អគ្គនាយក​ដ្ឋាន​ពន្ធដារ​បានប្រកាស​ថា​ ចំណូល​ពន្ធ​រយៈ​ពេល​១១​ខែ​​ ក្នុង​ឆ្នាំ​២០២២​ កើន​ឡើង​ ៦៤៨,១៧​លាន​ដុល្លារ​ ស្មើ​នឹង​២៥,២៩%​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​នៅ​ឆ្នាំ​២០២១​ និង​ចំពោះ​ចំណូល​ពន្ធ​ប្រចាំ​ខែ​វិច្ឆិកា​ នៅឆ្នាំ​២០២២​ កើន​ឡើង​ ២៣,៤៦ ​លាន​ដុល្លារ​ ស្មើ​នឹង​៩,៦០%​ បើ​ធៀប​នឹង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​។ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៣​ ខែ​ធ្នូ ​ឆ្នាំ​២០២២​។

ក្នុង​នោះ​បង្ហាញ​ថា​នៅ​​ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​ប្រមូល​បាន​ជាក់​ស្តែង​តាម​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​មាន​ប្រមាណ​ ២៦៧,៩៨​លាន​ដុល្លារ​ ស្មើ​នឹង​ ៩,៥០%​ នៃ​ផែនការ​ស្តី​ពីហិ​រញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៣​។  រី​ឯ​សរុប​រយៈ​ពេល​១១​ខែ​ ឆ្នាំ​២០២២​ ពន្ធ​ដារ​ប្រមូល​បាន​ជាក់​ស្តែង​ប្រមាណ​ ៣២១៤,០៦​លាន​ដុល្លារ​ ស្មើ​នឹង​ ១១៣,៩៩​%​ នៃ​ផែនការ​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​ប្រចាំ​ឆ្នាំ​២០២២​។

គូស​បញ្ជាក់​ដែរ​ថា ​ដោយសារ​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩​ និង​ភាព​តាន​តឹង​​នៃ​វិបត្តិ​សង្គ្រាម​រវាង​រុស្សី​ និង​អ៊ុយ​ក្រែន​ នៅ​តែ​បន្ត​មាន​អតិផរណា​ ដែល​ប៉ះ​ពាល់​ដល់​ការ​ងារ​គ្រប់​គ្រង​ប្រមូល​ចំណូល​ពន្ធ​។

គួរ​រំឭក​ថា​​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហរិញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៣​ ដែល​បាន​អនុម័ត​ទាំង​ស្រុង​ តម្រូវ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​​ចំណូល​ពន្ធ​ផ្ទៃ​ក្នុង​ចំនួន​ ៣៥៧១,៧០​លាន​ដុល្លារ​ ដែល​នេះ​គឺ​កើន​ឡើង​ ២៦.៧០%​ បើ​ធៀប​នឹង​ច្បាប់​ហរិញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២២​ កំណត់​ឱ្យ​ពន្ធដារ​ប្រមូល​ចំណូល​ ២៨១៩,៥៥​លាន​ដុល្លារ​។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ ​Newsroom​ Cambodia​ ថា​ កិច្ច​ព្រម​ព្រៀង​ទ្វេរ​ភាគី​រវាង​កម្ពុជា​-ចិន​ រួម​ទាំង​រវាង​កម្ពុជា​-កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្មី​ៗ​នេះ​ ធ្វើ​ឱ្យ​គយ​បាត់​បង់​ចំណូល​ពន្ធ​ចម្លោះ​ពី​ ៣៧៥​ ទៅ​ ៤០០​លាន​ដុល្លា​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។​​

លោក​រំឭក​ថា​៖ «ដោយ​សារ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ កម្ពុជា​-ចិន​ និង​កម្ពុជា​-កូរ៉េ​ យើង​ឃើញ​ថា​របាំង​គយ​នៃ​ទំនិញ​ដែល​បាន​ព្រម​ព្រៀង​គ្នា​មាន​ការ​ បាន​ន័យ​ថា​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​លើ​ទំនិញ​ដែល​បាន​ព្រម​ព្រៀង​គ្នា​មាន​ការ​ទម្លាក់​ចោល​ នូវ​របាំង​ពន្ធគយ​ មាន​ន័យ​ថា ​ដែល​យើង​អាច​នាំ​ទៅ​ក្រៅ​ប្រទេស​ ដូច​ជា​ចិន​ និង​កូរ៉េ​ខាង​ត្បូង​ ដោយ​អត់​ជាប់​ពន្ធគយ​ ហើយ​គេ​នាំ​មក​វិញ​ក៏​មិន​ជាប់​ពន្ធគយ​។ ចឹង​តាម​តែ​យើង​ដឹង​ គឺ​ខាង​គយ​បាត់​បង់​ចំណូល​ពន្ធ​ចន្លោះ​ពី ​៣៧៥​លាន​ទៅ​ ៤០០​លាន​ដុល្លា​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ ចឹង​ហើយ​ការ​បាត់​បង់​ពន្ធគយ​ក៏​ជា​ចំណុច​មួយ​ដែល​យើង​ឃើញ​ថា​ ការ​នាំ​ចូល​មក​ពី​ប្រទេស​ទាំង​អស់​នោះ​ ប្រទេស​ចិន​ និង​កូរ៉េ​នោះ​ មុខ​ទំនិញ​ដែល​ព្រម​ព្រៀង​គ្នា​អាច​មាន​ចំនួន​ច្រើន​ជាង​សព្វ​មួយ​ដង​»។

លោក​ សន​ ជ័យ​ បាន​គូស​បញ្ជាក់​ដែរ​ថា​ ទន្ទឹម​នឹង​ទំហំ​នៃ​ការ​បាត់​បង់​ពន្ធគយ​របស់​កម្ពុជា​ពី​ប្រទេស​ចិន​ និង​កូរ៉េ​ខាងត្បូង​ ហើយ​កម្ពុជា​ក៏​នឹង​កើន​ឡើង​នូវ​ពន្ធ​ដារ​ផង​ដែរ​ ដូច្នេះ​លោក​ថា​កម្ពុជា​គួរ​អនុវត្ត​ឱ្យ​ប្រាកដ​ប្រជា​នូវ​ការ​ប្រមូល​ពន្ធ​ដារ​។

លោក​ថា៖​ «ប៉ុន្តែ​បើ​យើង​មើល​ពី​ទំហំ​នៃ​ការ​បាត់​បង់​ពន្ធ​គយ​ពី​ប្រទេស​ទាំង​ពីរ​នេះ ​ហើយ​នឹង​ការ​កើន​នូវ​ពន្ធ​ដារ​ វា​ជា​រូប​ភាព​មួយ​ដែល​យើង​គួរ​មើល​ដែរ​ វា​អាច​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទេ​? ដូច្នេះ​ខ្ញុំ​យល់​ថា​ កម្ពុជា​គួរ​តែ​ពិនិត្យ​មើល​ ហើយ​និង​មាន​ការ​អនុវត្ត​ការ​ប្រមូល​ពន្ធដារ​នេះ​ឱ្យ​បាន​ប្រាកដ​ប្រជា​»។

លោក​បន្ថែម​ទៀត​ថា៖​ «តាម​ដែល​យើង​ដឹង​ គឺ​លទ្ធផល​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដូចជា​កម្ពុជា​-ចិន​ និង​កម្ពុជា​-កូរ៉េ​នេះ ​កម្ពុជា​អាច​ប្រឈម​នឹង​ការ​បាត់​បង់​ពន្ធគយ​ពី ​៣៧៥​លាន​ដុល្លា​ រហូត​ដល់​ ៤០០លាន​ដុល្លា​សហរដ្ឋអាមេរិក​។ បើ​អ៊ីចឹង​ការ​បាត់បង់​ ក្រោម​៤០០​លាន​ដុល្លា​សហរដ្ឋអាមេរិក​នេះ​ វា​ជា​កញ្ចក់​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ឆ្លុះ​បញ្ចាំង​បាន​។ តើ​ទំហំ​នៃ​ការ​ទទួល​បាន​នូវ​ពន្ធដារ​នេះ​ តើ​វា​អាច​ស៊ី​សង់​ជាមួយ​នឹង​អ្វី​ដែល​យើង​បាត់​បង់​ទៅ​ដែរ​ទេ?​ ពី​ព្រោះ​អី? ​ប្រភព​ពីរ​ហ្នឹង​ ពន្ធដារ​ និង​ពន្ធគយ​នេះ​ជា​ចំណូល​មួយ​សម្រាប់​ថវិការ​ជាតិ​»៕