គណបក្សភ្លើងទៀនថ្កោលទោសចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានចាប់ និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
បើតាមសេចក្តីថ្លែងការណ៍ដែលចេញដោយគណបក្សភ្លើងទៀន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀនសូមអំពាវនាវដល់រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ ដោះលែងលោក ថាច់ សេដ្ឋា ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមគំហែង និងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពមកលើថ្នាក់ដឹកនាំ សមាជិក និងសកម្មជន គណបក្សភ្លើងទៀន ដើម្បីធានាបរិយាកាសល្អប្រសើរ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ ឲ្យប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុតិ្តធម៌។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «គណបក្សភ្លើងទៀន ចាត់ទុកថា ការចាប់ និងឃុំខ្លួនលោក ថាច់ សេដ្ឋា គឺជារឿងនយោបាយ និងជារូបភាពគំរាមគំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋមិនឲ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងជាការធ្វើឲ្យបរិយាកាសនយោបាយមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីកាលទី៧ ឆ្នាំ២០២៣ខាងមុខរឹតតែមានភាពអាប់អួរថែមទៀត»។
លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាក្រុងភ្នំពេញចាប់ខ្លួននៅរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារ ពាក់ព័ន្ធនឹងការចេញសែកស្អុយ កាលពីឆ្នាំ២០១៩៕