ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃចន្ទនេះ អំពាវនាវឱ្យប្រជាពលរដ្ឋបន្ថែមការប្រុងប្រយ័ត្នពីជំងឺកូវីដ១៩ និងការពារសុខភាព អំឡុងពេលធាតុអាកាសចុះត្រជាក់ខ្លាំង និងខណៈដែលស្ថានភាពជំងឺកូវីដ១៩កំពុងងើបឡើងវិញលើសកលលោក។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាលចេញសេចក្តីជូនព័ត៌មានមួយលើទំព័រហ្វេសបុករបស់ខ្លួន ដោយក្រើនរំឮកទៅកាន់ប្រជាជនទូទាំងប្រទេស ឱ្យបង្កើនការប្រុងប្រយ័ត្នលើសុខភាពចំពោះជំងឺកូវីដ១៩ អំឡុងពេលអាកាសធាតុចុះត្រជាក់នៅតាមបណ្តាខេត្ត ហើយទន្ទឹមគ្នានឹងស្ថានភាពជំងឺកូវីដ១៩លើសកលលោកកំពុងតែងើបឡើងវិញ។
សេចក្តីជូនព័ត៌មាននោះបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រះរាជាណាចក្រកម្ពុជាយើងបានឈានចូលជាបណ្តើរៗ ដល់ពេលវេលាដែលអាកាសធាតុត្រជាក់នៃរដូវរងារបាននឹងកំពុងមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ»។
ស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ផ្តើមចុះត្រជាក់ពីថ្ងៃទី១៤ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលដែលកម្ពុជារកឃើញចំនួនឆ្លងថ្មីនៃជំងឺកូវីដ១៩ កើនដល់ ៣២ករណីសម្រាប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយមព្យាករណ៍ថា កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គួរទៅខ្លាំង បែបនេះធ្វើឱ្យនៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជានឹងមានស្ថានភាពធាតុអាកាសចុះត្រជាក់។ ស្ថានភាពធាតុអាកាសចុះត្រជាក់ចាប់ពីថ្ងៃទី១៤នេះរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងព្យាករណ៍ទៀតថា នៅតំបន់ទំនាបកណ្តាលមានខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងបាត់ដំបងនឹងចុះត្រជាក់រង្វង់ពី ១៦ ទៅ ១៩អង្សារ រីឯតំបន់ខ្ពង់រាបមានខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យនឹងស្ថិតក្នុងរង្វង់ពី ១៦ ទៅ ១៨អង្សារ និងតំបន់មាត់សមុទ្រនឹងចុះត្រជាក់ក្នុងរង្វង់ពី ១៨ ទៅ ២០អង្សារ លើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។
គួររំឭកដែរថា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជាមានករណីកូវីដឆ្លងសរុប ១៣៨,៤១៩ករណី ជាសះស្បើយសរុបចំនួន ១៣២,២២៤ករណី និងស្លាប់សរុបចំនួន ៣,០៥៦ករណី រីឯអាត្រានៃលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៩៥.២២ភាគរយ នេះបើយោងតាមព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាល៕