កម្ពុជាបានអាក់ខានរៀបចំកម្មវិធីពិព័រណ៍សៀវភៅថ្នាក់ជាតិអស់រយៈពេល២ឆ្នាំ ចាប់តាំង​ពី​មាន​ការរីករាលដាល​ជំងឺឆ្លងកូវីដ១៩។ ឆ្នាំនេះកម្ពុជា​រៀបចំកម្មវិធីពិធីព័រណ៍សៀវភៅលើកទី៩ ក្រោមប្រធានបទ មួយថ្ងៃអាន មួយថ្ងៃដឹង កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ។

យុវជន​​ចំនួន​​៥​​រូបបាន​ផ្តល់​បទ​សម្ភាស​​ដល់ Newsroom Cambodia​ អំពី​​ទស្សនៈ​​ផ្ទាល់​​ខ្លួន​​របស់​​ពួក​គេ​​ជុំ​វិញ​​​សារៈ​ប្រយោជន៍​នៃ​ការអាន​​នៅ​​ប្រទេស​​កម្ពុជា​​នា​ពេល​​បច្ចុប្បន្ន​​​។

កញ្ញា ថុន ថាវរី​ ជាអ្នក​និពន្ធ និង​សហស្ថានិក​នៃ​សៀវភៅ​ជីវិត​ យល់​ឃើញ​ថា ការអាន​ផ្តល់​អត្ថប្រយោជន៍​ក្នុងការ​សម្រេច​ចិត្ត ព្រោះ​ការអាន​វាផ្តល់​ឱ្យយើង​នូវ​ចំណេះដឹង​ជា​ច្រើន។ កញ្ញា​បាន​ចាប់​ផ្តើម​អាន​សៀវភៅ​តាំង​ពី​ឆ្នាំ​២០១៦ ដែល​កាលនោះ​នៅ​កម្ពុជា​ការអាន​មិន​ទាន់​មានភាព​ផុសផុល​នៅឡើយ​។ កញ្ញា​បានបន្ថែម កត្តា​ដែល​ធ្វើឱ្យ​ការអាន​មានការ​កើន​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៨ គឺ​ដោយសារតែ​យុវជន​មាន​ការយល់​ដឹង​ពី​សារៈ​សំខាន់​ពី​នៃ​ការ​អាន ​និង​គាត់​អាច​មាន​លិទ្ធភាព​អាច​ទិញ​សៀវភៅ។

កញ្ញាថា៖ «សម្រាប់ខ្ញុំ​ការអាន​គឺ​សំខាន់  ហើយ​បើ​ងាក​ទៅ​ប្រទេស​គេ​ដែល​ជឿនលឿន​វិញ​ ប្រជាជន​គេសុទ្ធតែ​អ្នក​ចូលចិត្ត​អាន កាន់តែ​អាន​កាន់​តែមាន​ចំណេះដឹង​ទូលំទូលាយ​ក្នុង​ការ​សម្រេច​ចិត្ត មិនបាច់​ធំដុំ​អ្វី​ទេ  សូម្បី​តែ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ប្រកប​ជីវិត​ប្រចាំ​ថ្ងៃ​ហ្នឹង ក៏វា​សំខាន់​ដែរ។ សម្រាប់​ខ្ញុំ ខ្ញុំ​ចាប់ផ្តើម​ប្រលូក​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ជំនាន់​ហ្នឹង​អត់ទាន់​មាន​ការអាន​ហ្នឹង ផុលផុស​ទូលំទូលាយ​ទេ ប៉ុ​ន្តែ​ចាប់​តាំង​ពី​២០១៦​រហូត​មកដល់​ឥលូវ​ហ្នឹង​គឺ​មាន​ការកើន​ឡើង​ច្រើន ចន្លោះ​ពី​ឆ្នាំ​២០១៨ ទៅ​២០១៩ គឺ​ទាំងអស់​គ្នាបែរ​មក ចាប់ផ្តើម​ទិញ​សៀវភៅ​អាន​អ៊ីចឹង​ណា។ ខ្ញុំ​គិត​ថា គាត់​ប្រហែល​ចាប់ផ្តើម​គិត​ថា កាហ្វេ​១​កែវ តម្លៃ​២ដុល្លារ​ ឬ៣ដុល្លារ​គាត់​ហ៊ាន​ចំណាយ ហេតុអ្វី​ក៏គាត់​មិនហ៊ាន​ចំណាយ​៣ ឬ៤ដុល្លារ​ទៅ​លើ​ចំណេះដឹង​អ៊ីចឹង​ណា»។

លោក សុខ សុវណ្ណ ក្នុងពេលសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ ស៊ឹម ចាន់សំណាង

លោក សុខ សុវណ្ណ ជានិស្សិត​ឆ្នាំទីបូន​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​នយោបាយ យល់ឃើញ​ថា ការអាន​មាន​សារៈ​សំខាន់​ណាស់ ព្រោះបើ​យើង​មិន​អាន​សៀវភៅ ​ភាពអវិជ្ជា​របស់​យើង​នឹង​កើន​ឡើង ហើយវា​នឹង​ធ្វើឱ្យ​យើង​រស់ទាំង​គ្មាន​ក្តីសុខ។ លើសពី​នេះ​ទៀត ក្រៅពី​ចំណេះដឹង​ដែល​ទទួល​បាន​ពីសាលា ការអាន​ផ្តល់​នូវ​ចំណេះដឹង​ជាច្រើន ព្រោះ នៅ​ក្នុង​ករណី​ខ្លះ សៀវភៅ​មួយអ្នក​និពន្ធ​ត្រូវ​ចំណាយ​ពេល​តាក់តែង​រហូត​ដល់​១០​ឆ្នាំ​ឯណោះ។ លោក​មាន​ជា​យោបល់​ថា ទោះបី​ជារវល់​យ៉ាងណា​ក៏​ដោយ ក្នុងមួយ​ថ្ងៃ​យើង​គួរ​ចំណាយ​ពេល​អាន​ចន្លោះពី​១០ទៅ​៣០​នាទី។

ចំពោះ​លោក ប្រយោជន៍​ដ៏​ធំ​ចំនួន​ពីរ​ដែល​យើង​ទទួល​បាន​ពី​ការ​អាន​មាន​ដូចជា ការអាន​ធ្វើឱ្យ​ខួរក្បាល​របស់​យើង​មាន​ការវិវឌ្ឃន​ល្អ និង​កាត់​បន្ថយ​ភាពតាន​តឹង។ និង​ជា​ចុង​ក្រោយ ការអាន​ធ្វើឱ្យ​យើង​មាន​សុជីវធម៌​ល្អ។

លោក​ថា​៖ «ការអាន​សៀវភៅ​គឺពិតជា​សំខាន់​មែន​ទែន និយាយ​រួម​ទៅ​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃរ​បស់​យើង។ បើសិន​ជាយើង​ដកឃ្លា​ចេញពី​អំណាន គឺយើង​យក​ជីវិត​ខ្លួនឯង​ទៅផ្សាភ្ជាប់​ជាមួយ​នឹង​ភាព​ល្ងង់ខ្លៅ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ធ្វើឱ្យ​ជីវិត​យើង​រស់នៅ​អត់​មាន​សេចក្តី​សុខ​។ នៅពេល​ដែល​យើង​បាន​អាន​សៀវភៅ យើង​បាន​ដឹង​ពីអ្វីៗ​ដែល​ថ្មីច្រើន​ណាស់ សូម្បី​តែពេល​ខ្លះ​នៅ​ក្នុង​សាលា គ្រូគាត់​អត់បាន​បង្រៀន​យើង​ទេ តែ​សៀវភៅ​មួយ​ក្បាល​កើត​ចេញ​ពី​ ស្នាដៃ​មួយ​ដែល​គេ​បង្កើត​ឡើង​មក ជួនកាល​សៀវភៅ​ខ្លះ​និពន្ធ​រហូត​១០​ឆ្នាំ​ឯណោះ។ ជាយោបល់​របស់​ខ្ញុំក្នុង​មួយថ្ងៃ ១០នាទី​ក៏បាន ១៥នាទី​ក៏បាន ៣០នាទី​ក៏បាន​ឱ្យតែយើង​មាន​ពេលអាច​ឆ្លៀតអាន​បាន​»។​​

លោកបន្តថា៖ «ប្រយោជន៍​ដែល​ធំ​ជាងគេ គឺ​ចំណេះដឹង នៅពេល​ណាយើង​មាន​ចំណេះ​ដឹង យើង​មាន​សីលធម៌ នៅពេល​ដែល​យើង​មាន​សីលធម៌ យើង​នឹង​មាន​សុជីវធម៌ នៅពេល​ណា​យើង​មាន​សុជីវធម៌​យើង​ចាប់ផ្តើម​មាន​គុណធម៌។ ទី១ ការអាន​សៀវភៅ​ផ្តល់​ផលប្រយោជន៍​ឱ្យយើង​មាន​ខួរក្បាល​ល្អ​រីកចម្រើន​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​។ ទី២​ការអាន​សៀវភៅ​ជួយ​ឱ្យ​ផ្លូវចិត្ត​យើងកាន់​តែល្អ​ប្រសើរ​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ។ វាអាច​ជួយ​យើង​ពីជំងឺ​បាក់ទឹកចិត្ត ស្ត្រេស តប់​ប្រម៉ល់ ចឹង​គាត់​អាច​អាន​សៀវភៅ​បាន​ដើម្បី​រំសាយ​អារម្មណ៍​ទាំងអស់​ហ្នឹង​បាន​»។​

លោក លឹម សូនិច ជានិស្សិត​ឆ្នាំទី​២ សិក្សា​ផ្នែក​សំណង់​ស៊ីវិល នៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​(ITC) ការអាន​ធ្វើឱ្យ​យើង​មានការ​គិត​បែបស៊ី ( Critical Thinking ) ដោយសារ​តែសៀវភៅ​ដែល​យើង​អាន​វាផ្តល់​គំនិត​ជាច្រើន​ដល់​យើង​។ លោក​បន្ថែម​ទៀត​ថា ជាជាង​ចំណាយ​ពេល​ធ្វើកិច្ចការ​គ្មាន​ប្រយោជន៍ ការអាន​ជាប្រចាំ​នឹង​ធ្វើឱ្យ​ខួរក្បាល​យើង​មាន​ការ​លូតលាស់​ល្អ​។

លោក លឹម សូនិច ក្នុងពេលសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ រ៉ូវ ហុងសេង

លោក លឹម សូនិច បាន​បន្តទៀត​ថា ការអាន​ក៏ជា​ផ្នែកមួយ​នៃការ​កំសាន្ត​ដែរ ជា​ឱទាហរណ៍ ​សម្រាប់​លោក​ពេល​លោក​ទំនេរ លោក​ចំណាយ​ពេល​អាន​សៀវភៅ​​ប្រលោម​លោក​គំនូរ​ជីវចល​ជប៉ុន (Manga) ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង។

លោក ថា ៖ «ខ្ញុំយល់ថា ការអាន​សំខាន់​ព្រោះ​ថា​ការអាន​ផ្នែកមួយ​នៃការ​បណ្តុះ​គំនិត​ឱ្យ​យុវជន​យើង​មានការ​គិត​វែងឆ្ងាយ​ជាងមុន ចេះ​គិត​ជាង​មុន។ កាលណា​យើង​អាន​បាន​ច្រើន គំនិត​យើង​មាន​កាន់​តែ​ច្រើន ហើយ​ឱ្យយើង​ចេះគិតគូរ​បាន​វែង​ឆ្ងាយ តាម​ប្រភេទ​សៀវភៅ​ដែល​យើង​បាន​អាន។ ប៉ុន្តែ​ការអាន​វាល្អ​ជាជាង ការ​ដែល​យើង​យក​ពេល​ទៅ​ធ្វើអ្វី​ដែល​អត់សូវ​មាន​ប្រយោជន៍ យើង​ទំនេរ យើង​អាច​ព្យាយាម​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួនឯង​ឱ្យ​ទម្លាប់​អាន​​ចឹង​ទៅ ក៏វា​ជួយ​ស្មារតី ជួយ​ខួរក្បាល​»។

លោកបន្តថា៖ «នៅពេល​ដែល​ខ្ញុំ​ស្ត្រេស ខ្ញុំ​ចូលចិត្ត​អាន Manga (សៀវភៅ​ប្រលោម​លោក​គំនូរ​ជីវចល​ជប៉ុន) នៅពេល​អាន​ទៅ​ខ្ញុំ​បាត់​ស្ត្រេស និង​ជួយឱ្យ​ខ្ញុំ​មាន​គំនិត ហើយ​ណា​មួយ​ពេល​ខ្លះវា​មាន​ការ​អប់រំ​នៅក្នុង​ហ្នឹង​ដែរ ចឹង​ធ្វើឱ្យ​ខ្ញុំដឹង​ពីការ​គិត​វែងឆ្ងាយ​ជាង​មុន ដឹង​ថា​ធ្វើអ្វី​មួយ​អាច​ជោគជ័យ​ជាង​មុន​»។

កញ្ញា វិច្ឆិកា ក្នុងពេលសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ ស៊ឹម ចាន់សំណាង

កញ្ញា វិច្ឆិកា និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញប័ត្រ​ផ្នែក វិស្វករ មកពី​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា យល់​ថា ការអាន​ធ្វើឱ្យ​យើង​សម្រេច​ចិត្ត​ជ្រើស​រើស​មេដឹកនាំ​បាន​ល្អជាង​មុន តាមរយៈ​ការ​ទទួល​បាន​គំនិត​ល្អៗ​ពីសៀវភៅ​។ ក្រៅពីនេះ ការអាន​ច្រើន​ធ្វើឱ្យ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ល្អជាង​មុន។

កញ្ញាថា៖ «ការអាន​សំខាន់​ព្រោះការ​អានហ្នឹង​ធ្វើឱ្យ​យើង​ក្លាយ​ទៅជា​មនុស្ស​ដែល​ទទួល​បាន​ចំណេះដឹង​ជាច្រើន​អំពីការ​អាន ហើយ​ការអាន​ហ្នឹង​ទៀត​សោត​ ជួយ​​ឱ្យយើង​បាននូវ​គំនិត​ល្អៗពីសំណាក់​អ្នកនិពន្ធ ក៏ដូចជា​គំនិត​ល្អៗ​ដែលមាន​នៅក្នុង​សៀវភៅ។ ហើយ​មួយវិញ​ទៀត​ការ​អាន​ក៏ជួយ​ឱ្យ​យុវជន​ដឹងថា តើមេ​ដឹកនាំ​បែបណា​គួរតែ​ដើរ​តាម​?»។​

កញ្ញាបន្តថា​៖ «ខ្ញុំ​គិតថា​ការអាន​វាសំខាន់​សម្រាប់​យើង ការអាន​វានាំមក​នូវ​បញ្ញា ឬមួយ​ក៏​យើង​ហៅថា​ពុទ្ធិដែល​វាពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ព្រោះ​មែនទែន​ទៅកាល​ណា​តែចំណេះដឹង​យើង​វាមាន​ច្រើន បញ្ហា​ដែល​កើតមាន​ក្នុងជីវិត​យើង​កើន​តែតិច​ជាង​មុន​។ ការអាន​វាផ្តល់​ជា​គំនិត​ល្អៗ​សម្រាប់​យើង​ជា​ពិសេស ជួយឱ្យ​យើង​ទទួល​បាន​ចំណេះ​ដឹងថ្មីៗ​ជាច្រើន​។ ការអាន​ជួយ​យើង​បានច្រើន​ពិសេស ប្អូនៗ​ដែល​កំពុង​រៀន​នៅ​សាកល​វិទ្យា​ល័យ និង​ថ្នាក់​វិទ្យាល័យ​»។

លោក សៀង ពិសាល អនុប្រធាន​ការិយាល័យនៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យល់​ឃើញថា​ការអាន​មិនត្រឹម​តែជួយ​ឱ្យ​បុគ្គល​មាន​ភាព​ជោគជ័យ​នៅ​ថ្ថៃ​អនាគត​នោះទេ វាចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន​ប្រទេស​ជាក់​ផង​ដែរ​។

លោកថា៖ «អំណាន និង​ការអាន​គឺមាន​សារៈ​សំខាន់​សម្រាប់​យុវជន​ទាំងអស់ អ៊ីចឹង​បើ​សិន​ជាយុវជន​ទាំង​អស់​គាត់​អត់​មានការ​អាន គាត់ក៏​អត់មាន​អំណាន សង្គមជាតិ​មួយ​គឺវា​នឹង​អត់​រីកចម្រើន​ទេ។ កាន់​តែសំខាន់​ទៀតនោះ ការអាន​ធ្វើឱ្យ​មនុស្ស​មាន​ចំណេះ​ដឹង​ទូលំ​ទូលាយ​ធ្វើឱ្យ​អនាគត​បរវររុង​រឿង​»។ល​

លោកបន្តថា៖ «នៅពេល​គាត់​អាន​កាន់​តែ​ច្រើន គាត់នឹង​យល់​អំពី​ទិដ្ឋភាព​ធំៗ​ច្រើន ចឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​គាត់​គឺគាត់​មាន​ដំណោះ​ស្រាយ​ច្រើន សម្រាប់​អ្នក​ដែល​មិន​បាន​អាន អាហ្នឹង​គាត់​អត់សូវ​មាន​ដំណោះ​ស្រាយ​ទេ គេហៅថា​គំនិត​ខ្លី។ អ្នក​ដែល​បាន​អាន គឺគំនិត​គាត់គិត​វែងឆ្ងាយ គិត​បាន​ជ្រៅ​ជាង​អ្នក​មិន​បាន​អាន​»៕​