អ្នកជំនាញប្រវត្តិសាស្ត្រគាំទ្រឱ្យមានការឈប់សម្រាកថ្ងៃទី១៤ ធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីបណ្ដុះបណ្ដាលគំនិតប្រជាជនខ្មែរ តាមសាលារៀន តាមវត្តអារាម និងទីកន្លែងផ្សេងៗទៀត លោកថាប្រជាជនគប្បីយកចិត្តទុកដាក់គិតអំពីសម្បតិ្តបេតិកភណ្ឌពិភពលោក ដោយមិនមែនគ្រាន់តែដកដងទង់ជាតិហូត ហើយមិននាំគ្នាគិត មិននាំគ្នារៀន នាំគ្នាផឹកស្រវឹង នាំគ្នាដើរផ្ដេសផ្ដាស់នោះទេ។
យោងតាមការចុះផ្សាយតាមរយៈទំព័រហ្វេសប៊ុក របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញថា លោកមានការអបអរសាទរចំពោះខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
លោកថា នេះគឺជាការរំឮកស្មារតីកូនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺ សម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយក្នុងការពារនូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ហើយររដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ។
លោកបន្ថែមថា បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌របស់ប្រទេសកម្ពុជា។ ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកសន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុនដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។
ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ថា អាយស៊ីស៊ីអង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។
ជាមួយគ្នានេះដែរ លោក សំបូរ ម៉ាន់ណារ៉ា អ្នកជំនាញប្រវត្តិសាស្ត្រ យល់ឃើញថា ការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកគឺ ដើម្បីឱ្យពិភពលោកជួយគាំពារ ជួយការពារ និងការជួយគ្រប់គ្រងផងដែរ។ លោកបន្ថែមថានៅឆ្នាំ១៩៩២ ប្រទេសកម្ពុជាបានជួបវិបត្តិច្រើន ទាំងសង្គ្រាម សេដ្ឋកិច្ច ទំនាស់នយោបាយផ្ទៃក្នុង ដូច្នេះទាំងនេះជាមូលហេតុដែលនាំឱ្យមានការបារម្ភអំពីបេតិកភណ្ឌជាតិរបស់កម្ពុជា។
លោក សំបូរ ម៉ាន់ណារ៉ា បានលើកឡើង៖ «កាលណាតែយើងនិយាយអំពីការដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក មនុស្សមួយចំនួនគេគិតថាយើងឈប់គិតគូរពីរបស់យើង យើងបែរជាផ្ដល់ឱ្យទៅគេ គឺឱ្យអន្តរជាតិ។ ប៉ុន្តែទស្សនៈនេះសម្រាប់ខ្ញុំគិតថាខុសឆ្គង កាលយើងដាក់ជាបេតិកភណ្ឌពិភពលោកក្នុងបញ្ជីនេះ ដើម្បីពិភពលោកជួយគាំពារ ជួយការពារ ក៏ដូចជាជួយគ្រប់គ្រងដែរ ពីព្រោះហេតុអី? ដោយសារតែប្រទេសយើងកាលណោះឆ្នាំ១៩៩២ យើងកំពុងតែជួបវិបត្តិច្រើន ហើយអ្វីដែលជាវិបត្តិនោះគឺ សង្គ្រាមផង ទុរ្ភិក្សខាងសេដ្ឋកិច្ចផង ទំនាស់នយោបាយផ្ទៃក្នុងក៏មានដែរ។ អ៊ីចឹងចលាចលទាំងអស់ហ្នឹង នាំឱ្យយើងបារម្ភ អំពីបេតិកភណ្ឌជាតិរបស់យើងដ៏អស្ចារ្យ»។
លោក សំបូរ ម៉ាន់ណារ៉ា បានបន្តថាការដាក់បញ្ចូលរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក បានផ្ដល់នូវតម្លៃបី ទីមួយបណ្ដុះបណ្ដាលកូនចៅជំនាន់ក្រោយឱ្យរៀនសូត្រអំពីប្រាសាទអង្គរវត្ត ទីពីររដ្ឋាភិបាលយកចិត្តទុកដាក់បង្កើតទៅជាទីកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរដែលមានតម្លៃអន្តរជាតិអំពីស្នាដៃបុព្វបុរសខ្មែរ និងការទទួលបានចំណូលដើម្បីអភិវឌ្ឍន៍សង្គម ទីបីការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដើម្បីឱ្យមានដំណើរវិវត្តន៍នៅក្នុងតំបន់អង្គរ និងការការពារកុំឱ្យបាត់បង់នូវកន្លែងសក្ការៈបូជាផងដែរ។
លោកបន្តលើកឡើងថា៖ «បើសិនជាយើងឈប់នៅថ្ងៃទី១៤ ធ្នូ ជារៀងរាល់ឆ្នាំ ខ្ញុំយល់ស្រប និងគាំទ្រទាំងអស់ ប៉ុន្តែយើងត្រូវបណ្ដុះបណ្ដាលគំនិត តាមសាលារៀន តាមវត្តអារាម ឬក៏តាមទីតាំងទាំងឡាយណាទាំងអស់ ហើយយកចិត្តទុកដាក់គិតពីរឿងហ្នឹង មិនមែនគ្រាន់តែដកដងទង់ជាតិហូត ហើយយើងមិននាំគ្នាគិត មិននាំគ្នារៀន នាំគ្នាផឹកស្រវឹង នាំគ្នាដើរផ្ដេសផ្ដាស់ មានប្រយោជន៍អី?»។
យោងតាមការចុះផ្សាយរបស់រមណីយដ្ឋានអង្គរកាលទីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បង្ហាញថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរបរទេសដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៥៥ ៨៤២នាក់ ទទួលបានចំណូល ២ ២៥១ ០៤៩ដុល្លារ។
ប្រភពដដែលបន្តថារយៈពេល១១ខែ ឆ្នាំ២០២២នេះ ចំនួនភ្ញៀវទេសចរបរទេសដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរសរុប ២២៥ ១៩១ នាក់ ទទួលបានចំណូលសរុប ៩ ០១២ ៨៥២ដុល្លារ។
គូសបញ្ជាក់ថា រមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីឆ្នាំ១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ តំបន់ឧទ្យានអង្គរមិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១ គីឡូម៉ែត្រក្រឡា។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូលមានប្រាសាទជិត ១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕