សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលមានការចូលរួមពីគ្រប់ភាគីត្រូវបានព្រមព្រៀងនិងដាក់ទៅដល់ទីស្ដីការគណៈរដ្ឋមន្រ្តីហើយ ប៉ុន្តែរូបរាងរបស់សេចក្ដីព្រាងច្បាប់នេះចុងក្រោយមិនទាន់មានអ្នកបានឃើញនៅឡើយទេ។
សេចក្ដីព្រាងច្បាប់នេះមានអាយុកាលជាងមួយទសវត្សរ៍ទៅហើយ ដោយទាំងអង្គការសង្គមស៊ីវិល ស្ថាប័នព័ត៌មានមួយចំនួនតែងតែទទូចឱ្យរដ្ឋាភិបាលជំរុញនីតិវិធីការអនុវត្តឱ្យបានឆាប់រហ័សនិងបានទៅដល់ដៃសភាក្នុងការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ។
ក្នុងចំណោមយុវជនជាង១០០នាក់ មានការជជែកពិភាក្សាយ៉ាងស្វាហាប់ កញ្ញា ឡេង ម៉ូលីណា អាយុ១៩ឆ្នាំ ជំនាញទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ បាននិយាយថា កញ្ញាលើកទឹកចិត្តឱ្យសិស្ស និស្សិត ចូលរួមកម្មវិធីសម័យប្រជុំពេញអង្គរដ្ឋសភាយុវជនគំរូនេះឱ្យកាន់តែច្រើន ដើម្បីអភិវឌ្ឍចំណេះដឹងទាក់ទងនិងរដ្ឋសភា ការធ្វើកំណែទម្រង់ច្បាប់ផ្សេងៗរបស់រដ្ឋសភារបស់ប្រទេសកម្ពុជា។
កញ្ញាថា៖ «ខ្ញុំទើបតែឃើញកម្មវិធីនេះមួយទេ ដែលរៀបចំឡើងជាកិច្ចប្រជុំគំរូរបស់រដ្ឋសភា អ៊ីចឹងទៅខ្ញុំគិតថាសកម្មភាពបែបហ្នឹងគួរកើតមានបន្តទៀត»។
កញ្ញាបានបន្ថែមថា យុវជនគួរតែដឹងអំពីការកែទម្រង់ច្បាប់ ការធ្វើសេចក្ដីព្រាងច្បាប់ និងការអនុម័តច្បាប់ឱ្យបានស៊ីជម្រៅ ដើម្បីជាផ្នែកមួយនៃការអភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគត។
កញ្ញាបន្តថា៖ «បន្ទាប់ពីចូលរួមប្រជុំពេញអង្គនៃយុវជនគំរូនេះហើយ ខ្ញុំទទួលបានចំណេះដឹងច្រើន ពីរចនាសម្ព័ន្ធរបស់រដ្ឋសភា ថាតើតួនាទីរបស់ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា លេខា ដូចជាសមាជិកនៃរដ្ឋសភាតើគាត់មានតួនាទីអ្វីខ្លះក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គ»។
កម្មវិធីសម័យប្រជុំពេញអង្គរដ្ឋសភាយុវជនគំរូ ដែលមានទីតាំងនៅរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលនៅថ្ងៃទី១១ និងវគ្គហាត់សម នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២។ កម្មវិធីសម័យប្រជុំពេញអង្គរដ្ឋសភាយុវជនគំរូ រៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា ដែលមានទីតាំងនៅសាលាអន្តរជាតិអាមេរិក សាខាទួលគោក ប្រារព្ធឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
ស្រដៀងគ្នានេះដែរ លោក ដាវ សុវណ្ណដា អាយុ ២១ឆ្នាំ ជំនាញសិក្សាអន្តរជាតិ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ បានលើកឡើងថា លោកឃើញឱកាសដែលផ្ដល់ឱ្យយុវជនអាចរៀនសូត្រនិងបញ្ចេញមតិយោបល់ ក៏ដូចជាការយល់ដឹងអំពីនីតិវិធីធ្វើសេចក្ដីព្រាងច្បាប់សម្រាប់ប្រទេសកម្ពុជាយើងផង នឹងទាក់ទងជាមួយចំណុចដែលយុវជនអាចរៀនសូត្របានច្រើនពីសម័យប្រជុំពេញអង្គរដ្ឋសភាយុវជនគំរូនេះ។
លោកថា៖ «ទោះបីវាមិនមែនជាកម្មវិធីពិតមែនក៏ដោយ ប៉ុន្តែវាក៏ជាឱកាសមួយសម្រាប់យុវជនអាចរៀនសូត្រក៏ដូចជាទាក់ទងនិងចំណេះដឹងមូលដ្ឋាននៅក្នុងសភាក៏ដូចជាអាចឱ្យយុវជនយល់ដឹងពីតួនាទីរបស់រដ្ឋសភា តួនាទីរបស់ប្រធាន អនុប្រធានស្ដីទីជាដើម»។
លោកបានបន្ថែមថា យុវជនគួរតែចូលរួមកម្មវិធីនេះ ព្រោះថ្ងៃអនាគតមិនច្បាស់នោះទេ អាចនឹងមានអ្នកចូលធ្វើការក្នុងរដ្ឋសភា ជាប្រធានសភា អនុប្រធានក៏អាចថាបាន ដូច្នេះហើយយុវជនគួរតែចូលរួមព្រោះវាជាឱកាសមួយដល់ល្អ។
លោក វណ្ណ ប៊ុនណា មន្រ្តីកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បានប្រាប់ Newsroom Cambodia ថាគោលបំណងនៃកម្មវិធី គឺដើម្បីឱ្យយុវជន គាត់ស្វែងយល់អំពីនីតិវិធីនៃការប្រជុំសភា តួនាទីតំណាងរាស្រ្ត និងយល់ពីនីតិវិធីក្នុងការតាក់តែងច្បាប់ គោលនយោបាយនៅក្នុងប្រទេសមួយ ត្រូវឆ្លងដំណាក់កាលជជែកដេញដោលពិភាក្សាពីសំណាក់សភាបែបណា។
លោកមានប្រសាសន៍ថា៖ «មួយទៀតផងដែរក៏ជាឱកាសឱ្យយុវជនហ្នឹង គាត់ស្វែងយល់ពីអ្វីទៅជាសេចក្ដីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន ហើយវាមានសារៈសំខាន់តម្លៃយ៉ាងណា ដែលច្បាប់នេះវាមានរយៈពេលយូរហើយក្នុងការពិភាក្សាជជែកដេញដោល ប៉ុន្តែមកដល់ពេលនេះវានៅតែមិនទាន់ទទួលបាននៅការអនុម័តជាផ្លូវការនៅឡើយពីសភា»។
លោកបានបន្ថែមថា យុវជននិងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅថា មានមូលហេតុអ្វីទើបកម្ពុជាចាំបាច់ត្រូវការឱ្យមានច្បាប់ស្ដីពីសិទិ្ធទទួលបានព័ត៌មាន វាមានសារៈសំខាន់យ៉ាងណា ដែលយុវជនត្រូវចូលរួមពិភាក្សា នេះជាយន្តការមួយដែលធ្វើឱ្យយុវជនកាន់តែមានសម្លេងខ្លាំងនៅក្នុងសង្គមផងដែរ។
លោកបន្តថា៖ «ហើយគាត់ចេះត្រិះរិះពិចារណាផងដែរ អ្វីដែលសំខាន់ពួកគាត់បានបង្កើតជាបណ្ដាញជាមួយយុវជនដ៏ទៃទៀត ឱ្យគាត់កាន់តែធ្វើការងារសកម្មនៅក្នុងសង្គម»។
ក្រឡែកមកលោក ហេង ស្រេង អាយុ២០ឆ្នាំ ជំនាញនីតិសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា កម្មវិធីត្រាប់តាមសភានេះ បានធ្វើឱ្យគាត់ទទួលនូវអារម្មណ៍ទទួលខុសត្រូវ អារម្មណ៍ធ្វើការងារ និងការតាក់តែងរៀបចំអនុម័តច្បាប់នៃស្ថាប័នរដ្ឋសភាមួយ។
លោកបន្តថា៖ «ច្បាប់នេះគេនិយាយពីសិទ្ទិទទួលបានព័ត៌មាន ដែលប្រជាពលរដ្ឋរស់នៅក្នុងប្រទេសថ្លៃថ្នូរមួយដែលយើងទាមទារឱ្យមានការកំណត់ឱ្យបានច្បាស់ពីការទទួលបាននូវ ព័ត៌មាន នីតិវិធី និងលក្ខខណ្ឌផ្សេងៗនៃការទទួលបានព័ត៌មានឱ្យបានត្រឹមត្រូវ និងពេញលេញ ស្របទៅតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ»។
លោកសង្កត់ធ្ងន់ថា៖ «ច្បាប់ទទួលបានព័ត៌មានពិតជាមានសារៈសំខាន់ ព័ត៌មានវាផ្សារភ្ជាប់ទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយការដែលមិនយល់ដឹងច្បាស់ពីព័ត៌មាន ធ្វើឱ្យប៉ះពាល់ពេលណាមួយ […] ពួកគាត់អាចនឹងប្រព្រឹត្តិនូវកំហុសខុសឆ្គងប្រការណាមួយ ដូច្នេះការយល់ដឹងពីសិទ្ធិទទួលបានព័ត៌មានធ្វើឱ្យពួកគាត់អាចបង្កាជាយថាហេតុទាំងនោះ ហើយការប្រើប្រាស់សិទ្ធិរបស់ពួកគាត់បានមានប្រសិទ្ធិភាពផងដែរ»៕