ក្រសួង​អប់រំ​ យុវជន​ និង​កីឡា បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​បាក់​ឌុប​ថា​ សម្រាប់​ឆ្នាំ​២០២២​សិស្ស​ថ្នាក់​ទី១២​​ដែល​ប្រឡង​ជាប់​មាន​ ជាង​៩ម៉ឺន​នាក់​ ស្មើ​នឹង​ ជាង​៧២​ភាគរយ​នៃ​បេក្ខជន​មក​ប្រឡង​។

នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ចេញ​សេចក្តី​ប្រកាស​លើ​ទំព័រ​ហ្វេស​បុក​របស់​ខ្លួន​ស្តី​ពី ​លទ្ធផល​ប្រឡង​បាក់ឌុប​សម្រាប់​ឆ្នាំ​២០២២​ ដោយ​បង្ហាញ​ថា​ មាន​សិស្ស​សរុប​ចំនួន​ ៩០,៩៥០​នាក់​ ស្មើ​នឹង​ ៧២.៣៣​ភាគរយ​នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​។

ក្រសួង​បន្ថែម​ថា​ ក្នុង​ចំណោម​សិស្ស​ប្រឡង​បាក់ឌុប​ជាប់​ជាង​ ៩ម៉ឺន​នាក់​នេះ​ មាន​បេក្ខជន​និទ្ទេស​ A​ ចំនួន​១,០៤៩​នាក់​ បេក្ខជន​និទ្ទេស​ B ​ចំនួន​៧,២៣២​នាក់ ​បេក្ខជន​និទ្ទេស​ C​ ចំនួន​១៩,០៥៣​នាក់​ បេក្ខជន​និទ្ទេស​ D ​ចំនួន​៣១,១៦៦​នាក់ ​និង​បេក្ខជន​និទ្ទេស ​E ​ចំនួន​៣២,៤៥០​នាក់​។

គូស​បញ្ជាក់​ដែរ​ថា​ ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២២​នេះ​ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ​ នា​ថ្ងៃទី​៥​ និង​៦​ ខែ​ធ្នូ​ ឆ្នាំ​២០២២​។ បន្ថែម​ពី​នេះ ​ក្រសួង​អប់រំ​កំណត់​យក​ថ្ងៃទី​២២ ​ខែធ្នូ​ ឆ្នាំ​២០២២​ ជា​កាលបរិច្ឆេទ​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​ រីឯ​ខេត្ត​ដទៃ​ទៀត​ គឺ​នា​ព្រឹក​ថ្ងៃទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​២០២២​។

នៅឆ្នាំ ២០២២ នេះ សិស្ស ប្រឡង ជាប់ បាក់ឌុប កើន ឡើង ចំនួន ១៨,៩៣៤ នាក់ រីឯសិស្សជាប់និទ្ទេស A ថយចុះ ចំនួន៧០៤នាក់ បើ ប្រៀប ធៀប នឹង ឆ្នាំ ២០២១ កន្លង ទៅ។

គួរ​រំឭក​ថា​ កាល​ពី​ឆ្នាំ​២០២១​ លទ្ធផល​ប្រឡង​បាក់ឌុប​នៃ​សម័យ​ប្រឡង​ថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២១​ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន​ ៧២,០១៦​នាក់​ ស្មើនឹង​៦៥.៦៥​ភាគរយ​នៃ​បេក្ខជន​ដែល​មក​ប្រឡង​ ហើយ​សិស្ស​ជាប់​និទ្ទេស​ A​ ចំនួន​១,៧៥៣​នាក់​។ រីឯ​ឆ្នាំ​២០១៩​ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន​ ៧៩,០៥២​នាក់​ ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស​ A​ មាន​ចំនួន​៤៤៣នាក់​៕​