អគ្គនាយកដ្ឋានពន្ធដារបានប្រកាសថា ចំណូលពន្ធរយៈពេល១១ខែ ក្នុងឆ្នាំ២០២២ កើនឡើង ៦៤៨,១៧លានដុល្លារ ស្មើនឹង២៥,២៩% បើធៀបនឹងរយៈពេលដូចគ្នានេះនៅឆ្នាំ២០២១ និងចំពោះចំណូលពន្ធប្រចាំខែវិច្ឆិកា នៅឆ្នាំ២០២២ កើនឡើង ២៣,៤៦ លានដុល្លារ ស្មើនឹង៩,៦០% បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២១។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
ក្នុងនោះបង្ហាញថានៅខែវិច្ឆិកា ឆ្នាំ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទដែលប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យមានប្រមាណ ២៦៧,៩៨លានដុល្លារ ស្មើនឹង ៩,៥០% នៃផែនការស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ រីឯសរុបរយៈពេល១១ខែ ឆ្នាំ២០២២ ពន្ធដារប្រមូលបានជាក់ស្តែងប្រមាណ ៣២១៤,០៦លានដុល្លារ ស្មើនឹង ១១៣,៩៩% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។
គូសបញ្ជាក់ដែរថា ដោយសារផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ១៩ និងភាពតានតឹងនៃវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន នៅតែបន្តមានអតិផរណា ដែលប៉ះពាល់ដល់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធ។
គួររំឭកថា សេចក្តីព្រាងច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលបានអនុម័តទាំងស្រុង តម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធផ្ទៃក្នុងចំនួន ៣៥៧១,៧០លានដុល្លារ ដែលនេះគឺកើនឡើង ២៦.៧០% បើធៀបនឹងច្បាប់ហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ កំណត់ឱ្យពន្ធដារប្រមូលចំណូល ២៨១៩,៥៥លានដុល្លារ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានផ្តល់បទសម្ភាសន៍ឱ្យ Newsroom Cambodia ថា កិច្ចព្រមព្រៀងទ្វេរភាគីរវាងកម្ពុជា-ចិន រួមទាំងរវាងកម្ពុជា-កូរ៉េខាងត្បូងកាលពីថ្មីៗនេះ ធ្វើឱ្យគយបាត់បង់ចំណូលពន្ធចម្លោះពី ៣៧៥ ទៅ ៤០០លានដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។
លោករំឭកថា៖ «ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ យើងឃើញថារបាំងគយនៃទំនិញដែលបានព្រមព្រៀងគ្នាមានការ បានន័យថាការផ្លាស់ប្តូរពាណិជ្ជកម្មលើទំនិញដែលបានព្រមព្រៀងគ្នាមានការទម្លាក់ចោល នូវរបាំងពន្ធគយ មានន័យថា ដែលយើងអាចនាំទៅក្រៅប្រទេស ដូចជាចិន និងកូរ៉េខាងត្បូង ដោយអត់ជាប់ពន្ធគយ ហើយគេនាំមកវិញក៏មិនជាប់ពន្ធគយ។ ចឹងតាមតែយើងដឹង គឺខាងគយបាត់បង់ចំណូលពន្ធចន្លោះពី ៣៧៥លានទៅ ៤០០លានដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ ចឹងហើយការបាត់បង់ពន្ធគយក៏ជាចំណុចមួយដែលយើងឃើញថា ការនាំចូលមកពីប្រទេសទាំងអស់នោះ ប្រទេសចិន និងកូរ៉េនោះ មុខទំនិញដែលព្រមព្រៀងគ្នាអាចមានចំនួនច្រើនជាងសព្វមួយដង»។
លោក សន ជ័យ បានគូសបញ្ជាក់ដែរថា ទន្ទឹមនឹងទំហំនៃការបាត់បង់ពន្ធគយរបស់កម្ពុជាពីប្រទេសចិន និងកូរ៉េខាងត្បូង ហើយកម្ពុជាក៏នឹងកើនឡើងនូវពន្ធដារផងដែរ ដូច្នេះលោកថាកម្ពុជាគួរអនុវត្តឱ្យប្រាកដប្រជានូវការប្រមូលពន្ធដារ។
លោកថា៖ «ប៉ុន្តែបើយើងមើលពីទំហំនៃការបាត់បង់ពន្ធគយពីប្រទេសទាំងពីរនេះ ហើយនឹងការកើននូវពន្ធដារ វាជារូបភាពមួយដែលយើងគួរមើលដែរ វាអាចបំពេញគ្នាទៅវិញទៅមកបានទេ? ដូច្នេះខ្ញុំយល់ថា កម្ពុជាគួរតែពិនិត្យមើល ហើយនិងមានការអនុវត្តការប្រមូលពន្ធដារនេះឱ្យបានប្រាកដប្រជា»។
លោកបន្ថែមទៀតថា៖ «តាមដែលយើងដឹង គឺលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជាកម្ពុជា-ចិន និងកម្ពុជា-កូរ៉េនេះ កម្ពុជាអាចប្រឈមនឹងការបាត់បង់ពន្ធគយពី ៣៧៥លានដុល្លា រហូតដល់ ៤០០លានដុល្លាសហរដ្ឋអាមេរិក។ បើអ៊ីចឹងការបាត់បង់ ក្រោម៤០០លានដុល្លាសហរដ្ឋអាមេរិកនេះ វាជាកញ្ចក់មួយដែលធ្វើឱ្យយើងឆ្លុះបញ្ចាំងបាន។ តើទំហំនៃការទទួលបាននូវពន្ធដារនេះ តើវាអាចស៊ីសង់ជាមួយនឹងអ្វីដែលយើងបាត់បង់ទៅដែរទេ? ពីព្រោះអី? ប្រភពពីរហ្នឹង ពន្ធដារ និងពន្ធគយនេះជាចំណូលមួយសម្រាប់ថវិការជាតិ»៕