យុវជនវ័យក្មេងមួយក្រុមស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេស និងចំណេះដឹងទូទៅផ្សេងទៀត ដល់កុមារតូចៗនៅមូលដ្ឋានរបស់ខ្លួន ក្នុងគោលបំណងឱ្យកុមារទាំងនោះបានចេះភាសាបរទេសពីថ្នាក់មូលដ្ឋាន ជាពិសេសចង់បង្ហាញគំរូឱ្យយុវជនផ្សេងទៀត និងកុមារដែលកំពុងរៀន បានឃើញ ដើម្បីបន្តសកម្មភាពទាំងនេះនៅពេលពួកគេធំឡើង។
យុវជនវ័យក្រោម១៨ឆ្នាំ ចំនួន១៣នាក់ នៃសមាគម«ទុកចិត្ត» ដែលស្ថិតក្នុងភូមិអង្គឃ្លៃ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត កំពុងបង្រៀនថ្នាក់ភាសាអង់គ្លេស កំព្យូទ័រ និងចំណេះដឹងទូទៅមួយចំនួនទៀតដល់កុមារតូចៗប្រមាណជាង១០០នាក់ ដែលសុទ្ធសឹងតែមានអាយុក្រោម១០ឆ្នាំ។
ការបង្រៀនដោយស្ម័គ្រចិត្តនេះ ដោយពួកគេមានគោលបំណងផ្ទេរចំណេះដឹងទៅឱ្យកុមារតូចៗនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលពុំមានឱកាសរៀន ខណៈមុខវិជ្ជាភាសាអង់គ្លេសពុំសូវមានសាលាបើកបង្រៀន ជាពិសេសពួកគេចង់បង្កើតជាគំរូមួយ ដើម្បីឱ្យយុវជនផ្សេងធ្វើសកម្មភាពបែបនេះដែរ។
គ្រូបង្រៀនស្ម័គ្រចិត្តនៃសមាគមដែលមានឈ្មោះថា«ទុកចិត្ត» វ័យ១៤ឆ្នាំម្នាក់ ដែលកំពុងសិក្សាថ្នាក់ទី៨ គឺយុវតី ឌឿន យៀងលីង បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ នាងចូលបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្តនេះអស់រយៈពេលជិតកន្លះឆ្នាំមកហើយ ដោយទទួលខុសត្រូវបង្រៀនសិស្សសរុបប្រមាណជាង២០នាក់។
យុវតីដដែលបានរៀបរាប់ថា ការសម្រេចចិត្តចូលបង្រៀនជាគ្រូស្ម័គ្រចិត្តនេះ ក្នុងគោលបំណងចង់ចែករំលែកចំណេះដឹងដែលខ្លួនបានរៀនពីសាលា ក្នុងនាមជាសិស្សច្បង មកឱ្យក្មេងៗក្នុងសហគមន៍បានចេះដឹងផ្នែកភាសាអង់គ្លេសនេះដែរ ស្របពេលដែលសាលាបង្រៀនភាសាអង់គ្លេសនៅឆ្ងាយ ដែលកុមារតូចៗទាំងនោះមិនទាន់មានឱកាសរៀននៅឡើយ។
កញ្ញាបន្តថា៖ «ខ្ញុំចង់ឃើញពួកគាត់ចេះពាក្យភាសាអង់គ្លេសហ្នឹងតាំងពីតូចទៅ ពីព្រោះអីកាលពីខ្ញុំ ខ្ញុំអត់ចេះភាសាអង់គ្លេសដូចពួកគាត់អ៊ីចឹងទេ។ កាលខ្ញុំនៅតូច ខ្ញុំចង់រៀន ប៉ុន្តែអត់ដឹងរៀននៅសាលាណា»។
យុវតីដដែលបានលើកឡើងដែរថា ការបង្រៀនដោយស្ម័គ្រចិត្តនេះក៏មានគោលបំណងចង់ឃើញកុមារតូចៗក្នុងមូលដ្ឋានរបស់នាងមានអនាគតល្អ ពោលគឺរៀនបានជ្រៅជ្រះ និងបានការងារធ្វើសមរម្យ ជាពិសេសចូលរួមជួយការងារសង្គមដូចនាងដែរ។
កញ្ញាបន្តថា៖ «ខ្ញុំចង់ឃើញអនាគតពួកគាត់ភ្លឺស្វាងទៅមុខទៅ ហើយឱ្យគាត់ចេះជួយសង្គមបាន ហើយចង់ឱ្យពួកគាត់បន្តតំណែងពីពួកខ្ញុំដែលជាគ្រូស្ម័គ្រចិត្ត»។
ស្រដៀងគ្នានេះដែរ គ្រូបង្រៀនស្ម័គ្រចិត្តម្នាក់ទៀត ដែលសព្វថ្ងៃរៀននៅថ្នាក់ទី១០ គឺយុវតី សាត លីហ្សា បានឱ្យដឹងថា ការសម្រេចចិត្តធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តនេះ គឺដើម្បីចែករំលែកចំណេះដឹងដែលខ្លួនចេះទាំងប៉ុន្មានឱ្យប្អូនៗ ទោះបីជានាងដឹងថាខ្លួនពុំទាន់ចេះដឹងជ្រៅជ្រះក្ដី។
ក្រៅពីចង់ចែករំលែកចំណេះដឹង គ្រូបង្រៀនស្ម័គ្រចិត្តវ័យ១៦ឆ្នាំរូបនេះ បន្តថា គោលបំណងធំមួយទៀត គឺចង់បង្ហាញជាគំរូដល់យុវជនផ្សេងៗទៀតឱ្យចូលរួមការងារស្ម័គ្រចិត្តដូចនាងដែរ ព្រោះយុវតីរូបនេះចាត់ទុកថា ការចែករំលែកចំណេះដឹង គឺជាកត្តាសំខាន់ដែលជំរុញឱ្យមានការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។
កញ្ញាបន្តថា៖ «ខ្ញុំចង់ឱ្យយុវជនទូទៅធ្វើជាគ្រូស្ម័គ្រចិត្តដូចខ្ញុំ ឬក៏ទោះបីជាមិនបានធ្វើជាគ្រូស្ម័គ្រចិត្ត ប៉ុន្តែចង់ឱ្យពួកគាត់ជួយចែករំលែកនូវចំណេះដឹងដែលគាត់មានខ្លះៗហ្នឹងឱ្យទៅប្អូនៗដែលគាត់អត់ចេះអី»។
មិនខុសគ្នាទេ គ្រូបង្រៀនស្ម័គ្រចិត្តម្នាក់ទៀត វ័យ១៥ឆ្នាំ គឺយុវជន ឆិល ពុទ្ធិវិសាល ដែលកំពុងបង្រៀនផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រ បានចាត់ទុកថា ការស្ម័គ្រចិត្តបង្រៀននេះមិនត្រឹមតែជួយដល់ក្មេងៗក្នុងមូលដ្ឋានទេ ប៉ុន្តែក៏ជាការដុះខាត់សមត្ថភាព និងក្រេបយកបទពិសោធបង្រៀន ព្រោះរូបគេចង់ក្លាយជាគ្រូបង្រៀនម្នាក់នៅពេលធំឡើង។
លោកបន្តថា៖ «ការបង្រៀនក្មេងៗហ្នឹង គឺជាបទពិសោធមួយ ដែលថ្ងៃអនាគតខ្ញុំចង់ធ្វើជាគ្រូបង្រៀន»។
គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលត្រូវគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រុមយុវជនស្ម័គ្រចិត្តមូលដ្ឋាន ឬអង្គការដែលពាក់ព័ន្ធនឹងការងារស្ម័គ្រចិត្ត ដោយត្រូវឱ្យតម្លៃ និងផ្តល់រង្វាន់លើកទឹកចិត្តចំពោះយុវជនដែលបំពេញការងារស្ម័គ្រចិត្ត។ ជាពិសេស គឺត្រូវបង្កើតយន្តការសម្របសម្រួល និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាពរវាងរដ្ឋាភិបាល អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ដើម្បីជួយអ្នកស្ម័គ្រចិត្ត។
ស្ថាបនិកសមាគម«ទុកចិត្ត» លោក ផាន់ ណារ័ត្ន បានបញ្ជាក់ថា ការស្ម័គ្រចិត្តបង្រៀនរបស់យុវជនក្នុងសមាគមរបស់លោក មិនត្រឹមតែបានជួយបណ្តុះបណ្តាលកុមារតូចៗក្នុងមូលដ្ឋានប៉ុណ្ណោះទេ វាក៏បានផ្តល់អត្ថប្រយោជន៍ដល់ពួកគេផងដែរ។ ជាក់ស្តែង លោកថា ពួកគេក៏នឹងងាយរកបានការងារធ្វើ នៅពេលដែលទៅបន្តការសិក្សានៅរាជធានីភ្នំពេញ ក្រោយទទួលបានលិខិតបញ្ជាក់ពីការងារស្ម័គ្រចិត្ត ដូចអ្នកស្ម័គ្រចិត្តជំនាន់មុនៗ។
លោកបន្តថា៖ «បានជាសម្បូរអ្នកស្ម័គ្រចិត្ត ខ្ញុំគិតថាឃើញអត្ថប្រយោជន៍ដែរ ដោយសារអ្នកស្ម័គ្រចិត្តជំនាន់មុន អ្នកដែលថ្នាក់ទី១១ ឬថ្នាក់ទី១២ គាត់ស្ម័គ្រចិត្តហ្នឹងឯង […] គាត់ទៅរៀននៅភ្នំពេញ ឆ្នាំទី១ ឬឆ្នាំទី២ គាត់ត្រូវការការងារធ្វើ! ដល់ពេលគាត់ទៅរកការងារធ្វើ គាត់ត្រូវការ Recommendation [ក្រដាសបញ្ជាក់ពីសមាគម] អ៊ីចឹងទៅ ខ្ញុំធ្វើឱ្យគាត់ ហើយគាត់យកទៅ ងាយនឹងបានការងារ»។
ជុំវិញរឿងនេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក សិរី ជំនះ ចាត់ទុកថា ការងារស្ម័គ្រចិត្ត គឺជាការងារដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះជាឱកាសក្នុងការរៀនសូត្រ និងជាការបណ្តុះសាមគ្គីភាពផងដែរ។ លោកក៏បានជំរុញឱ្យយុវជនបង្កើនការចូលរួមការងារស្ម័គ្រចិត្ត ខណៈលោកថា ការងារនេះមិនត្រឹមតែជួយបង្កើននូវសាមគ្គីភាពប៉ុណ្ណោះទេ កត្តានេះ លោកចាត់ទុកថា អ្នកស្ម័គ្រចិត្ត គឺជាកាតាលីករយ៉ាងសំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍនៅសហគមន៍ និងសង្គមជាតិទាំងមូល។
លោកបន្តថា៖ «អ្នកស្ម័គ្រចិត្តជាឆ្អឹងខ្នង និងជាប្រតិបត្តិករជួរមុខ ដែលពុំអាចខ្វះខាតបានឡើយនៅក្នុងសង្គមជាតិនីមួយៗ»។
ចំណែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង ចាត់ទុកថា សកម្មភាពបង្រៀនស្ម័គ្រចិត្តរបស់យុវជននេះ គឺជាគំរូដ៏ល្អមួយសម្រាប់យុវជនផ្សេងទៀត។ លោកបន្ថែមថា សកម្មភាពទាំងនោះក៏គួរតែត្រូវបានលើកទឹកចិត្តពីសំណាក់អាណាព្យាបាល អាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល តាមរយៈការផ្តល់កម្លាំងចិត្ត និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ចៀសវាងការរំខានឬរារាំងដល់សកម្មភាពរបស់ពួកគេ ក្រោមហេតុផលនយោបាយ ឬហេតុផលផ្សេងទៀត។
លោកបន្តថា៖ «ត្រូវតែមានការលើកទឹកចិត្តពីអាណាព្យាបាល ពីអាជ្ញាធរ ពីរដ្ឋាភិបាល សម្រាប់ការផ្តួចផ្តើមបែបហ្នឹង។ ជាមួយគ្នានោះទៀតសោត ក៏គួរតែមានការគាំទ្រដល់ពួកគាត់ដែរ។ គាំទ្រទាំងខាងផ្នែកស្មារតី ទាំងមធ្យោបាយផ្សេងៗ ដែលគាត់អាចបន្តហើយពង្រឹងសមត្ថភាពពួកគាត់តទៅមុខថែមទៀត»។
ងាកមកក្រុមយុវជនដែលជាគ្រូស្ម័គ្រចិត្ត នៃសមាគម«ទុកចិត្ត»វិញ ពួកគេបានប្តេជ្ញាបន្តសកម្មភាពការងាររបស់ពួកគេឱ្យកាន់តែបានច្រើនថែមទៀត ដើម្បីរួមចំណែកជួយកុមារក្នុងមូលដ្ឋាន រួមនឹងសង្គមជាតិទាំងមូល។ ជាក់ស្តែង យុវតី ឌឹម សុខណា វ័យ១៦ឆ្នាំ ដែលជាគ្រូស្ម័គ្រចិត្តម្នាក់ អស់រយៈពេល៣ឆ្នាំមកហើយ នៅក្នុងសមាគមនេះបានប្តេជ្ញាចិត្តក្នុងការជួយសហគមន៍របស់ខ្លួនឱ្យអស់លទ្ធភាពដែលខ្លួនអាចធ្វើបាន។
កញ្ញាបន្តថា៖ «ខ្ញុំប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងឱ្យបានលើសជាងនេះ ហើយខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីឱ្យភូមិឃុំរបស់ខ្ញុំ ក៏ដូចជាប្រទេសជាតិមួយនេះមានការរីកចម្រើន»៕