ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលនៃការប្រឡងបាក់ឌុបថា សម្រាប់ឆ្នាំ២០២២សិស្សថ្នាក់ទី១២ដែលប្រឡងជាប់មាន ជាង៩ម៉ឺននាក់ ស្មើនឹង ជាង៧២ភាគរយនៃបេក្ខជនមកប្រឡង។
នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្តីប្រកាសលើទំព័រហ្វេសបុករបស់ខ្លួនស្តីពី លទ្ធផលប្រឡងបាក់ឌុបសម្រាប់ឆ្នាំ២០២២ ដោយបង្ហាញថា មានសិស្សសរុបចំនួន ៩០,៩៥០នាក់ ស្មើនឹង ៧២.៣៣ភាគរយនៃចំនួនបេក្ខជនមកប្រឡង។
ក្រសួងបន្ថែមថា ក្នុងចំណោមសិស្សប្រឡងបាក់ឌុបជាប់ជាង ៩ម៉ឺននាក់នេះ មានបេក្ខជននិទ្ទេស A ចំនួន១,០៤៩នាក់ បេក្ខជននិទ្ទេស B ចំនួន៧,២៣២នាក់ បេក្ខជននិទ្ទេស C ចំនួន១៩,០៥៣នាក់ បេក្ខជននិទ្ទេស D ចំនួន៣១,១៦៦នាក់ និងបេក្ខជននិទ្ទេស E ចំនួន៣២,៤៥០នាក់។
គូសបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នាថ្ងៃទី៥ និង៦ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមពីនេះ ក្រសួងអប់រំកំណត់យកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ជាកាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រីឯខេត្តដទៃទៀត គឺនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
នៅឆ្នាំ ២០២២ នេះ សិស្ស ប្រឡង ជាប់ បាក់ឌុប កើន ឡើង ចំនួន ១៨,៩៣៤ នាក់ រីឯសិស្សជាប់និទ្ទេស A ថយចុះ ចំនួន៧០៤នាក់ បើ ប្រៀប ធៀប នឹង ឆ្នាំ ២០២១ កន្លង ទៅ។
គួររំឭកថា កាលពីឆ្នាំ២០២១ លទ្ធផលប្រឡងបាក់ឌុបនៃសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់សរុបចំនួន ៧២,០១៦នាក់ ស្មើនឹង៦៥.៦៥ភាគរយនៃបេក្ខជនដែលមកប្រឡង ហើយសិស្សជាប់និទ្ទេស A ចំនួន១,៧៥៣នាក់។ រីឯឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់សរុបចំនួន ៧៩,០៥២នាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន៤៤៣នាក់៕