ក្រុមយុវជនស្ម័គ្រចិត្ត ដែលសកម្មក្នុងការងារសង្គម បានជួបជុំគ្នាដើម្បីពិភាក្សាបញ្ហាប្រឈម  នៃការរឹតត្បិតសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា ដោយជំរុញទៅរដ្ឋាភិបាលបើកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលបានបិទនាពេលកន្លងមកឡើងវិញ។

តំណាងក្រុមយុវជនដែលបានបង្កើតកម្មវីធីនេះ លោក គុយ ចិត្រា វ័យ២១ឆ្នាំ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាពីសេរីភាពសារព័ត៌មាននេះ មានការចូលរួមពីយុវជនជាង៦០នាក់។ លោកថា គោលបំណងនៃការបង្កើតវេទិកានេះ គឺដើម្បីបញ្ជ្រាបចំណេះដឹងទៅដល់យុវជនជំនាន់ក្រោយ ពីគុណតម្លៃរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ។

លោកថា៖ «សរុបជារួម គឺកម្មវិធីនេះចង់ឱ្យយុវជនគាត់យល់ដឹងថា សារព័ត៌មានមានសារសំខាន់ក្នុងការអភិវឌ្ឍប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា គឺឱ្យមានសារព័ត៌មានឯករាជ្យនេះ»។

បន្ថែមលើនេះ តំណាងក្រុមយុវជនរូបនេះសង្កេតឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ក្រោយពេលរដ្ឋាភិបាលបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាបន្តបន្ទាប់ ជាពិសេសគឺវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ក្នុងពេលថ្មីៗនេះ។ លោកថា អ្នកសារព័ត៌មានឯករាជ្យ តែងតែពាំនាំបញ្ហាប្រឈមនានាពីប្រជាពលរដ្ឋទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ ដោយបង្ហាញការពិតជាក់ស្តែងដែលកើតមាន។

វេទិកានេះធ្វើឡើងរយៈពេលមួយព្រឹក នៅថ្ងៃទី១២ ខែមីនា ក្នុងរាជធានីភ្នំពេញ ដោយក្លឹបយុវជន ចំនួន៤ បានរួមគ្នារៀបចំឡើង។ ក្លឹបយុវជនទាំងនោះ រួមមាន ក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ, ក្លឹបយុវជនដើម្បីការយល់ដឹង, ក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ និង ក្លឹបយុវជនបៃតង។

វាគ្មិនចូលរួមវេទិការពិភាក្សាស្តីពី «សិទ្ធិសេរីភាពសារព័ត៌មាន គឺធានាដល់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌» ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
វាគ្មិនចូលរួមវេទិការពិភាក្សាស្តីពី «សិទ្ធិសេរីភាពសារព័ត៌មាន គឺធានាដល់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌» ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ (ទួក ពិសិដ្ឋ)

ក្នុងអង្គពិធីមានការចូលរួមសុទ្ធសឹងតែជាយុវជនវ័យក្មេងដែលជាសិស្ស-និស្សិត មកពីបណ្តាសាកលវិទ្យាល័យនានា ដោយមានទាំងការលើកជាសំណួរយ៉ាងផុសផុលទៅកាន់វាគ្មិនជាបន្តបន្ទាប់ផងដែរ។

យ៉ាងណាក្តី លោក គុយ ចិត្រា ដែលជាសហប្រធានក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ មានក្តីរំពឹងថា ក្រោយបញ្ចប់ការពិភាក្សានេះ យុវជនដែលបានចូលរួមនឹងទទួលបានចំណេះដឹងកាន់តែទូលំទូលាយបន្ថែមពីសារសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។

លោកថា៖ «អ្វីដែលយើងអាចផ្លាស់ប្តូរបាននៅក្នុងកម្មវិធីនេះ គឺយុវជនគាត់មានការផ្លាស់ប្តូរនៃការគិត។ ពីមុន ឧទាហរណ៍ថា គាត់គិតថាសារព័ត៌មានមិនអាចជួយអីបាន ប៉ុន្តែនៅពេលដែលគាត់ចូលរួមកម្មវិធីនេះ គាត់ឃើញអំពីលំហភាពនៃសារព័ត៌មាន។ អ៊ីចឹងគាត់គិតថា ខ្លួនគាត់នឹងមានការផ្លាស់ប្តូរ»

រូបរាងស្គមស្តើង សម្បុរស្រអែម យុវតី ជ្រក់ សារ៉េន វ័យ១៩ឆ្នាំ ជានិសិ្សតជំនាញអក្សរសាស្រ្តខ្មែរ បាននិយាយថា ក្រោយពេលបានចូលរួមកិច្ចពិភាក្សានេះ ធ្វើឱ្យរូបគេកាន់តែទទួលបានចំណេះដឹងទូលំទូលាយបន្ថែមទៀតពីតួនាទីយ៉ាងសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

មានស្រុកកំណើតនៅខេត្តសៀមរាប យុវតីរូបនេះបន្តថា រូបគេមិនសូវមានឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីទទួលបានចំណេះដឹងក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនទេ ព្រោះគាត់រស់នៅក្នុងតំបន់ជនបទ។

ប្រភពបន្តថា៖ «ខ្ញុំទទួលបានចំណេះដឹងច្រើន! វាមិនបានជាច្រើនណាស់ណាទេ ប៉ុន្តែវាគ្រាន់ជាងដែលថាខ្ញុំមកពីតំបន់ជនបទអ៊ីចឹង អត់សូវទទួលបានព័ត៌មានច្រើន។ ពេលខ្ញុំមកនៅ [រាជធានីភ្នំពេញ] នេះ ទោះជាខ្ញុំនៅបានតិច ប៉ុន្តែខ្ញុំចូលរួមកម្មវិធីបែបហ្នឹងបាន២លើកហើយ។ ខ្ញុំមានអារម្មណ៍មួយថា ខ្ញុំទទួលបានភាពក្បោះក្បាយ ទទួលបានអារម្មណ៍ថ្មីៗ»

ទោះជាយ៉ាងណា យុវតីវ័យ១៩ឆ្នាំរូបនេះ ប្រាប់ថា រូបគេតែងតែតាមដានស្ដាប់ពីបញ្ហានយោបាយនៅកម្ពុជា ហើយថាមានប្រព័ន្ធផ្សព្វផ្សាយតិចតួចប៉ុណ្ណោះដែលហ៊ានផ្សព្វផ្សាយពីព័ត៌មានពិត។ យ៉ាងណាក្តី កញ្ញាបានបង្ហាញអារម្មណ៍សោកស្តាយ ក្រោយពេលក្រសួងព័ត៌មានបិទស្ថាប័នវីអូឌី (VOD) ដោយថា ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យមួយនេះ គឺជាការបំបិទសំឡេងរបស់ប្រជាពលរដ្ឋ។

កញ្ញាថា៖ «វិទ្យុខ្លះផ្សាយស្ថិតនៅក្រោមស្ថាប័នរបស់គេ មិនហ៊ានផ្សាយការពិត និយាយទាល់តែអែប [លម្អៀង] ទៅខាងគេ ទើបអាចឈរជើងបានជាប់។ និយាយទៅ នៅពេលដែលយើងបិទវិទ្យុ [វីអូឌី] មួយនេះ គឺវាបាត់ការពិតតែម្តង»

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួង​ព័ត៌មានសម្រេចដកអាជ្ញាបណ្ណ ​​វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី បន្ទាប់ពីមានការបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ដែលច្រានចោល ​ពាក់ព័ន្ធ​នឹងការចុះផ្សាយ​អត្ថបទមួយថា ​លោក​ ហ៊ុន ម៉ាណែត ​ដែល​ជា​កូន​ប្រុស​របស់​លោក បានចុះហត្ថលេខាផ្តល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​រញ្ជួយដី​នៅ​ប្រទេស​តួកគី។​

ក្រោយមក ​ស្ថានទូតបរទេសប្រចាំកម្ពុជា រួមមាន ​អាមេរិក​ ចក្រ​ភព​អង់​គ្លេស​ សហភាព​អឺរ៉ុប​ ព្រម​ទាំង​ស្ថានទូត​អូស្ត្រាលី​ បានបង្ហាញការខកចិត្តព្រមៗគ្នា ខណៈដែលអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបានទាមទារឱ្យរដ្ឋាភិបាលបើកវិទ្យុនេះឡើងវិញ។​

ចំណែកលោក វណ្ណ ប៊ុណា អ្នកសិក្សាផ្នែកនយោបាយ ដែលជាវាគ្មិនចូលរួមកិច្ចពិភាក្សានេះបានសង្កេតឃើញថា នៅមុនរដូវកាលបោះឆ្នោតថ្នាក់ជាតិមកដល់ គណបក្សកាន់អំណាចបានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីបំបិទសំឡេងរិះគន់រដ្ឋាភិបាល ក្នុងគោលដៅកាន់តំណែងបន្ត។ លោកថា ក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលពីចន្លោះខ្វះខាតរបស់រដ្ឋាភិបាល ដើម្បីកែលម្អទៅរកភាពល្អប្រសើរ និងបង្ហាញការពិតដល់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួនបន្តទៀត។

ជាងនេះទៅទៀត លោកថា បើក្នុងសង្គមមួយ ស្ថាប័នព័ត៌មានមិនហ៊ានរាយការណ៍ពីបញ្ហាពិតទេ ស្ថាប័នទាំងនេះ​គឺជាប្រព័ន្ធឃោសនាការ ដែលមានន័យថាគ្រាន់តែជាមធ្យោបាយបម្រើផលប្រយោជន៍សម្រាប់ក្រុមណាមួយតែប៉ុណ្ណោះ។

លោកបន្តថា៖ «សារព័ត៌មានឯករាជ្យ គាត់ដើរតួនាទីអ្នកត្រួតពិនិត្យនូវសកម្មភាពរបស់រដ្ឋាភិបាល ក្នុងដំណើរការ ឬការអនុវត្តគោលនយោបាយខុសឬត្រូវកម្រិតណា ដែលយើងតែងថាសារព័ត៌មានគឺជាកញ្ចក់ឆ្លុះអំពីសកម្មភាពរបស់រដ្ឋាភិបាលទៅឱ្យប្រជាជន ហើយពាំនាំនូវអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋមកឱ្យរដ្ឋាភិបាល»។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២២ ចេញផ្សាយរបាយការណ៍មួយដោយចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាក្នុង​ឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោល​គឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០​ប្រទេស​នៅ​លើពិភព​លោក ។

របាយការណ៍ដដែលបានរកឃើញថា ប្រព័ន្ធផ្សព្វ​ផ្សាយ​មួយ​ផ្នែក​ធំ​របស់​កម្ពុជាត្រូវបានគ្រប់គ្រងដោយអ្នកជំនួញធំៗដែលស្និទ្ធជាមួយលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

យុវតី មាស ដា វ័យ២៣ឆ្នាំ ជាអ្នកសារព័ត៌មានហាត់ការនៅស្ថាប័នព័ត៌មានវីអូអេ (VOA) លើកឡើងថា គាត់មានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន នៅពេលដែលចុះប្រមូលព័ត៌មាននៅមូលដ្ឋាន ព្រោះខ្លួនជាស្រ្តី។ យ៉ាងណាក្តី កញ្ញាថា ការចាប់អាជីពក្នុងវិស័យសារព័ត៌មាននេះ គឺដើម្បីជាផ្នែកមួយចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គម។ ជាមួយគ្នានេះ អ្នកសារព័ត៌មានវ័យក្មេងរូបនេះបានជំរុញឱ្យរដ្ឋាភិបាលបើកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើងវិញ ដើម្បីដោះស្រាយបញ្ហាជាតិដែលកំពុងកើតមានឡើង។

កញ្ញាបន្ថែមថា៖ «ចំពោះការរៀបចំរបស់ក្រុមយុវជននេះដែរ ក៏ដូចជាសារមួយសម្រាប់ពាំនាំទៅដល់រាជរដ្ឋាភិបាល ឱ្យគាត់មានការបើកចិត្តឱ្យទូលាយក្នុងការទទួលយកនូវការកែប្រែ ក៏ដូចជាមានការអភិវឌ្ឍឱ្យមានការរីកចម្រើនជាងមុន ទៅលើវិស័យសារព័ត៌មាននៅកម្ពុជា»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភណ្ឌ បានលើកឡើងថា ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅកម្ពុជា មិនត្រូវ​​បាន​រឹតត្បិតនោះទេ ហើយថាស្ថាប័នទាំងនេះកំពុងបំពេញការងាររបស់ខ្លួនដោយសេរីក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។

លោកបន្តថា៖ «សារព័ត៌មាន និងអ្នកសារព័ត៌មាន អាចបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដោយសេរី និងយ៉ាងសកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការត្រួតពិនិត្យមុនការផ្សាយ និងផ្សព្វផ្សាយដោយឈរលើការសម្រេចចិត្ត ដោយស្វ័យភាព គ្មានការបង្ខិតបង្ខំឡើយ»

បើតាមលោក មាស សុភណ្ឌ នៅកម្ពុជាមានអង្គភាព​សារព័ត៌មានជាង២ 0០០​អង្គភាព​ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួង​ព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​ចំនួនជាង៥ ០០០នាក់​។

ចំណែកនាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា (ខេមបូចា) លោក ណុប វី បានសាទរចំពោះសកម្មភាពក្រុមយុវជនស្ម័គ្រចិត្ត ដែលរួមគ្នាបង្កើតវេទិកាពិភាក្សាដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជានេះឡើង។ លោកថា សកម្មភាពទាំងនេះគួរត្រូវទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធ។ ជាងនេះទៅទៀត លោកថា រដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុក ការចុះផ្សាយពីចំណុចអវិជ្ជមានរបស់ខ្លួន គឺជាក្រុមប្រឆាំង។ ប៉ុន្តែលោកថា ការរាយការណ៍ពីបញ្ហាពិត ឬអំពីអសកម្មណាមួយរបស់អាជ្ញាធរ គឺជាការជំរុញឱ្យមានដំណោះស្រាយក្នុងសង្គមឈានទៅរកភាពល្អប្រសើរ។

លោកថ្លែងថា៖ «ការផ្តល់ព័ត៌មានរឿងអវិជ្ជមានមិនជាអាក្រក់អីទេ វាអាចធ្វើឱ្យបញ្ហាផ្សេងៗក្នុងសង្គមហ្នឹងគឺត្រូវបានដោះស្រាយ ជាជាងដែលធ្វើឱ្យបញ្ហាហ្នឹង វាក្លាយទៅជារឿងដែល កាន់តែធ្ងន់ធ្ងរកើតមានឡើងនៅក្នុងសង្គមរបស់យើង»

ងាកទៅកាន់យុវតីវ័យក្មេង ឡាច ធីណា បានជំរុញប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ចូលរួមឱ្យបានផុសផុលក្នុងកិច្ចការងារសង្គមទៅតាមលទ្ធភាពរៀងខ្លួនៗ ស្របទៅតាមច្បាប់រដ្ឋមនុញ្ញចែងពីសិទ្ធិរបស់ពលរដ្ឋ ដើម្បីធានាឱ្យសង្គមជាតិមានការអភិវឌ្ឍឈានទៅរកភាពល្អប្រសើរ។

កញ្ញាថា៖ «ខ្ញុំសុំសំណូមពរទៅដល់យុវជន ក៏ដូចជាសកម្មជន ប្រជាពលរដ្ឋខ្មែរ ឱ្យមានការចូលរួមយ៉ាងសកម្មក្នុងសង្គមយើងសព្វថ្ងៃនេះ ព្រោះមានតែពួកយើងទេដែលជាសារសំឡេងមួយ ដើម្បីឱ្យសង្គមជាតិយើងនឹងទទួលបានយុត្តិធម៌»៕​