អង្គការផ្នែកសុខុមាលភាពអនាម័យជាច្រើនស្ថាប័ន បានរួមគ្នាធ្វើយុទ្ធនាការក្រោមឈ្មោះថា «តោះយើងសម្អាតបឹងទន្លេសាប» ដើម្បី​ជំរុញឱ្យប្រជាសហគមន៍រស់នៅជុំវិញបឹងទន្លេសាប រស់នៅដោយគ្មានសំណល់ប្លាស្ទិក ក្រោយបារម្ភពីការបំពុលទឹកក្នុងបឹងធម្មជាតិមួយនេះ។

នាយកកម្មវិធីទឹកស្អាត និងអនាម័យ នៃអង្គការ អាយអ៊ីឌី  (IDE Innovation Lab) លោក ថេឡឺ កូហ្សូឡេ (Tyler Kozole) បានឱ្យដឹងថា យុទ្ធនាការ តោះយើងសម្អាតបឹងទន្លេសាប បានចាប់ផ្តើមក្នុងខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៥។ លោកថា គោលបំណងនៃយុទ្ធនាការនេះ គឺជាផ្នែកមួយដើម្បីជំរុញឱ្យបរិស្ថាននៅជុំវិញបឹងទន្លេសាប គ្មានកាកសំណល់បា្លស្ទិក ជាពិសេសគឺការផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋឱ្យគិតគូរពីបញ្ហាអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ។

លោកថា៖ «យុទ្ធនាការតោះយើងសម្អាតបឹងទន្លេសាប” បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ក្នុងចំណោមសហគមន៍ដែលរស់នៅលើ ឬក្បែរបឹងទន្លេសាប ជុំវិញប្រធានបទចំនួនបួន ដូចជា ឥរិយាបថ និងការទទួលបានអនាម័យប្រកបដោយសុវត្ថិភាព ទឹកស្អាត អនាម័យដៃ និងខ្លួនប្រាណដើម្បីសុខភាពល្អ និងការគ្រប់គ្រង សំណល់រឹង»

លោកបន្តថា អង្គការដែលធ្វើការផ្នែកសុខភាព និងអនាម័យជាច្រើនស្ថាប័ន បានរួមគ្នាបង្កើតជាយុទ្ធនាការនេះឡើង ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងកើតបឹងទន្លេសាប រួមមាន ខេត្ត​កំព​ង់ឆ្នាំង​ ខេត្ត​កំពង់​ធំ​ និងខេត្ត​ពោធិ៍​សាត់។ លោកឱ្យដឹងថា អង្គការទាំងនោះរួមមាន អង្គការ អាយឌីអ៊ី (IDE Innovation Lab), អង្គការ Save the Children, អង្គការ VSO Cambodia ,សហគ្រាសផលិត ធុងចម្រោះទឹកទន្សាយ (Super Tunsai Water Filters) និងអង្គការ Wetlands Work ជាដើម។

បើតាមលោក ថេឡឺ កូហ្សូឡេ (Tyler Kozole) បឹងទន្លេសាប គឺជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់នេះ ជាពិសេសកុមារកំពុងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ​ដោយសារតែពួកគេទទួលទានទឹកមិនស្អាត និងកង្វះអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ។

លោកថា៖ «លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់តំបន់នេះ [បឹងទន្លេសាប] ហើយទឹកដែលមានផ្ទុកមេរោគធ្វើឱ្យមនុស្សជាច្រើន រួមទាំងកុមារ ត្រូវប្រឈមនឹងមេរោគនិងបាក់តេរីដ៏គ្រោះថ្នាក់ផ្សេងៗ ដូចដែលបានកត់សម្គាល់ហើយថាចំនួនត្រីនៅបឹងទន្លេសាប មានការធ្លាក់ចុះ។ មានកត្តាជាច្រើនដែលនៅពីក្រោយការថយចុះនៃផលត្រី ដែលមួយក្នុងចំណោមនោះ គឺមកពីកត្តាការបំពុលទឹក»

ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពនៃយុទ្ធនាការនេះនឹងត្រូវផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុកឈ្មោះថា “តោះសម្អាតបឹងទន្លេសាប” ដោយមានការចែករំលែកជាសារអប់រំពីបញ្ហាបរិស្ថាន សម្រាប់ពលរដ្ឋទូទៅ។ បន្ថែមលើនេះ ក្រុមការងារនៃយុទ្ធនាការនឹងចុះទៅតំបន់បឹងទន្លេសាបដោយផ្ទាល់ និងមានការរៀបចំការលេងល្បែងក​ម្សាន្ត ការផ្ដល់រង្វាន់ និងព្រឹត្តិការណ៍នានា ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរស់នៅក្នុងតំបន់នោះអាចចូលរួមជាមួយយុទ្ធនាការមួយនេះផងដែរ។

ជាមួយគ្នានេះ កញ្ញា ឈុន គឹមឈៀន វ័យ២៧ឆ្នាំជាពលរដ្ឋរស់នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាខេត្តមួយនៅជាប់បឹងទន្លេសាប បានឱ្យដឹងថា ទឹកនៅក្នុងតំបន់របស់គាត់រស់នៅ គឺមានសំរាមច្រើន និងល្អក់កខ្វក់។ កញ្ញាថា ពលរដ្ឋនៅជាប់បឹងទន្លេសាបមួយចំនួនបានយកសំរាមបោះចូលផ្ទៃបឹងទន្លេសាប ហើយអ្នកខ្លះទៀតបានដុតកាកសំណល់ចោលនៅក្បែៗតំបន់នោះ។ កញ្ញាបង្ហាញក្តីបារម្ភថា បើការបោះសំរាមនៅតែបន្តកើតមាននោះនឹងផ្តល់ផល់ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់នោះយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាក្តី កញ្ញាមិនទាន់បានដឹងពីយុទ្ធនាការ “តោះយើងសម្អាតបឹងទន្លេសាប” នៅឡើយទេ។កញ្ញាថា បើមានសកម្មភាពបែបនេះមែន នោះក៏ជាផ្នែកមួយផ្សព្វផ្សាយអប់រំពលរដ្ឋនៅតំបន់របស់គាត់ឱ្យចេះរស់នៅប្រកបដោយភាពអនាម័យផងដែរ។

កញ្ញាថា៖ « [យុទ្ធនាការតោះយើងសម្អាតបឹងទន្លេសាប] វាអាចនឹងជួយដល់ការហូបទឹកស្អាត និងជួយឱ្យពលរដ្ឋប្រើប្រាស់ទឹកស្អាតល្អ»។

ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក ម៉ន ផល្លា បានសាទរចំពោះសកម្មភាពយុទ្ធនាការ  សម្អាតបឹងទន្លេសាប របស់អង្គការនានាដែលបង្កើតឡើង ដោយថានឹងធ្វើឱ្យបរិស្ថាននៅតំបន់របស់លោកកាន់តែមានភាពល្អប្រសើរឡើង។ យ៉ាងណា លោកថា ដើម្បីឱ្យកិច្ចការសម្អាតបរិស្ថាននោះកាន់តែមានប្រសិទ្ធភាព ក៏គួរមានការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ទាំងថ្នាក់ខេត្ត និងនៅមូលដ្ឋានផងដែរ។

លោកថា៖ «សកម្មភាពហ្នឹង វាជាការងារល្អហើយ ដែលគាត់បានចូលរួមចំណែកក្នុងការសម្អាតទន្លេសាបរបស់យើង»។

លោក ម៉ន ផល្លា បានបន្ថែមថា អាជ្ញាធរនៅតំបន់របស់លោកតែងតែផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅតាមបណ្តោយបឹងទន្លេសាប ឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវរួចរាល់ហើយដែរ ហើយថាដើម្បីឱ្យបរិស្ថានស្អាត លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកបន្តថា៖ «ការងារដែលគ្រប់គ្រងសំណល់ ការងារដែលគ្រប់គ្រងសំរាមនេះ វាជាភារកិច្ច និងការចួលរួមទាំងអស់របស់ប្រជាពលរដ្ឋ ទៅតាមការណែនាំ ការចង្អុលបង្ហាញ ទៅតាមការរៀបចំរបស់អាជ្ញាធរ»។

បើតាមគេហទំព័រ អាជ្ញាធរបឹងទន្លេសាប បានឱ្យដឹងថា បឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ បឹងនេះមានបណ្ដោយប្រមាណ ១១៦គ.ម និងទទឹងប្រមាណពី ៣គ.ម ទៅ ៣៣គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២គ.ម នៅរដូវប្រាំង។ ក្នុងមួយឆ្នាំៗ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០%។

ប្រភពដដែលបញ្ជាក់ថា ការកាប់​ឆ្ការ​បំផ្លាញ​ព្រៃ​លិច​ទឹក​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម កំណើន​នៃ​ការប្រើប្រាស់​ធនធានទឹក ការប្រើប្រាស់​ជីគីមី និងថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​វិស័យ​កសិកម្ម ដោយ​ប្រជាកសិករ​នៅជុំវិញបឹងនេះចំនួនប្រមាណ ២៦១ ០០០គ្រួសារ ធ្វើ​ឱ្យមាន​បម្រែបម្រួល​លើ​គុណភាពទឹក និងគុណភាព​ដី៕