ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្ដាល បានបង្ហាញការខកចិត្ត ដោយថា មន្ត្រីថ្នាក់ខេត្តតែងតែគេចវេះមិនព្រមរកដំណោះស្រាយតាមការណាត់ជួប។
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជាង ១០០នាក់ ដែលមកពីឃុំបឹងខ្យាង និងឃុំអំពៅព្រៃ ក្នុងខេត្តកណ្ដាល និងឃុំពត់សរ ក្នុងខេត្តតាកែវ បានមកជួបជុំគ្នាជាថ្មីនៅមុខសាលាខេត្តកណ្ដាល ដើម្បីរកដំណោះស្រាយពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនសង់ព្រលានយន្តហោះថ្មី ប៉ុន្តែការជួបជុំនេះមិនបានលទ្ធផល ដោយអភិបាលខេត្តកណ្តាលមិននៅ។
លោក ទួន វណ្ណៈ អាយុ ៥០ឆ្នាំ ជាពលរដ្ឋម្នាក់រស់នៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រាប់ Newsroom Cambodia ថា កន្លងមក គឺអាជ្ញាធរថ្នាក់ខេត្តតែងតែគេចវេះ មិនព្រមដោះស្រាយជម្លោះដីធ្លីនេះឱ្យពួកគាត់ឡើយ។ លោកបន្តថា ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានណាត់ប្រជាពលរដ្ឋឱ្យទៅជួប ប៉ុន្តែបែរជាមានមន្ត្រីថ្នាក់ស្រុកប្រាប់ថា លោកបានទៅបំពេញបេសកកម្មបាត់ហើយ និងប្រាប់ឱ្យមកជួបនៅថ្ងៃទី១៨ ខែឧសភា ម្ដងទៀតវិញ។
លោកបន្ថែមថា៖ «បន្ទាប់ពីថ្ងៃ១៨ [ឧសភា] ខ្ញុំមិនគិតថាបានលទ្ធផលអីទេ បើរបៀបគាត់របៀបថា ចៅហ្វាយស្រុកទៅធ្វើចៅហ្វាយខេត្ត ហើយចៅហ្វាយខេត្តដើរទៅណាអត់មានអ្នកណាដោះស្រាយឱ្យពួកខ្ញុំហ្នឹង គឺខ្ញុំអត់សង្ឃឹមទេ»។
លោក ទួន វណ្ណៈ បញ្ជាក់ដែរថា លោកបានយល់ព្រមដោះដូរដីចំនួន ២ហិកតា ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្ដាលរួចមកហើយ ប៉ុន្តែនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយទេ ដោយរង់ចាំរយៈពេល ៤ខែ មកហើយ។ ជាមួយគ្នានេះ លោកបានស្នើឱ្យស្ថាប័នជាតិ ជំរុញឱ្យមន្រ្តីខេត្តដោះស្រាយវិវាទដីធ្លីនេះឱ្យបានឆាប់ ដោយលោកបារម្ភមានការបណ្តេញចេញសាជាថ្មី បើអាជ្ញាធរបន្តអូសបន្លាយពេលយូរបែបនេះ។
លោកបន្តថា៖ «បន្ទាប់មក មានតែខ្ញុំហ្នឹងទៅពន្លឿនក្រសួងមហាផ្ទៃ ដើម្បីឱ្យជំរុញឱ្យចៅហ្វាយខេត្តហ្នឹងដោះស្រាយឱ្យប្រជាពលរដ្ឋ ហើយនិងក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា»។
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ដោយកាត់ដីរដ្ឋទំហំ២ ៦០០ហិកតា ដើម្បី សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលលាតសន្ធឹងលើឃុំចំនួន៤ គឺឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុងកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ក្នុងស្រុកបាទី ខេត្តតាកែវ។
គម្រោងនេះ ត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ១ ៥០០លានដុល្លារអាមេរិក។
ពាក់ព័ន្ធជម្លោះដីធ្លីនេះ ក្រុមហ៊ុនបានចេញថ្លៃសំណងឱ្យប្រជាពលរដ្ឋចំនួន ៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងមានការដោះដូរដី ដោយមានការយល់ព្រមពីពលរដ្ឋមួយចំនួន ប៉ុន្តែពួកគេមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់នៅឡើយទេ។ ចំណែកប្រជាពលរដ្ឋខ្លះទៀតមិនព្រមដោះដូរដីនេះទេ ដោយថាតម្លៃនេះមិនសមរម្យតាមទីផ្សារ។
ពលរដ្ឋម្នាក់រស់នៅក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ លោក ផាត សុខ និយាយថា មូលហេតុដែលលោកជួបជុំជាមួយពលរដ្ឋផ្សេងទៀតនៅមុខសាលាខេត្តកណ្តាលនេះ ដោយសារលោកមិនអាចទទួលយកសំណងដែលក្រុមហ៊ុនផ្តល់ត្រឹម៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះទេ។ លោកថា ដីនៅតំបន់លោករស់នៅមានតម្លៃប្រមាណចន្លោះពី៦០ដុល្លារ ទៅ ៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែលោកសុំត្រឹមតម្លៃពាក់កណ្ដាលនៃតម្លៃទីផ្សារគឺគ្រប់គ្រាន់ហើយ។
លោកថា៖ «ដំណោះស្រាយ ចង់ឱ្យគាត់ដោះស្រាយតាមតម្លៃពាក់កណ្ដាលទីផ្សារ មិនបានតាមទីផ្សារអត់ទៅ ឱ្យបានពាក់កណ្ដាលទីផ្សារ ឱ្យពួកគាត់ចុះសិក្សាផ្ទាល់ហ្មងទៅណា។ ឥឡូវដីតំបន់ហ្នឹងតម្លៃប៉ុន្មាន? តម្លៃប៉ុន្មាន ចឹងឱ្យគាត់សិក្សាទៅ ដោះស្រាយតាមតម្លៃហ្នឹងមក បើមិនបានតម្លៃទីផ្សារអត់ទៅឱ្យបានត្រឹមតែពាក់កណ្ដាលបានហើយ ពួកខ្ញុំទទួលយកបានដែរ»។
ជុំវិញករណីនេះ លោក គង់ សោភ័ណ្ឌ បានឆ្លើយតបខ្លីថា មន្រ្តីជំនាញកំពុងព្យាយាមដោះស្រាយបញ្ហាចេញបណ្ណកម្មសិទ្ធិដីនេះរួចហើយ ចំណែកតម្លៃដីដែលអាជ្ញាធរ និងក្រុមហ៊ុនបានកំណត់ គឺបានសិក្សាតាមតម្លៃទីផ្សាររួចរាល់ហើយ។
លោកថា៖ «កន្លែងណាដែលបងប្អូនអត់ព្រម អាហ្នឹងវានៅក្នុងការចរចាគ្នាទៅវិញទៅមករវាង ខាងព្រលាន ក៏ដូចជាខាងក្រុមការងារ វានៅចរចាគ្នាមិនទាន់ត្រូវជាដើម»។
យ៉ាងណាក្តី មន្ដ្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៃសមាគមអាដហុកលោក យី សុខសាន្ត បានលើកឡើងថា ការបន្តអូសបន្លាយពេលនៃការដោះស្រាយជម្លោះដីធ្លីនេះ បានបង្កផលប៉ះពាល់ផ្នែកជីវភាពដល់ប្រជាពលរដ្ឋដែលរងគ្រោះដូចជា ការខាតបង់ពេលវេលា ការចំណាយថ្លៃធ្វើដំណើរ និងការខកខានប្រកបរបររកស៊ីជាដើម។ លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយករណីនេះប្រកបដោយតម្លាភាព និងទៅតាមតម្លៃទីផ្សារដែលប្រជាពលរដ្ឋចង់បាន។
លោកថា៖ «ខាងអង្គការសង្គមស៊ីវិលស្នើសុំ និងទទូចទៅរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុន គួរតែដោះសា្រយឱ្យគាត់ទៅតាមទីផ្សារសេរីទៅ ដើម្បីឱ្យគាត់យកតម្លៃហ្នឹងគាត់អាច ទៅទិញកន្លែងថ្មី ឬមួយគាត់អាចដោះដូរបាន ទៅតាមអ្វីដែល គាត់ត្រូវការ»។
កាលពីខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលរងគ្រោះក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានចេញផ្សាយ លិខិតចំហមួយ អះអាងថា ការអភិវឌ្ឍនេះបានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ និងដីទំហំជាង១លានម៉ែត្រការ៉េ ដែលភាគច្រើនជាដីមានបណ្ណកម្មសិទ្ធិស្របច្បាប់ ស្ថិតក្នុងឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ៕