អ្នកប្រដាល់មួយចំនួនអំពាវនាវឱ្យក្រុមយុវជនចូលហ្វឹកហាត់កីឡា ជាពិសេសប្រដាល់គុនខ្មែរ ដើម្បីជួយលើកតម្កើងក្បាច់គុនបុរាណខ្មែរឱ្យទទួលបានការគាំទ្រ និងរីកសុសសាយនៅទូទាំងសកលលោក ដែលប្រការនេះនឹងជួយកាត់បន្ថយពីផលប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សង្គម និងបង្កភាពចលាចលផ្សេងៗនៅតាមសហគមន៍នានាដែរ។
ការអំពាវនាវនេះធ្វើឡើងក្រោយពួកគេសង្កេតឃើញថាមានក្រុមយុវជនមួយចំនួនតែងតែបង្កភាពចលាចលក្នុងសង្គម តាមរយៈការអួតអាង ប្រកាន់បក្ខពួក ប្រព្រឹត្តអំពើអបាយមុខផ្សេងៗដែលមិនបានផ្ដល់ផលប្រយោជន៍ដល់ខ្លួននិងសង្គមនោះទេ ផ្ទុយទៅវិញបែរជាធ្វើឱ្យអាប់ឱនកិត្តិយសខ្លួនឯង គ្រួសារ និងសង្គមខ្មែរថែមទៀត។ ជាងនេះទៀត កីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរមួយចំនួនបានអំពាវនាវឱ្យយុវជនងាកមកចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ ជំនួសឱ្យការបង្កបញ្ហានៅក្នុងសង្គម ដូចជា ការបង្កើតបងភឿនវាយតប់ កាប់ចាក់គ្នានៅខាងក្រៅ និងសេពគ្រឿងញៀន ជាដើម។
កីឡាករប្រដាល់គុនខ្មែរ ឈឿង ល្វៃ បានអំពាវនាវឱ្យយុវជនដែលចំណាយពេលដើរលេង ឬជ្រុលខ្លួនប្រើប្រាស់គ្រឿងញៀន ចូលហ្វឹកហាត់គុនខ្មែរ ដោយរូបគេបានអះអាងថា ការដើរលេងបង្កបញ្ហាក្នុងសង្គម មិនបានផ្តល់ផលល្អនោះទេ ផ្ទុយទៅវិញវាជាទង្វើដែលសង្គមស្អប់ខ្ពើម។ កីឡាករនៃក្លិបនាគរាជចតុមុខរូបនេះ បញ្ជាក់ថា បើចូលហ្វឹកហាត់ប្រដាល់អាចរកបានទាំងថវិកា និងកិត្តិយស ខណៈការវាយតប់គ្នានៅខាងក្រៅមានតែការខាតបង់តែប៉ុណ្ណោះ។
លោកបន្តថា៖ «ខ្ញុំសំណូមពរឱ្យក្មេងៗស្ទាវដែលដើរលេងច្រើន ជក់ថ្នាំ ជក់អីហ្នឹង សូមបង្វែរមកហាត់ប្រដាល់ ព្រោះថាប្រដាល់ឥឡូវកំពុងតែបោះជំហានទៅមុខកាន់តែខ្លាំងហើយ។ អ៊ីចឹងសូមបងប្អូនមកហាត់ប្រដាល់ កុំដើរលេងឥតប្រយោជន៍ច្រើន ព្រោះថាដើរលេងច្រើនមានតែគេស្អប់ទេ។ អ៊ីចឹងកីឡាយើង វាយបានលុយ តែបើវាយខាងក្រៅ គឺដឹងតែអស់លុយហើយ»។
ការអំពាវនាវបែបនេះ ដោយសារតែកីឡាករប្រដាល់គុនខ្មែររូបនេះក៏ធ្លាប់ជាយុវជនម្នាក់ដែរចូលចិត្តដើរលេង មានបនភឿន មិនសូវចូលផ្ទះ ប៉ុន្តែរូបគេអះអាងថា ទង្វើទាំងនោះមិនបានផ្តល់ផលប្រយោជន៍សម្រាប់រូបគេនោះទេ ប៉ុន្តែបានត្រឹមតែធ្វើឱ្យមនុស្សជុំវិញស្អប់ សូម្បីតែក្រុមគ្រួសារ។ ក្រោយមក រូបគេក៏បានដកខ្លួនចេញពីសង្គមទាំងនោះ រួចចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ ទើបធ្វើឱ្យជីវិតរបស់គេចាប់ផ្តើមល្អប្រសើរឡើងវិញ ទាំងជីវភាព និងមានមហាជនគាំទ្រទូទាំងប្រទេស។
លោកបន្តថា៖ «[ពីមុន] សម្រាប់ខ្ញុំ ដើរលេងមិនសូវចូលផ្ទះ មិនដើរលេងបង្ករឿងបង្កអីទេ តែដូចថាមិនសូវបានចូលផ្ទះ ចូលសម្បែង អាងគា្នអាងអីអ៊ីចឹងទៅ ចេះតែដើរលេងឥតប្រយោជន៍»។
ស្រដៀងគ្នានេះដែរ អ្នកប្រដាល់គុនខ្មែរម្នាក់ទៀត គឺកីឡាករ លន បញ្ញា មើលឃើញថា បច្ចុប្បន្នយុវជនមួយចំនួនបានភ្លើតភ្លើនដើរលេងវាយតប់គ្នានៅខាងក្រៅ ខណៈកីឡាកររូបនេះចាត់ទុកថាការណ៍នេះគឺមិនមានផលចំណេញ ឬប្រយោជន៍អ្វីទាល់តែសោះ ពោលគឺមានតែធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ បាត់បង់តម្លៃ និងធ្វើឱ្យខាតបង់ថវិកា រួមនឹងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតផងដែរ។
លោកបន្តថា៖ «យើងដើរលេង យើងវាយគ្នាតាមធុងបាសអីហ្នឹង វាអត់មានប្រយោជន៍ទេ! វាខាតបង់ទាំងគ្រួសារ ខាតបង់ទាំងខ្លួនឯង! ខូចកេរ្តិ៍ឈ្មោះគ្រួសារ ប្រទេសជាតិយើងក៏អត់រីកចម្រើន។
ប្រភពដដែលបន្តថា ដើម្បីឱ្យសង្គមគោរពស្រឡាញ់ និងមានការគាំទ្រពីសាច់ញាតិ ឱ្យយុវជនគួរចូលហ្វឹកហាត់ប្រដាល់ជំនួសការដើរលេងកាប់ចាក់គ្នា ព្រោះការចូលប្រឡូកក្នុងវិស័យនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ទទួលបានទាំងថវិកា កេរ្តិ៍ឈ្មោះខ្លួនឯង គ្រួសារ និងមុខមាត់សង្គមដែរ។
លោកបន្តថា៖ «ប្រសិនបើយើងចូលមកហាត់ប្រដាល់ យើងបានអភិរក្សក្បាច់គុនដូនតាយើង ហើយអភិវឌ្ឍក្បាច់គុនដូនតាយើងឱ្យល្បីសុសសាយទៅកាន់ពិភពលោក ហើយយើងបានតម្លៃខ្លួន បានលុយទៀត»។
មិនខុសគ្នាទេ ចំណែកកីឡាការិនីប្រដាល់ម្នាក់ទៀត គឺយុវតី ទូច ចាន់វត្តី បានរៀបរាប់ថា បច្ចុប្បន្នអ្នកប្រដាល់ជាស្រ្តីមានតិចតួចនៅឡើយ ដូច្នេះរូបគេចង់ឃើញយុវតីកម្ពុជាចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ ដើម្បីចូលរួមលើកស្ទួយក្បាច់គុនដូនតាមួយនេះ ហើយក៏មានអត្ថប្រយោជន៍ក្នុងការការពារខ្លួន ចៀសវាងការដើរលេងប្រកាន់បក្ខពួក ឬបង្ហបញ្ហាផ្សេងៗដែលធ្វើឱ្យបាត់បង់តម្លៃជាស្រ្តីខ្មែរដែរ។
កញ្ញាបន្តថា៖ «ខ្ញុំចង់សំណូមពរដល់បងប្អូននារីៗដែលស្រឡាញ់ខាងប្រដាល់នេះ គឺចង់ឱ្យចូលហាត់ឱ្យបានច្រើន ដើម្បីលើកស្ទួយប្រដាល់យើង ហើយជួយផ្សព្វផ្សាយគុនខ្មែរ ដើម្បីឱ្យបរទេសបានស្គាល់ដែរ។ ហើយមួយទៀតក៏ហាត់ដើម្បីការពារខ្លួនដែរ»។
ជុំវិញករណីនេះ អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ និងជាប្រធានសហព័ន្ធឃីកប៊ុកស៊ីងកម្ពុជា លោក ហេង សុឃន សាទរចំពោះការអំពាវនាវរបស់កីឡាករ-កីឡាការិនី ដោយលោកអះអាងថា សហព័ន្ធប្រដាល់គុនខ្មែរ ស្វាគមន៍ និងគាំទ្រជានិច្ចចំពោះការចូលរួមរបស់យុវជនក្នុងវិស័យប្រដាល់។ ជាងនេះទៀត លោកថា ការចូលរួមនេះនឹងជំរុញឱ្យវិស័យប្រដាល់កម្ពុជាកាន់តែរីកចម្រើន។
បើតាមលោក ហេង សុឃន សហព័ន្ធលើកទឹកចិត្តចំពោះយុវជនដែលប្រព្រឹត្តអំពើអបាយមុខផ្សេងៗឱ្យចូលមកវិស័យកីឡា ដើម្បីសុខភាព កិត្តិយស មុខមាត់ជាតិ និងទទួលបានថវិកាផងដែរ។
លោកបន្តថា៖ «សហព័ន្ធគាំទ្រជានិច្ចក្នុងការឱ្យយុវជនយើងចូលលេងកីឡាទាំងអស់គ្នា […] សហព័ន្ធបើកទូលាយ ព្រោះមានក្លិបដល់ទៅ១០០ជាងឯណោះ ចូលទៅក្លិបណាក៏បានដែរ។ សហព័ន្ធនឹងគាំទ្រ និងកិច្ចសហការឱ្យយុវជនចូលទៅតាមបណ្តាក្លិបទាំងអស់ ដើម្បីឱ្យយុវជនងាកចេញពីការដើរផ្លូវខុស មកលេងកីឡាទាំងអស់គ្នា»។
រដ្ឋាភិបាលតែងតែអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា តាមរយៈការដាក់ចេញនូវពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ» ដើម្បីបញ្ជ្រាបឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងជាការត្រៀមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះដែរ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ(CDC) បានបង្ហាញថា ការលេងកីឡាជារឿងមួយដ៏សំខាន់បំផុតសម្រាប់សុខភាព។ បន្ថែមពីលើនេះទៀត ការលេងកីឡាអាចធ្វើឱ្យខួរក្បាលមានសុខភាពប្រសើរឡើង ជួយរក្សាទម្ងន់ កាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរមួយចំនួន ជួយពង្រឹងឆ្អឹង និងសាច់ដុំ រួមទាំងបង្កើនសមត្ថភាពការងារប្រចាំថ្ងៃថែមទៀត៕