ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវរួមគ្នាឱ្យប្រទេសរុស្សីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ដែលជាហេតុនាំឱ្យមានផលប៉ះពាល់អវិជ្ជមានទៅដល់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយលោកជំរុញឱ្យប្រទេសជាដៃគូអន្តរជាតិចូលរួមជាមួយការអំពាវនាវនេះ។
យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ជាអក្សរខ្មែរ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងថា សង្គ្រាមធ្វើឡើងដោយរុស្ស៊ីនៅអ៊ុយក្រែនបានបង្កឱ្យមានការឈឺចាប់យ៉ាងច្រើន។ ដូច្នេះ ប្រទេសបារាំង និងកម្ពុជាអំពាវឱ្យរុស្សីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារទៅលើអ៊ុយក្រែន ហើយលោកក៏បានអំពាវឱ្យដៃគូអន្តរជាតិផ្សេងទៀតចូលរួមផងដែរ
លោក Emmanuel Macron បានលើកឡើងថា៖ «សង្គ្រាមធ្វើឡើងដោយរុស្ស៊ីនៅអ៊ុយក្រែនបានបង្កឱ្យមានការឈឺចាប់យ៉ាងច្រើន។ ជាមួយប្រទេសកម្ពុជា យើងសូមអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារទៅលើប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ សូមដៃគូអន្តរជាតិចូលរួមជាមួយយើងខ្ញុំក្នុងការអំពាវនាវនេះ»។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ថា លោកបានចូលរួមធ្វើសន្និសីទរួមគ្នាជាមួយប្រធានាធិបតីបារាំងនៅទីក្រុងប៉ារីសប្រទេសបារាំង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។ លោកថា សន្និសីទរួមគ្នានោះ លោក Emmanuel Macron បានរំឮកឡើងវិញ អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ ស្តីពីសន្តិភាពនៅកម្ពុជា ដើម្បីធានាអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា សម្រាប់ការកសាងកម្ពុជាឡើងវិញ។
ទន្ទឹមនឹងរំលឹកអំពីការជួយជ្រោមជ្រែងដល់កម្ពុជា លើដំណើរស្វែងរកសន្តិភាពកាលពីអតីតកាលហើយនោះ ប្រធានាធិបតីបារាំង ក៏បានបង្ហាញការអរគុណ និងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែនផងដែរ។
លោកបន្ថែមថា លោកប្រធានាធិបតីបារាំង បានគូសបញ្ជាក់ដូច្នេះ៖ «ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅអឺរ៉ុប លោកនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តអញ្ជើញមកទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងក្របខណ្ឌនៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការធ្វើទុកបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារសន្តិភាពជានិរន្ត។ ខ្ញុំសូមអរគុណលោកជាឱឡារិក»។
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ កន្លែងទៅ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងបន្ទោសប្រទេសរុស្ស៊ីដែលបានធ្វើប្រជាមតិយកទឹកដីរបស់អ៊ុយក្រែន ៤តំបន់ដាក់ជារបស់ខ្លួនផងដែរលោកថា វាមិនមែនជារឿងត្រឹមត្រូវទេ ដែលប្រទេសមួយទៅយកទឹកដីប្រទេសមួយទៀត ខណៈដែលលោកបញ្ជាក់ថាកម្ពុជាត្រូវប្រកាន់យកគោលការណ៍ច្បាប់ជាមូលដ្ឋាន។
លោក ហ៊ុន សែន បានលើកឡើង៖ «យើងក៏ត្រូវតាមដានការពិភាភ្សានៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធជាមួយនឹងរុស្សី ទៅយក៤តំបន់ផ្សេងទៀត ដាក់ចូលទឹកដីរបស់ខ្លួន វាមិនមែនជារឿងល្អទេនៅសតវត្សទី២១ហើយនោះ ហើយប្រទេសមួយទៅដើរយកដីពីប្រទេសមួយវាមិនមែនជារឿងត្រឹមត្រូវទេ បើប្រទេសជិតខាងយើង ធ្វើអ៊ីចឹងដាក់យើង តើយើងខឹងទេ? យើងត្រូវប្រកាន់គោលការណ៍ច្បាប់ជាមូលដ្ឋាន។ ខ្ញុំត្រូវតាមដានអារឿងហ្នឹង»។
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែនថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាត់បង់ទាហានប្រហែល ១០ ០០០ទៅ ១៣ ០០០ នាក់ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។
បញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានបើកការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីហៅថាជាយុទ្ធនាការយោធាពិសេសនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ហើយសង្រ្គាមនេះបានអូសបន្លាយចូលដល់ខែទី១១ហើយ ប៉ុន្តែនៅមិនទាន់បញ្ចប់នៅឡើយ៕