យុវជនមួយក្រុមស្ម័គ្រចិត្តបង្កើតមូលនិធិជួយដល់អ្នកប្រដាល់ដែលជួបបញ្ហាបាក់បែកកាយសម្បទាណាមួយ ឬរបួសធ្ងន់ធ្ងរដោយសារការប្រកួត ខណៈពួកគេសង្កេតឃើញថាកីឡាករប្រដាល់ភាគច្រើនជួបបញ្ហាជីវភាព ពេលដែលរងរបួសមិនអាចឡើងសង្វៀនរកចំណូលទៀតបាន។

អ្នកអត្ថាធិប្បាយប្រដាល់ម្នាក់ គឺលោក ស៊ី គឹមសង់ ដែលអ្នកនិយមគុនខ្មែរស្គាល់ថា Admin Kimsong បានឱ្យដឹងថា លោក និងសប្បុរសជនជិត១០នាក់ផ្សេងទៀតបានបង្កើតកញ្ចប់មូលនិធិមួយ ដើម្បីជួយដល់អ្នកប្រដាល់គុនខ្មែរណាដែលរងរបួសបាក់បែកឆ្អឹងដៃ-ជើង បាក់ក្តោងច្រមុះ និងរបួសធ្ងន់ធ្ងរមួយចំនួនទៀត។ លោកបញ្ជាក់ថា បច្ចុប្បន្នមានថវិកាជាង ១លានរៀលសម្រាប់ជួយដល់កីឡាករ-កីឡាការិនីដែលជួបបញ្ហាដែលមើលមិនឃើញដូចករណីខាងលើនេះ ដោយលោកបានអះអាងថា រាល់អ្នកប្រដាល់ដែលមានបញ្ហាដូចបានរៀបរាប់ខាងលើនេះ អាចទាក់ទងមកលោកគ្រប់ពេលបាន ដោយពុំបាច់ក្រែងចិត្តនោះទេ។

លោកថា៖ «កីឡាករចាប់ពីពេលនេះ មិនថាវាយថ្នាល! វាយគូឯក! វាយគូរងទេ! ឱ្យតែថាបាក់បែក តេមកខ្ញុំ គឺយើងនឹងជួយ។ យើងជួយនេះ បើមួយខែបាក់៥[នាក់] ជួយទាំង៥[នាក់] ហើយជួយមិនគិតអ្នកល្បី ឬអ្នកខ្សោយទេ ឱុ្យតែថាបាក់[…] ហើយខ្ញុំសូមផ្ដាំទៅកីឡាករ និងលោកគ្រូកុំខ្លាចចិត្តខ្ញុំ ម៉ោងប៉ុន្មានក៏ដោយ ខ្ញុំហ៊ាននិយាយថា២៤ម៉ោង ខ្ញុំនឹងជួយអ្នក ឱ្យតែអ្នករបួសពិត»។

មិនត្រឹមតែជួយតាមរយៈថវិកាផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ប៉ុន្តែលោក ស៊ី គឹមសង់ ក៏បានអះអាងថានឹងខិតខំស្វែងរកជំនួយពីសប្បុរសជនតាមបណ្ដាញសង្គមផ្សេងៗជួយបន្ថែមដល់កីឡាករដែលរងរបួសនោះដែរ។

លោក ស៊ី គឹមសង់ បានអះអាងថា មូលហេតុដែលក្រុមរបស់លោកសម្រេចចិត្តបង្កើតមូលនិធិនេះឡើង ដោយសារតែមើលឃើញពីផលលំបាករបស់កីឡាករដែលរងរបួសធ្ងន់ធ្ងរដូចជា បាក់ដៃ-ជើង និងបាក់ក្តោងច្រមុះ ជាដើម ដែលត្រូវការចំណាយថវិកាព្យាបាលច្រើន និងពេលវេលាយូរក្នុងការព្យាបាល ខណៈលោកសង្កេតឃើញថា កម្ពុជាមិនទាន់មានមូលនិធិជួយបែបនេះនៅឡើយ។ មួយវិញទៀត លោកក៏ធ្វើតាមដំបូន្មានរបស់អ្នកអភិរក្សគុនខ្មែរមួយរូប គឺលោក ម៉ា សេរី កាលពីលោកនៅមានជីវិត ដែលតែងតែមានប្រសាសន៍ថាចង់ឱ្យគុនខ្មែររីកចម្រើន ត្រូវចាប់ផ្តើមពីខ្លួនយើងទាំងអស់គ្នា។

លោកថា៖ «ខ្ញុំគិតថាចំណុចហ្នឹងអត់ទាន់មានអ្នកធ្វើ អ៊ីចឹងបើខ្ញុំធ្វើ ខ្ញុំជឿថាខ្មែរយើងមានបេះដូង! ខ្មែរយើងមានច្រើនណាស់ រាប់លាននាក់ គេអត់ស្តាយនៅក្នុងការជួយទេ មួយរៀលៗ[១ដុល្លារ] ហើយមួយទៀត មូលហេតុដែលជំរុញឱ្យខ្ញុំបង្កើតកម្មវិធីជួយកីឡាករហ្នឹង ក៏យើងនឹកដល់លោកគ្រូ ម៉ា សេរី គាត់ថាផ្តើមពីយើងទាំងអស់គ្នា ចំណុចហ្នឹងក៏ធ្វើឱ្យវាទាក់ក្នុងបេះដូងខ្ញុំដែរ»។

ជុំវិញករណីនេះ អ្នកប្រដាល់គុនខ្មែរម្នាក់ គឺកីឡាករ អ៊ូច ធារិទ្ធ ចាត់ទុកការបង្កើតមូលនិធិនេះជាការយកចិត្តទុកដាក់ចំពោះកីឡាករគុនខ្មែរយ៉ាងល្អបំផុត ដោយការធ្វើបែបនេះអាចធ្វើឱ្យកីឡាករនីមួយៗប្រកួតអស់សមត្ថភាព ដោយមិនមានក្តីបារម្ភពីបញ្ហារបួសគ្មានថវិកាព្យាបាល។

កីឡាកររូបនេះថា៖ «បង គឹមសុង គាត់ធ្វើអ៊ីចឹង ខ្ញុំគិតថាល្អខ្លាំងហ្មង […] គាត់ធ្វើអ៊ីចឹងទៅ កីឡាករអត់ភ័យរឿងរបួសទៅ អត់មានអ្នកជួយ! ហើយទី២ យើងឡើងប្រកួត គឺយើងដឹងតែវាយមួយអស់ៗហ្មង»។

អ្នកប្រដាល់គុនខ្មែរនៃក្លឹបគុជសារសគុនខ្មែរដដែល ក៏ចង់ឃើញមានមហាជនដែលជាអ្នកស្រឡាញ់វិស័យប្រដាល់គុនខ្មែរចូលរួមបង្កើតមូលនិធិផ្សេងៗជួយកីឡាករឱ្យបានច្រើនថែមទៀត ដើម្បីធានាថា ទោះបីកីឡាកររងរបួសមិនអាចប្រកួតបាន ក៏មានថវិកាក្នុងការព្យាបាល និងផ្គត់ផ្គង់ចំណាយមួយផ្នែកក្នុងគ្រួសារដែរ។ មួយវិញទៀត លោក អ៊ូច ធារិទ្ធ អះអាងថា មូលនិធិសប្បុរសធម៌នេះអាចជួយសម្រួលជីវភាពកីឡាករ ស្របពេលដែលកីឡាករប្រដាល់ភាគច្រើនសុទ្ធតែមានជីវភាពខ្វះខាត ជាក់ស្តែងដូចជារូបគេផ្ទាល់ ដែលជួបបញ្ហាខ្វះខាតពេលដែលរបួសមិនអាចឡើងប្រកួតបាន។

កីឡាកររូបនេះថា៖ «អាចជួយសម្រួលជីវភាព! ពេលរបួសទៅ កីឡាករមិនមែនជាអ្នកមានអីទេ សុទ្ធតែជាអ្នកអត់ទាំងអស់ អ៊ីចឹងយើងអាចជួបផលលំបាកនូវជីវភាព និយាយឱ្យចំគឺបញ្ហាចំណូលហ្នឹងហ្មង»។

ស្រដៀងគ្នា គ្រូបង្ហាត់នៃក្លឹបប្រដាល់រាហ៊ូកីឡាខេត្តបាត់ដំបង លោក ឈុត សេរី ចាត់ទុកមូលនិធិនេះជាការជួយសង្គ្រោះកីឡាករដែលរងរបួស ជាពិសេសកីឡាករថ្នាលដែលពុំសូវបានឡើងប្រកួត និងបានតម្លៃខ្លួនទាប។

កីឡាករ អ៊ូច ធារិទ្ធ ថា៖ «យើងមានមូលនិធិទៅ ដូចថាគ្នាឡើងទៅមានគ្រោះថ្នាក់ប្រការអ្វីមួយដូចជា បាក់ដៃបាក់ជើង បាក់ក្តោងច្រមុះ បានអ៊ីចឹងទៅ! យើងមានមូលនិធិជួយគ្នាអ៊ីចឹងទៅ ធូរគ្នាមួយកម្រិតដែរ។ កីឡាករដែលឡើងថ្មីៗ ជួនកាលក៏អាចគ្រោះថ្នាក់ដែរ ហើយបើមានមូលនិធិជួយអ៊ីចឹងទៅ វាសម្រួលគ្រួសារគ្នាដែរ»។

គ្រូបង្ហាត់ប្រដាល់នៃក្លឹបចលនាយុវជន១៥៧គុនខ្មែរ លោក ពេជ្រ សុផាន់ បានបង្ហាញការពេញចិត្ត និងចាត់ទុកការធ្វើមូលនិធិនេះ គឺជារឿងមួយដ៏ល្អសម្រាប់អ្នកប្រដាល់គុនខ្មែរ ដែលរងរបួសដោយយថាហេតុ ឬមានបញ្ហាជីវភាព ជាដើម។

លោកថា៖ «ការធ្វើមូលនិធិរបស់ Admin Kimsong និងក្រុមការងារគាត់ គឺជាផលល្អមួយសម្រាប់កីឡាករគុនខ្មែរដែលមានរបួស»។

រីឯអគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ លោក ហេង សុឃន បានមានប្រសាសន៍ថា សហព័ន្ធគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតមូលនិធិជួយដល់កីឡាករ-កីឡាការិនី ព្រោះលោកថា សកម្មភាពទាំងនោះ គឺជាការចូលរួមឱ្យប្រដាល់គុនខ្មែរជោគជ័យនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ដូចជារីកចម្រើនទៅកាន់ឆាកអន្តរជាតិ។

លោកថា៖ «នៅពេលដែលមានមូលនិធិ មានការជួយគ្រប់បែបយ៉ាង សហព័ន្ធគាំទ្រទាំងអស់។ បើបានមូលនិធិពីយុវជនមកទៀត យើងរឹតតែជោគជ័យនៅថ្ងៃខាងមុខដែរ»។

ជាការកត់សម្គាល់ លោក ស៊ី គឹមសង់ និងក្រុមការងាររបស់លោក តែងជួយដល់កីឡាករដែលមានបញ្ហាខ្វះខាត និងរងរបួសផ្សេងៗជាបន្តបន្ទាប់ តាមរយៈថវិកាផ្ទាល់ខ្លួន និងរកមូលនិធិពីមហាជនបាន​រាប់ម៉ឺនដុល្លារ។ ជាក់ស្តែង នាពេលថ្មីៗនេះ លោកបានជួយជាថវិកាដល់កីឡាករ ស៊ឺន ថៃសាន់ ដែលរងរបួសបាក់ជើង និង អ៊ូច ធារិទ្ធ ដែលមានបញ្ហាច្រមុះ រួមទាំងកីឡាករជាច្រើនរូបទៀត៕