សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​មានការ​ចូល​រួម​ពី​គ្រប់​ភាគី​ត្រូវ​បាន​ព្រម​ព្រៀង​និង​ដាក់​ទៅ​ដល់​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​ហើយ​ ប៉ុន្តែ​រូប​រាង​របស់​សេចក្ដី​ព្រាង​ច្បាប់​នេះ​ចុង​ក្រោយ​មិន​ទាន់​មាន​អ្នក​បាន​ឃើញ​នៅ​ឡើយ​ទេ។​

សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​អាយុ​កាល​ជាង​មួយ​ទសវត្សរ៍​ទៅ​ហើយ​ ដោយ​ទាំង​អង្គការ​សង្គម​ស៊ី​វិល​ ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​តែង​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​ជំរុញ​នីតិ​វិធី​ការ​អនុវត្ត​ឱ្យ​បាន​ឆាប់​រហ័ស​និង​បាន​ទៅ​ដល់​ដៃ​សភា​ក្នុង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​។

ក្នុង​ចំណោម​យុវជន​ជាង​១០០នាក់​ មាន​ការ​ជជែក​ពិភាក្សា​យ៉ាង​ស្វាហាប់​ កញ្ញា​ ឡេង​ ម៉ូលីណា អាយុ​១៩ឆ្នាំ​ ជំនាញ​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៃ​វិទ្យាស្ថាន​សិក្សា​អន្តរ​ជាតិ​និង​គោល​នយោបាយ​សាធារណៈ​ បាន​និយាយ​ថា​ កញ្ញា​លើក​ទឹក​ចិត្ត​ឱ្យ​សិស្ស​ និស្សិត​ ចូល​រួម​កម្មវិធី​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​យុវជន​គំរូនេះឱ្យ​​កាន់​តែ​ច្រើន​ ដើម្បី​អភិវឌ្ឍ​ចំណេះ​ដឹង​ទាក់​ទង​និង​រដ្ឋ​សភា​ ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ផ្សេងៗ​របស់​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​។

កញ្ញា​​ថា​៖ «ខ្ញុំ​ទើប​តែ​ឃើញ​កម្ម​វិធី​នេះ​មួយ​ទេ​ ដែល​រៀប​ចំឡើង​ជា​កិច្ច​ប្រជុំ​គំរូ​របស់​រដ្ឋ​សភា​ អ៊ីចឹង​ទៅ​ខ្ញុំ​គិត​ថា​សកម្ម​ភាព​បែប​ហ្នឹង​គួរកើត​មាន​បន្ត​ទៀត»។

កញ្ញា ឡេង ម៉ូលីណា ក្នុងពេលដែលផ្ដល់កិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ ល័ក្ខ មករា

កញ្ញា​បាន​បន្ថែម​ថា​ យុវជន​គួរ​តែ​ដឹង​អំពី​ការ​កែ​ទម្រង់​ច្បាប់​ ការ​ធ្វើ​​សេចក្ដីព្រាង​ច្បាប់​ និង​ការ​អនុ​ម័ត​ច្បាប់​ឱ្យ​បាន​ស៊ី​ជម្រៅ​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នៅ​ថ្ងៃ​អនាគត​។

កញ្ញា​បន្ត​ថា​៖ «បន្ទាប់​ពី​ចូល​រួម​ប្រជុំ​ពេញ​អង្គ​នៃ​យុវជន​គំរូ​នេះ​ហើយ​ ខ្ញុំ​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ ពី​រចនា​សម្ព័ន្ធ​របស់​រដ្ឋ​សភា​ ថា​តើ​តួនាទី​របស់​ប្រធាន​រដ្ឋ​សភា​ អនុ​ប្រធាន​រដ្ឋ​សភា​ លេខា​ ដូច​ជា​សមា​ជិក​នៃ​រដ្ឋ​សភា​តើ​គាត់​មាន​តួនាទី​អ្វីខ្លះ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​ពេញ​អង្គ»។

​កម្ម​វិធី​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​យុវជន​គំរូ ដែល​មាន​ទី​តាំង​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បាន​រៀប​ចំ​​វគ្គ​បណ្ដុះ​បណ្ដាលនៅ​ថ្ងៃ​ទី​១១ និង​វគ្គ​ហាត់​សម​ នៅ​ថ្ងៃ​ទី​ ១៧ ខែ​ធ្នូ​ ឆ្នាំ​២០២២​។ កម្ម​វិធី​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​យុវជន​គំរូ ​រៀប​ចំ​ឡើង​ដោយ​អង្គការ​តម្លា​ភាព​កម្ពុជា​​ ដែល​មាន​ទីតាំង​នៅ​សាលា​អន្តរ​ជាតិ​អាមេរិក​ សាខា​ទួល​គោក​ ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២។

ស្រដៀង​គ្នា​នេះ​ដែរ​​ លោក​​ ដាវ សុវណ្ណដា ​អាយុ ២១ឆ្នាំ ​ជំនាញ​សិក្សា​អន្តរជាតិ​ នៃ​វិទ្យា​ស្ថាន​សិក្សា​អន្តរ​ជាតិ​និង​គោល​នយោ​បាយ​សាធារណៈ បាន​លើក​ឡើង​​ថា​ លោក​ឃើញ​ឱកាស​ដែល​ផ្ដល់​ឱ្យ​យុវជន​អាច​រៀន​សូត្រ​និង​បញ្ចេញ​មតិ​យោបល់​ ក៏​ដូច​ជាការ​យល់​ដឹង​អំពី​នីតិ​វិធី​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​ប្រទេស​កម្ពុជា​យើង​ផង​ នឹង​ទាក់​ទង​ជា​មួយ​ចំណុច​ដែល​យុវជន​អាច​រៀន​សូត្រ​បាន​ច្រើន​ពី​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋ​សភា​យុវ​ជន​គំរូ​នេះ។

លោកដាវ សុវណ្ណដា ក្នុងពេលដែលផ្ដល់កិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ ល័ក្ខ មករា

លោក​ថា​៖ «ទោះ​បី​វា​មិន​មែន​ជា​កម្មវិធី​ពិត​មែន​ក៏​ដោយ​ ប៉ុន្តែ​វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​យុវជន​អាច​រៀន​សូត្រ​ក៏​ដូច​ជា​ទាក់​ទង​និង​ចំណេះ​ដឹង​មូល​ដ្ឋាន​នៅ​ក្នុង​សភា​ក៏​ដូច​ជា​អាច​ឱ្យ​យុវជន​យល់​ដឹង​ពី​តួនាទី​របស់​រដ្ឋសភា​ តួនាទី​របស់​ប្រធាន​ អនុប្រធាន​ស្ដី​ទី​ជា​ដើម»។

លោក​បាន​បន្ថែម​ថា​ យុវជន​គួរ​តែ​ចូល​រួម​កម្ម​វិធី​នេះ​ ព្រោះ​ថ្ងៃ​អនាគត​មិន​ច្បាស់​នោះ​ទេ​ ​អាច​នឹង​មាន​អ្នក​ចូល​ធ្វើ​ការ​ក្នុង​រដ្ឋ​សភា​ ជា​ប្រធាន​សភា​ អនុ​ប្រធាន​ក៏​អាច​ថា​បាន​ ដូច្នេះ​ហើយ​យុវជន​គួរ​តែ​ចូល​រួម​ព្រោះ​វា​ជា​ឱកាស​មួយ​ដល់​ល្អ​។

លោក​ វណ្ណ​ ប៊ុន​ណា​ មន្រ្តី​​កម្មវិធីនៃ​​អង្គការ​តម្លាភាពកម្ពុជា បាន​ប្រាប់​​ Newsroom Cambodia ថា​គោល​បំណង​នៃ​កម្មវិធី​ គឺ​ដើម្បី​ឱ្យ​យុវជន​ គាត់​ស្វែង​យល់​អំពី​នីតិ​វិធី​នៃ​ការ​ប្រជុំ​សភា​ តួនាទី​តំណាង​រាស្រ្ត​ និង​យល់​ពី​នីតិ​វិធី​ក្នុង​ការ​តាក់​តែង​ច្បាប់​ គោល​នយោបាយ​នៅ​ក្នុង​ប្រទេស​មួយ​ ត្រូវ​ឆ្លង​ដំណាក់​កាល​ជជែក​ដេញ​ដោល​ពិភាក្សា​ពី​សំណាក់​សភា​បែប​ណា​។

លោក​មាន​ប្រសាសន៍​ថា​៖ «មួយ​ទៀត​ផង​ដែរ​ក៏ជា​ឱកាស​ឱ្យ​យុវជន​ហ្នឹង​ គាត់​ស្វែង​យល់​ពី​អ្វី​ទៅ​ជា​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ហើយ​វា​មាន​សារៈ​សំខាន់​តម្លៃ​យ៉ាង​ណា​ ដែល​ច្បាប់​នេះ​វា​មាន​រយៈ​ពេល​យូរ​ហើយ​ក្នុង​ការ​ពិភាក្សា​ជជែក​ដេញ​ដោល​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​វា​នៅ​តែ​មិន​ទាន់​ទទួល​បាន​នៅ​ការ​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ឡើយ​ពី​សភា​»។

លោក​បាន​បន្ថែម​ថា​ យុវជន​និង​ស្វែង​យល់​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថា​ មាន​មូល​ហេតុ​អ្វី​ទើប​កម្ពុជា​ចាំ​បាច់​ត្រូវ​ការ​ឱ្យ​មាន​ច្បាប់​ស្ដី​ពី​សិទិ្ធ​ទទួល​បាន​ព័ត៌​មាន វា​មាន​សារៈ​សំខាន់​យ៉ាង​ណា​ ដែល​យុវ​ជន​ត្រូវ​ចូល​រួម​ពិភាក្សា​ នេះ​ជា​យន្ត​ការ​​មួយ​ដែល​ធ្វើ​ឱ្យ​យុវជន​កាន់​តែ​មាន​សម្លេង​ខ្លាំង​នៅ​ក្នុង​សង្គម​ផង​ដែរ។

លោក​បន្ត​ថា​៖ «ហើយ​គាត់​ចេះ​ត្រិះរិះ​ពិចារណា​ផង​ដែរ​ អ្វី​ដែល​សំខាន់​ពួក​គាត់​បាន​បង្កើត​ជា​​បណ្ដាញ​ជា​មួយ​យុវជន​ដ៏​ទៃ​ទៀត​ ឱ្យ​គាត់​កាន់​តែ​ធ្វើ​ការ​ងារ​សកម្ម​នៅ​ក្នុង​សង្គម​»។

ក្រឡែក​មក​លោក​ ហេង​ ស្រេង​ អាយុ​២០​ឆ្នាំ​ ជំនាញ​នីតិ​សាស្រ្ត​ នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្រ្ត​ និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ បាន​លើក​ឡើង​ថា​ កម្ម​វិធី​ត្រាប់​តាម​សភា​នេះ​ បាន​ធ្វើ​ឱ្យ​គាត់​ទទួល​នូវ​អារម្មណ៍​ទទួល​ខុស​ត្រូវ​ អារម្មណ៍​ធ្វើ​ការ​ងារ​ និង​ការ​តាក់​តែង​រៀប​ចំ​អនុម័ត​ច្បាប់​នៃ​ស្ថាប័ន​រដ្ឋ​សភា​មួយ​។

លោក ហេង ស្រេង ក្នុងពេលដែលផ្ដល់កិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ គឹម ជីលីន

លោក​បន្ត​ថា​៖ «ច្បាប់​នេះ​គេ​និយាយ​ពី​សិទ្ទិ​ទទួល​បាន​ព័ត៌​មាន​ ដែល​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​ថ្លៃ​ថ្នូរ​មួយ​ដែល​យើង​ទាម​ទារ​ឱ្យ​មាន​ការ​កំណត់​ឱ្យ​បាន​ច្បាស់​ពី​ការ​ទទួល​បាន​នូវ​ ព័ត៌​មាន​ នីតិ​វិធី​ និង​លក្ខ​ខណ្ឌ​ផ្សេងៗ​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ពេញ​លេញ​ ស្រប​ទៅ​តាម​ការ​អភិ​វឌ្ឍន៍​របស់​ប្រទេស​ជាតិ»។

លោក​សង្កត់​ធ្ងន់​ថា​៖ «ច្បាប់​ទទួល​បាន​ព័ត៌មាន​ពិត​ជា​មាន​សារៈ​សំខាន់​ ព័ត៌មាន​វា​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ ហើយ​ការ​ដែល​មិន​យល់​ដឹង​ច្បាស់​ពី​ព័ត៌មាន​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ពេល​ណា​មួយ ​[…] ពួក​គាត់​អាច​នឹង​ប្រព្រឹត្តិ​នូវ​កំហុស​ខុស​ឆ្គង​ប្រការ​ណា​មួយ​ ដូច្នេះ​ការ​យល់​ដឹង​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ធ្វើ​ឱ្យ​ពួក​គាត់​អាច​បង្កា​ជាយ​ថា​ហេតុ​ទាំង​នោះ​ ហើយ​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួក​គាត់​បាន​មាន​ប្រសិទ្ធិ​ភាព​ផង​ដែរ»៕​