យុវជនមួយក្រុមដែលមានសមាជិកជាង១០នាក់ បានបង្កើតមូលនិធិតាមអនឡាញមួយដែលមានឈ្មោះថា «១ដុល្លារដើម្បីស្នាមញញឹមដំរី» ក្នុងគោលបំណងស្វែករកជំនួយសប្បុរសធម៌ពីមហាជន ដើម្បីជួយអភិរក្សសត្វដំរីដែលកំពុងខ្វះខាតចំណី និងជួយដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ជើងភ្នំគូលែន។

យុវតីម្នាក់ដែលជាសមាជិករបស់មូលនិធិ១ដុល្លារដើម្បីស្នាមញញឹមដំរី គឺកញ្ញា ស៊ី ទិត្យាដារីយ៉ា បានឱ្យដឹងថា ក្រុមរបស់កញ្ញាដែលមានសមាជិកចំនួន១៣នាក់ បានបង្កើតយុទ្ធនាការមួយ ដើម្បីរកសម្ភារនិងថវិកាពីសប្បុរសជនមួយចំនួនធំ ទៅផ្គត់ផ្គង់ចំណាយលើចំណី និងការថែរក្សាដំរី ហើយមួយចំនួនទៀតជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកនៅតំបន់ក្បែរជើងភ្នំគូលេន ដែលស្ថិតក្នុងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

កញ្ញាបញ្ជាក់ថា នេះគឺលើកទី២ហើយដែលបានធ្វើយុទ្ធនាការរកជំនួយសប្បុរសធម៌តាមប្រព័ន្ធអនឡាញមួយនេះ ហើយមូលហេតុដោយសារតែមើលឃើញពីភាពខ្វះខាតចំណីអាហាររបស់ដំរី ខណៈដំរីទាំងនោះមិនអាចរកចំណូលតាមរយៈការដឹកភ្ញៀវកម្សាន្តនោះទេ ហើយប្រជាពលរដ្ឋនៅតំបន់នោះក៏មានជីវភាពខ្វះខាតថែមទៀត។

កញ្ញាបញ្ជាក់ថា៖ «គម្រោងដែលបង្កើតឡើងដើម្បីជួយអភិរក្សសត្វដំរីនៅតំបន់ជើងភ្នំគូលេន និងជួយដោះស្រាយបញ្ហាជីវភាពអ្នកភូមិក្នុងតំបន់នោះ។ ហើយមួយទៀត គោលបំណងរបស់ពួកយើង គឺជួយខាងបងអ្នកមើលដំរី ដោយសារគាត់រាងខ្វះខាតដែរ អ៊ីចឹងយើងជួយទៅ ដើម្បីឱ្យពួកគាត់អាចយកថវិកាហ្នឹងទៅមើលថែដំរីឱ្យបានពេញលេញ។ ហើយពួកយើងក៏យកចំណែកមួយចំនួនតូចទៅជួយអ្នកភូមិនៅជើងភ្នំគូលេន ដោយសារមើលទៅឃើញផ្ទះពួកគាត់តូចៗ»។

យុវតីដែលជាសមាជិកមូលនិធិខាងលើ បានដាក់ក្ដីរំពឹងថា ជំនួយដែលបានពីសប្បុរសជននេះ នឹងអាចជួយឱ្យដំរីប្រមាណជាង១០ក្បាលនោះមានចំណីអាហារគ្រប់គ្រាន់ ហើយក៏បានដោះទ័លជីវភាពប្រជាពលរដ្ឋនៅតំបន់នោះបានមួយរយៈពេលដែរ ខណៈត្រឹមតែមួយថ្ងៃដំបូង ក្រុមរបស់កញ្ញាប្រមូលមូនិធិនេះបានជាង​២ពាន់ដុល្លារ។

កញ្ញាថា៖ «សម្រាប់សត្វដំរី គឺពួកយើងអាចជួយឱ្យមានចំណីអាហារគ្រប់គ្រាន់ ហើយប្រជាពលរដ្ឋនៅទីនោះនឹងអាចទទួលបានថវិកា ហើយនិងសម្ភារខ្លះៗ ដើម្បីដោះស្រាយជីវភាពដែរ»។

ទន្ទឹមនោះ សមាជិកក្រុមដដែលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមឱ្យបានច្រើនក្នុងយុទ្ធនាការស្វែងរកជំនួយសប្បុរសធម៌នេះ ដោយអះអាងថា ការចូលរួមរបស់ពលរដ្ឋកាន់តែច្រើន ពួកគេកាន់តែមានកម្លាំងចិត្ត ខណៈដំរីនៅតំបន់ជើងភ្នំគូលេនក៏មានចំណីកាន់តែច្រើន។

កញ្ញា ទិត្យាដារីយ៉ា៖ «ខ្ញុំសូមសំណូមពរឱ្យពួកគាត់ [ប្រជាពលរដ្ឋ] ជួយLike និងជួយshare Page Domrei នេះ ដើម្បីឱ្យពួកយើងមានកម្លាំងចិត្ត និងមានថវិកាគ្រប់គ្រាន់ដើម្បីទៅជួយសត្វដំរីនៅឯជើងភ្នំគូលេន»។

ដោយឡែក អ្នកបរិច្ចាគក្នុងមូលនិធិនេះម្នាក់ គឺអ្នកស្រី អិត កាន់ជីការ បានឱ្យដឹងថា ការសម្រេចចិត្តចូលរួមនេះ ដោយសារអ្នកស្រីគិតថា ចំណាយប្រាក់តិចតួច ប៉ុន្តែអាចជួយដំរីបាន ទោះបីអ្នកស្រីមិនបានទៅដោយផ្ទាល់ក៏ដោយ។ អ្នកស្រីចាត់ទុកគម្រោងមូលនិធិមួយនេះមិនត្រឹមតែអាចជួយអភិរក្សសត្វដំរីក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាតំបន់ដែលសម្បូរសត្វដំរីនោះផងដែរ។

អ្នកស្រីថា៖ «មូលហេតុមួយដែលខ្ញុំចូលរួមថវិកាជួយដល់ក្រុមការងារពួកគាត់ គឺព្រោះខ្ញុំឃើញពាក្យមួយឃ្លាថា ១ដុល្លារដើម្បីស្នាមញញឹមដំរី។ វាធ្វើឱ្យយើងមានអារម្មណ៍ថា បើពួកយើងទាំងអស់គ្នាចូលរួមថវិកាបន្តិចបន្តួចរបស់យើង អាចធ្វើឱ្យសត្វដំរីដែលរស់នៅតាមតំបន់ភ្នំទាំងនោះទទួលបានការមើលថែ និងផ្គត់ផ្គង់បានយ៉ាងល្អ ទោះបីជាពួកយើងមិនបានជួយដោយផ្ទាល់ក៏ដោយ»។

អ្នកស្រី កាន់ជីការ បានដាក់ក្ដីរំពឹងថា ក្រុមយុវជនដែលបង្កើតគម្រោងមួយនេះ នឹងបន្តមូលនិធិជួយដល់សត្វដំរីតទៅមុខទៀត ហើយក៏សង្ឃឹមថាអ្នកប្រើប្រាស់បណ្តាញសង្គមនឹងជួយចែករំលែកគម្រោងនេះ ក៏ដូចជាឧបត្ថម្ភថវិកាម្នាក់១ដុល្លារ ព្រោះអ្នកស្រីចាត់ទុកថាថវិកាដែលចូលរួមម្នាក់១ដុល្លារ អាចជួយយសង្រ្គោះដល់សត្វដំរីពីភាពអត់ឃ្លានបាន។

អ្នកស្រីថា៖ «១ដុល្លាររបស់ពួកយើងទាំងអស់គ្នា អាចផ្តល់ជីវិតថ្មីមួយដល់សត្វដំរីដែលកំពុងតែជួបទុក្ខលំបាក»។

អ្នកថែរក្សាដំរីម្នាក់ គឺលោក Devid Java POIT បានឱ្យដឹងថា បច្ចុប្បន្នដំរីនៅតំបន់ជើងភ្នំគូលេនមានចំនួន ១១ក្បាល ក្នុងនោះមានឈ្មោល ២ក្បាល​ និងញី ៩ក្បាល ដែលដំរីនីមួយៗត្រូវចំណាយថវិកាថែទាំ និងចំណីប្រមាណជាង ១ពាន់ដុល្លារក្នុងមួយខែ។ លោកបន្ថែមថា ប្រសិនបើទទួលបានថវិកាពីមូលនិធិខាងលើនេះ ក៏អាចជួយលើការចំណាយបានមួយរយៈ ជាពិសេសក៏អាចយកទៅអនុវត្តគម្រោងផ្សេងៗដែលជាតម្រូវការជាក់ស្តែងផងដែរ។

លោកថា៖ «បើសិនជាយើងបានទទួលថវិកាបន្ថែម អាហ្នឹងអាចជួយចំណាយលើការថែទាំដំរីគ្រប់មុខ ដូចជាចំណីផង ថ្នាំផង ចំណាយបុគ្គលិកផង និងភ្លើងផង។ ហើយទៅមុខទៅ បើសិនជាយើងមានថវិកាបន្ថែម ក៏យើងអាចយកលុយហ្នឹងទៅចាយក្នុងគម្រោងផ្សេងៗ ដូចជាគម្រោងការពារព្រៃឈើ ឬក៏គម្រោងកែលម្អលំនៅដ្ឋានដំរី ឬក៏លំនៅដ្ឋានបុគ្គលិកអ៊ីចឹងហ៎ា»។

បន្ថែមលើនេះ លោកបានឱ្យដឹងដែរថា នៅតំបន់ជើងភ្នំគូលេននោះមានប្រជាពលរដ្ឋរស់នៅជាង១០០គ្រួសារ​ ដែលប្រកបរបរកសិកម្ម។ ដូច្នេះ លោកថា ប្រសិនបើពួកគេទទួលបានជំនួយសប្បុរសធម៌នោះក៏បានជួយសម្រួលភាពខ្វះខាត ខណៈតំបន់នោះនៅដាច់ស្រយាលពីទីប្រជុំជន ពោលគឺសាលារៀន មន្ទីរពេទ្យ និងវត្តអារាម សុទ្ធតែនៅឆ្ងាយពីភូមិ។

សូមជម្រាបថា គម្រោងស្វែងរកមូលនិធិ «១ដុល្លារដើម្បីស្នាមញញឹមដំរី» ធា្លប់បានធ្វើឡើងកាលពីអំឡុងខែមករា ឆ្នាំ២០២២ ម្តងរួចមកហើយ ដោយបាននាំយកថវិកានិងសម្ភារដែលបានពីការបរិច្ចាគ ទៅផ្គត់ផ្គង់ដល់ការថែទាំដំរីចំនួន១៣ក្បាល និងអ្នកថែទាំដំរី១៦នាក់ រួមនឹងពលរដ្ឋក្រីក្រនៅតំបន់នោះចំនួន៣០គ្រួសារ៕