ្សាយ​អំពី​ព្រៃ​កោង​កាង​ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ស្រលាញ់​ ចូល​រួម​ការពារ​ និង​ថែ​រក្សា​ព្រៃ​ទាំង​អស់​នោះ​។

តែ​ទោះ​ជា​យ៉ាង​ណា​លោក​បន្ត​ថា​ ការ​គ្រាន់​តែ​ដាំ​ដើម​កោង​កាង​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ និង​ធានា​ថា​តំបន់​ព្រៃ​កោង​កាង​លែង​មាន​សកម្មភាព​ចាក់​ដី​ដើម្បី​ទន្រ្ទាន​យក​ដី​កោង​កាង​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯក​ជន​ និង​ធានា​ថា​ព្រៃ​កោង​កាង​នៅ​តំបន់​មាត់​សមុទ្រ​មិន​ត្រូវ​បាន​កាប់​ និង​ដុត​បំផ្លាញ់​ខុស​ច្បាប់​នោះ​ទេ​។

លោក​ សាន់​ ម៉ាឡា​ បាន​បន្ត​ថា៖​ «បាទ​! សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់ឃើញ​ថា​ការ​អនុវត្ត​ច្បាប់​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ប្រសិទ្ធិ​ភាព​ និង​គ្មាន​អំពើ​ពុករលួយ​លុះ​ណា​តែ​អាជ្ញាធរ​បើក​ទូលាយ​ឱ្យ​សាធារណៈជន​ អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ ចូលរួម​ចំណែក​នៅ​ក្នុង​កិច្ច​អភិរក្ស​ និង​ថែរក្សា​ការពារ​ទាំង​អស់​នោះ​។ ហើយ​ជាពិសេស​អាជ្ញាធរ​ត្រូវ​តែ​បង្កើត​ឱ្យ​មាន​វប្បធម៌​តម្លាភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។​ ការ​បិទបាំង​ព័ត៌មាន​ ការឹតត្បិត​សិទ្ធិ​សេរីភាព​របស់​មហាជន​ មិន​ឱ្យ​ចូលរួម​ចំណែក​ការពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​វា​គឺ​ជា​ផ្នែក​មួយ​ដែល​នាំ​ទៅ​រក​មហន្តរាយ​ ទាំង​ព្រៃ​ឈើ​នៅ​តំបន់​ទូទៅ​ ទាំង​ព្រៃ​កោងកាង​​នៅក្នុង​តំបន់​មាត់​សមុទ្រ​ផង​ដែរ​»។​

​សកម្មជន​បរិស្ថាន​ កញ្ញា​ ភួន​ កែវ​រស្មី​ បាន​អះអាង​ថា​ កញ្ញា​មានការ​រីករាយ​នៅ​ពេល​ដែល​ក្រសួង​ បាន​សហការ​ជាមួយ​រដ្ឋ​បាល​ខេត្ត​ក្នុង​ការ​ដាំ​ដើម​កោង​កាង​នេះ​ ហើយ​កញ្ញា​បញ្ជាក់​ថា​​ព្រៃ​កោង​កាង​ទឹក​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​នៅ​ខេត្ត​ចំនួន​៤​ ដូច​ជា​ ខេត្ត​ព្រះ​សីហនុ​ ខេត្ត​កោះកុង​ ខេត្ត​កែប​ និង​ខេត្ត​កំពត​។​ តែ​ទោះ​ជា​យ៉ាង​ណា​កញ្ញា​ថា​បច្ចុប្បន្ន​ព្រៃ​កោងកាង​កំពុង​រង​ការ​បាត់​បង់​ជា​បន្ត​បន្ទាប់​ដោយមូលហេតុ​ចំបង​ដូចជា​ ការ​ចាក់​ដីលុប​ ការ​កាប់​ឆ្ការ​ដើម្បី​យក​ដី​ទៅធ្វើ​អចលទ្រព្យ​ ការ​ព័ទ្ធ​របង​ធ្វើ​ជាកម្មសិទ្ធិ​ឯកជន​ និង​ការ​ដាក់​លក់​ជាដើម​។

កញ្ញា​ ភួន​ កែវ​រស្មី​ បាន​លើក​ឡើង​ថា​៖ «យើង​មាន​ការ​សោក​ស្ដាយ​ដែរ​ កោង​កាង​ ដូច​ជា​ក្រសួង​ទេស​ចរណ៍​ ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​អ៊ីចឹង​ វា​មានប្រយោជន៍​ច្រើន​ណាស់​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​កម្ដៅ​ ទប់​រលក​សមុទ្រ​ ផ្ដល់​ជម្រក​ត្រី​ពង​ ដែល​ទាំង​ក្រសួង​ទេសចរណ៍​ និង​ក្រសួង​បរិស្ថាន​បាន​បង្ហាញ​ពី​ការ​មើល​ឃើញ​នូវ​សារៈសំខាន់​ ប៉ុន្តែ​ការ​បំផ្លិច​បំផ្លាញ​ចេះ​តែ​កើត​មាន​​ហើយ​មិន​សូវ​មាន​ការ​ចុះ​ទប់​ស្កាត់​ ឬ​មួយ​ក៏​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ថែ​រក្សាទេ​»។

កញ្ញា​ ភួន​ កែវ​រស្មី​ បាន​អះអាង​ថា​ កន្លង​មកញ្ញា​មើល​ឃើញ​ថា​មិន​ត្រឹម​តែ​ព្រៃ​កោងកាង​ទេ​ គឺ​ព្រៃ​ផ្សេង​ទៀត​ បាន​ទទួល​រង​ការ​កាប់​បំផ្លាញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បន្ត​កើន​ឡើង​ ហើយ​កញ្ញា​​បាន​ចោទ​ជា​សំណួរ​ថា​ យូរ​ៗ​ដាំ​ម្ដង​តើ​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​នេះ​អាច​ទប់​ស្កាត់​ជាមួយ​នឹង​ការ​បាត់បង់​បាន​ដែរ​ឬ​ទេ​?

​​​​​កញ្ញា​ ភួន​ កែវ​រស្មី​ បាន​បន្ត​ថា​​៖ «កន្លង​មក​យើង​មើល​ឃើញ​មិន​ថា​តែ​កោងកាង​ទេ​ ព្រៃ​ឈើ​ដែល​រង​នូវ​ការ​កាប់​បំផ្លាញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​ការ​កើន​ឡើង​ ហើយ​យូរ​ៗ​យើង​ដាំ​ម្ដង​ ហើយ​តើ​ការ​ដាំ​នេះ​វា​អាច​ទប់​ស្កាត់​ជា​មួយ​នឹង​ការ​បាត់​បង់​បាន​ឬអត់​?​ ហើយ​តើ​ត្រូវ​ចំណាយ​រយៈ​ពេល​ប៉ុន្មាន​ទើប​វា​ធំ​ ទើប​វា​ក្លាយ​ព្រៃ​កោងកាង​ដែល​គេ​បាន​កាប់​ ឬ​ដែល​បាន​បំផ្លាញ​ហ្នឹង​?»

ជាង​នេះ​ទៅ​ទៀត​ កញ្ញា​ ភួន​ កែវ​រស្មី​ ក៏​បាន​ធ្វើ​ការ​ស្នើ​សុំ​ដល់​ក្រសួង​ទេសចរណ៍​ ក្រសួង​បរិស្ថាន​ និង​អ្នក​ដែល​មាន​ទំនួល​ខុស​ត្រូវ​តាម​ខេត្ត​នីមួយ​ៗ​ទៅ​ការ​ថែ​រក្សា​ព្រៃ​កោងកាង​នេះ​​ ធ្វើ​យ៉ាង​ណា​ពង្រឹង​ និង​យក​ចិត្ត​ទុកដាក់​ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា​នេះ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ និង​បង្ហាញ​ឱ្យ​ឃើញ​ថា​ការ​ថែរក្សា​ព្រៃ​កោងកាង​នេះ​ពិត​ជាមាន​តម្លៃ​ និង​មាន​សារៈ​សំខាន់​។

បញ្ជាក់​ដែរ​ថា​ ប្រទេស​កម្ពុជា​មាន​ព្រៃ​កោងកាង​សរុប​ចំនួន​៥៨,៨៥២​ហិកតា​ ក្នុង​នោះ​ខេត្តព្រះសីហនុ​មាន​ផ្ទៃ​ដី​ព្រៃ​កោងកាង​ចំនួន​៩,៣៥២​ហិកតា​ មាន​ចំនួន​៣៩​ប្រភេទ​។ ព្រៃ​កោងកាង​ជា​កន្លែង​រក្សា​ជា​ដែន​ជម្រក​ ជា​កន្លែង​បង្កាត់​ពូជ​ ប្រភព​មេពូជ​នៃ​ធម្មជាតិ​ និង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​មនុស្ស​ តាម​រយៈ​ការ​ផ្តល់​ជា​ប្រភព​អាហារ​ និង​ឱសថបុរាណ​ផងដែរ​៕​​